

ដើមទំពាំងបាយជូរ ហើយនិងខ្នែង
ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ
១៥:១ នេះជាលើកចុងក្រោយក្នុងចំណោមពេលទាំងប្រាំពីរនៃព្រះបន្ទូលរបស់ព្រះយេស៊ូវថា “ខ្ញុំជា” នៅក្នុងដំណឹងល្អយ៉ូហាន។ ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គជា «នំប៉័ងជីវិត» (៦:៣៥, ៦:៤១, ៦:៤៨, ៦:៥១) «ពន្លឺលោកីយ» (៨:១២; ៩:៥) «ទ្វារ» (១០:៧, ១០:៩), «អ្នកគង្វាលល្អ»។ (១០:១១, ១០:១៤) «សេចក្តីរស់ឡើងវិញ និងជាជីវិត» (១១:២៥) និង «ផ្លូវ ជាសេចក្តីពិត និងជាជីវិត» (១៤:៦)។ ពេលនេះ ព្រះអង្គមានបន្ទូលថា «ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត»។
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អ៊ីស្រាអែលត្រូវបានហៅថាជា “ដើមទំពាំងបាយជូរ” ដែលព្រះបានដាំ (ទំនុកដំកើង ៨០:៨-១៧; យេរេមា ២:២១)។ ក្នុងនាមជាដើមទំពាំងបាយជូរ ពួកគេត្រូវបានគេរំពឹងថានឹងបង្កើតផលផ្លែល្អនៃការស្តាប់បង្គាប់ យុត្តិធម៌ ហើយនឹងសេចក្តីសុចរិត។ យ៉ាងណាម៉ិញ ពួកគេមិនបានបង្កើតផលផ្លែឡើយដោយព្រោះតែពួកគេបានបះបោរទាស់នឹងព្រះ ដោយការប្រព្រឹត្តការថ្វាយបង្គំរូបព្រះ និងសេចក្តីទុច្ចរិត។ ប៉ុន្តែព្រះយេសូវគឺជា “ដើមទំពាំងបាយជូរដ៏ពិត” ដោយព្រោះតែព្រះអង្គបានបង្កើតផលផ្លែល្អ ដែលព្រះវរបិតាដ៏ជាព្រះទ្រង់សព្វព្រះហឫទ័យ។
អ្នកដាំទំពាំងបាយជូរយកចិត្តទុកដាក់នៅក្នុងការថែរក្សាដើមទំពាំងបាយជូរដោយព្រោះតែគាត់ចង់ឲ្យវាបង្កើតផលផ្លែ (អេសាយ ៥:១-៧)។ ព្រះយេស៊ូវគឺជាដើមទំពាំងបាយជូរដ៏ពិត ហើយអ្នកដាំទំពាំងបាយជូរ គឺជាព្រះវរបិតាដ៏ជាព្រះ។ ការនេះបង្ហាញថាព្រះយេស៊ូវហើយនិងព្រះវរបិតាធ្វើកិច្ចការរួមគ្នា នៅក្នុងការបង្កើតផលផ្លែយោងតាមផែនការណ៍របស់ព្រះវរបិតា។
អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង
១៥:២ ដើមទំពាំងបាយជូរបង្កើតផលផ្លែដោយសារតែខ្នែង។ ខ្នែងខ្លះបង្កើតផលផ្លែ ហើយខ្នែងខ្លះមិនបង្កើតផលផ្លែឡើយ។
ព្រះយេស៊ូវគឺជាដើមទំពាំងបាយជូរ ហើយខ្នែងទាំងប៉ុន្មានគឺជាអស់អ្នកដែលបានផ្សារភ្ជាប់ ជាមួយនឹងព្រះអង្គ។ ខ្នែងដែលបង្កើតផលផ្លែគឺជាអស់អ្នកដែលនៅជាប់ក្នុងព្រះយេស៊ូវ ដូច្នេះហើយ ពួកគេគឺជា សិស្សដ៏ពិតរបស់ព្រះអង្គ (ខ៨)។ ខ្នែងណាដែលមិនបង្កើតផលផ្លែគឺជាពួកអ្នកដែលមិននៅជា ប់ក្នុងព្រះអង្គ ដូច្នេះហើយគេមិនទទួលបានជីវិត ហើយនឹងកម្លាំងទាំងពីទ្រង់នោះឡើយ (ខ៦; ម៉ាថាយ ៧:២២-២៣)។ នេះជាហេតុដែលគេមិនបានបង្កើតផលផ្លែ។
អ្នកដាំទំពាំងបាយជូរកាត់ខ្នែងដែលងាប់ចេញ ហើយលួសខ្នែងដែលរស់ដើម្បីឲ្យបានបង្កើតផលផ្លែ កាន់តែច្រើនឡើង ថែមទៀត។ ដូចគ្នានេះដែរ ព្រះវរបិតា “កាត់ចោល” រាល់ទាំងខ្នែងណាដែលមិនបង្កើតផលផ្លែ ហើយ “លួស” រាល់ទាំងខ្នែងណាដែលបង្កើតផលផ្លែ។ ព្រះវរបិតាលួសពួកគ្រីស្ទានដោយការ ដែលដកចេញនូវអ្វីដែលនៅក្នុងជីវិតរបស់យើង ដែលបង្ខាំងយើងមិនឲ្យបានបង្កើតផលផ្លែ (ហេព្រើរ ១២:៣-១១)។ ការដែលលួសអាចនឹង មានការឈឺចាប់ នៅក្នុងពេលណាមួយ ប៉ុន្តែព្រះវរបិតាមានគោលដៅល្អសម្រាប់ ការដែលលួសយើងទាំងអស់គ្នា។ គោលដៅនោះគឺថា យើងនឹងអាចបង្កើតផលផ្លែជាច្រើនឡើងថែមទៀត។
ឯអ្នករាល់គ្នា បានស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់
១៥:៣ ពាក្យដែលបានបកប្រែថា “ស្អាត” (καθαροί) ជាការបកប្រែមកពីពាក្យនៅក្នុងភាសាក្រិច ដូចគ្នាដែលប្រែមកថា “លួស” (καθαροί) នៅក្នុង ខ២។ ព្រះយេស៊ូវកំពុងតែមានបន្ទូល ប្រាប់ដល់សិស្សទាំងនេះថាពួកគេ “បានស្អាត” ឬក៏ “ត្រូវបានលួស” រួចហើយ ដោយការដែលបានទទួលសេចក្តីបង្រៀនរបស់ព្រះអង្គនៅក្នុងរយៈពេល បីឆ្នាំនៃព័ន្ធកិច្ចរបស់ព្រះអង្គនោះ។ ដូច្នេះហើយ ពួកគេត្រៀមនៅក្នុងការបង្កើតផលផ្លែរួចទៅហើយ។
របៀបដែលព្រះវរបិតាលួសយើងទាំងអស់គ្នានោះក៏ដោយសារព្រះបន្ទូលរបស់ព្រះយេស៊ូវដែរ។ ព្រះបន្ទូល របស់ព្រះយេស៊ូវគឺប្រៀបបានដូចជាដាវមួយដែលព្រះវរបិតានឹងប្រើនៅក្នុងការកាត់លួស ហើយសំអាតយើងដោយការកាត់ចេញនូវអ្វីៗដែលមិនសុចរិតចេញពីជីវិតរបស់យើងទាំងអស់គ្នា ដើម្បីឲ្យយើងអាចបង្កើតផលផ្លែបាន។
ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ
១៥:៤ “នៅជាប់” គឺជាពាក្យដែលសំខាន់នៅក្នុងបទគម្ពីរនេះ។ ពាក្យនេះត្រូវបានលើកឡើង ម្តងហើយម្តងទៀតចំនួនដប់ដងចាប់ពីខទី៤-១០។ គ្រីស្ទានត្រូវបានដាក់នៅក្នុងព្រះគ្រីស្ទ; ហើយពេលនេះ យើងត្រូវតែថែរក្សាភាពជិតស្និតជាមួយនឹងព្រះយេស៊ូវពីពេលមួយទៅពេលមួយជារៀងរាល់ថ្ងៃ។
ការដែលបង្កើតផលផ្លែបរិបូរនៅក្នុងជីវិតគ្រីស្ទានគឺជាលទ្ធផលនៃការដែលនៅជាប់ក្នុងព្រះគ្រីស្ទ។ នេះគឺជា ចំនុចសំខាន់នៃជីវិតគ្រីស្ទានដែលបង្កើតផលផ្លែ។ ប្រសិទ្ធិភាពរបស់អ្នកជឿម្នាក់អាស្រ័យលើ ការដែលទទួលនូវជីវិតនិងកម្លាំងពីព្រះយេស៊ូវដែលហូរមកមិនចេះចប់។ ដូចដែលផ្លូវតែមួយ សម្រាប់ខ្នែងមួយ អាចបង្កើតផល ផ្លែបានលុះត្រាតែបាននៅជាប់នឹងដើមទំពាំងបាយជូរតែប៉ុណ្ណោះ ហើយផ្លូវតែមួយសម្រាប់អ្នកជឿម្នាក់អាចបង្កើតផលផ្លែខាងព្រលឹងវិញ្ញាណបាននោះគឺដោយការនៅជាប់នៅក្នុងព្រះគ្រីស្ទតែប៉ុណ្ណោះ។
យើងនៅជាប់នៅក្នុងព្រះគ្រីស្ទដោយការធ្វើជាសិស្សរបស់ព្រះអង្គ (ខ៨) អានហើយស្តាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គ (ខ៣, ៧,១០) ការដែលទទួលសេចក្តីស្រឡាញ់និងសេចក្តីអំណររបស់ព្រះអង្គ (ខ៩,១១) ការដែលស្មោះត្រង់នៅក្នុងសេចក្តីអធិស្ឋាន (ខ៧) ទទួលការលួសពីព្រះវរបិតា (ខ២) ហើយដឹងថាយើងមិនអាចនឹងធ្វើអ្វីមួយដាច់ចេញពីព្រះអង្គបានឡើយ ដូច្នេះហើយ យើងអាចទុកចិត្តលើទ្រង់ ហើយនឹងព្រះគុណព្រះអង្គនៅក្នុងថ្ងៃនិមួយៗ (ខ៥)។ គ្រាដែលយើងនៅជាប់ក្នុងទ្រង់ ព្រះអង្គនៅជាប់ក្នុងយើងហើយប្រទានកម្លាំងខាងព្រលឹងវិញ្ញាណ ដល់យើងទាំងអស់គ្នា តាមដែលយើងត្រូវការ។ ព្រះអង្គអាចធ្វើបាន ច្រើនលើសពីអ្វីដែលយើងគិត ដោយសារព្រះចេស្ដារបស់ទ្រង់ ដែលធ្វើការនៅក្នុង យើង។ សំណួរគឺ តើយើងព្រមអនុញ្ញាតឱ្យព្រះអង្គធ្វើការនៅក្នុងយើងដែរទេ?
ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ
១៥:៥ នេះជាសេចក្តីសន្យាដ៏វិសេស។ ដើម្បីឲ្យមានជីវិតដែលបង្កើតផលផ្លែមួយ អ្វីដែលយើងត្រូវធ្វើនោះ គឺនៅជាប់ក្នុងព្រះយេស៊ូវ។
តាមធម្មជាតិ ខ្នែងនិមួយៗមិនមែនធ្វើការដោយខ្លួនឯងនៅក្នុងការបង្កើតផលផ្លែនោះឡើយ។ វាត្រូវនៅជាប់ជា មួយនឹងដើមទំពាំងបាយជូរហើយដើមនោះបង្កើតផលផ្លែតាមរយៈខ្នែងនោះ។ ដូចគ្នានេះដែរ ជីវិតរបស់ គ្រីស្ទានមិនមែនអាស្រ័យលើ កិច្ចការ របស់យើង សម្រាប់ព្រះយេស៊ូវនោះឡើយ; ប៉ុន្តែគឺ អាស្រ័យលើកិច្ចការរបស់ព្រះអង្គនៅក្នុងយើង ហើយតាមរយៈយើងទាំងអស់គ្នាក្នុងពេល ដែលព្រះអង្គ បង្កើតផលផ្លែនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាវិញ។ យើងមិនអាចបង្កើតឲ្យមានផលផ្លែចេញមកបានទេ; ប៉ុន្តែយើងអាចយកចិត្តទុកដាក់ចំពោះការដែលនៅជាប់ក្នុងព្រះយេស៊ូវ ហើយទុកចិត្តព្រះអង្គ នៅក្នុង ការដែលធ្វើឲ្យយើងបានបង្កើតផលផ្លែ។
ដូចជាមែកនៅជាប់នឹងដើម ហើយទទួលជីវិត និងជីវជាតិពីដើម ចូរយើងនៅជាប់នឹងព្រះគ្រិស្ត ហើយទទួលជីវិតខាងវិញ្ញាណ និងជីវជាតិមកពីព្រះអង្គដែរ។ ពេល យើងបន្តមានទំនាក់ទំនងជាប់លាប់ជាមួយទ្រង់ (ដោយការអធិស្ឋាន អានព្រះបន្ទូល និងស្ដាប់បង្គាប់) ព្រះអង្គនឹងគង់នៅក្នុងយើង ហើយផ្ដល់ឱ្យយើងមានអំណាចខាងវិញ្ញាណ ដែលនឹងបង្កើតផល ផ្លែខាងវិញ្ញាណនៅក្នុងជីវិតយើង។
តើអ្វីជាផលផ្លែដែលយើងត្រូវរំពឹងថា យើងគួរតែបង្កើតចេញមក ក្នុងកាលដែលយើងនៅជាប់ក្នុងព្រះគ្រីស្ទ? “ផលផ្លែ”នោះ គឺជាលក្ខណៈ នៃព្រះគ្រីស្ទ (ម៉ាថាយ ៣:៨; ៧:២០; រ៉ូម ៦:២២; កាឡាទី ៥:២២; អេភេសូ ៥:៩; ភីលីព ១:១១) ជាពិសេសគឺជា សេចក្តីស្រឡាញ់របស់ព្រះអង្គ (ខ១២) សេចក្តីសុចរិតនិងការស្តាប់បង្គាប់ចំពោះព្រះវរបិតា (ខ១០)។ គ្រាដែលយើងនៅជាប់ក្នុងព្រះអង្គ យើងត្រូវបានផ្លាស់ប្រែឲ្យបានកាន់តែដូចព្រះអង្គ (រ៉ូម ៨:២៨-៣០)។
បើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះត្រូវបោះចោលទៅខាងក្រៅ ហើយក៏ក្រៀមទៅដូចជាខ្នែងដែរ រួចគេប្រមូលបោះទៅក្នុងភ្លើងឆេះអស់ទៅ
១៥:៦ សិស្សក្លែងក្លាយនិយាយថាពួកគេជឿលើព្រះយេស៊ូវ ប៉ុន្តែពួកគេមិននៅជាប់នៅក្នុងទ្រង់ឡើយ ដូច្នេះហើយ ពួកគេមិនបង្កើតផលផ្លែណាមួយសោះឡើយ។ ដូចជាខ្នែងដែលងាប់ ពួកគេនឹងត្រូវបំផ្លាញអស់ទៅ។
បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នា នោះចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្ដីនោះនឹងបានសំរេចដល់អ្នករាល់គ្នាជាមិនខាន
១៥:៧ គោលដៅរបស់សិស្សម្នាក់គឺជាការបង្កើតផលផ្លែបរិបូរ (ខ៥, ១៦)។ ការបង្កើតផលផ្លែបរិបូរ របស់យើងទាំងអស់គ្នាគឺនៅជាប់ក្នុងសេចក្តីអធិស្ឋាន (ខ៧-៨, ១៦)។ ការបង្កើតផលផ្លែបរិបូរ ហើយនឹងការអធិស្ឋានដែលមានប្រសិទ្ធភាពផ្អែកលើការដែលនៅជាប់នៅក្នុងព្រះយេស៊ូវ។ កាលដែលយើង នៅជាប់នៅក្នុងព្រះយេស៊ូវហើយនឹងព្រះបន្ទូលទ្រង់នោះ យើងនឹងបានស្គាល់ ហើយយល់ ពីបំណងព្រះហឫទ័យ ផ្លូវ ហើយនឹងសេចក្តីសន្យារបស់ព្រះអង្គ។ បន្ទាប់មក យើងអាចអធិស្ឋានសម្រាប់ កិច្ចការដែលជាបំណងព្រះហឫទ័យព្រះអង្គ ហើយព្រះនឹងឆ្លើយតបចំពោះ សេចក្តីអធិស្ឋាន របស់យើងទាំងអស់គ្នា។ នេះជារបៀបដែលយើងនឹងបង្កើតផលផ្លែជាច្រើន។
ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន។
១៥:៨ នៅពេលដែលសិស្សរបស់ព្រះយេស៊ូវម្នាក់បង្កើតផលផ្លែព្រះវរបិតាគឺបានដំកើងឡើង។ ដោយព្រោះតែយើងមិនអាចបង្កើតផលផ្លែដោយខ្លួនយើងបាន (ខ៤) ហើយយើងអធិស្ឋានទៅ ឯព្រះសូមឲ្យព្រះអង្គជួយដល់យើង (ខ៧) បន្ទាប់មកការបង្កើតផលផ្លែបរិបូរគឺជាការបញ្ជាក់នៃកិច្ចការ របស់ព្រះវរបិតានៅក្នុងយើង។ ដូច្នេះហើយ ការនោះបានជាការសរសើរដំកើងព្រះអង្គ។
ដូចដែលព្រះវរបិតាត្រូវបានដំកើងឡើងនៅក្នុងកិច្ចការនៃព្រះរាជបុត្រា (១៣:៣១,១៧:៤) ព្រះវរបិតាក៏នឹងត្រូវបានដំកើងឡើងដោយការបង្កើតផលផ្លែរបស់ពួកសិស្សដែលនៅជាប់ក្នុងព្រះរាជបុត្រាផងដែរ (១៥:១៦, ២១:១៩)។ ការដែលបង្កើតផលផ្លែបញ្ជាក់ថា សិស្សម្នាក់ជាប់នៅក្នុង ព្រះគ្រីស្ទដូច្នេះហើយគេគឺជាសិស្សដ៏ពិតប្រាកដ។ សិស្សទាំងអស់របស់ព្រះយេស៊ូវសុទ្ធតែ មានផលផ្លែមួយចំនួន។ ការដែលយើងនៅជាប់ព្រះយេស៊ូវកាន់តែខ្លាំងឡើង ផលផ្លែជាច្រើននឹងត្រូវបានបង្កើតឡើងតាមរយៈយើងទាំងអស់គ្នា។
ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ 10បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ
១៥:៩-១០ សេចស្រឡាញ់ដែលព្រះយេស៊ូវមានសម្រាប់សិស្សរបស់ព្រះអង្គគឺដូចជាសេចក្តីស្រឡាញ់ ដែលព្រះវរបិតាមានចំពោះព្រះរាជបុត្រា។ ព្រះវរបិតាស្រឡាញ់ដល់ព្រះរាជបុត្រា។ សេចក្ដីស្រឡាញ់របស់ព្រះវរបិតា គ្មានពេលចាប់ផ្តើម និងគ្មានពេលបញ្ចប់។ គឺជាសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច មិនអាចវាស់ស្ទង់បាន ស្មោះត្រង់ ហើយមិនផ្លាស់ប្រែ។ នេះជាសេចក្តីស្រឡាញ់ដែលព្រះយេស៊ូវមានចំពោះសិស្សរបស់ព្រះអង្គ។
ពេលនេះ ព្រះអង្គត្រាស់ហៅសិស្សរបស់ព្រះអង្គឲ្យបាននៅជាប់ក្នុងសេចក្តីស្រលាញ់របស់ព្រះអង្គ។ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវ យើងនៅជាប់ក្នុងព្រះយេស៊ូវ (ខ៤) យើងនៅជាប់ក្នុងព្រះបន្ទូលព្រះអង្គ (៨:៣១) ហើយយើងនៅជាប់ក្នុងសេចក្តីស្រឡាញ់ព្រះអង្គ។ តើយើងអាចធ្វើការនេះដោយរបៀបណា? គឺដោយការស្តាប់បង្គាប់។ ព្រះយេស៊ូវនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះវរបិតាដោយបានស្តាប់តាមទ្រង់ (៤:៣៤; ៥:១៩-៣០; ៦:៣៨; ៨:២៩, ៥៥; ១០:១៧-១៨; ១៤:៣១) ហើយ យើងនៅជាប់ក្នុងសេចក្តីស្រឡាញ់ទ្រង់ដូចគ្នានេះដែរ ដោយការស្តាប់បង្គាប់ (១៤:១៥; ១ យ៉ូហាន ២:៥; ៣:២៤; ៥:២-៣)។
ខ្ញុំបាននិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញផង
១៥:១១ ការដែលស្តាប់តាមព្រះដឹកនាំទៅរកជីវិតមួយដែលបង្កើតផលផ្លែ;ហើយជីវិតដែលបង្កើតផល ផ្លែដឹកនាំទៅរកសេចក្តីអំណរ។ ព្រះយេស៊ូវមានសេចក្តីអំណរនៅក្នុងការដែលបានរស់នៅក្នុងព្រះជន្ម ដែលពេញដោយអំណរនៃការស្តាប់តាមព្រះវរបិតា ហើយព្រះអង្គសព្វព្រះទ័យឲ្យសេចក្តីអំណរនេះ បានមាននៅក្នុងយើងទាំងអស់គ្នាដែរ។ សេចក្តីអំណររបស់យើងនឹងបានពេញលេញដោយការដែលយើង នៅជាប់ក្នុងព្រះអង្គ កាន់តាមបទបញ្ញត្តរបស់ព្រះអង្គ ហើយបង្កើតផលផ្លែ (១៧:១៣; ១៦:២៤)។ នៅពេលដែលយើងបានដឹងថាព្រះជន្មរបស់ព្រះគ្រីស្ទដែលនៅក្នុងយើងកំពុងតែបង្កើតផលផ្លែនោះ-ការនេះនឹងនាំឲ្យយើងមានសេចក្តីអំណរយ៉ាងអស្ចារ្យ!
សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ និងសិស្សព្រះអង្គ
នេះជាសេចក្ដីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ
១៥:១២ ព្រះយេស៊ូវបង្គាប់ដល់សិស្សរបស់ព្រះអង្គឲ្យស្រឡាញ់គ្នាទៅវិញទៅមក (១៣:៣៤)។ ស្តង់ដានៃសេចក្តីស្រឡាញ់ដែលគេត្រូវមានចំពោះគ្នាទៅវិញទៅមកគឺជាសេចក្តីស្រឡាញ់ដែលព្រះអង្គមានសម្រាប់ពួកគេ។ ព្រះអង្គនឹងបង្ហាញថាសេចក្ដីស្រឡាញ់នេះអស្ចារ្យប៉ុណ្ណា នៅក្នុងថ្ងៃបន្ទាប់ ដោយការសុគត របស់ព្រះអង្គនៅលើឈើឆ្កាងសម្រាប់ពួកគេ (១ យ៉ូហាន ៣:១៦)។
គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ
១៥:១៣ ព្រះយេស៊ូវមានបន្ទូលប្រាប់ដល់សិស្សរបស់ព្រះអង្គពីរបៀបដែលព្រះអង្គនឹងស្រឡាញ់ពួកគេ។ ព្រះអង្គនឹងប្តូរព្រះជន្មព្រះអង្គជំនួសពួកគេ។
សេចក្តីស្រឡាញ់គឺជាការលះបង់ជីវិតសម្រាប់ម្នាក់ទៀត ដើម្បីជាប្រយោជន៍ដល់អ្នកដទៃ។ ព្រះយេស៊ូវគឺជាគំរូដ៏អស្ចារ្យបំផុតចំពោះសេចក្តីស្រឡាញ់នេះដោយការដាក់ព្រះជន្មព្រះអង្គចុះនៅលើឈើឆ្កាងសម្រាប់មិត្តសម្លាញ់របស់ព្រះអង្គ។ ដូច្នេះហើយ មិត្តសម្លាញ់របស់ព្រះយេស៊ូវត្រូវបានស្រឡាញ់ ដោយសេចក្ដីស្រឡាញ់ដ៏អស្ចារ្យបំផុត!
បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ
១៥:១៤ ព្រះយេស៊ូវបានមានបន្ទូលថាសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត នោះគឺជាការដែលលះបង់ជីវិត សម្រាប់មិត្តសម្លាញ់ម្នាក់។ ពេលនេះព្រះអង្គមានបន្ទូលថាតើអ្នកណាជាមិត្តសម្លាញ់របស់ទ្រង់។ មិត្តសម្លាញ់ របស់ព្រះយេស៊ូវគឺជាអស់អ្នកដែលធ្វើតាមសេចក្តីដែលព្រះអង្គបង្គាប់អ្វីជាបង្គាប់របស់ព្រះអង្គ? បទបញ្ញត្ត ដែលព្រះយេស៊ូវបានប្រទានឲ្យសិស្សរបស់ព្រះអង្គនោះគឺ “គឺឲ្យអ្នករាល់គ្នាស្រឡាញ់ ដល់គ្នា ទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ”។ ដូច្នេះហើយ នៅពេលដែលយើងស្រឡាញ់គ្នា ទៅវិញទៅមកដូចជាសេចក្តីស្រឡាញ់នៃព្រះគ្រីស្ទជាការដែលបង្ហាញថា យើងជាមិត្តសម្លាញ់របស់ ព្រះយេស៊ូវ (១ យ៉ូហាន៤:៦-២១)។ ការនោះជាសេចក្តីស្រឡាញ់របស់ព្រះអង្គ មិនមែនជា ការស្តាប់បង្គាប់របស់យើងទេ ដែលធ្វើឲ្យយើងបានក្លាយជាមិត្តសម្លាញ់របស់ព្រះអង្គ (រ៉ូម ៥:៨)។
យើងមិនមែនប្រែក្លាយជាមិត្តសម្លាញ់របស់ព្រះយេស៊ូវដោយព្រោះតែការដែលយើងស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ប៉ុន្តែសេចក្តីស្រឡាញ់ដែលយើងមានចំពោះគ្នាទៅវិញទៅមកបង្ហាញថា យើងជាមិត្តសម្លាញ់ របស់ព្រះអង្គ។ ការដែលយើងស្រឡាញ់គ្នា បង្ហាញថា យើងបានទទួល សេចក្តីស្រឡាញ់របស់ព្រះអង្គ ដោយព្រោះតែយើងស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលព្រះអង្គបាន ស្រឡាញ់យើង។ ដូច្នេះហើយ មូលហេតុនៃសេចក្តីស្រឡាញ់របស់យើង សម្រាប់គ្នាទៅវិញទៅមកគឺជាសេចក្តីស្រឡាញ់ ដែលទ្រង់មាន សម្រាប់យើងទាំងអស់គ្នា។ នៅពេលដែលយើងស្រឡាញ់គ្នាទៅវិញទៅមក ការនេះបញ្ជាក់ថាយើង បានទទួលសេចក្តីស្រឡាញ់រ បស់ព្រះអង្គហើយគឺជាមិត្តសម្លាញ់របស់ព្រះអង្គ។
ខ្ញុំមិនហៅជាអ្នកបំរើទៀត ពីព្រោះអ្នកបំរើគេមិនដឹងថាជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក
១៥:១៥ ព្រះយេស៊ូវពន្យល់បន្ថែមពីអ្វីដែលជាមិត្តភាពជាមួយនឹងព្រះអង្គ។ ជាថ្មីម្តងទៀត សូមចំណាំថាហេតុអ្វីបានជាសិស្សរបស់ព្រះអង្គគឺជាមិត្តសម្លាញ់របស់ព្រះអង្គ មិនមែនដោយព្រោះតែ អ្វីដែលពួកគេបានធ្វើនោះឡើយ; ប៉ុន្តែដោយព្រោះតែអ្វីដែលព្រះអង្គបានធ្វើសម្រាប់ពួកគេវិញ។ ពួកសិស្សគឺជាមិត្តសម្លាញ់របស់ព្រះអង្គដោយព្រោះតែព្រះអង្គបើកសំដែងនូវអ្វីដែលព្រះអង្គបានទទួលពីព្រះដ៏ជាព្រះវរបិតា។
ព្រះយេស៊ូវបង្ហាញមិត្តភាពរបស់ព្រះអង្គដោយការប្រទាននូវការបើកសំដែងដល់យើងទាំងអស់គ្នា; ហើយការបើកសំដែងនេះដឹកនាំទៅកាន់ទំនាក់ទំនងដ៏ជិតស្និតជាមួយនឹងព្រះអង្គ។ តាមរយៈការបើកសំដែង យើងបានរីកចំរើននៅក្នុងការយល់ដឹងអំពីព្រះ បំណងព្រះហឫទ័យវរបស់ព្រះអង្គ និងផ្លូវរបស់ព្រះអង្គ។ ដូច្នេះហើយយើងអាចបម្រើនិងស្តាប់តាមព្រះអង្គដោយសេចក្តីអំណរ បង្កើតផលផ្លែរួមជាមួយនឹងព្រះវរបិតា ហើយនិងព្រះរាជបុត្រា។
ទាំងបាវបំរើហើយនិងសម្លាញ់គឺត្រូវបង្គាប់ឲ្យស្តាប់តាម (ខ១៤) ប៉ុន្តែភាពខុសគ្នានោះគឺស្ថិតនៅក្នុង ភាពជិតស្និទ្ធនៃទំនាក់ទំនង។បាវបំរើគឺត្រូវបានបង្គាប់ពីអ្វីដែលត្រូវធ្វើ ប៉ុន្តែពួកគេមិនដឹងពីគំនិត ហើយនិងគោលដៅរបស់ចៅហ្វានោះឡើយ។ យ៉ាណាម៉ិញ ក្នុងនាមជាមិត្តសម្លាញ់របស់ព្រះយេស៊ូវ យើងមានទំនាក់ទំនងជាមួយនឹងព្រះអង្គ យើងដឹងពីបំណងព្រះហឫទ័យ និងគោលដៅរបស់ព្រះអង្គ ដូច្នេះហើយបានជាអាចជ្រើសរើសក្នុងការស្តាប់បង្គាប់តាមដោយការយល់ដឹង ចំពោះព្រះហឫទ័យរបស់ ចៅហ្វាយយើង។
មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផង ដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីៗ ដែលនឹងសូមពីទ្រង់ ដោយនូវឈ្មោះខ្ញុំ
១៥:១៦ ជាថ្មីម្តងទៀត ព្រះយេស៊ូវបានបញ្ជាក់ថាទំនាក់ទំនងដែលសិស្សរបស់ព្រះអង្គ មានជាមួយនឹង ទ្រង់នោះគឺដោយព្រោះតែអ្វីដែលព្រះអង្គបានធ្វើ មិនមែនជាអ្វីដែលគេបានធ្វើឡើយ។ ព្រះអង្គជ្រើសរើសពួកគេ។ នៅក្នុងវប្បធម៌របស់សាសន៍យូដា ជាធម្មតាសិស្សជ្រើសរើស គ្រូដែលគេចង់រៀនជាមួយ ប៉ុន្តែព្រះយេស៊ូវជ្រើសរើសសិស្សរបស់ព្រះអង្គវិញ។ ព្រះអង្គបានជ្រើសរើស ពួកគេដោយមានគោលដៅ គឺដើម្បីឲ្យបានបង្កើតផលផ្លែ (ខ២) ហើយបានឃើញព្រះចេស្តានៃព្រះដែលធ្វើការដោយសារសេចក្តីអធិស្ឋាន។
ខ្ញុំបង្គាប់សេចក្ដីនេះដល់អ្នករាល់គ្នា គឺឲ្យស្រឡាញ់គ្នាទៅវិញទៅមកចុះ។
១៥:១៧ ព្រះយេស៊ូវលើកឡើងម្តងទៀតពីបង្គាប់របស់ព្រះអង្គដល់សិស្សទ្រង់ គឺឲ្យស្រឡាញ់គ្នា ទៅវិញទៅមក។
មនុស្សលោកស្អប់ព្រះយេស៊ូវ និងស្អប់សិស្សរបស់ព្រះអង្គ
បើសិនជាលោកីយស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន
១៥:១៨ លោកីយស្អប់ដល់ព្រះយេស៊ូវ ដោយព្រោះតែព្រះអង្គជាពន្លឺ ព្រះអង្គបង្ហាញពីកិច្ចការអាក្រក់ របស់លោកីយ (៣:២០, ៧:៧)។
បើអ្នករាល់គ្នាជារបស់ផងលោកីយ នោះលោកីយនឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយមក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយទៀត នោះបានជាលោកីយស្អប់អ្នករាល់គ្នាវិញ
១៥:១៩ លោកីយស្អប់គ្រីស្ទានដោយព្រោះតែយើងមិនមែនជាកម្មសិទ្ធរបស់លោកីយ។ ហេតុផលដែលយើងមិនមែនជាកម្មសិទ្ធរបស់លោកីយគឺដោយព្រោះតែព្រះយេស៊ូវបានរើសយើងចេញពីលោកីយ។ ព្រះអង្គបានញែកយើងចេញពីលោកីយ ដើម្បីរស់នៅក្នុងជីវិតមួយផ្សេងគ្នា ជាមួយនឹងគោលដៅមួយផ្សេង (៦:៧០-៧១; ខ១៦)។ វាគឺជាដោយព្រោះតែព្រះយេស៊ូវ បានស្រឡាញ់យើងទាំងអស់គ្នា ជ្រើសរើសយើង ហើយធ្វើឲ្យយើងបានក្លាយជាមិត្តសម្លាញ់របស់ទ្រង់ (ខ១៤-១៥) បានជាលោកីយស្អប់យើងទាំងអស់គ្នា។ ដូច្នេះហើយ សេចក្តីសំអប់របស់លោកីយ ចំពោះយើងទាំងអស់គ្នា ជាហេតុដែលនាំឲ្យមានការលើកទឹកចិត្តដល់សិស្សរបស់ព្រះអង្គ ដោយព្រោះតែការនេះបង្ហាញថាយើងជាកម្មសិទ្ធរបស់ផងព្រះយេស៊ូវ។
ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ
១៥:២០ ដោយព្រោះតែសិស្សរបស់ព្រះយេស៊ូវមានការរួបរួមជាមួយនឹងព្រះអង្គដូចជាខ្នែងដែលនៅជាប់ នឹងដើមទំពាំងបាយជូរ យើងទទួលនូវអ្វីដែលព្រះអង្គបានទទួល។ ការនេះរួមបញ្ចូលទាំងសេចក្តីស្រឡាញ់ នៃព្រះវរបិតា ហើយនឹងសេចក្តីសំអប់របស់លោកីយដែលស្ថិតក្នុងការបះបោរប្រឆាំងទាស់នឹងព្រះវរបិតា ផងដែរ។
ក្នុងនាមជាអ្នកបម្រើនៃព្រះយេស៊ូវ យើងមិនគួររំពឹងថានឹងត្រូវទទួលបានការប្រព្រឹត្តល្អប្រសើរជាងអ្វីដែល ព្រះអង្គបានទទួលពីលោកីយនោះឡើយ។ ព្រះយេស៊ូវត្រូវបានទទួលរងនូវការបៀតបៀនពីលោកីយ ហើយប្រសិនបើយើងបម្រើហើយជាតំណាងរបស់ព្រះអង្គដោយស្មោះត្រង់នោះយើងគួរតែរំពឹងថានឹងបានទទួលការទាំងនោះដូចគ្នាដែរ។ យ៉ាងណាម៉ិញ យើងក៏គួរតែរំពឹងថាមនុស្សមួយចំនួននៅក្នុង លោកីយនឹងឆ្លើយតបចំពោះសេចក្តីប្រកាសរបស់យើងអំពីព្រះយេស៊ូវដោយសេចក្តីជំនឿ។
គេនឹងប្រព្រឹត្តការទាំងនោះដល់អ្នករាល់គ្នា ដោយយល់ដល់ឈ្មោះខ្ញុំ ពីព្រោះគេមិនស្គាល់ព្រះដែលចាត់ឲ្យខ្ញុំមកទេ
១៥:២១ មានគ្រីស្ទានជាច្រើនបានឆ្លងកាត់នូវការបៀតបៀននៅក្នុងពិភពលោក។ ព្រះយេស៊ូវជួយឲ្យយើង បានយល់ថាហេតុអ្វីបានជាការនេះកើតមានឡើង។ ការបៀតបៀនដែលយើងទាំងអស់គ្នាជួបប្រទះគឺ ដោយព្រោះតែលោកីយបដិសេធចំពោះព្រះវរបិតា និងព្រះរាជបុត្រា (ម៉ាថាយ ៥:១១-១២)។ ហេតុផលដែលមនុស្សទាស់ជាមួយនឹងគ្រីស្ទានគឺដោយព្រោះតែពួកគេទាស់ ជាមួយនឹងព្រះយេស៊ូវ ហើយដោយព្រោះតែគេមិនបានស្គាល់ព្រះជាម្ចាស់ (១៥:២៣)។
បើសិនជាខ្ញុំមិនបានមកនិយាយនឹងគេ នោះគេឥតមានបាបទេ តែឥឡូវនេះគេគ្មានសេចក្ដីដោះសាចំពោះ បាបរបស់ខ្លួនសោះ
១៥:២២ ចាប់តាំងពីជំនាន់លោកអ័ដាមមក មនុស្សទាំងអស់សុទ្ធតែជាមនុស្សមានបាប។ ប៉ុន្តែដោយសារ ការដែលយាងមកក្នុងពិភពលោកហើយនឹងមានបន្ទូលនឹងគេនោះ ព្រះយេស៊ូវបង្ហាញពីអំពើបាបដ៏អាក្រក់ បំផុតរបស់មនុស្ស ដែលជាការបះបោរទាស់ជាមួយនឹងព្រះជាម្ចាស់។ មនុស្សបដិសេធការបើកសំដែងរបស់ ព្រះ ហើយស្រឡាញ់សេចក្តីងងឹតជាជាងពន្លឺ (៣:១៩-២១; ៩:៣៩-៤១)។ នៅក្នុងការបំពេញព័ន្ធកិច្ចរបស់ ព្រះយេស៊ូវ,មនុស្សបានឃើញព្រះរាជបុត្រានៃព្រះហើយបានស្តាប់ឮព្រះបន្ទូលព្រះអង្គ។ ពួកគេមិនអាច រកឃើញកំហុសណាមួយនៅក្នុងព្រះអង្គទាល់តែសោះ។ ប៉ុន្តែគេបានបដិសេធព្រះអង្គវិញ។ នេះជា អំពើបាបដែលព្រះយេស៊ូវបានមានបន្ទូលនៅក្នុងខនេះ អំពើបាបនៃការដែលបានស្អប់ព្រះអង្គ និងព្រះវរបិតាទ្រង់ (ខ២៤)។
អ្នកណាដែលស្អប់ខ្ញុំ នោះក៏ស្អប់ដល់ព្រះវរបិតាខ្ញុំដែរ បើខ្ញុំមិនបានធ្វើការនៅក្នុងពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើឡើយ នោះគេឥតមានបាបទេ តែឥឡូវនេះ គេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ នឹងព្រះវរបិតារបស់ខ្ញុំដែរ
១៥:២៣-២៤ ការដែលស្អប់ព្រះយេស៊ូវ ពួកគេក៏បានស្អប់ដល់ព្រះវរបិតាផងដែរ ដោយព្រោះតែ ព្រះវរបិតា ហើយនិងព្រះរាជបុត្រាគឺតែមួយ (១០:៣០) ហើយព្រះបន្ទូលរបស់ព្រះយេស៊ូវ និងកិច្ចការទាំងប៉ុន្មាននោះសុទ្ធតែជារបស់ផងព្រះវរបិតា (៥:៣៦; ១៤:១០)។ ព្រះបន្ទូល និងកិច្ចការរបស់ ព្រះយេស៊ូវជាការបើកសំដែងដ៏ពេញលេញហើយច្បាស់លាស់បំផុតអំពីព្រះវរបិតា (ខ១៨, ២៣, ២៤)។ ដូច្នេះហើយ ការដែលស្អប់ព្រះយេស៊ូវគឺជាការស្អប់ដល់ព្រះវរបិតាដ៏ជាព្រះវិញ។
នោះដើម្បីឲ្យសេចក្ដី ដែលចែងទុកមកក្នុងក្រិត្យវិន័យរបស់គេបានសំរេច ដែលថា «គេបានស្អប់ខ្ញុំដោយឥតហេតុ»
១៥:២៥ សេចក្តីសំអប់របស់ពួកគេចំពោះព្រះយេស៊ូវគឺជាការសម្រេចមួយនៅក្នុងសេចក្តីទំនាយ។ ព្រះជ្រាបថាមនុស្សមួយចំនួននឹងបានស្អប់ព្រះយេស៊ូវ ហើយព្រះអង្គបានបណ្តាលស្តេចដាវីឌឲ្យបានកត់ត្រា ការនោះនៅក្នុង ទំនុកដំកើង ៦៩:៤។ ដូចដែលស្តេចដាវីដត្រូវបានស្អប់ដោយសត្រូវរបស់ព្រះអង្គ ដោយគ្មានហេតុផលនោះ ព្រះមែស្ស៊ី (“ជាព្រះវង្សហ្លួងដាវីឌ”) ក៏នឹងត្រូវបានគេស្អប់ដូចគ្នាដែរ។
ប៉ុន្តែ កាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ
១៥:២៦ លោកីយបានស្អប់ដល់ព្រះយេស៊ូវ ហើយមិនបានស្គាល់ព្រះនោះឡើយ។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានចាត់មកក្នុងលោកីយដើម្បីធ្វើបន្ទាល់អំពីព្រះយេស៊ូវ។ ព្រះវិញ្ញាណបរិសុទ្ធ បើកសំដែងសេចក្តីពិតអំពីព្រះយេស៊ូវឲ្យមនុស្សបានស្គាល់ព្រះយេស៊ូវដើម្បីឲ្យចិត្តរបស់ពួកគេបានផ្លាស់ប្រែពីសេចក្តីសំអប់មកឯសេចក្តីស្រឡាញ់ចំពោះព្រះអង្គវិញ ហើយដោយសារព្រះយេស៊ូវពួកគេ នឹងបានស្គាល់ព្រះវរបិតា។
ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយនឹងខ្ញុំ តាំងតែពីដើមមក។
១៥:២៧ ពួកសាវ័កគឺជាសាក្សីដែលបានឃើញផ្ទាល់ភ្នែកអំពីព្រះជន្មរបស់ព្រះយេស៊ូវ ហើយដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ពួកគេបានធ្វើបន្ទាល់អំពីព្រះយេស៊ូវពេញសព្វលោកីយទាំងមូល (លូកា ២៤:៤៨; កិច្ចការ ១:២១-២២)។




