top of page

មេរៀនទី១: ព្រះយេស៊ូវត្រាស់ហៅពួក​សិស្ស

សេចក្តីពិតដ៏សំខាន់មួយ : ព្រះយេស៊ូវត្រាស់ហៅពួក​សិស្សដើម្បីដើរតាមទ្រង់និងបានក្លាយដូចទ្រង់

សកម្មភាព : ធ្វើតាមអ្នកដឹកនាំ

របៀបលេង :
១) ប្រាប់យុវជនដើម្បីឲ្យពួកគាត់ឈរជារង្វង់មូលមួយ។​ជ្រើសរើសយុវជនម្នាក់ដើម្បីឈរនៅកណ្តាលរង្វង់មូលនោះហើយប្រាប់គាត់ឲ្យបិទភ្នែក។


២) និយាយថា:ខ្ញុំនឹងជ្រើសរើសមនុស្សម្នាក់ដើម្បីធ្វើជាអ្នកដឹកនាំដោយស្ងៀមស្ងាត់ (បន្ទាប់មកចង្អុលទៅគាត់)។​

អ្នកដឹកនាំត្រូវធ្វើសកម្មភាពផ្សេងៗដូចជា:លោតជើងមួយ, អង្អែលក្បាលរបស់ពួកគេឬក៏បក់ដៃរបស់គាត់។ គ្រប់គ្នាដែលឈរជារង្វង់មូលត្រូវតែធ្វើតាមអ្វីដែលអ្នកដឹកនាំធ្វើ។ សូមក្រោកឈរឥឡូវ​នេះ។អ្នកដឹកនាំត្រូវតែប្តូរធ្វើសកម្មភាពផ្សេងៗជារៀងរាល់១០វិនាទី។

៣) ប្រាប់អ្នកដែលនៅកណ្តាលរង្វង់មូលឲ្យបើកភ្នែករបស់ពួកគេ។ គាត់អាចសម្លឹងមើលជុំវិញរង្វង់មូលហើយព្យាយាមស្វែករកថាតើអ្នកណាជាអ្នកដឹកនាំ។ គាត់អាចទាយបាន៣ដង។

៤) បន្ទាប់មកលេងម្តងទៀតដោយជ្រើសរើសអ្នកដឹកនាំថ្មី និង អ្នកដែលត្រូវនៅកណ្តាលរង្វង់មូលថ្មី។

ក្រោយបញ្ចប់ហ្គេម: 

សួរ: នៅពេលអ្នកចូលរួមឈរជារង្វង់តើអ្នកដឹងថាត្រូវធ្វើសកម្មភាពអ្វីដោយរបៀបណា?

តាមរយៈការសម្លឹងមើលទៅអ្នកដឹកនាំហើយធ្វើតាមគាត់។

នៅពេលអ្នកជាអ្នកដែលចូលទៅក្នុងរង្វង់មូលតើវាងាយស្រួលឬពិបាកក្នុងការសំគាល់ថាអ្នកណាជាអ្នកដឹកនាំ?
សូមឲ្យពួកគាត់ឆ្លើយចម្លើយរបស់ពួកគាត់។


តើអ្នកដឹងថាអ្នកណាជាអ្នកដឹកនាំដោយរបៀបណា?
សូមឲ្យពួកគាត់ឆ្លើយចម្លើយរបស់ពួកគាត់។


អ្នកអាចដឹងថាអ្នកណាជាអ្នកដឹកនាំដោយសំគាល់មើលថាតើអ្នកណាដែលធ្វើសកម្មភាពមុនគេហើយអ្នកណាដែលគេគ្រប់គ្នាសម្លឹងមើលហើយគេធ្វើតាម។ត្រឹមត្រូវទេ? បន្ទាប់មកអ្នកបានដឹងថាអ្នកណាដែលគេគ្រប់គ្នាធ្វើត្រាប់តាម។ ​​នេះជាអត្ថន័យនៃមេរៀនដែលយើងរៀនថ្ងៃនេះ។

ការរៀនព្រះគម្ពីរ

ថ្ងៃនេះយើងចាប់ផ្តើមវគ្គមេរៀនថ្មីដែលមានចំណងជើងថា: តើព្រះយេស៊ូវបានធ្វើអ្វី? យើងនឹងអានព្រះបន្ទូលនៅក្នុងព្រះគម្ពីរដំណឹងល្អម៉ាកុស។ ម៉ាកុសជាមិត្តសម្លាញ់របស់ពេត្រុសដែលជាសាវ័ករបស់ព្រះយេស៊ូវ។ នៅក្នុងព្រះគម្ពីរនេះម៉ាកុសបានកត់ត្រានូវការអស្ចារ្យជាច្រើនដែលព្រះយេស៊ូវបានធ្វើ។

 

សូមអានខ្លាំងៗ: ម៉ាកុស ១: ១៦-២០

សំណួរយល់ដឹង

ព្រះយេស៊ូវបានត្រាស់ហៅបងប្អូនប្រុសពីរនាក់ដើម្បីធ្វើជាពួក​សិស្សរបស់ទ្រង់។ ​បងប្អូនទាំងពីរនាក់នោះគឺសុីម៉ូនដែលហៅថាពេត្រុសនិងអនទ្រេ។ តើព្រះយេស៊ូវមានព្រះបន្ទូលដូចម្តេចទៅកាន់ពួកគេ?
“ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យជាអ្នកនេសាទមនុស្សវិញ។” 


តើពួកគេឆ្លើយតបយ៉ាងដូចម្តេច?
គេ​ក៏​ទុក​អួន​ចោល ហើយ​ដើរ​តាម​ទ្រង់​ជា​១​រំពេច​ទៅ 

បន្ទាប់មកព្រះយេស៊ូវបានទតឃើញបងប្អូនពីរនាក់ទៀតគឺយ៉ាកុបនិងយ៉ូហាន។តើមានអ្វីកើតទ្បើងបន្ទាប់?
ព្រះយេស៊ូវបានត្រាស់ហៅពួកគេហើយពួកគេបានដើរតាមទ្រង់។

 

ចំណុចសំខាន់ទី ១: ព្រះយេស៊ូវត្រាស់ហៅមនុស្សឱ្យធ្វើជាសិស្សរបស់ទ្រង់។

 

ពួក​សិស្សដំបូងទាំងនេះបានបោះបង់ការងារស្ទួចត្រីនិងក្រុមគ្រួសាររបស់ពួកគេដើម្បីដើរតាមព្រះយេស៊ូវ។ នេះមិនមែនជាលើកទីមួយដែលពួកគេបានជួបព្រះយេស៊ូវនោះទេ។ពួកគេបានស្តាប់ហើយនិយាយជាមួយព្រះយេស៊ូវពីមុន។ ពួកគេដឹងថាព្រះយេស៊ូវដ៏អស្ចារ្យណាស់។ ដូច្នេះហើយទើបពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីនឹងដើរតាមទ្រង់នៅពេលដែលទ្រង់ត្រាស់ហៅពួកគេ។ ​ដូចគ្នានេះដែរអ្នកទាំងអស់គ្នាអាចរៀនពីព្រះអង្គ ហើយស្វែងយល់ពីទ្រង់ ហើយនៅពេលដែលអ្នកទាំងអស់គ្នាបានដឹងថាព្រះអង្គល្អអស្ចារ្យប៉ុណ្ណាហើយនោះអ្នកទាំងអស់គ្នាអាចធ្វើការសម្រេចចិត្តដើរតាមព្រះអង្គ។

ចំណុចសំខាន់ទី ២៖ សិស្សរបស់ព្រះយេស៊ូវដើរតាមទ្រង់។

សំណួរបង្កប់អត្ថន័យ

ព្រះយេស៊ូវត្រាស់ហៅមនុស្សដើម្បីធ្វើជាពួក​សិស្សព្រះអង្គ។​ តើអ្នករាល់គ្នាគិតថាការធ្វើជាពួក​សិស្សនៅសម័យនោះមានអត្ថន័យដូចម្តេច? សូមឲ្យពួកគាត់ចែកចាយអ្វីដែលពួកគាត់ដឹង
 

ពួក​សិស្សគឺជាអ្នកដើរតាមហើយជាអ្នករៀន ប៉ុន្តែ វាមានអត្ថន័យច្រើនជាងនេះ។ ជាធម្មតាសិស្សគ្រាន់តែចង់ចេះចង់ដឹងនូវអ្វីដែលគ្រូដឹង។ ប៉ុន្តែពាក្យថា“ពួក​សិស្ស”ក្នុងភាសាហេព្រើរមានអត្ថន័យលើសពីនេះ។ នៅក្នុងវប្បធម៌ហេព្រើរពួក​សិស្សគឺចង់ក្លាយដូចជាគ្រូរបស់គេដែលមានន័យថាគេចង់រស់នៅដូចទ្រង់ ធ្វើអ្វីដែលទ្រង់ធ្វើហើយមានច​រិ​ក​លក្ខណៈដូចទ្រង់។ ដូច្នេះហើយពួក​សិស្សរបស់ព្រះយេស៊ូវគឺចង់ក្លាយដូចជាព្រះយេស៊ូវ។ នេះជាគោលដៅរបស់ពួក​សិស្ស។

​​ចំណុច​សំខាន់​ទី ៣៖ សិស្ស​របស់​ព្រះយេស៊ូវ​ក្លាយ​ដូចជា​ទ្រង់។

តើពួកសិស្សបានហៅព្រះយេស៊ូវឬព្រះយេស៊ូវត្រាស់ហៅពួកគេ?
ព្រះយេស៊ូវបានត្រាស់ហៅពួកសិស្ស។

 

នៅពេលដែលគ្រូហៅអ្នកណាម្នាក់ឲ្យធ្វើជាសិស្សរបស់គាត់គឺមានន័យថាគាត់ជឿជាក់ថាមនុស្សម្នាក់នោះអាចក្លាយដូចជាគាត់។ សូមចង់ចាំថាគោលដៅនៃភាពជាពួក​សិស្សគឺដើម្បីបានក្លាយដូចជាគ្រូ។ ប្រសិនបើគ្រូគិតថាមនុស្សនោះមិនអាចក្លាយដូចជាគាត់នោះគាត់នឹងមិនហៅគេទ្បើយ។ ព្រះយេស៊ូវបានត្រាស់ហៅពួកយើងដើម្បីធ្វើជាពួក​សិស្សរបស់ទ្រង់។ តើការនេះប្រាប់យើងពីការដែលទ្រង់គិតពីយើងយ៉ាងដូចម្តេច?​
សូមឲ្យពួកគាត់ចែកចាយគំនិតរបស់ពួកគាត់។


ការដែលព្រះយេស៊ូវបានត្រាស់ហៅអ្នកទាំងអស់គ្នាដើម្បីធ្វើជាពួក​សិស្សរបស់ទ្រង់គឺបង្ហាញថាព្រះអង្គជឿជាក់លើអ្នករាល់គ្នាហើយទ្រង់ជ្រាបថាថ្ងៃមួយអ្នកទាំងអស់គ្នានឹងបានក្លាយដូចជាទ្រង់!

អស្ចារ្យមែន! ព្រះយេស៊ូវជឿថាអ្នកទាំងអស់គ្នាអាចក្លាយដូចជាទ្រង់។ ប៉ុន្តែ ព្រះអង្គល្អអស្ចារ្យជាងយើងឆ្ងាយណាស់!តើអ្នកទាំងអស់គ្នាគិតថាយើងអាចក្លាយដូចជាទ្រង់ដោយរបៀបណា?
សូមឲ្យពួកគាត់ចែកចាយគំនិតរបស់ពួកគាត់។
 

វាកើតទ្បើងសម្រាប់ពួកយើងដូចគ្នាទៅហ្នឹងអ្វីដែលបានកើតទ្បើងចំពោះ ពេត្រុស អនទ្រេ យ៉ាកុប និង យ៉ូហាន គឺតាមរយៈការដើរតាមព្រះយេស៊ូវជារៀងរាល់ថ្ងៃ។ ពួកយើងស្តាប់ព្រះអង្គគោរពកោតខ្លាចទ្រង់
ជឿទុកចិត្តលើទ្រង់ ហើយរស់នៅដូចរបៀបដែលទ្រង់រស់នៅនោះយើងនឹងបានក្លាយដូចជាទ្រង់កាន់តែច្រើនទ្បើង។

អ្នកទាំងអស់គ្នានៅចាំទេនៅក្នុងហ្គេមដែលយើងបានលេងគឺយើងមានអ្នកដឹកនាំហើយយើងធ្វើតាមអ្វីដែលអ្នកដឹកនាំធ្វើមែនទេ? ប្រសិនបើពួកគេលោតនោះយើងលោតដែរ។ ប្រសិនបើពួកគេច្រៀងនោះយើងច្រៀងដែរ។ អ្នកទាំងអស់គ្នាបានយកចិត្តទុកដាក់ចំពោះពួកគេហើយបានធ្វើដូចពួកគេ។ ការនេះគឺដូចទៅនឹងជីវិតជាគ្រីស្ទានរបស់យើង។យើងយកចិត្តទុកដាក់ទៅលើអ្នកដឹកនាំរបស់យើង (គឺ ព្រះយេស៊ូវ!) ហើយយើងធ្វើអ្វីដែលគាត់ធ្វើ។ បន្ទាប់មកនៅពេលដែលមនុស្សគេសម្លឹងមើលមកយើងគេអាចដឹងបានថាយើងដើរតាមអ្នកណា។នេះហើយជាអត្ថន័យនៃជីវិតជាគ្រីស្ទាន។ គឺជាការដើរតាមព្រះយេស៊ូវហើយក្លាយដូចជាទ្រង់។

ពេលវេលាក្រុមតូច 
ក្នុងក្រុមតូចរបស់អ្នកទាំងអស់គ្នាសូមពីភាក្សាអំពី:

  • តើអ្វីដែលអ្នកបានរៀនពីព្រះយេស៊ូវក្នុងមេរៀនថ្ងៃនេះ?

  • តើអ្នកចង់ធ្វើជាសិស្សរបស់ព្រះយេស៊ូវឬទេ?​ឬអ្នកមិនទាន់ច្បាស់នៅទ្បើយ? តើអ្នកចង់ស្វែងយល់បន្ថែមពីទ្រង់ឬទេ?

 

អធិស្ឋានបញ្ចប់

bottom of page