
មេរៀន ទី៦: ព្រះអង្គគឺជាព្រះសព្វវត្តមាន
សេចក្តីពិតដ៏សំខាន់មួយ ៖ ព្រះអង្គមានវត្តមាននៅគ្រប់ទីកន្លែង។
សកម្មភាព ៖ ប្រជ្រៀត និងសន្ធឹង
សម្ភារ៖ កន្ទេល
របៀបលេង ៖
ហ្គេមទី ១
១) ឱ្យយុវជនបំបែកជា ២ ក្រុម។ និយាយ៖ "គ្រប់គ្នានៅក្នុងក្រុមនីមួយៗ ត្រូវតែឈរឱ្យអស់គ្នា នៅលើ កន្ទេលរបស់ក្រុមខ្លួន"។
២) ពេលពួកគេឈរហើយ គ្រូនិយាយថា៖ "លោតចេញពីកន្ទេល ហើយបត់វាពាក់កណ្ដាល។ ឥឡូវ គ្រប់គ្នាត្រូវឈរលើកន្ទេលរបស់ក្រុមខ្លួនម្ដងទៀត ឱ្យអស់គ្នា។"
៣) និយាយ៖ នេះជាការប្រកួត ដើម្បីរកមើលថាតើក្រុមណា អាចឈរនៅលើកន្លែងតូចចង្អៀតបាន។ ដូច្នេះ ចូរបត់កន្ទេលនេះតូចជាងមុនទៀត (ឬប្ដូរកន្ទេលតូចវិញ)។ ប្អូនៗអាចឈរជើង១ ឬឡើងជិះខ្នង មិត្តភក្តិក៏បាន ... ប៉ុន្តែ ពេលចប់ ៣ នាទី មិនត្រូវឱ្យខ្លួនផ្នែកណាមួយ ប៉ះជាមួយឥដ្ឋទេ។ ក្រុមណាដែល ឈរលើកន្ទេលតូចជាងគេ ក្រោយពេល ៣ នាទី គឺជាក្រុមឈ្នះ!
ហ្គេមទី ២
១) ដាក់កន្ទេលតូច ២ សម្រាប់ក្រុមនីមួយៗ នៅចម្ងាយប្រហែល ២ ទៅ ៣ ម៉ែត្រពីគ្នា។ សុំឱ្យយុវជន ២ នាក់ពីក្រុមនីមួយៗ ឈរនៅលើកន្ទេល ដូចខាងក្រោម៖
ក្រុមទី ១ ចាប់ផ្ដើម 🔺😁----------------------------------------------------😁🔺 ក្រុមទី ១ បញ្ចប់
ក្រុមទី ២ ចាប់ផ្ដើម 🔺👦----------------------------------------------------👦🔺 ក្រុមទី ២ បញ្ចប់
២) នៅពេលសមាជិកក្រុមទាំង ២ ឈរនៅលើកន្ទេលរៀងខ្លួន ប្រាប់ពួកគេឱ្យកាន់ដៃ ឬកៀកដៃ ឬលាតដៃប៉ះចុងម្រាមដៃគ្នា ដើម្បីឱ្យពួកគេមានការផ្សារភ្ជាប់ពីកន្ទេល ១ ទៅកន្ទេល ១ ទៀត ដូចខាងក្រោម៖
🔺😁👉👈😁👉👈😁👉👈😁👉👈😁👉👈😁👉👈😁👈😁🔺
៣) ពេលពួកគេធ្វើដូចនេះរួច ទាញចុងកន្ទេលចេញពីគ្នាប្រហែល ២ ម៉ែត្រ ដើម្បីឱ្យពួកគេសន្ធឹងដៃ ខ្លាំងជាងមុន ក្នុងការផ្សារជាប់គ្នារបស់ក្រុមនៅកន្ទេលទាំង ២។
៤) ពេលពួកគេធ្វើចប់ និយាយ៖ "ប្អូនៗមានពេល ៣ នាទី។ ទាញកន្ទេលមកវិញឱ្យលឿនតាម ដែល អាចធ្វើទៅបាន។ ពេលចប់ ៣ នាទី ក្រុមដែលបានសន្ធឹងដៃបានវែងជាងគេគឺជា ក្រុមឈ្នះ។ ច្បាប់តែ ១ នោះគឺ ត្រូវតែផ្សារភ្ជាប់គ្នាពេញលេញ (គ្មានចន្លោះ) ពីកន្ទេលមួយទៅកន្ទេលមួយទៀត។"
ក្រោយបញ្ចប់ហ្គេម ៖
និយាយ៖ នៅក្នុងហ្គេមទី ១ ប្អូនៗបានប្រជ្រៀតគ្នានៅក្នុងចន្លោះតូចចង្អៀត តែកន្លែងខ្លះ តូចពេកមិនអាច ឱ្យយើងនៅបានទេ។ នៅក្នុងហ្គេមទី ២ ប្អូនបានព្យាយាមសន្ធឹងដៃ តែកន្លែងខ្លះឆ្ងាយពេករហូតប្អូន សន្ធឹងដៃមិនដល់ទេ។ ហេតុអ្វី? ព្រោះយើងមានដែនកំណត់នៅក្នុងទីកន្លែង។ ប៉ុន្តែ សាកស្រម៉ៃមើល បើប្អូនៗអាចនៅកន្លែង ២ ក្នុងពេលតែ ១។ តើប្អូនគិតថា វានឹងយ៉ាងណាដែរ?
ទុកឱ្យសិស្សចែករំលែកគំនិតរបស់ពួកគេ។
ការរៀនព្រះគម្ពីរ
យើងកំពុងរៀនបណ្ដុំរឿងអំពី គុណលក្ខណៈរបស់ព្រះ។ កន្លងមក យើងបានរៀនថា ព្រះអង្គគឺជាព្រះ អាទិករនៃសាកលលោក។ ព្រះអង្គនៅអស់កល្ប មិនប្រែប្រួល មានឬទ្ធានុភាព ហើយព្រះអង្គជ្រាបអំពី គ្រប់ការទាំងអស់។ ថ្ងៃនេះ យើងនឹងមើលអំពីសេចក្ដីពិតមួយទៀត គឺព្រះអង្គមានវត្តមាននៅ គ្រប់ទី កន្លែងទាំងអស់។
ព្រះអង្គមានវត្តមាននៅគ្រប់ទីកន្លែង។ តើនេះមានន័យដូចម្ដេច? ដំបូង វាមានន័យថា ព្រះអង្គមិនស្ថិត នៅតែមួយកន្លែងទេ។ ប្អូនៗអាចនៅកន្លែងតែមួយទេ ក្នុងពេលមួយ។ ប្អូនអាចនៅបាត់ដំបង ឬនៅ ភ្នំពេញ។ ប៉ុន្តែ ប្អូនមិនអាចនៅកន្លែងទាំង ២ ក្នុងពេលតែមួយទេ។ ប៉ុន្តែ ព្រះអង្គមិនត្រូវបានកម្រិតថា ត្រូវគង់នៅកន្លែងតែ ១ ក្នុងពេលតែ ១ទេ។
ព្រះបាទ សាឡូម៉ូនបានសាងសង់ព្រះវិហារដំបូងថ្វាយព្រះ។ ចូរស្ដាប់ពីអ្វីដែលស្ដេចបាននិយាយ ក្នុងថ្ងៃដែលព្រះវិហារបើកដំណើរការ។
[1ពង្សាវតាក្សត្រ 8:27] យីអើ តើព្រះនឹងគង់លើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃ និងអស់ទាំងជាន់ នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត។
ព្រះបាទសាឡូម៉ូន បានសាងសង់ព្រះវិហារសម្រាប់ព្រះជាម្ចាស់ តែទ្រង់ជ្រាបថាព្រះជាម្ចាស់ មិនអាច គង់ជាប់នៅតែ ១ កន្លែងនោះ នៅផែនដី ឬនៅស្ថានសួគ៌នោះទេ។ ដូច្នេះ យើងក៏មិនត្រូវគិតថា ដោយសារតែព្រះអង្គ កំពុងគង់នៅលើបល្ល័ងនៅស្ថានសួគ៌ នោះមានន័យថា ព្រះអង្គមិនគង់ នៅជាមួយយើង នោះទេ។ ដូចគ្នា យើងក៏មិនគួរគិតដែរថា ព្រះអង្គគង់នៅតែកន្លែងជាក់លាក់ ណាមួយនៅផែនដីនេះ ដូចជានៅ ព្រះវិហារយើង តែបែរជាមិនគង់នៅផ្ទះ ឬនៅសាលារៀនយើងទៅវិញ។ ការពិត ព្រះអង្គគង់នៅពេញស្ថានសួគ៍ និង ផែនដី។
[យេរេមា 23:23-24] ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញជាព្រះដែលនៅឆ្ងាយ ឥតនៅជិត បង្កើយផងដែរឬអី។ ព្រះយេហូវ៉ាទ្រង់សួរដូច្នេះទៀតថា តើមានអ្នកណានឹងពួនខ្លួននៅទីសំងាត់ ឯណា ឲ្យអញមើលមិនឃើញបានឬ តើអញមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬអី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
មុននេះ យើងបានពិភាក្សាគ្នាថា តើវានឹងយ៉ាងម៉េចបើយើងអាចនៅកន្លែង ២ ក្នុងពេលតែ ១។ នេះមិន បានន័យថា មានផ្នែកផ្សេងនៃរាងកាយយើងនៅកន្លែងផ្សេងៗនោះទេ គឺមិនបានន័យថាយើងអង្គុយ នៅសាលា កំពុងរៀនគណិតវិទ្យា តែជើងយើងកំពុងលេងបាល់ទាត់នៅខាងក្រៅ នោះទេ។ អត់ទេ! យើងកំពុងមានន័យថា នៅ កន្លែងនិមួយៗ ត្រូវមានអ្នក ១០០% នៅទីនោះ។ ដូចគ្នា ព្រះអង្គមានព្រះវត្តមាន ១០០% នៅគ្រប់ផ្នែកទាំងអស់របស់ចក្រវាឡ។ ព្រះអង្គមិនបំបែកផ្នែកផ្សេងៗរបស់ព្រះអង្គ ឱ្យខ្លះនៅ ផែនដី និងឱ្យខ្លះនៅស្ថានសួគ៌នោះទេ គឺព្រះអង្គគង់នៅគ្រប់ទីកន្លែង ពេញលេញជាព្រះអង្គ ១០០%។
នេះមានន័យថា គ្មានកន្លែងណាដែលព្រះអង្គមិនគង់នៅនោះទេ។ សូមមើលអ្វីដែលដាវីឌបានសរសេរ៖
[ទំនុកតម្កើង 139:7-10]
តើទូលបង្គំនឹងទៅឯណា ឲ្យរួចពីព្រះវិញ្ញាណទ្រង់
តើនឹងរត់ទៅឯណា ឲ្យរួចពីព្រះភក្ត្រទ្រង់
ទោះបើទូលបង្គំនឹងឡើងទៅឯស្ថានសួគ៌
ក៏មានទ្រង់សណ្ឋិតនៅទីនោះ
ទោះបើទូលបង្គំនឹងរៀបដំណេកនៅស្ថានឃុំ
ព្រលឹងមនុស្សស្លាប់
នោះក៏ឃើញមានទ្រង់សណ្ឋិតនៅដែរ
ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល
ហោះទៅនៅឯទីបំផុតនៃសមុទ្រ
គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ
ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ
ដាវីឌបានដឹងថា គ្រប់ទីកន្លែងដែលទ្រង់ទៅ ព្រះជាម្ចាស់គង់នៅទីនោះ។ ខាងលើ ខាងក្រោម ខាងលិច ខាងកើត ព្រះអង្គគង់នៅគ្រប់កន្លែង។
អនុវត្តន៍
តើវាមានអត្ថន័យយ៉ាងណា ដែលព្រះអង្គជាព្រះសព្វវត្តមាន?
ទី ១ ព្រះអង្គតែងតែគង់នៅគ្រប់ទីកន្លែងដែលយើងនៅ។ ទាំងពេលយើងនៅសាលា កំពុងប្រលង កំពុងលេង បាល់ ពេលជប់លៀង ពេលនៅព្រះវិហារ ពេលយើងទៅរស់នៅកន្លែងថ្មី គឺគ្រប់ទីកន្លែងទាំងអស់។ យើងតែងតែនៅក្នុងព្រះវត្តមានរបស់ព្រះ។
ទី ២ វាមានន័យថា ព្រះអង្គអាចជាមិត្តសំឡាញ់ជាងគេរបស់យើង។ ព្រះអង្គតែងតែជាមិត្តជិតស្និទ្ធ ដែលនៅ ជាមួយយើងជានិច្ចពេញ ១ ជីវិតរបស់យើង។ មិត្តភក្តិតែងតែចូលមក និងចាកចេញ ពីជីវិតរបស់យើង ទោះបីជាមិត្តភក្តិជិតស្និទ្ធរបស់យើងក៏ដោយ។ យើងត្រូវការរៀបចំពេលវេលាដើម្បីជួបពួកគេ។ ប៉ុន្តែ យើងមិនចាំបាច់ធ្វើដូចនេះជាមួយព្រះនោះទេ។ ព្រះអង្គតែងតែគង់នៅជាមួយយើង គ្រប់ពេលវេលា និង គ្រប់ទីកន្លែង។
ទី ៣ វាមានន័យថា ព្រះអង្គតែងតែមានវត្តមានមកជួយយើង។ ព្រះអង្គអាចជួយយើងបាន គ្រប់ស្ថានភាពក្នុងជីវិតរបស់យើង។
[ទំនុកតម្កើង 46:1]
ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាអាសន្ន។
[ចោទិយកថា 31:6]
ដូច្នេះចូរមានកំឡាំងហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្តីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ។
យើងមិនមែននៅម្នាក់ឯងឯកានៅក្នុងស្ថានភាពលំបាក ក្នុងជីវិតរបស់យើងនោះទេ។ យើងមានមិត្តភក្តិ ឪពុក និងព្រះដ៏មានឬទ្ធានុភាព គង់នៅជាមួយយើង។ នេះជាអ្វីដែលជួយយើងឱ្យរឹងមាំ និងក្លាហ៊ាន។
ពេលវេលាក្រុមតូច
ពិភាក្សាគ្នា នៅក្នុងក្រុមតូច
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះ តាមរយៈមេរៀនថ្ងៃនេះ?
-
តើចំនុចអ្វីដែលល្អអំពី សេចក្ដីពិតដែលព្រះអង្គតែងតែគង់នៅគ្រប់ទីកន្លែង?
អធិស្ឋានបញ្ចប់




