top of page

មេរៀនទី ២៖ តើព្រះយេស៊ូវធ្វើការអស្ចារ្យដូចម្ដេច?

នៅក្នុងមេរៀនទី១ យើងបានរៀនថា ព្រះយេស៊ូវបានធ្វើការអស្ចារ្យជាច្រើន។ នៅក្នុងមេរៀននេះ យើង នឹងមើលអំពី របៀបដែលព្រះអង្គធ្វើការអស្ចារ្យទាំងនេះ ដើម្បីយល់ដឹងអំពី ព្រះអង្គបន្ថែមទៀត។
 

(១) អំណាចនៃការបញ្ជារបស់ព្រះយេស៊ូវ
ព្រះយេស៊ូវធ្វើការអស្ចារ្យជាច្រើន តាមរយៈព្រះចេស្ដានៃការបញ្ជា។ ឧទាហរណ៍៖ ព្រះយេស៊ូវបង្គ្រាបព្យុះ ដោយបញ្ជាខ្យល់ និងសមុទ្រ។
 
[ម៉ាកុស 4:39] កាល​តើន​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ។
 
ដោយការបញ្ជា ព្រះយេស៊ូវបានដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស។
 
[លូកា 4:35-36] ព្រះយេស៊ូវក៏​កំហែង​វា​ថា ចូរ​ស្ងៀម​ចុះ ហើយ​ចេញ​ពី​មនុស្ស​នេះ​ទៅ លុះ​អារក្ស ​បាន​ផ្តួល​អ្នក​នោះ​ទៅ​កណ្តាល​ពួក​គេ នោះ​ក៏​ចេញ​ទៅ​ឥត​មាន​ធ្វើ​ឲ្យ​ឈឺ​អ្វី​ឡើយ។ គ្រប់​គ្នា​ក៏​នឹក​ស្ងើច​ ក្នុង​ចិត្តទាំង​សួរ​គ្នា​ថា តើ​ពាក្យ​បែប​យ៉ាង​ណា​នេះ ដែល​លោក​បង្គាប់​ដល់​វិញ្ញាណ​អសោច ដោយ ​អំណាច និង​ឫទ្ធិ​បាន ហើយ​វា​ក៏​ចេញ​ទៅ​ដូច្នេះ។
 
ដោយការបញ្ជារបស់ព្រះយេស៊ូវ មនុស្សពិការម្នាក់ដើរបាន។
 
[ម៉ាកុស 2:8-12]  តែ​ព្រះយេស៊ូវទ្រង់​ជ្រាប​ក្នុង​វិញ្ញាណ​ទ្រង់​ជា​១​រំពេច​ថា គេ​រិះគិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នោះ ទើប​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​ក្នុង​ចិត្ត​យ៉ាង​ដូច្នេះ។ ដ្បិត​ដែល​ និយាយ​នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​នេះ​ថា បាប​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ ឬ​ថា ឲ្យ​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ នោះ​តើ​ពាក្យ​ណា​ងាយ​ថា​ជា​ជាង។ ប៉ុន្តែ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផែនដី​នេះ កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​បាន (នោះ​ទ្រង់​មាន​ព្រះបន្ទូល ទៅ​មនុស្ស​ស្លាប់​ដៃស្លាប់​ជើង​ ថា)។​ អញ​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង យក​គ្រែ​ឯង​ដើរ​ទៅ​ផ្ទះ​ទៅ។គាត់​ក៏​ក្រោក​ឡើង​ភ្លាម យក​គ្រែ​ចេញ​ទៅ នៅ​មុខ​អ្នក​ទាំង​អស់​គ្នា បាន​ជា​គ្រប់​គ្នា​មាន​សេចក្តី​អស្ចារ្យ ហើយ​ពណ៌នា​សរសើរដំកើង​។
 
ដោយការបញ្ជារបស់ព្រះអង្គ ព្រះយេស៊ូវប្រោសមនុស្សពីស្លាប់ដើម្បីរស់នៅម្តងទៀត ។ 
 
ព្រះយេស៊ូវឈប់នៅឯពិធីបុណ្យសព ដើម្បីប្រោសបុរសម្នាក់ពីស្លាប់ ដោយការបញ្ជា។
 
[លូកា 7:14-15] រួច​ទ្រង់​យាង​ចូល​ទៅ​ពាល់​ក្តារ​មឈូស ឯ​ពួក​អ្នក​សែង​ក៏​ឈប់ ហើយ​ទ្រង់​មាន​ព្រះ បន្ទូល​ថា អ្នក​កំឡោះ​អើយ ខ្ញុំ​បង្គាប់​អ្នក​ថា ចូរ​ក្រោក​ឡើង។ អ្នក​ដែល​ស្លាប់​នោះ ក៏​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ រួច​ទ្រង់​ប្រគល់​ដល់​ម្តាយ​វិញ។
 
ព្រះយេស៊ូវបង្គាប់ឱ្យ កូនស្រីរបស់យ៉ៃរ៉ុសដែលបានស្លាប់ហើយ ឱ្យក្រោកឡើង។ ហើយវិញ្ញាណរបស់នាង ត្រឡប់មកក្នុងរាងកាយវិញ។
 
[លូកា 8:54-55] នោះ​ទ្រង់​បណ្តេញ​គេ​ចេញ​អស់ ហើយ​ចាប់​ដៃ​នាង មាន​ព្រះបន្ទូល​ជា​ខ្លាំង​ថា កូន​អើយ ចូរ​ក្រោក​ឡើង។ ខណៈ​នោះ ព្រលឹង​នាង​ក៏​មក​វិញ ហើយ​នាង​ក្រោក​ឡើង​ភ្លាម...។
 
ព្រះយេស៊ូវហៅឡាសារដែលបានស្លាប់ហើយ ឱ្យចេញពីផ្នូរគាត់មក។
 
[យ៉ូហាន 11:43-44] កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក  នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប ​មុខ​ដែរ។
 
សូមកត់សម្គាល់ថា ការដែលបញ្ជារបស់ព្រះយេស៊ូវខ្លីៗ ហើយមានលទ្ធផលភ្លាមៗ នៅក្នុងការអស្ចារ្យនី មួយៗ។ នេះបង្ហាញឱ្យយើងឃើញអំពី ព្រះចេស្ដា និងអំណាចនៃព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវអាចបញ្ជាធម្មជាតិ វិញ្ញាណអាក្រក់ និងសូម្បីតែសេចក្ដីស្លាប់ ឱ្យធ្វើតាមដែលព្រះអង្គបាន បញ្ជា ហើយសេចក្ដីទាំងអស់នោះស្ដាប់បង្គាប់ព្រះអង្គ។
 
ពិភាក្សា៖ តើព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះយេស៊ូវ មានសារៈសំខាន់យ៉ាងណា?
 
ពួកយូដាបានដឹងពីលោកុប្បត្តិ ជំពូក ១ ថា "ព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះ បន្ទូលរបស់ព្រះអង្គ។" ពួកគេបានដឹងពី ទុតិយកថា ជំពូក 8:3 ថា "មនុស្សរស់បាន ដោយសារគ្រប់ទាំង ព្រះ បន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះយេហ៊ូវ៉ាដែរ។" ពួកគេបានដឹងពី អេសាយ 40:8 ថា "ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះចុះ តែ​ព្រះបន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​វិញ នោះ​ស្ថិតស្ថេរ​នៅ​ជា​ដរាប។" ពួកគេបានដឹងពី អេសាយ 55:11 ថា ព្រះអង្គសម្រេចគោលបំណងរបស់ ទ្រង់ដោយសារព្រះ បន្ទូលរបស់ព្រះអង្គ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ "នោះ​ពាក្យ​អញ ដែល​ចេញ​ពី​មាត់​អញ​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​អញ​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្តី​ប៉ងប្រាថ្នា ​នៅ​ក្នុង​ចិត្ត​អញ ហើយ​នឹង​ចំរើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ" ដូច្នេះ ពេលព្រះយេស៊ូវ សម្ដែងការអស្ចារ្យ ដោយព្រះចេស្ដានៃព្រះបន្ទូលរបស់ព្រះអង្គ មនុស្សម្នាមានការអស្ចារ្យ និងស្គាល់ការ នេះ ថាជាអំណាចរបស់ព្រះជាម្ចាស់តែ ១ អង្គប៉ុណ្ណោះ។
 

(២) ព្រះចេស្ដានៃការប៉ះពាល់
នៅក្នុងពេលខ្លះ ព្រះយេស៊ូវប្រោស​អ្នកជម្ងឺឲ្យជា ដោយដាក់ព្រះហស្តទ្រង់លើពួកគេ។
 
[លូកា 4:40]  ដល់​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង​ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ គេ​នាំ​អ្នក​ទាំង​នោះ​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ប្រោស​គេ​គ្រប់​គ្នា​ឲ្យ​បាន​ជា ដោយ​ដាក់​ព្រះហស្ត​លើ។
 
[លូកា 13:10-13] កាល​ព្រះយេស៊ូវ ទ្រង់​កំពុង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​១ នៅ​ថ្ងៃ​ឈប់​សំរាក។ នោះ​ ឃើញ​មាន​ស្ត្រី​ម្នាក់ ដែល​អារក្ស​ធ្វើ​ឲ្យ​ពិការ អស់​១៨​ឆ្នាំ​មក​ហើយ មាន​ខ្នង​កោង ងើប​ត្រង់​ពុំ​បាន​សោះ។ លុះ​ទ្រង់​បាន​ឃើញ​គាត់ ក៏​មាន​ព្រះបន្ទូល​ហៅ​គាត់​មក ប្រាប់​ថា នាង​អើយ នាង​បាន​រួច​ពី​ជរាពិការ ​ហើយ។ រួច​ទ្រង់​ដាក់​ព្រះហស្ត​លើ​គាត់ នោះ​គាត់​ក៏​ងើប​ត្រង់​ឡើង​ជា​១​រំពេច ហើយ​ពោល​ពណ៌នា ​សរសើរ​ដល់​ព្រះ។
 
ឧទាហរណ៍ដ៏គួរឱ្យកត់សម្គាល់ជាងគេបង្អស់ នៃការព្យាបាលរបស់ព្រះយេស៊ូវ តាមរយៈការប៉ះពាល់នោះ គឺពេលព្រះអង្គប្រោស​អ្នកកើតឃ្លង់ឲ្យជា។  គេមិនអនុញ្ញាតឱ្យមនុស្សកើតឃ្លង់ ឈរនៅចម្ងាយជិតជាង ៥០ ជំហ៊ានពីមនុស្សម្នានោះទេ ព្រោះមនុស្សម្នាខ្លាចចម្លងជម្ងឺយដោយសារពួកគេ។ ប៉ុន្តែ ពេលមនុស្សកើតឃ្លង់ មកជិតព្រះយេស៊ូវ និងទូលសុំការព្យាបាល ព្រះអង្គបែរទៅរក និងប្រោសគាត់ឲ្យជា ដោយការប៉ះពាល់។
 
[លូកា 5:12-13] កាល​ព្រះយេស៊ូវ​គង់​នៅ​ក្នុង​ទី​ក្រុង​១ នោះ​មាន​មនុស្ស​ម្នាក់​កើត​ឃ្លង់​ពេញ​ទាំង​ខ្លួន គាត់​ ឃើញ​ទ្រង់ ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​ទូល​អង្វរ​ថា ព្រះអម្ចាស់​អើយ បើ​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​ទ្រង់​អាច​ នឹង​ប្រោស​ឲ្យ​ទូលបង្គំ​ជា​ស្អាត​បាន។ ទ្រង់​ក៏​លូក​ព្រះហស្ត​ទៅ​ពាល់​គាត់ ដោយ​ព្រះបន្ទូល​ថា ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ចុះ ស្រាប់​តែ​ឃ្លង់​ចេញ​ពី​គាត់​ជា​១​រំពេច​ទៅ។ 
 
ព្រះយេស៊ូវអាចរោស​អ្នកជម្ងឺឲ្យជា ដោយការប៉ះពាល់ ព្រោះព្រះចេស្ដានោះគង់នៅជាមួយព្រះអង្គ។ យើងអាច ឃើញច្បាស់ពី ព្រះចេស្ដានៃការព្យាបាលរបស់ព្រះយេស៊ូវ នៅពេលព្រះអង្គព្យាបាលស្រ្តីធ្លាក់ឈាម ១២ ឆ្នាំ។
 
[លូកា 8:43-46] ហើយ​មាន​ស្ត្រី​ម្នាក់ មាន​ជំងឺ​ធ្លាក់​ឈាម​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចំណាយ​ទ្រព្យ​ ខ្លួន​ទាំង​អស់ ដោយ​រក​គ្រូពេទ្យ តែ​គ្មាន​គ្រូ​ណា​មួយ​មើល​ឲ្យ​ជា​បាន​ទេ។ នាង​មក​ពី​ក្រោយ ចាប់​ពាល់​ ជាយ​ព្រះពស្ត្រ​ទ្រង់ នោះ​ឈាម​ក៏​បាត់​ធ្លាក់​មក​ក្នុង​ខណៈ​១​រំពេច​នោះ។ ព្រះយេស៊ូវមាន​ព្រះបន្ទូល​សួរ​ថា អ្នក​ណា​ពាល់​ខ្ញុំ កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ប្រកែក នោះ​ពេត្រុស និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ទូល​ថា លោក​គ្រូ បណ្តា​មនុស្ស​កំពុង​ប្រជ្រៀត​គ្នា​ត្បៀត​ទ្រង់ ដូច្នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ ធ្វើ​អី។ ព្រះយេស៊ូវមាន​ព្រះបន្ទូល​ថា ច្បាស់​ជា​មាន​អ្នក​ណា​ពាល់​ខ្ញុំ​ពិត ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ឫទ្ធិ​ផ្សាយ​ចេញ ​ពី​ខ្ញុំ​ទៅ​ហើយ។
 
ព្រះចេស្ដាចេញពីព្រះយេស៊ូវ។ ព្រះចេស្ដាដែលមាននៅក្នុងព្រះយេស៊ូវអស្ចារ្យណាស់ ដែលត្រឹមតែការ ប៉ះពាល់តែម្ដង នៅជាយព្រះពស្ដព្រះអង្គ អាចព្យាបាលជម្ងឺ ដែលផ្នែកវេជ្ជសាស្ត្រមិនអាចធ្វើបានអស់ រយៈពេល ១២ ឆ្នាំ​ គឺព្រះអង្គបានព្យាបាលស្រ្តីនេះ។ រឿងអំពីការព្យាបាលស្ត្រីម្នាក់នេះ បានលេចឭ ពាសពេញតំបន់ ទើបមានអ្នកធ្វើតាមសកម្មភាព នៃសេចក្ដីជំនឿរបស់នាង។
 
[ម៉ាថាយ 14:34-36] លុះ​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​គេនេសារ៉ែត។ ពួក ​មនុស្ស​នៅ​ទី​នោះ​បាន​ចំណាំ​ស្គាល់​ទ្រង់ ហើយ​គេ​ចាត់​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំវិញ នាំ​យក​មនុស្ស​ទាំង​ ប៉ុន្មាន ដែល​មាន​ជំងឺ​មក​ឯ​ទ្រង់។ ក៏​អង្វរ​ឲ្យ​ទ្រង់​អនុញ្ញាត ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រាន់​តែ​ពាល់​ជាយ ​ព្រះ ពស្ត្រ ទ្រង់​ប៉ុណ្ណោះ ឯ​អស់​អ្នក​ដែល​បាន​ពាល់ នោះ​ក៏​បាន​ជាទាំង​អស់​គ្នា។
 
[លូកា 6:17-19] ទ្រង់​យាង​ចុះ​មក​ជា​មួយ​នឹង​អ្នក​ទាំង​នោះ ក៏​ឈប់​នៅ​ត្រង់​កន្លែង​រាប​ស្មើ នោះ​មាន​ សិស្ស​ទ្រង់ជា​ច្រើន និង​បណ្តាជន​កកកុញ មក​ពី​គ្រប់​កន្លែង​នៅ​ស្រុក​យូដា ក្រុង​យេរូសាឡិម ហើយ​ពី​ស្រុក​ទីរ៉ុស ស្រុក​ស៊ីដូន ដែល​នៅ​ក្បែរ​សមុទ្រ ដើម្បី​នឹង​ស្តាប់​ទ្រង់ ហើយ​ប្រយោជន៍​ឲ្យ​បាន ​ជា​ជំងឺ​ គេ​ផង ក៏​មាន​មនុស្ស​អារក្សអសោច​ចូល​បាន​ជា​ដែរ។ មនុស្ស​ទាំង​អស់​រក​ពាល់​ទ្រង់ ដ្បិត​មាន​ព្រះ ចេស្តា​ចេញ​ពី​ទ្រង់ មក​ប្រោស​ឲ្យ​ជា​ទាំង​អស់​គ្នា។
 
ពិភាក្សា៖ តើព្រះចេស្ដានៃការប៉ះពាល់របស់ព្រះយេស៊ូវ មានសារៈសំខាន់យ៉ាងដូចម្ដេច?
 

(៣) ការអស្ចារ្យពីចម្ងាយ
ព្រះយេស៊ូវមិនត្រូវការនៅជិតមនុស្ស ដើម្បីព្យាបាលគេទេ។ ព្រះអង្គប្រោស​អ្នកជម្ងឺឲ្យជាពីចម្ងាយ ដោយសារការស្នើរសុំ និងសេចក្ដីជំនឿរបស់មនុស្សផ្សេងទៀត។ នៅកាណា មាននាម៉ឺន ម្នាក់បាន អង្វរព្រះយេស៊ូវ ឱ្យព្យាបាលកូនប្រុសគាត់ ដែលឈឺរៀបនឹងស្លាប់។ សូមអានសាច់រឿងក្នុង យ៉ូហាន 4:49-53។
 
ពេលបុរសម្នាក់នោះ អង្វរព្រះយេស៊ូវសម្រាប់កូនប្រុសគាត់ ព្រះយេស៊ូវប្រាប់គាត់ថា៖ "អញ្ជើញ​ទៅ​ចុះ កូន​លោក​នឹង​រស់​នៅ​ទេ។" បន្ទាប់មក បុរសនោះ ដោយមិនមានភស្ដុតាងអ្វី បានជឿព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយ ត្រឡប់ទៅផ្ទះវិញ។ ពេលគាត់ធ្វើដូចនេះ គាត់បានឃើញថា កូនប្រុសរបស់គាត់បានជា នៅកំឡុងពេលដែលព្រះយេស៊ូវមានបន្ទូលថា កូន​លោក​នឹង​រស់​នៅ​ទេ។ ពេលព្រះយេស៊ូវមានបន្ទូលថា៖ "កូន​លោក​នឹង​រស់​នៅ​ទេ" នោះមិនមែនជាការទស្សន៍ទាយទេ។ ផ្ទុយទៅវិញ ពេលនោះ ព្រះអង្គធ្វើឱ្យការប្រោស​​ឲ្យជាកើតមានឡើង។  ព្រះយេស៊ូវបានបញ្ចេញព្រះចេស្ដានៃការព្យាបាលពី កាណា ទៅដល់ កាពើណិម (ចម្ងាយផ្លូវ 26 គីឡូម៉ែត្រ កន្លះ)ទៅកាន់មនុស្សម្នាក់ ដោយមិនចាំបាច់ព្រះអង្គយាង ទៅរកគាត់នោះឡើយ។
 
ឧទាហរណ៍មួយទៀត កើតឡើងនៅពេលម្ដាយរបស់ក្មេងស្រីម្នាក់ដែលមានអារក្សចូល ទៅរកព្រះយេ ស៊ូ ពេលកូនស្រីគាត់កំពុងដេកឈឺនៅផ្ទះ។ ម្ដាយតស៊ូនៅក្នុងសេចក្ដីជំនឿ រហូតដល់ព្រះយេស៊ូវមាន បន្ទូលប្រាប់នាងថា៖ "នាង​ស្រី​អើយ នាង​មាន​សេចក្តី​ជំនឿ​ជា​ខ្លាំង​មែន ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្តី​ប្រាថ្នា ​ចុះ ស្រាប់​តែ​កូន​ស្រី​របស់​នាង​បាន​ជា ចាប់​តាំង​ពី​វេលា​នោះ​ឯង​ទៅ។" (ម៉ាថាយ 15:28)
 
"ចូរ​ឲ្យ​នាង​បាន​ដូច​សេចក្តី​ប្រាថ្នាចុះ"។ សូមកត់សម្គាល់ថា ព្រះយេស៊ូវមានព្រះបន្ទូលដូចជាសេ្ដច អនុញ្ញាតតាមការស្នើរសុំ។ ពេលស្រ្តីម្នាក់នេះ ទូលសុំជំនួយពីព្រះយេស៊ូវ ព្រះអង្គប្រោស​ក្មេងស្រីឲ្យជា ដែលទ្រង់មិនធ្លាប់បានជួបពីមុនមក។ ព្រះអង្គប្រោស​ក្មេងស្រីឲ្យជា ពីចម្ងាយ។ ព្រះអង្គមិនចាំបាច់ស្គាល់ឈ្មោះ ឬអាសយដ្ឋាននាងទេ។ នេះពិតជាអស្ចារ្យណាស់! តើព្រះអង្គបញ្ជូនព្រះចេស្ដានៃការព្យាបាលទៅនាង ដោយរបៀបណា?
 
អ្នកដែលមានការយល់ដឹងល្អបំផុតអំពី អ្វីដែលកំពុងកើតមាន គឺជាទាហ៊ានរ៉ូម៉ាំងម្នាក់។ គាត់មករកព្រះ យេស៊ូដើម្បីទូលសុំការព្យាបាល សម្រាប់អ្នកបម្រើរបស់គាត់ ដែលមានជម្ងឺគ្រុនក្ដៅធ្ងន់ធ្ងរ។ គាត់ដឹងថា ព្រះយេស៊ូវគ្រាន់តែបញ្ជា ការនោះនឹងកើតមានឡើង។ អាន ម៉ាថាយ 8:5-13
 
ទាហ៊ានរ៉ូម៉ាំងនេះដឹងអំពី របៀបដែលសិទ្ធិអំណាចគធ្វើការ។ គាត់ដឹងថា ព្រោះគាត់នៅក្រោមសិទ្ធិអំណាចរបស់អធិរាជរ៉ូម៉ាំង ទើបគាត់មានសិទ្ធិអំណាចរបស់អធិរាជលើទាហ៊ានរបស់គាត់។ គន្លឹះនៃសេចក្ដីជំនឿ ដ៏អស្ចារ្យ របស់គាត់ គឺការស្គាល់ថាព្រះយេស៊ូវស្ថិតនៅក្រោមសិទ្ធិអំណាចដែរ គឺសិទ្ធិអំណាចរបស់ព្រះ ហើយនេះ ផ្ដល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ឱ្យព្រះយេស៊ូវទៅលើរបស់គ្រប់ទាំងអស់។ ត្រង់នេះ យើងឃើញពីគន្លឹះ ក្នុងការស្គាល់អំពី របៀបដែលព្រះយេស៊ូវធ្វើការអស្ចារ្យ៖ ព្រះយេស៊ូវស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ព្រះ ជាម្ចាស់ពេញលេញឥតខ្ចោះ។
 

ព្រះយេស៊ូវមានអំណាចដោយសារព្រះ
តើព្រះចេស្ដារបស់ព្រះយេស៊ូវ មានប្រភពមកពីណា? ព្រះយេស៊ូវធ្វើវាយ៉ាងច្បាស់ថា មកពីព្រះជាម្ចាស់។ ព្រះយេស៊ូវមានបន្ទូលថា ព័ន្ធកិច្ចរបស់ព្រះអង្គកើតឡើង ដើម្បីបំពេញទំនាយរបស់អេសាយ 61។
 
[លូកា 4:16-21] រួច​ទ្រង់​យាង​មក​ដល់​ណាសារ៉ែត ជា​ស្រុក​ដែល​ទ្រង់​គង់​នៅ​ពី​កុមារ ក៏​ចូល​ទៅ​ក្នុង ​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សំរាក តាម​ទំលាប់​ទ្រង់ ហើយ​ឈរ​ឡើង ដើម្បី​អាន​មើល​គម្ពីរ។ គេ​ក៏​យក​គម្ពីរ ​ហោរា​អេសាយ​មក​ថ្វាយ​ទ្រង់ កាល​ទ្រង់​បាន​បើក​គម្ពីរ​ហើយ នោះ​ទ្រង់​រក​ឃើញ​ត្រង់​កន្លែង​ដែល​មាន ​សេចក្តី​ចែង​ទុក​មក​ថា «ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័លក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ ដែល​មាន​ចិត្ត ​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស ​លោះ​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស ​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះអម្ចាស់​កំណត់​ទុក» កាល​ទ្រង់​បាន​បិទ​គម្ពីរ ប្រគល់​ដល់​អ្នក​រក្សា​សាលា​វិញ​ហើយ នោះ​ទ្រង់​ក៏​គង់​ចុះ ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​សាលា គេ​ក៏​សំឡឹង​មើល​ទ្រង់។ ទ្រង់​ចាប់​តាំង​មាន​ព្រះបន្ទូល​ទៅ​គេ​ថា នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ។


ព្រះយេស៊ូវទទួលអំណាចពី ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ ពីព្រោះដូច្នេះ ព្រះយេស៊ូវមានព្រះចេស្ដា របស់ព្រះ នៅគ្រប់ទីកន្លែងដែលព្រះអង្គយាងទៅ។ មនុស្សគ្រប់គ្នាដែលបានទៅរកព្រះអង្គ មានបទ ពិសោធន៍អំពី ព្រះចេស្ដានេះ។ ដូចជាពេលសាវ័កពេត្រុស បានបញ្ជាក់នៅពេលក្រោយថា៖ “គឺ​ពី​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​ចាក់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​ព្រះ‌ចេស្តា​ឲ្យ​មក​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការ​ល្អ ព្រម​ទាំង​ប្រោស​ឲ្យ​អស់​អ្នក ដែល​ត្រូវ​អារក្ស​សង្កត់‌សង្កិន​បាន​ជា​ផង ដ្បិត​ព្រះ​បាន​គង់​ជា​មួយ​នឹង​ទ្រង់។" (កិច្ចការ 10:38)
 
ព្រះជាម្ចាស់គង់នៅជាមួយព្រះអង្គ និងតាមរយៈព្រះអង្គ ព្រះជាម្ចាស់គង់នៅជាមួយយើង។ បន្ទាប់ពីព្រះយេស៊ូប្រោសកូនប្រុសរបស់ស្ត្រីម៉េម៉ាយពីសេចក្ដីស្លាប់ មនុស្សម្នាបានដឹងថា ពួកគេទើបតែបានឃើញទីបន្ទាល់ដ៏ អស្ចារ្យអំពី ព្រះចេស្ដារបស់ព្រះជាម្ចាស់។
 
[លូកា 7:16; គកស១៦]  មនុស្ស​ទាំង​អស់​គ្នា​កើត​មាន​សេចក្តី​ស្ញែង​ខ្លាច ក៏​សរសើរ​តម្កើង​ដល់​ព្រះ ដោយ​ពាក្យ​ថា៖ «មាន​ហោរា​មួយ​ធំ​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង» ហើយ​ថា «ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ!»។
 
ពេលព្រះយេស៊ូវមកដល់ភូមិរបស់ពួកគេ ពួកគេដឹងថា ព្រះ​បាន​យាង​មក​រក​ប្រ‌ជារាស្ត្រ​របស់​ព្រះ‌អង្គ​ហើយ។ ព្រះចេស្ដារបស់ព្រះយេស៊ូវគគឺជា ភស្តុតាងបង្ហាញថា ព្រះអង្គមកពីព្រះជាម្ចាស់។ ពេលបុរស ពិការភ្នែកពីកំណើតម្នាក់ ត្រូវបានប្រោសដោយព្រះយេស៊ូវ គាត់បានជាទីបន្ទាល់ថា៖
 
[យ៉ូហាន 9:32-33] ចាប់​តាំង​ពី​អស់​កល្ប​រៀង​មក មិន​ដែល​ឮ​និយាយ​ពី​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ ​បាន​ទេ។ បើ​លោក​នោះ​មិន​មក​ពី​ព្រះ​ទេ នោះ​លោក​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ឡើយ។
 
នៅក្នុងព័ន្ធកិច្ចទាំងអស់របស់ព្រះអង្គ ព្រះយេស៊ូវបានធ្វើការរបស់ព្រះជាម្ចាស់។ សកម្មភាពរបស់ព្រះអង្គ មិនមែនជារបស់ព្រះអង្គទេ តែគឺជាសកម្មភាពរបស់ព្រះជាម្ចាស់។
 
[យ៉ូហាន 5:19] ដូច្នេះ ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ទៅ​គេ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ​ជា​ប្រាកដ​ថា ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះ វរបិតា​ធ្វើ ដ្បិត​ការ​អ្វី​ដែល​ព្រះវរបិតា​ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ។
 
ការពិភាក្សា
ពិភាក្សាគ្នា ជាមួយដៃគូ៖

  • បើមានអ្នកណាម្នាក់សួរអ្នកថា តើព្រះយេស៊ូវធ្វើការអស្ចារ្យយ៉ាងដូចម្ដេច នោះអ្នកនឹងឆ្លើយយ៉ាងណា?

  • តើការនេះប្រាប់អ្វីអំពី ព្រះយេស៊ូវ?

 

អធិស្ឋានបញ្ចប់

bottom of page