top of page

មេរៀន ទី៧: ការនិយាយដើម និងបង្កាច់បង្ខូច

សេចក្ដីពិតដ៏សំខាន់មួយ : យើងមិនគួរនិយាយ ឬស្ដាប់ពាក្យនិយាយដើម ឬបង្កាច់បង្ខូចទេ។

សកម្មភាព : បញ្ជូនសារតគ្នា

របៀបលេង :

១) ដាក់យុវជនជាក្រុម ១ ក្រុម ៥ ទៅ ៨ នាក់។ ក្រុមនីមួយៗ ត្រូវអង្គុយជាជួរ។


២) អ្នកដែលឈរមុខគេបង្អស់នៅក្នុងជួរ ត្រូវមករកអ្នក (គ្រូ)។ បង្ហាញឱ្យពួកគេមើលប្រយោគមួយ ដែលអ្នកបានសរសេរទុក។ ថា៖ "ប្អូនត្រូវខ្សប់ប្រយោគនេះ ទៅអ្នកទី២ដែលឈរក្នុងជួរជាមួយអ្នក។ ប្អូនអាច ខ្សឹបបានម្ដង និងមិនអាចនិយាយម្ដងទៀតបានទេ"


៣) អ្នកទី២ នឹងត្រូវខ្សឹបប្រាប់អ្នកឈរបន្ទាប់ ក្នុងជួរជាមួយគ្នា នូវអ្វីដែលខ្លួនបានឮ។ គ្រប់គ្នានៅក្នងក្រុម ត្រូវធ្វើនេះបន្តរហូតដល់អ្នកចុងក្រោយ។ គ្រប់គ្នាអាចខ្សឹបបានតែម្ដងទេ។


៤) ពេលសារមកដល់អ្នកចុងក្រោយ គាត់ត្រូវរត់មករកខ្ញុំ (គ្រូ)។ ក្រុមណាដែលប្រាប់ចម្លើយត្រូវមុនដំ បូងគេ នឹងទទួលបាន ១ ពិន្ទុ។ ចាប់ផ្ដើមលេង!


៥) លេងម្តងទៀត។ (ពេលលេងចប់ម្ដងៗ អ្នកឈរខាងមុខត្រូវរត់ទៅឈរក្រោយគេបង្អស់ ដើម្បីឱ្យអ្នក ឈរមុខ និងអ្នកឈរក្រោយជាអ្នកថ្មីជានិច្ច។)

ក្រោយបញ្ចប់ហ្គេម: 

សួរ៖ តើការលេងឱ្យលឿន និងលេងឱ្យត្រឹមត្រូវ មួយណាសំខាន់ជាង? ត្រឹមត្រូវ។
កាលប្អូនមិនបានស្ដាប់ឮច្បាស់ តើប្អូនចង់ធ្វើអ្វី? ស្ដាប់ម្ដងទៀតឱ្យជាក់លាក់។
ប៉ុន្តែតើប្អូនធ្វើអ្វីជំនួសវិញ? ជាញឹកញាប់ យើងបញ្ជូនសារមិនត្រឹមត្រូវបន្ត។

នេះហើយ គឺជាមូលហេតុដែលសារនៅអ្នកចុងក្រោយ ច្រើនខុសពីសារដើម។ នៅពេលដែលសារចាប់ ផ្ដើមខុសបន្តិច វានឹងមិនអាចត្រឡប់ជាត្រូវវិញទេ។ ជាការពិត សារនោះនឹងចាប់ផ្ដើមកើនឡើង និងខុសជាងមុន។ នេះក៏ជាអ្វីដែលច្រើនកើតមាននៅក្នុងជីវិតពិតដែរ។ ពេលយើងឮអ្វីអំពីនរណាម្នាក់ ដែលមិនពិត ហើយយើងបន្តនិយាយវាទៅកាន់អ្នកផ្សេង ហើយគាត់និយាយប្រាប់អ្នកផ្សេងបន្តទៀត។ សារនោះខុសពីសារដើមបន្តិចម្ដងៗ។ នេះហើយគឺជាការចាប់ផ្ដើមនៃពាក្យចចាមអារាម ពាក្យនិយាយ ដើម និងពាក្យបង្កាច់បង្ខូច។

ការរៀនព្រះគម្ពីរ

យើងកំពុងបន្តរៀនប្រធានបទទាក់នឹង អណ្ដាតនិងសារៈសំខាន់នៃពាក្យសម្ដីដែលយើងនិយាយ។ យើង នឹងមើលអំពី អ្វីដែលព្រះគម្ពីរបានលើកឡើងទាក់ទងនឹងការនិយាយល្អ និងការនិយាយមិនល្អ។ ថ្ងៃនេះ យើងនឹងមើលអំពី ការនិយាយមិនល្អ ២ ប្រភេទទៀត គឺការនិយាយដើម និងបង្កាច់បង្ខូច។

 

តើការនិយាយដើមគឺជាអ្វី?

គឺជាការចែកចាយព័ត៌មានផ្ទាល់ខ្លួន ដែលខ្លួនបានឮអំពីនរណាម្នាក់។ វាអាចជាការពិត ឬមិនពិតដែរ។

 

តើការនិយាយបង្កាច់បង្ខូចគឺជាអ្វី?

គឺជាការនិយាយអ្វីខុសអំពី នរណាម្នាក់ដើម្បីធ្វើឱ្យគេខូចឈ្មោះ។

 

ចូរមើលអ្វីដែលព្រះគម្ពីរបានបង្រៀនយើង ទាក់ទងនឹងការនិយាយដើម។

 

អាន : ឱ្យសិស្សម្នាក់អាចព្រះគម្ពីរសុភាសិតឱ្យឮៗ

 

[សុភាសិត18:8] ពាក្យ​សំដី​របស់​មនុស្ស​បេះបួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​១​ម៉ាត់ ដែល​លេប​ចុះ​ទៅ​ ក្នុង​ពោះ។

 

ហេតុអ្វីបានជាការនិយាយដើម (បេះបួយ) ប្រៀបដូចជាម្ហូបឆ្ងាញ់?

ព្រោះមនុស្សចូលចិត្តស្ដាប់វា។ មនុស្សចូលចិត្តឮរឿងសម្ងាត់ ចូលចិត្តដូចពួកគេចូលចិត្តញ៉ាំ ម្ហូបឆ្ងាញ់ដែរ។

 

តើការចែកចាយរឿងសម្ងាត់ ពាក្យចចាមអារាម និងការនិយាយដើម ខុសដូចម្ដេច?

ទុកឱ្យសិស្សបញ្ចេញយោបល់។ រួចមើលព្រះគម្ពីរសុភាសិតមួយទៀត។

 

[សុភាសិត 16:28]  មនុស្ស​វៀច​វេរ គេ​សាបព្រោះ​សេចក្តី​ទាស់ទែង​គ្នា ហើយ​អ្នក​បេះបួយ ក៏​នាំ​ឲ្យ​ទាំង​ មិត្រ​ស្រឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ។

 

បញ្ហាមួយដែលបណ្ដាលមកពី ការចែកចាយរឿងសម្ងាត់ ពាក្យចចាមអារាម ការនិយាយដើម គឹ វាបង្កឱ្យមាន "សេចក្ដីទាស់ទែងគ្នា" និង បែកបាក់មិត្តជិតស្និទ្ធិ។ តើអ្នក​បេះបួយអាចបំបែក បំបាក់មិត្តជិតស្និទ្ធិ ដោយរបៀបណា? 

ទុកឱ្យសិស្សបញ្ចេញយោបល់

 

វាអាចកើតឡើង នៅពេលគេចែកចាយការកុហក អំពីពាក្យសម្ដី ឬទង្វើរ​បស់នរណាម្នាក់។ បន្ទាប់មក មិត្តភក្តិនឹងមិនជឿទុកចិត្តគ្នាទៀតទេ។

 

ពាក្យសម្ដីមិនល្អ អាចបង្កឱ្យមានស្នាមរបួសដ៏ធំ។ ជាការពិត យ៉ាកុបបានប្រៀបប្រដូចពាក្យសម្ដីមិនល្អ ទៅនឹងភ្លើងឆេះព្រៃ។

 

[យ៉ាកុប 3:5-6] ឯ​អណ្តាត​ក៏​ជា​អវយវៈ​១​យ៉ាង​តូច​ដូច្នោះ​ដែរ ប៉ុន្តែ ចេះ​អួត​អាង​យ៉ាង​សំបើម​ណាស់ មើល ​ចុះ ភ្លើង​តែ​បន្តិច​ទេ អាច​នឹង​ឆេះ​ព្រៃ​ធំៗ ទៅ​បាន ៦ ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹងអវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូបកាយ​ ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ។

 

សាកស្រម៉ៃមើលថា បើខ្ញុំដុតភ្លើងដ៏តូចមួយនៅក្នុងព្រៃ។ ទោះបីវាជាភ្លើងដ៏តូចមួយ តែវាអាចរីករាល ដាលធំឡើងៗ រហូតដល់ព្រៃទាំងមូលឆេះខ្ទេច! ការបញ្ឆេះភ្លើងដ៏តូចមួយ ខុសកន្លែង ខុសពេលវេលា នឹងបង្កឱ្យមានការខូតខាតយ៉ាងខ្លាំង។

 

ដូចគ្នាជាមួយនេះដែរ នៅពេលយើងនិយាយដើមគេ យើងកំពុងចែកចាយអ្វីដែលរីករាលដាលធំទៅៗ ហើយ។ ដូចជាភ្លើងឆេះដ៏នៅក្នុងព្រៃ ដែលនឹងរីករាលដាលធំទៅៗ ក្លាយជាភ្លើងសន្ធូរសន្ធៅយ៉ាងណា ការនិយាយដើមក៏រីករាលដាលធំ លើសការគ្រប់គ្រងរបស់យើងជាយ៉ាងនោះដែរ។ បណ្ដាញសង្គម អាច ធ្វើការនេះបានយ៉ាងងាយស្រួល។ ប្អូនៗអាចផុសអ្វីដែលមិនពិតនៅលើហ្វេសប៊ុក (ជាឧទាហរណ៍) មនុស្ស រាប់ពាន់នាក់នឹងឃើញហើយបន្តចែកចាយវា។ ពេលនោះ ទោះប្អូនចង់បញ្ឈប់វា ក៏មិនបានដែរ។ មានមនុស្សជាច្រើន បានសម្លាប់ខ្លួន ដោយសាររងការធ្វើបាបបែបនេះ។

 

អ៊ីចឹង ជំនួសឱ្យការនិយាយដើម តើយើងគួរធ្វើអ្វី?

ទុកឱ្យសិស្សបញ្ចេញយោបល់

 

ចូរមើលសុភាសិត [សុភាសិត 17:9] អ្នក​ណា​ដែល​គ្រប​បាំង​សេចក្តី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្តី ​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះនឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់​បែក​គ្នា​វិញ។

 

តើប្អូនគិតថា វាមានន័យដូចម្ដេច? 

ទុកឱ្យសិស្សបញ្ចេញគំនិត

 

នេះមានន័យថា យើងមិននិយាយការអាក្រក់ដែលយើងបានឮពីនរណាម្នាក់ ម្ដងទៀតនោះទេ។ នៅ ពេលយើងឮអំពី កំហុសរបស់នរណាម្នាក់ វាមិនមែនជាព័ត៌មានដែលយើងត្រូវ ចែកចាយនោះទេ តែវាជាឱកាសដែលយើងអាចបង្ហាញមិត្តភក្តិ និងចិត្តសន្ដោសទៅកាន់ពួកគេ។

 

ចុះពាក្យបង្កាច់បង្ខូចវិញ? ហេតុអ្វីបានជាវាខុស?

ទុកឱ្យសិស្សចែកចាយគំនិតរបស់ពួកគេ។ រួចមើលព្រះគម្ពីរសុភាសិត ២ ខាងក្រោម

 

[សុភាសិត 11:12] អ្នក​ណា​ដែល​មើលងាយ ចំពោះ​អ្នក​ជិត​ខាង​ខ្លួន​នោះ​ឥត​មាន​ប្រាជ្ញា​ទេ តែ​អ្នក​ណា​ មាន​យោបល់ រមែង​នៅ​ស្ងៀម​វិញ។

[សុភាសិត 10:18] អ្នក​ណា​ដែល​លាក់​សេចក្តី​សំអប់​ទុក នោះ​គឺ​ជា​អ្នក​មាន​បបូរ​មាត់​កុហក ហើយអ្នក ​ណា​ ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងីល្ងើ។

 

តើព្រះគម្ពីរនេះ និយាយអំពី មនុស្សនិយាយបង្កាច់បង្ខូចដូចម្ដេច?

ពួកគេជាមនុស្សឥត​មាន​ប្រាជ្ញា​ទេ ជាមនុស្សល្ងីល្ងើ។

 

ការនិយាយបង្កាច់បង្ខូច គឺជាការព្យាយាមធ្វើឱ្យនរណាម្នាក់អាប់ឱន។ វាជាអ្វីដែលផ្ទុយពី ការលើកទឹក ចិត្ត ដែលអាចជួយស្អាងគ្នាឡើង។ សាកស្រម៉ៃអំពី ភូមិមួយដែលមនុស្សគ្រប់គ្នាព្យាយាមបណ្ដុះបង្អាប់ ឱ្យគ្នាអាប់ឱនទៅវិញទៅមក។ តើប្អូនៗអាចគិតថា វាមានសភាពដូចម្ដេចដែរឬទេ? ទុកឱ្យពួកគេ បញ្ចេញគំនិត។ ឥឡូវ យើងសាកគិតអំពី ភូមិមួយដែលមនុស្សគ្រប់គ្នាចេះលើកស្ទួយគ្នាទៅវិញទៅមក? តើប្អូនៗអាចគិតពីសភាពរបស់វានោះដែរឬទេ? ទុកឱ្យសិស្សបញ្ចេញយោបល់។ តើប្អូនៗចង់រស់នៅភូមិ មួយណា?

 

[លេវី 19:16]  មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះយេហូវ៉ា។

 

អ៊ីចឹង បានន័យថាយើងមិនត្រូវនិយាយបង្កាច់បង្ខូច ឬនិយាយអាក្រក់ពីនរណានោះឡើយ។ តើប្អូន ដឹងទេ ពាក្យ "អារក្ស​" ជាភាសាក្រិច មានន័យថា "អ្នកនិយាយបង្កាច់បង្ខូច?" ដូច្នេះ ការនិយាយបង្កាច់បង្ខូច បង្ហាញពីបញ្ហាខាងវិញ្ញាណដ៏ធំ។ ពេលយើងនិយាយបង្កាច់បង្ខូច នរណាម្នាក់ យើងកំពុងតែធ្វើទង្វើដូចជា អារក្ស​! អារក្ស​និយាយកុហក ដាក់បណ្ដាសារ និងនិយាយទាស់នឹងមនុស្ស ដើម្បីធ្វើបាបគេ។ អ៊ីចឹង អ្នកជឿព្រះមិនគួរធ្វើអ្វីទាំងនេះនោះទេ!

 

[1ពេត្រុស 2:1] ដូច្នេះ ដែល​អ្នក​រាល់​គ្នា​បាន​លះបង់​ចោល​អស់​ទាំង​សេចក្តី​គំរក់ និង​កិច្ចកល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពុត​មាយា ចិត្ត​ច្រណែន ហើយ​ពាក្យ​និយាយ​ដើម​គេ​ទាំង​អស់​ចេញ។

 

[សុភាសិត 20:19] អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ នោះ​ជា​អ្នក​បើក​សំដែង​ការ​លាក់កំបាំង​ ហើយ ដូច្នេះ កុំ​ឲ្យ​ភប់ប្រសព្វ​នឹង​អ្នក​ណា​ដែល​មាន​មាត់​ប៉ាចរហាច​ឡើយ។

 

សរុបមក បម្រាបអំពី ការនិយាយដើម និងបង្កាច់បង្ខូច គឺ កុំប្រព្រឹត្តិវា និងកុំទាក់ទងជាមួយនរណា ដែលធ្វើដូច្នោះ។

ពេលវេលាក្រុមតូច

ចូលទៅកាន់ក្រុមតូច រួចពិភាក្សា :

  • តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សនិយាយដើម ឬនិយាយបង្កាច់បង្ខូចគ្នា?

  • តើអ្នកអាចធ្វើដូចម្ដេច នៅពេលមនុស្សនិយាយដើម ឬបង្កាច់បង្ខូចគ្នាមកកាន់អ្នក?

  • តើអ្នកចាំបាច់ត្រូវអត់ទោសដល់អ្នកដែលធ្វើបែបនេះ មកកាន់អ្នកដែរឬទេ? សុំជំនួយពីព្រះក្នុងការធ្វើ  ដូចនេះ។

  • តើអ្នកចាំបាច់ត្រូវសុំការអត់ទោស ពីអ្នកដែលអ្នកធ្លាប់ធ្វើបែបនេះដាក់ដែរឬទេ? សុំជំនួយពីព្រះដើម្បី ធ្វើវា។

អធិស្ឋានបញ្ចប់

bottom of page