top of page

មេរៀនទី៦: ព្រះយេស៊ូវប្រទានអាហារដល់បណ្ដាជន

សេចក្តីពិតដ៏សំខាន់មួយ : ព្រះយេស៊ូវអាចផ្គត់ផ្គង់តម្រូវការទាំងឡាយរបស់យើង 

សកម្មភាព : ការប្រកួតអង្ករ និងស្លាបព្រា

សម្ភារៈ៖ អង្ករមួយចានគោម ស្លាបព្រា កែវ ក្រដាស និងអាហារសម្រន់

របៀបលេង :

១) ឱ្យសិស្សចាប់គ្នាជាគូ រួចឱ្យស្លាបព្រាមួយ និងកែវមួយ ទៅកាន់ក្រុមនីមួយៗ។ ប្រាប់ពួកគេឱ្យសរសេរ ឈ្មោះក្រុមពួកគេនៅលើកែវ រួចដាក់នៅម្ខាងកន្លែងលេង។


២) ពេលធ្វើដូចនេះរួច និយាយថា៖ "នេះជាការប្រកួតចាក់អង្ករឱ្យពេញកែវ។ ប្អូនៗអាចដួសអង្ករមក ដោយស្លាបព្រាតែប៉ុណ្ណោះ។ មនុស្សទី១ នៅក្នុងក្រុមយើងនឹងយកអង្ករពេញ ១ ស្លាបព្រាពីចានគោម រួចរត់ទៅចាក់ក្នុងកែវរបស់ក្រុមខ្លួន។បន្ទាប់មករត់ត្រឡប់មកឱ្យ ស្លាបព្រាទៅដៃគូក្នុងក្រុម ឱ្យគេយក អង្ករទៅម្ដង។ ក្រុមដែលយកអង្ករចាក់ពេញកែវមុន ជាអ្នកឈ្នះ។" 

សម្គាល់សម្រាប់គ្រូ៖ ត្រូវប្រាកដថា អង្ករមិនគ្រប់គ្រាន់ឱ្យចាក់ពេញកែវទេ។ ដូច្នេះ ហ្គេមនឹងបញ្ចប់ពេលក្រុមនីមួយៗឃើញថា ពួកគេគ្មានអង្ករគ្រប់គ្រាន់ ល្មមចាក់ឱ្យពេញកែវនោះទេ។
 

ក្រោយបញ្ចប់ហ្គេម: 

សួរ៖ តើមាននរណាម្នាក់បានចាក់អង្ករដល់ពេញកែវទេ? ពេលពួកគេឆ្លើយថាអង្ករមិនគ្រប់ ត្រូវនិយាយ ថា៖ "ត្រឹមត្រូវ! វាដូចជាពេលដែលបណ្ដាជនមកជុំគ្នា ស្ដាប់ការបង្រៀនរបស់យេស៊ូវយ៉ាងអ៊ីចឹង។ ពេល នោះ គ្មានអាហារគ្រប់គ្រាន់ទេ!"

ការរៀនព្រះគម្ពីរ

អាន៖ [ម៉ាកុស 6:30-44]
 

សំនួរបង្កប់ន័យ

 

ពួកសិស្សទើបតែបញ្ចប់ ម៉ោងធ្វើព័ន្ធកិច្ចដ៏រវល់របស់ពួកគេ។ ដូច្នេះ ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកគេថា ពួកគេអាចសម្រាកបាន។ ប៉ុន្តែ តើមានអ្វីកើតឡើង ពេលពួកគេទៅសម្រាក?

បណ្ដាជនទៅតាមពួកគេ។

 

តើព្រះយេស៊ូវមានឥរិយាបថយ៉ាងណាចំពោះបណ្ដាជន? ហេតុអ្វី?

ព្រះអង្គមានចិត្តមេត្តាសម្រាប់ពួកគេ ពីព្រោះពួកគេដូចជាហ្វូងចៀម គ្មានអ្នកគង្វាលអ៊ីចឹង។

 

ដូច្នេះហើយ ព្រះយេស៊ូវក៏សម្រេចចិត្តធ្វើដូចជាអ្នកគង្វាលរបស់ពួកគេ ដោយបង្រៀនពួកគេ។ ពេលចប់ ថ្ងៃរាងជ្រេរបន្តិចតែពួកបណ្ដាជននៅតែនៅបន្ត ព្រោះពួកគេឱ្យតម្លៃការបង្រៀនរបស់ព្រះយេស៊ូវ។ ពេល ពួកគេចាប់ផ្ដើមឃ្លាន តើពួកសិស្សប្រាប់ព្រះយេស៊ូវឱ្យធ្វើដូចម្ដេច? 

ប្រាប់បណ្ដាជនឱ្យត្រឡប់ទៅវិញ រកអាហារបរិភោគខ្លួនឯង។

 

តើព្រះយេស៊ូវឆ្លើយតបដូចម្ដេច?

ព្រះអង្គមានបន្ទូលថា៖ "ចូរយកម្ហូបអាហារឱ្យពួកគេបរិភោគ!"

 

សូមគិតមើល តើប្អូនៗមានអារម្មណ៍ដូចម្ដេច បើព្រះយេស៊ូវប្រាប់ឱ្យប្អូនរកអាហារសម្រាប់មនុស្ស ៥ពាន់ នាក់ នៅកន្លែងដ៏ឆ្ងាយ ហើយគ្មានសូម្បីតែពេលរៀបចំអ្វីបន្ដិចដូច្នេះ។ វាមិនអាចទៅរួចទេ... ពួកសិស្ស ផ្ដោតលើបញ្ហាថា​ មានមនុស្សច្រើនពេកហើយគ្មានអាហារគ្រប់គ្រាន់ទេ។ ប៉ុន្តែសិស្សរបស់ព្រះយេស៊ូវ មិនគួរ ផ្ដោតលើបញ្ហាដូច្នេះទេ។ យើងគួរតែផ្ដោតលើ ភាពធំអស្ចារ្យរបស់ព្រះវិញ! ចាប់ផ្ដើមពីអ្វី ដែលយើងមានហើយ រួចថ្វាយទៅកាន់ព្រះយេស៊ូវ មើលអ្វីដែលព្រះអង្គនឹងធ្វើជាមួយវា!

 

ព្រះយេស៊ូវប្រាប់ពួកសិស្សឱ្យចេញទៅរក អ្វីដែលពួកគេមាន។ តើពួកគមាននំបុ័ងប៉ុន្មានដុំ? និងត្រីប៉ុន្មាន ក្បាល?

នំបុ័ង ៥ ដុំ ត្រី ២ កន្ទុយ។

 

នំបុ័ង ៥ ដុំ ត្រី ២ កន្ទុយ សម្រាប់មនុស្ស ៥ ពាន់នាក់! វាដូចហ្គេមដែលយើងបានលេងអម្បាញ់មិញចឹង។ អាហារមិនគ្រាន់ល្មមសម្រាប់មនុស្សច្រើនអ៊ីចឹងទេ ដូចអង្ករមិនគ្រប់សម្រាប់ចាក់បំពេញកែវអ៊ីចឹង។

 

ឥឡូវ ចូរយើងលេងហ្គេម មានឈ្មោះថា "ហ្គេមបែងចែក"។ ចូលទៅជាគូ ជាមួយដៃគូអ្នកម្ដងទៀត។ ខ្ញុំនឹងឱ្យក្រដាស ១ សន្លឹកតាមគូនីមួយៗ។ ប្អូនត្រូវហែកក្រដាសឱ្យបានច្រើនបំផុតតាមដែល អាចធ្វើ ទៅបាន ក្នុងរយៈពេល ៣០ វិនាទី។ ប្រយ័ត្នកុំឱ្យបាត់កំទេចក្រដាសឱ្យសោះ ព្រោះគូណាដែលមាន ក្រដាសច្រើនបំផុត ជាអ្នកឈ្នះ។ ទុកពេលឱ្យសិស្ស ៣០ វិនាទី ដើម្បីហែក រួចរាប់ចំនួនកម្ទេចក្រដាស ដែលពួកគេមាន។

 

តើការបែងចែកអ្វីមួយ ធ្វើឱ្យវាទៅជាច្រើនជាងមុនទេ?

ការបែងចែកអ្វីមួយ ធ្វើឱ្យវាមានចំនួនច្រើន តែវាតូចជាងមុនដែរ។

 

តើប្អូនៗគិតថា ខ្លួនឯងអាចហែកក្រដាសឱ្យបានកម្ទេច ៥០០០ សន្លឹកដែរឬទេ? ទេ

តើប្អូនៗគិតថា ខ្លួនឯងអាចចែកនំបុ័ង ៥ដុំ និងត្រី ២ កន្ទុយទៅមនុស្ស ៥០០០ដែរទេ? ទេ

អ៊ីចឹង តើនំបុ័ង ៥ ដុំ និងត្រី ២ កន្ទុយរបស់ពួកសិស្ស អាចដោះស្រាយបញ្ហាបានទេ? ទេ

ប៉ុន្តែ ព្រះយេស៊ូវបានឱ្យពួកសិស្សយកវាមក។ ពួកគេគឺជាផ្នែកមួយនៃដំណោះស្រាយ ដែលព្រះយេស៊ូវ ចង់ធ្វើ។

 

តើការណែនាំបន្ទាប់របស់ព្រះយេស៊ូវគឺអ្វី?

ព្រះអង្គប្រាប់បណ្ដាជនឱ្យអង្គុយចុះជាក្រុម។

ពួកយូដាអង្គុយជាក្រុម ពេលបរិភោគអាហារ។ ដូច្នេះ ការណែនាំរបស់ព្រះយេស៊ូវ មានន័យថា "ត្រៀមញ៉ាំអាហារ!"។ យើងឃើញថា បណ្ដាជនមានជំនឿទៅកាន់ព្រះយេស៊ូវ ព្រោះពួកគេគ្រប់គ្នាអង្គុយ ចុះ ជាក្រុមត្រៀមញ៉ាំអាហារមែន ទោះបីជាមិនឃើញមានអាហារក៏ដោយ!

 

បន្ទាប់មកការអស្ចារ្យកើតមានឡើង។ តើព្រះយេស៊ូវធ្វើអ្វី?

ព្រះអង្គយកនំបុ័ង និងត្រីមក រួចងើយមើលទៅលើមេឃ អរព្រះគុណព្រះវរបិតា រួចក៏កាច់នំបុ័ង និងត្រី ចែកបណ្ដាជន។

 

តើមានលទ្ធផលដូចម្ដេច?

មានអាហារគ្រប់គ្រាន់សម្រាប់គ្រប់គ្នា ហើយសល់ ១២ ល្អីទៀត!

 

ពីដំបូង អាហារមានតែបន្តិចប៉ុណ្ណោះ តែវាទៅដល់ព្រះហស្តព្រះយេស៊ូវ វាក៏ទៅជាគ្រប់គ្រាន់សម្រាប់ គ្រប់គ្នា។ ព្រះយេស៊ូវដឹងជាក់ច្បាស់ថា ត្រូវបង្កើត ប៉ុណ្ណា ដើម្បីឱ្យមនុស្សអាចញ៉ាំបានគ្រប់គ្នា និងតាមដែលពួកគេចង់ ហើយនៅសល់ ១២ ល្អី សម្រាប់ ពួកសិស្សម្នាក់ ១ ល្អីទៀត!

 

ចូរគិតពីការរៀបចំទាំងអស់ សម្រាប់ពិធីមង្គលការពេលល្ងាច ដែលមានមនុស្ស ៥០០ ត្រូវចូល រួមញ៉ាំអាហារ។ រួចគិតពីការអស្ចារ្យនៅត្រង់នេះ។ ព្រះយេស៊ូវរៀបចំអាហារសម្រាប់មនុស្សរាប់ពាន់នាក់ ដោយគ្មានការរៀបចំសោះ! ប៉ុន្តែ វាមិនពិបាកសម្រាប់ព្រះអង្គ ដើម្បីបង្កើតអាហារនោះឡើយ។ ជាការ ពិត នេះជាអ្វីដែលព្រះធ្វើជារៀងរាល់ថ្ងៃ។ ព្រះអង្គផ្គត់ផ្គង់យើង ដោយផ្លែឈើនៅលើដើមឈើ ស្រូវនៅ ក្នុងស្រែ និងគ្រប់យ៉ាងដែលយើងត្រូវការ។

 

សំនួរមានអត្ថន័យ

តើការអស្ចារ្យនេះ បង្រៀនយើងអ្វីខ្លះពីព្រះយេស៊ូវ? ទុកឱ្យសិស្សបញ្ចេញគំនិត។ ចម្លើយឧទាហរណ៍៖ វាបង្ហាញថា ព្រះយេស៊ូវមានអំណាចក្នុងការផ្គត់ផ្គង់តម្រូវការរបស់មនុស្ស។ វាបង្ហាញពីចិត្តសន្ដោស របស់ព្រះអង្គ។ ព្រះអង្គមិនបានឱ្យបណ្ដាជនត្រឡប់ទៅវិញ ពេលពួកគេត្រូវការជំនួយព្រះអង្គនោះទេ។

 

តើមេរៀននៃសេចក្ដីជំនឿអ្វី មានក្នុងរឿងថ្ងៃនេះសម្រាប់យើង?

ទុកឱ្យសិស្សបញ្ចេញយោបល់។ មេរៀននៃសេចក្ដីជំនឿរួមមាន៖

. យើងអាចជឿទុកចិត្តថា ព្រះយេស៊ូវផ្គត់ផ្គង់តម្រូវការយើង។

. យើងមិនគួរឱ្យមនុស្សដែលត្រូវការជំនួយរបស់ព្រះយេស៊ូវត្រឡប់ទៅវិញនោះទេ។

. យើងគួរផ្ដោតលើភាពធំអស្ចារ្យរបស់ព្រះ ជាជាងផ្ដោតលើបញ្ហា។

. យើងអាចជឿទុកចិត្តព្រះអង្គ ជាមួយអ្វីដែលយើងមាន និងទុកឱ្យទ្រង់ធ្វើវាឱ្យគ្រប់គ្រាន់។

 

*បើគ្រូមានទីបន្ទាល់ទាក់ទងនឹង ការដែលព្រះផ្គត់ផ្គង់ ចូរចែកចាយវាជាមួយយុវជនឥឡូវនេះ។

 

ចូរបញ្ចប់ដោយញ៉ាំអាហារសម្រន់ជាមួយគ្នា ដោយសប្បាយរីករាយ!

bottom of page