
សេចក្តីផ្តើមមកកាន់ ១ ពេត្រុស និង ២ ពេត្រុស
អ្នកនិពន្ធ
អ្នកសរសេរសំបុត្រទាំងពីរនេះគឺលោក ស៊ីម៉ូន ដែលជាកូនរបស់លោកយ៉ូណាស (ម៉ាថាយ ១៦:១៧)។ លោកស៊ីម៉ូន និងប្អូនប្រុសរបស់លោកឈ្មោះអនដ្រេមកពី ស្រុកបេតសៃដានាតំបន់កាលីឡេ (យ៉ូហាន ១:៤៤)។ ក្រោយមកពួកគេបានផ្លាស់ទីទៅកាន់ទីក្រុងកាពើណឹម (ប្រាំពីរគីឡូមែត្រនៅភាគខាងលិច ស្រុកបេតសៃដា) ដើម្បីធ្វើជាអ្នកនេសាទនៅឯសមុទ្រកាលីឡេ (ម៉ាកុល ១:២៩)។ អនដ្រេបាននាំស៊ីម៉ូនមកជួបព្រះយេស៊ូវ (យ៉ូហាន ១:៤០-៤១)។ ព្រះយេស៊ូវត្រាស់ហៅ គាត់ឱ្យដើរតាមទ្រង់ (លូកា ៥:១-១១; ម៉ាកុស ១:១៦-១៧) ហើយលោក ស៊ីម៉ូនបានទុកអ្វីៗទាំងអស់ចោល ដើម្បីមកធ្វើកិច្ចការនេះ (ម៉ាថាយ ១៩:២៧)។
ព្រះយេស៊ូវដាក់ឈ្មោះឱ្យស៊ីម៉ូនថា “ពេត្រុស” ដែលមានន័យថា ‘ថ្មាដា’ (យ៉ូហាន ១:៤២) ហើយតែងតាំងគាត់ឱ្យក្លាយជាម្នាក់ក្នុងចំណោមទាំងដប់ពីរនាក់ដែលហៅថា “សាវ័ក” (ម៉ាថាយ ១០:២; ម៉ាកុស ៣:១៤-១៦)។ លោកពេត្រុសដើរតាមព្រះយេស៊ូវអស់រយៈពេលបីឆ្នាំកន្លះនៅក្នុងព័ន្ធកិច្ចរបស់ទ្រង់ ហើយគាត់គឺជាសាក្សីផ្ទាល់ភ្នែកម្នាក់សម្រាប់គ្រប់ការទាំងអស់ដែលទ្រង់បានធ្វើ និងមានបន្ទូល។
បន្ទាប់មកក្រោយពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកនៅថ្ងៃបុណ្យទីហាសិប លោកពេត្រុសបានទទួលព្រះចេស្តារក្លាយជាអ្នកអធិប្បាយដំណឹងល្អដែលមានភាពអង់អាចក្លាហាន ហើយបានបើកទ្វារនៃដំណឹងល្អទៅកាន់ជនជាតិយូដា ជនជាតិសាម៉ារី និងសាសន៍ដទៃ (កិច្ចការ ជំពូក ២-១២)។ លោកពេត្រុសមានប្រពន្ធមួយ (ម៉ាកុស ១:២៩-៣១) ហើយនាងចូលរួម នៅក្នុងការបម្រើព័ន្ធកិច្ចរបស់គាត់ (១ កូរិនថូស ៩:៥)។ លោកពេត្រុស្លាប់នៅក្នុងអំឡុងឆ្នាំ ៦៧-៦៨គ.ស ត្រូវបានស្តេចសេសានេរ៉ូសម្លាប់នៅក្នុងទីក្រុងរ៉ូម ដោយសារជំនឿរបស់គាត់ចំពោះព្រះគ្រីស្ទ។
កាលបរិច្ឆេទ
១ ពេត្រុសបានសរសេរនៅក្នុងអំឡុងឆ្នាំ ៦៤-៦៥គ.ស។ ២ ពេត្រុសបានសរសេរនៅមុន ពេលគាត់ស្លាប់បន្តិចនៅក្នុងឆ្នាំ ៦៧-៦៨គ.ស។ សំបុត្រទាំងពីរបានសរសេរឡើងនៅក្នុងទីក្រុងរ៉ូម។
អ្នកទទួល
សំបូត្រសរសេរទៅកាន់គ្រីស្ទបរិស័ទនៅក្នុង “ស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា” (១ ពេត្រុស ១:១)។ វាជាកន្លែងដែលស្ថិតនៅក្នុងតំបន់អាស៊ីតូច (ប្រទេសទួកគីសម័យទំនើប) ដែលត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូម តាំងពីឆ្នាំ ៥០ មុន គ.ស។ គ្រីស្ទបរិស័ទដែលលោកពេត្រុសបានសរសេរទៅកាន់ភាគច្រើនគឺជាសាសន៍ដទៃ។
គោលបំណង
១ ពេត្រុស ត្រូវបានសរសេរឡើងដើម្បីជួយដល់គ្រីស្ទបរិស័ទដែលរងទុក្ខដោយសារការធ្វើទុក្ខបុកម្នេញ (១ ពេត្រុស ២:១២, ៣:១៦, ៤:១៦)។ គោលបំណងរបស់សំបុត្រនេះគឺដើម្បីលើកទឹកចិត្ត ដល់ពួកគេឱ្យឈរមាំមួននៅក្នុងសេចក្តីជំនឿ និងដើម្បីបង្រៀនពួកគេពីរបៀបរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ ដែលមានជ័យជំនះខណៈប្រឈមមុខនឹងភាពប្រទូសរ៉ាយ។
២ ពេត្រុស ត្រូវបានសរសេរឡើងដើម្បីលើកទឹកចិត្តដល់គ្រីស្ទបរិស័ទដូចគ្នានេះដដែល ដើម្បីឱ្យបន្តលូតលាស់នៅក្នុងព្រះគុណ និងការចេះដឹងរបស់ព្រះយេស៊ូវ និងដើម្បីព្រមានប្រាប់ពួកគេពី គ្រោះថ្នាក់របស់ពួកគ្រូក្លែងក្លាយ។
ផ្ទៃរឿងសំខាន់ៗ
នៅក្នុងសំបុត្រទីមួយនេះលោកពេត្រុសចង់ឱ្យអ្នកអានរបស់គាត់ដឹងពីអ្វីដែលព្រះយេស៊ូវធ្វើបានសម្រេចសម្រាប់យើងតាមរយៈការសុគត ការរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌វិញរបស់ទ្រង់។ នៅពេល យើងដឹងពីការនេះហើយ វាជួយយើងឱ្យយល់ដឹងពីអត្តសញ្ញាណថ្មីរបស់យើងនៅក្នុងព្រះគ្រីស្ទ និង របៀបរស់នៅដែលសមរម្យសម្រាប់យើងនៅពេលឥឡូវនេះដែលថាយើងគឺជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។
ការបង្រៀនរបស់លោកពេត្រុសអំពីព្រះយេស៊ូវផ្អែកតាមគម្ពីរ អេសាយ ៥២:១៣-៥៣:១២។ លោកបង្រៀនថាព្រះយេស៊ូវជាដង្វាយធួនសម្រាប់អំពើបាបរបស់យើងតាមរយៈការរងទុក្ខរបស់ទ្រង់នៅលើឈើឆ្កាង (១ ពេត្រុស ២:២១-២៥)។ ព្រះយេស៊ូវស្មគ្រីព្រះទ័យ នឹងរងទុក្ខដើម្បីឱ្យបានសម្រេច តាមផែនការនៃការសង្គ្រោះរបស់របស់ព្រះបិតា។ ការស្តាប់បង្គាប់តាម ព្រះបិតារបស់ទ្រង់គឺជាគំរូ ដែលគ្រីស្ទបរិស័ទត្រូវយកតម្រាប់តាមនៅពេលដែលយើងជួបប្រទះនឹងការប្រមាថ ការចំអក និងការប្រឆាំង ដោយសារសេចក្តីជំនឿរបស់យើង (១ ពេត្រុស ៣:៩, ៣:១៧)។ ដូចជាព្រះយេស៊ូវដែរយើង ត្រូវជ្រើសរើសយកការរងទុក្ខ និងចុះចូលជាជាងប្រព្រឹត្តិអំពើបាប តាមរយៈការសងសឹក និងការមិនស្តាប់បង្គាប់ព្រះជាម្ចាស់។
ប៉ុន្តែការរងទុក្ខរបស់ព្រះយេស៊ូវមិនមែនជាចុងបញ្ចប់នៃរឿងរ៉ាវរបស់ព្រះអង្គនោះទេ។ ទ្រង់មានព្រះជន្មរស់ ឡើងវិញក្នុងនាមជាព្រះអង្គសង្គ្រោះដែលមានជ័យជំនះ ហើយបានយាងឡើងទៅស្ថានសួគ៌វិញ (១ ពេត្រុស ៣:១៨-២២)។ ការសុគតរបស់ទ្រង់នាំយើងមករកព្រះជាម្ចាស់ (១ ពេត្រុស ៣:១៨) ការរស់ឡើងវិញរបស់ទ្រង់ប្រទានឱ្យយើងនូវកំណើតថ្មី (១ ពេត្រុស ១:៣) ហើយការយាងឡើង ទៅស្ថានសួគ៌របស់ទ្រង់ធានាអះអាងចំពោះយើងថា ឥឡូវនេះទ្រង់មានគ្រប់ទាំងសិទ្ធិអំណាច ទាំងនៅស្ថានសួគ៌ និងនៅលើផែនដី (១ ពេត្រុស ៣:២២)។
ហេតុអ្វីបានជាគ្រីស្ទបរិស័ទរងទុក្ខនៅលើផែនដីនេះ? នៅពេលយើងដាក់សេចក្តីជំនឿរបស់យើង ទៅលើព្រះយេស៊ូវ យើងក្លាយជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ និងជាសាសន៍នៃស្ថានសួគ៌។ ដោយសារសញ្ជាតិរបស់យើងនៅស្ថានសួគ៌ យើងគឺ “ទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នកដែលគ្រាន់តែសំណាក់នៅ” (១ ពេត្រុស ២:១១) ក្នុងពិភពលោកនេះតែប៉ុណ្ណោះ។ គុណតម្លៃ អាទិភាព និងជំនឿរបស់យើងគឺខុសពីរបៀបរបស់លោកីយ៍នេះ ហេតុដូច្នេះហើយលោកីយ៍នេះ តែងតែមានប្រទូសរ៉ាយនឹងយើង ហើយប្រព្រឹត្តិដោយមិនយុត្តិធម៌ចំពោះយើង។
ជីវិតរបស់គ្រីស្ទបរិស័ទគឺអំពីព្រះយេស៊ូវត្រាស់ហៅ អ្នកជឿឱ្យដើរតាមទ្រង់ទៅរកសិរីរុងរឿងដ៏ អស់កល្បជានិច្ចតាមរយៈផ្លូវនៃការរងទុក្ខ។ ព្រះយេស៊ូវបានរងទុក្ខ ប៉ុន្តែព្រះអង្គទុកចិត្តលើព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ បានប្រោសឱ្យទ្រង់ទទួលបានសិរីរុងរឿងដ៏នៅអស់កល្បជានិច្ច។ អ្នកដើរតាមទ្រង់ក៏នឹងរងទុក្ខនៅលើផែនដី នេះផងដែរ ចូរទុកចិត្តព្រះជាម្ចាស់ដើម្បីឱ្យបានលើកឡើង ទៅកាន់ សិរីរុងរឿងដែលនៅអស់កល្បជានិច្ចវិញ។ ដូច្នេះនៅក្នុងសំបុត្រទីមួយលោកពេត្រុស លើកទឹកចិត្តអ្នកជឿ ហើយផ្តល់នូវការអនុវត្តជាក់ស្តែងអំពីរបៀប យើងអាចរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ ដែលមានជ័យជំនះនៅលើផែនដីដែលមានភាពប្រទូសរ៉ាយជាមួយយើង។
នៅក្នុងសំបុត្រទីពីររបស់គាត់ លោកពេត្រុសលើកទឹកចិត្តអ្នកអានរបស់គាត់ឱ្យបន្តលូតលាស់ នៅក្នុងលក្ខណៈជាគ្រីស្ទបរិស័ទរបស់ពួកគេ ហេតុដូច្នេះហើយដើម្បី “បានចំណែកជានិស្ស័យនៃព្រះ” (២ ពេត្រុស ១:៥-១១)។ គោលដៅរបស់យើងគឺក្លាយខ្លួនឱ្យដូចជាព្រះយេស៊ូវតាមរយៈ ការស្គាលទ្រង់ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ លោកពេត្រុសបានដឹងថាការស្លាប់របស់គាត់ ជិតមកដល់ហើយ ហេតុដូច្នេះហើយបានជាគាត់មានអារម្មណ៍ថា វាជាការចាំបាច់ក្នុងការរំលឹកប្រាប់ដល់អ្នកអានរបស់គាត់ពីសេចក្តីសង្គ្រោះរបស់ពួកគេ (១ ពេត្រុស ៣:១- ២; ១:១-៤), និងអំពីសារៈសំខាន់នៃការលូតលាស់នៅក្នុងចំណេះដឹង និងទំនាក់ទំនងរបស់ពួកគេជាមួយព្រះយេស៊ូវ (២ ពេត្រុស ១:៥-៧)។ បើមិនដូច្នោះទេពួកគេនឹងត្រូវបានបោកបញ្ឆោតដោយសារពួកគ្រូក្លែងក្លាយជាមិនខាន។
ចាប់តាំងពីពេលដែលគាត់បានសរសេរសំបុត្រទីមួយរបស់គាត់មក លោកពេត្រុសបានឮអំពីមនុស្សទមិលល្មើស ដែលកំពុងចូលរួមនៅក្នុងក្រុមជំនុំ ហើយបង្កើតឱ្យមានជាបញ្ហាដោយសារការបង្រៀនខុសឆ្គង និងរបៀបរស់នៅដែលអសីលធម៌របស់ពួកគេ។ ដូច្នេះគាត់បានសរសេរដើម្បីព្រមានប្រាប់ដល់អ្នកជឿអំពីរឿងរ៉ាវនេះ។ ដំណោះស្រាយរបស់លោកពេត្រុសចំពោះពួកគ្រូក្លែងក្លាយគឺចំណេះដឹងពិតអំពីព្រះយេស៊ូវតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការរីកចម្រើននៅក្នុងទំនាក់ទំនងជាមួយទ្រង់។ តាមរយៈការស្គាល់ព្រះយេស៊ូវយ៉ាងពិតប្រាកដថាយើងមិនត្រូវចាញ់បោកពួកគ្រូក្លែងក្លាយនោះឡើយ។ ទំនុកចិត្តរបស់យើងដែលថាព្រះយេស៊ូវនឹងយាងមកសោយរាជ្យនៅលើផែនដីវិញលើកទឹកចិត្តយើងឱ្យរស់នៅក្នុងជីវិតដែលផ្តល់កិត្តិយសដល់ទ្រង់នៅពេលនេះ (២ ពេត្រុស ៣:១៤) និងតាមរយៈអំណាចរបស់ទ្រង់ដែលយើងអាចធ្វើកិច្ចការទាំងអស់នេះបាន។


