
មេរៀនទី១០: ព្រះយេស៊ូវមានជ័យជំនះលើសេចក្ដីស្លាប់លឺ
សេចក្តីពិតដ៏សំខាន់មួយ : ព្រះយេស៊ូវបានយកឈ្នះសេចក្ដីស្លាប់ និងប្រទានជីវិតអស់កល្បជានិច្ច ដល់អ្នកណាដែលជឿលើព្រះអង្គ
សកម្មភាព : ការរស់ឡើងវិញ
សម្ភារៈ៖ បាល់ទន់ៗមួយ
របៀបលេង :
១) បង្កើតកន្លែងលេង ដែលមានបែងចែកជា ៤ ផ្នែក។ ចែកក្រុមយុវជនជា ២ ក្រុម និងឱ្យពួកគេតម្រង់ជួរ
ដូចជាដ្យាក្រាមខាងក្រោម៖
២) ក្រុមទាំង២ ត្រូវរើសមនុស្សម្នាក់ពីក្រុមខ្លួន ឱ្យធ្វើជាអ្នកសង្គ្រោះ ដោយសម្ងាត់ និងប្រាប់គ្រូថាជានរណា។
៣) ឱ្យបាល់ទៅក្រុម ១។ ពួកគេនឹងគប់បាល់ ព្យាយាមធ្វើយ៉ាងណាឱ្យត្រូវអ្នកលេង ក្នុងក្រុមម្ខាងទៀត។ បើពួកគេខកខានក្រុមម្ខាងទៀតនឹងចាប់បានបាល់។ ប៉ុន្តែបើគេគប់ត្រូវនរណាម្នាក់ ម្នាក់នោះនឹងងាប់ ហើយត្រូវទៅកន្លែង "តំបន់មរណោៈ" ដែលនៅខាងក្រោយក្រុមម្ខាងទៀត។
៤) បន្តលេងដូចនេះ។ ប៉ុន្តែ បើអ្នកសង្គ្រោះនៅក្នុងក្រុមត្រូវគេសម្លាប់បាន គាត់នឹងចូលទៅតំបន់មរណៈ និងសង្គ្រោះគ្រប់គ្នាឱ្យរួចពីស្លាប់។ ពួកគេនៅតំបន់មរណៈដដែល តែឥឡូវនេះក្រុមនេះ អាចគប់បាល់ឱ្យត្រូវក្រុមម្ខាងទៀត ទាំងសងខាង។ បើក្រុមខកខានហើយ អ្នកនៅតំបន់មរណៈអាច យកបាល់ ហើយគប់ទៅក្រុមម្ខាងទៀតបានដែរ។
៥) លេងរហូតដល់ក្រុមណាមួយ គប់ត្រូវក្រុមម្ខាងទៀត ទាល់តែទៅតំបន់មរណៈទាំងអស់គ្នា។
ការរៀនព្រះគម្ពីរ
បរិបទ៖ នេះគឺជាមេរៀនចុងក្រោយរបស់យើងហើយ ដែលរៀនទាក់ទងនឹង "តើព្រះយេស៊ូវបានធ្វើអ្វី?"។ កាលពីមេរៀនមុនរបស់យើង យើងបានឃើញថា ព្រះយេស៊ូវបានប្រាប់ពួកសិស្សអំពី អ្វីដែលនឹងកើត ឡើងចំពោះព្រះអង្គ ពេលទ្រង់យាងទៅក្រុងយេរូសាឡិម។ តើនរណាចាំបានថា ទ្រង់មានបន្ទូលថា ម៉េច?
ទ្រង់មានបន្ទូលថា "កូនមនុស្សនឹងត្រូវបញ្ជូនទៅឯពួកសង្គ្រាជ និងពួកអាចារ្យ គេនឹងកាត់ទោសលោក ដល់ជីវិត ហើយបញ្ជូនទៅដល់ពួកសាសន៍ដទៃ ពួកនោះនឹងចំអកមើលងាយ វាយនឹងរំពាត់ ស្ដោះដាក់ ហើយសម្លាប់លោក"
បន្ទាប់មក យើងឃើញថាអ្វីៗគ្រប់យ៉ាងកើតឡើងជាក់ ដូចព្រះយេស៊ូវមានបន្ទូលមែន។ យើងបានបញ្ចប់ មេរៀនមុន ដោយដឹងថាព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ដើម្បីលោះបាបយើង។ បើនេះជាសេចក្ដី បញ្ចប់នៃរឿង វាពិតជាគួរឱ្យសោកស្ដាយណាស់។ ប៉ុន្តែ នៅមានផ្នែកមួយទៀតនៃទំនាយ របស់ព្រះយេស៊ូវ។ តើប្អូនៗចាំបានថា យ៉ាងម៉េចទេ? (មើល [ម៉ាកុស 10:32-34])
៣ ថ្ងៃក្រោយមក ទ្រង់នឹងរស់ឡើងវិញ។
មូលហេតុដែលព្រះយេស៊ូវ អាចប្រឈមមុខនឹងរាល់គ្រប់ការទាំងនេះបាន ព្រោះព្រះអង្គជឿជាក់យ៉ាង ប្រាកដថា ព្រះជាម្ចាស់នឹងប្រាសទ្រង់ឱ្យរស់ឡើងវិញនោះឯង។
អាន [ម៉ាកុស 15:42-47]
សំនួរបង្កប់ន័យ
បន្ទាប់ពីព្រះយេស៊ូវសុគតលើឈើឆ្កាងហើយ មានបុរសម្នាក់ឈ្មោះ យ៉ូសែប នៅស្រុកអើរីម៉ាថេ បានចូល មករកលោកពីឡាត់ ជាមេដឹកនាំសាសន៍រ៉ូម។ តើគាត់សុំអ្វីពីលោកពីឡាត់?
សុំព្រះសពរបស់ព្រះយេស៊ូវ។
លោកពីឡាត់បញ្ជាក់មើលថា ព្រះយេស៊ូវបានសុគតលើឈើឆ្កាងហើយ ទើបគាត់ឱ្យព្រះសពព្រះអង្គ ទៅយ៉ូសែបយកទៅបញ្ចុះ។ តើយ៉ូសែបយកព្រះសពទៅធ្វើអ្វី?
គាត់ក៏ទិញសំពត់ទេសឯក រួចដាក់ព្រះសពទ្រង់ចុះមក រុំនឹងសំពត់នោះ នាំទៅបញ្ចុះក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្ម១មក សន្ធប់ខ្ទប់មាត់ផ្នូរជិត។
ចូលមើលអ្វីដែលកើតឡើងបន្ទាប់មកទៀតក្នុង [ម៉ាកុស 16:1-8]
តើនរណាបានទៅឯផ្នូរមុនគេ នៅព្រឹកថ្ងៃអាទិត្យ?
ស្ត្រី ៣ នាក់ មាន ម៉ារាជាអ្នកស្រុកម៉ាគដាឡា ម៉ារាជាម្ដាយយ៉ាកុប និងសាឡូមេ។
តើមានអ្វីកើតឡើង ពេលពួកគេទៅដល់ទីនោះ?
ថ្មដែលឃាំងមុខផ្នូរ ត្រូវគេប្រមៀលចេញ ហើយនៅក្នុងផ្នូរមាន "បុរសវ័យក្មេងម្នាក់" ដែលការពិតជា ទេវតា!
តើទេវតាបាននាំដំណឹងអ្វី?
ព្រះយេស៊ូវបានរស់ឡើងវិញហើយ។
ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ ដូចពាក្យដែលព្រះអង្គបានមានបន្ទូល។ បន្ទាប់មក នៅថ្ងៃដដែល នោះ និង ៦ សប្ដាហ៍បន្ទាប់មកទៀត ព្រះយេស៊ូវបានបង្ហាញព្រះអង្គឱ្យមនុស្សជាង ៥០០ នាក់បានឃើញ បញ្ជាក់ថាព្រះអង្គរស់ពីសុគតឡើងវិញហើយ។
តើការរស់ពីសុគតរបស់ព្រះយេស៊ូវបង្ហាញថា ព្រះអង្គមានអំណាចលើអ្វី?
សេចក្ដីស្លាប់។
ព្រះយេស៊ូវរស់ពីសុគតឡើងវិញ ជាភស្ដុតាងបង្ហាញថា ទ្រង់មានអំណាចលើសេចក្ដីស្លាប់។ ព្រះអង្គមាន ព្រះជន្មរស់: តាំងពីមុន ឥឡូវនេះ និងរហូតអស់កល្ប។
សំនួរមានអត្ថន័យ
បើព្រះយេស៊ូវបានយកឈ្នះសេចក្ដីស្លាប់ហើយ តើនេះមានន័យដូចម្ដេចមកកាន់យើង?
ទុកឱ្យសិស្សបញ្ចេញយោបល់។
ការរស់ពីសុគតវិញរបស់ព្រះយេស៊ូវ គឺជាជ័យជំនះដ៏អស្ចារ្យ ទៅលើសេចក្ដីស្លាប់។ ឥឡូវនេះ យើងមិន ចាំបាច់ខ្លាចសេចក្ដីស្លាប់ ឬមិនប្រាកដចិត្តជាមួយអ្វីកើតឡើងមកលើយើង ក្រោយពេលដែលយើង ស្លាប់នោះទេ។ អ្នកដែលបានឃើញថា ព្រះយេស៊ូវរស់ពីសុគតឡើងវិញនោះ មានជំនឿ អំណរ និងទំនុក ចិត្តយ៉ាងមុតមាំថា ដែលពួកគេបាននាំដំណឹងអំពីព្រះយេស៊ូវ ទៅកាន់គ្រប់ទីកន្លែងពាសពេញពិភពលោក។ ដំណឹង នេះគឺថា មនុស្សនឹងមានជីវិតអស់កល្បជានិច្ចជាមួយព្រះជាម្ចាស់ ដោយសារតែព្រះយេស៊ូវគ្រីស្ទ។
ហេតុអ្វីបានជាដំណឹងនេះ សំខាន់សម្រាប់មនុស្សគ្រប់គ្នា នៅលើពិភពលោកនេះ?
ព្រោះយើងគ្រប់គ្នានឹងត្រូវស្លាប់។
យើងនឹងស្លាប់នៅថ្ងៃណាមួយ។ ប៉ុន្តែ ព្រះជាម្ចាស់បានសន្យាថា នឹងឱ្យអស់អ្នកណាដែលជឿលើព្រះ យេស៊ូវ មានជីវិតអស់កល្បវិញ។
នៅក្នុងហ្គេមដែលយើងទើបនឹងលេង ពេលយើងងាប់ យើងចូលទៅតំបន់មរណៈ។ ប៉ុន្តែ វាមិនមែនជាទី បញ្ចប់នៃហ្គេមទេ មែនអត់? តើមានអ្វីកើតឡើងពេលអ្នកសង្គ្រោះងាប់?
គាត់មក ហើយយើងរស់ឡើងវិញ។
យើងស្លាប់ ប៉ុន្តែ ព្រោះអ្នកសង្គ្រោះយើងស្លាប់ដែរ យើងមានជីវិតរស់ឡើងវិញ។ ព្រះយេស៊ូវសន្យាថានឹង ប្រោសអ្នកណាដែលជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ចូរស្ដាប់ការសន្យានេះ៖
[យ៉ូហាន 5:24] ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ ព្រះអង្គ ដែលចាត់ឲ្យខ្ញុំមក អ្នកនោះមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយមិនដែលត្រូវជំនុំជំរះឡើយ គឺ បានកន្លងហួសពីសេចក្តីស្លាប់ ទៅដល់ជីវិតវិញ។
[យ៉ូហាន 6:40] នេះហើយជាបំណងព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែល ឃើញព្រះរាជ បុត្រា ហើយក៏ជឿដល់ទ្រង់ បានជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃ ចុងបំផុត។
[យ៉ូហាន 6:47] ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះមានជីវិតអស់ កល្បជានិច្ច។
[យ៉ូហាន 11:25] ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិតអ្នកណា ដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ។
[យ៉ូហាន 14:1-4] កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀប កន្លែងឲ្យអ្នករាល់គ្នា។ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នា ទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។ ឯកន្លែងដែលខ្ញុំទៅ នោះអ្នករាល់ គ្នាក៏ដឹង ហើយក៏ស្គាល់ផ្លូវទៅដែរ។
ព្រះយេស៊ូវមានព្រះបន្ទូលថា ព្រះអង្គនឹងប្រោសមនុស្សឱ្យមានជីវិតអស់កល្បជានិច្ច។ តើយើងមានជំនឿ លើទ្រង់ថា ព្រះអង្គនឹងធ្វើការនេះទេ?
ពេលវេលាក្រុមតូច
ចូរពិភាក្សាគ្នា នៅក្នុងក្រុមតូច៖
-
តើអ្នកបានរៀនអ្វីអំពីព្រះយេស៊ូវ ក្នុងមេរៀនថ្ងៃនេះ?
-
តើការរស់ពីសុគតរបស់ព្រះយេស៊ូវ មានន័យយ៉ាងដូចម្ដេចមកកាន់អ្នក?
អធិស្ឋានបញ្ចប់