
មេរៀនទី៣: ព្រះយេស៊ូវបញ្ជាព្យុះ
សេចក្តីពិតដ៏សំខាន់មួយ : ព្រះយេស៊ូវតែងតែគ្រប់គ្រងបានទាំងអស់។ ដូច្នេះហើយ យើងគួរតែមាន ជំនឿលើទ្រង់។
សកម្មភាព : ប្រណាំងទូក
ឧបករណ៍: គម្របដប ៨ ពណ៌ផ្សេងៗគ្នា។ ក្រដាស ១ សន្លឹកបិទលើកន្ទេលមួយ។
របៀបលេង :
១) និយាយ៖ "ថ្ងៃនេះ យើងនឹងបណ្ដែតទូក។ នេះគឺជាទូករបស់យើង (បង្ហាញគម្របដប) នេះ គឺជា សមុទ្រ (ចង្អុលទៅកន្ទេល) ហើយនេះ គឺជាកោះ (ចង្អុលក្រដាស)។ ប្អូនៗនឹងចាប់ផ្ដើមចេញពីកំពង់ ផែនេះ (ជ្រើសរើសកន្លែងមួយ នៅម្ខាងពីលើកម្រាល)។ គោលដៅរបស់ប្អូន គឺត្រូវធ្វើម៉េចឱ្យទូករបស់ ខ្លួនទៅដល់កោះមុនគេ។"
២) ជ្រើសសិស្ស 8 នាក់ (ទៅតាមទំហំកន្ទេល)។ ឱ្យទូកទៅពួកគេម្នាក់មួយ។ ពួកគេនឹងដាក់វានៅ កំពង់ផែ រួចនឹងចាប់កាន់កន្ទេល និងរលាស់កម្រាល ពេលរាប់ 1, 2, 3 ចប់។
៣) ទូកណាដែលទៅដល់កោះមុន ជាអ្នកឈ្នះ។ បន្តលេងហ្គេម រហូតបានលេងគ្រប់គ្នា។
ក្រោយបញ្ចប់ហ្គេម:
.តើវាពិបាក ឬស្រួលក្នុងការធ្វើឱ្យទូករបស់ប្អូនដល់ទៅទី ដោយសុវត្ថិភាព? ពិបាក។
.តើអ្វីដែលធ្វើឱ្យវាពិបាក? អ្នករលាស់កន្ទេល។
.តើប្អូនមានអារម្មណ៍ថា អាចគ្រប់គ្រងបានរហូត ឬអត់ទេ? គ្រប់គ្រងមិនបានច្រើនជាង។
ការរលាស់កន្ទេលធ្វើឱ្យទូកពិបាកបណ្ដែតលើសមុទ្រណាស់។ ប្អូនមានអារម្មណ៍ដូចជាគ្រប់យ៉ាងនៅក្រៅការគ្រប់គ្រង។ ថ្ងៃនេះ យើងនឹងអានរឿងមួយ ដែល និយាយអំពី ស្ថានភាពបែបនេះ។
ការរៀនព្រះគម្ពីរ
បរិបទ៖ ថ្ងៃនេះ យើងបន្តបណ្ដុំរឿង ឈ្មោះថា តើព្រះយេស៊ូវបានធ្វើអ្វី? យើងនឹងអានអត្ថបទនៅក្នុងព្រះគម្ពីរដំណឹងល្អ ម៉ាកុស។
អាន [ម៉ាកុស 4:35-41]
សំនួរបង្កប់ន័យ
ព្រះយេស៊ូវចំនាយពេលពេញ ១ ថ្ងៃ បង្រៀនបណ្ដាជន (ពីក្នុងទូក)។ ឥឡូវនេះ ជាល្ងាចហើយ ហើយទ្រង់ ក៏អស់កម្លាំងដែរ។ ទ្រង់ប្រាប់ពួកសិស្សឱ្យឡើងមកលើទូក និងចុះទូកទៅត្រើយម្ខាងទៀត។ បន្ទាប់មក ព្រះអង្គក៏ផ្ទុំលក់។ តើមានអ្វីកើតឡើងបន្ទាប់ទៀត?
មានព្យុះដ៏ធំបក់បោក។
ទឹកចាប់ផ្ដើមលេចចូលក្នុងទូក។ ពេលនោះ ពួកសិស្សគិតយ៉ាងម៉េច?
ទូកចាប់ផ្ដើមលិច ហើយយើងទាំងអស់គ្នានឹងលង់ទឹក។
តើពួកគេធ្វើអ្វី?
ពួកគេដាស់ព្រះយេស៊ូវ រួចនិយាយថា៖ "ព្រះគ្រូ យើងវិនាសយើងហើយ មិនរវល់ទេឬអី?"
អ្នកទាំងអស់គ្នាចាំបានទេថា សិស្សរបស់ព្រះយេស៊ូវខ្លះ គឺជាអ្នកនេសាទ។ ពួកគេធ្លាប់ធ្វើការនៅលើ សមុទ្រជាច្រើនឆ្នាំ និងធ្លាប់ជួបព្យុះច្រើនមកហើយ។ ប៉ុន្តែពេលនេះ ពួកគេភ័យខ្លាចខ្លាំងមែនទែន។ វាជាព្យុះកំណាច និងគ្រោះថ្នាក់ខ្លាំងហើយមើលទៅ។
តើព្រះយេស៊ូវបានធ្វើអ្វី?
ព្រះអង្គគម្រាមខ្យល់ ដោយនិយាយថា៖ "ចូរស្ងៀមទៅ ហើយឈប់ចុះ!"
តើមានអ្វីកើតឡើង ពេលទ្រង់ធ្វើដូចនេះ?
ខ្យល់ក៏ឈប់ ហើយគ្រប់យ៉ាងស្ងប់ចុះ។
សំនួរមានអត្ថន័យ
ការបញ្ជារបស់ព្រះយេស៊ូវនាំឱ្យ សមុទ្រមានភាពស្ងប់ចុះពេញលេញភ្លាម។ ទ្រង់បញ្ជាខ្យល់ និងសមុទ្រ! តើប្អូនៗគិតថា ការធ្វើការអស្ចារ្យនេះពិបាកសម្រាប់ព្រះយេស៊ូវដែរឬទេ? អត់ទេ។
វាមិនអាចទៅរួច សម្រាប់យើង តែព្រះយេស៊ូវបង្រ្កាបព្យុះ ដោយពាក្យត្រឹមតែ 3 ម៉ាត់ប៉ុណ្ណោះ។ ព្រះយេស៊ូវគ្រប់គ្រងស្ថានភាពបានល្អណាស់។ ដូច្នេះហើយ តើហេតុអ្វីបានជាពួកសិស្សភ័យខ្លាច?
ព្រោះពួកគេខ្វះជំនឿ។
ពួកគេខ្វះជំនឿ ព្រោះពួកគេនៅមិនទាន់ស្គាល់ថា ព្រះយេស៊ូវគឺជានរណាឱ្យពិតប្រាកដ។ ពួកគេដឹងថា ព្រះអង្គគឺជាគ្រូបង្រៀន និងអ្នកប្រោសជម្ងឺដ៏អស្ចារ្យ។ ប៉ុន្តែការអស្ចារ្យនេះ បានបង្ហាញអំពីអំណាចដ៏ អស្ចារ្យរបស់ព្រះអង្គ។ តើការអស្ចារ្យនេះ ប្រាប់អ្វីដល់យើងពីព្រះយេស៊ូវ? ព្រះអង្គមាន អំណាចលើគ្រប់ ទាំងការបង្កើតទាំងអស់ លើទាំងព្យុះ ខ្យល់ និងសមុទ្រ។ អ្វីដែលទ្រង់បញ្ជាទាំងអស់ នឹងកើតឡើង។
ហើយវាក៏បង្ហាញដែរថា ព្រះអង្គខ្វល់ខ្វាយអំពីសិស្សរបស់ព្រះអង្គ ហើយទ្រង់ក៏ជួយ និងការពារពួក យើងដែរ។ គ្មានអ្វីដែលធំពេក ឬពិបាកពេកឡើយសម្រាប់ព្រះអង្គ។
ហេតុអ្វីបានជារឿងនេះ ពាក់ព័ន្ធនឹងយើងក្នុងពេលនេះ? ព្រោះព្រះយេស៊ូវមានព្រះជន្មគង់នៅសព្វថ្ងៃនេះ! ព្រះអង្គនៅតែដដែលម្សិលមិញ ថ្ងៃនេះនិងរហូតតទៅ (ហេព្រើរ 13:8)។ ព្រះយេស៊ូវដដែល គង់ព្រះជន្ម នៅ និងគង់នៅជាមួយយើងថ្ងៃនេះ។ ទ្រង់មានអំណាច ប្រាជ្ញា និងចិត្តសន្ដោសដដែលដូចពីមុនអ៊ីចឹង។ ចាំថា យើងអានព្រះគម្ពីរដើម្បីស្វែងរកចរិតលក្ខណៈជាព្រះ របស់ព្រះអង្គ។
ចូរយើងអានការអស្ចារ្យមួយទៀត អំពីព្រះយេស៊ូវ។ អាន [ម៉ាកុស 6:45-53]
ពួកសិស្សនៅក្នុងទូក កណ្ដាលសមុទ្រកាលីឡេ ហើយពួកគេមានបញ្ហាម្ដងទៀត។ តើបញ្ហានោះជាអ្វី?
ខ្យល់បក់បញ្ច្រាស់ពួកគេ ហើយពួកគេជាប់នៅកណ្ដាលសមុទ្រ។
តើព្រះយេស៊ូវនៅជាមួយពួកគេទេ ពេលនេះ?
អត់ទេ មិននៅជាមួយទេ ពីដំបូង។ ព្រះអង្គទតមើលពួកគេពីលើភ្នំ។
តើព្រះយេស៊ូវធ្វើអ្វី ពេលឃើញពួកគេមានបញ្ហាដូច្នេះ?
ព្រះអង្គយាងទៅរកពួកគេ ដោយយាងលើទឹក។
តើពួកសិស្សគិតដូចម្ដេច ពេលឃើញព្រះអង្គដូច្នេះ? តើប្អូនៗគិតថា ហេតុអ្វីបានជាពួកគេគិតដូច្នេះ?
ពួកគេគិតថា ប្រហែលជាខ្មោច ព្រោះពួកគេគិតថាមានអ្វីដែលអាចដើរលើទឹកដូច្នេះទេ។
តើពួកគេមានអារម្មណ៍យ៉ាងណា?
ពួកគេភ័យខ្លាច។
តើព្រះយេស៊ូវធ្វើដូចម្ដេច ពេលពួកសិស្សភ័យខ្លាចដូច្នេះ?
ទ្រង់មានបន្ទូលថា៖ "ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំភ័យអី។" ហើយទ្រង់ឡើងលើទូកជាមួយពួកគេ។
ម្ដងទៀត ពួកសិស្សវិលវល់នៅក្នុងចិត្ត (ខរ 51)។ ពួកគេកំពុងរៀនអំពី ភាពអស្ចារ្យរបស់ព្រះយេស៊ូវ។ ពេលពួកគេរៀន ពួកគេនឹងមានការភ័យខ្លាចតិចជាងកាលៈទេសៈរបស់ពួកគេ ហើយកាន់តែមានជំនឿមកកាន់ព្រះយេស៊ូវ នេះជាការពិត របស់សិស្សរបស់ព្រះយេស៊ូវ។ មានជំនឿកាន់តែខ្លាំងលើព្រះយេស៊ូវ បានន័យថាមានភាពភ័យខ្លាចកាន់ តែតិចទៅកាន់បញ្ហាក្នុងជីវិត។
តើអ្វីជាមេរៀនអំពីក្ដីជំនឿសម្រាប់យើង នៅក្នុងរឿងទាំងនេះ?
ទុកឱ្យសិស្សបញ្ចេញយោបល់។
មេរៀនសម្រាប់យើងគឺ យើងអាចទុកចិត្តព្រះយេស៊ូវ។ ព្រះអង្គខ្វល់ខ្វាយពីយើង ហើយទ្រង់អស្ចារ្យ ជាងអ្វីដែលយើងដឹង។នៅក្នុងពេលវេលាលំបាកៗ យើងគួរតែឆាប់ចូលទៅកាន់ព្រះអង្គ។ យើងអាចធ្វើ បែបនេះដោយជំនឿ មិនមែនដោយភ័យខ្លាច។យើងធ្វើបែបនេះ ដោយអធិស្ឋាន និងសុំជំនួយពីព្រះអង្គ និងជឿជាក់ថា ទ្រង់អាច ហើយនឹងជួយយើង។
ពេលវេលាក្រុមតូច
ពួកសិស្សគិតថា ព្យុះនឹងធ្វើឱ្យពួកគេស្លាប់ ហើយថាព្រះយេស៊ូវនឹងមិនខ្វល់។ ប៉ុន្តែ ពួកគេគិតខុស។ ពិភាក្សា នៅក្នុងក្រុមតូច៖
-
តើអ្នកធ្លាប់មានអារម្មណ៍ថា បញ្ហាធំណាស់ តែព្រះអង្គមិនខ្វល់ដែរឬទេ? បើធ្លាប់សូមអ្នកសុំជំនួយពី ព្រះអង្គ ឱ្យអ្នកមើលឃើញថាទ្រង់គង់នៅជាមួយអ្នក និងខ្វល់ខ្វាយពីអ្នក។
-
តើអ្នកកំពុងជួបប្រទះការលំបាកអ្វីទេ នៅពេលនេះ? អធិស្ឋានសម្រាប់គ្នាទៅវិញទៅមក។ សូមព្រះអង្គ ឱ្យគ្រប់គ្រង និងឱ្យអ្នកមានជំនឿក្នុងទ្រង់។
អធិស្ឋានបញ្ចប់