
មេរៀនទី៥ ព្រះអង្គគឺជាព្រះសព្វញ្ញុតញាណ (ជ្រាបគ្រប់ការទាំងអស់)
សួរថា : តើចំនុចណាមួយ ដែលលោកអ្នកចងចាំពីមេរៀនមុន? (*** មើលកំណត់ត្រាគ្រូ ទី៨)
ព្រះគម្ពីរប្រាប់ និង បើកសំដែងមកកាន់យើងថា ព្រះអង្គគឺជាព្រះសព្វញ្ញុតញាណ។ ទៅក្នុងទំព័រជាច្រើននៅ ក្នុងព្រះគម្ពីរ យើងឃើញថាព្រះអង្គមានចំនេះដឹងឥតខ្ចោះ នៃអ្វីៗគ្រប់យ៉ាងទាំងអស់នៅក្នុងចក្រវាឡ អំពី មនុស្សគ្រប់គ្នាអំពីគ្រប់យ៉ាងនៅអតីតកាល បច្ចុប្បន្ន និង អនាគត។
(១) ព្រះអង្គមានចំនេះដឹងយ៉ាងឥតខ្ចោះអំពីចក្រវាឡ
...ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកីយ៍ឡើង ដោយសារប្រាជ្ញា របស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។ (យេរេមា ១០:១២)
ព្រះអង្គបានបង្កើតចក្រវាឡ ដោយអំណាចចេស្តា ព្រះបញ្ញា និង ព្រះតំរិះរបស់ទ្រង់។ ក្នុងនាមទ្រង់គឺជា ព្រះអាទិករ ទ្រង់ជ្រាបដឹងគ្រប់យ៉ាងអំពីចក្រវាឡ ដែលទ្រង់បានបង្កើត។ ទ្រង់ជ្រាបដឹងទាំងអំពី ទាំងការពិត យ៉ាងសំខាន់ៗ (ដូចចំនួនផ្កាយទាំងអស់) ទៅចំនុចលំអិតតូចៗ (ដូចជា ពេលដែលកូនចាបតូចមួយបានទៅ លើដី)។ គ្មានអ្វី ដែលតូចពេកសម្រាប់ឲ្យទ្រង់កត់សំគាល់ ហើយគ្មានអ្វី ដែលធំពេក ដែលធ្វើឲ្យទ្រង់មិនអាច យល់បានឡើយ។ ព្រះអង្គទ្រង់ជ្រាបដឹងពីគ្រប់ការទាំងអស់។ ការជ្រាបដឹងរបស់ទ្រង់គ្មានដែនកំណត់ ឡើយ។
ទំនុកតម្កើង ១៤៧:៤-៥
ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ
ក៏ហៅបានតាមឈ្មោះទាំងអស់
ព្រះអម្ចាស់នៃយើងខ្ញុំទ្រង់ធំប្រសើរ
ហើយមានឫទ្ធានុភាពក្រៃលែង
ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់
ផ្កាយមានចំនួនច្រើនពេក ដែលធ្វើឲ្យយើងមិនអាចរាប់អស់បានទេ។ ប៉ុន្តែព្រះអង្គជ្រាបពីចំនួនទាំងអស់របស់ ផ្កាយ ហើយស្គាល់ឈ្មោះរបស់ផ្កាយនិមួយៗ។ តើព្រះអង្គជ្រាបដឹងពីចំនួនផ្កាយទាំងអស់ដោយរបៀបណា? តើព្រះអង្គរាប់ផ្កាយទាំងនោះឬអី? ទេ ព្រះអង្គមិនរាប់ផ្កាយទាំងនោះទេ។ មូលហេតុដែលទ្រង់ជ្រាបពីការពិត នៅក្នុងចក្រវាឡ ដោយសារតែទ្រង់ គឺជាអ្នក ដែលកំណត់ពីការពិតនៃចក្រវាឡ។ យើងដឹងថាព្រះអាទិត្យមាន ចំងាយឆ្ងាយពីផែនដី ចំនួន ១៥០ លាន គីឡូម៉ែត ដោយសារតែតារាវិទូ បានគណនាពីចំងាយនេះ។ ប៉ុន្តែ ព្រះអង្គជ្រាបដឹងថា ព្រះអាទិត្យមានចំងាយ ១៥០ លាន គីឡូម៉ែតពីផែនដី ដោយសារ តែទ្រង់ជា អ្នកដែលបានដាក់ ព្រះអាទិត្យ និង ផែនឲ្យនៅឆ្ងាយពីគ្នា! ព្រះអង្គមិនចាំបាច់ដឹងពីការពិតនៃ ចក្រវាឡ នោះទេ ទ្រង់គឺជាអ្នក ដែលកំណត់ការពិតទាំងអស់។
យ៉ូប ៣៧:១៤-១៦
“ឱយ៉ូបអើយ សូមស្តាប់សេចក្តីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន តើលោកជ្រាបពីព្រះទ្រង់ដាក់កំរិតរបស់ទាំងនោះជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗ ដូចម្តេចឬទេ តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ ឬទេ”
លោកយ៉ូបមិនដឹងពីរបៀប ដែលព្រះអង្គធ្វើការគ្រប់គ្រងទៅកាន់ពពក ឬ ធ្វើឲ្យមានផ្លេកបន្ទោលយ៉ាងណា នោះទេ។ ទោះបីជាសព្វថ្ងៃនេះក្តី បួនពាន់ឆ្នាំក្រោយមក ពួកយើងភាគច្រើនក៏នៅតែមិនដឹង។ លោកយ៉ូបបាន បន្ទាបខ្លួនគាត់ចុះ នៅពេលដែលគាត់ដឹងថាចំនេះដឹងរបស់គាត់ អំពីដំណើរការរបស់ចក្រវាឡមានកម្រិត ទៀបប៉ុណ្ណា នៅពេលដែលប្រៀបធៀបជាមួយនឹង ចំនេះដឹងរបស់ព្រះ។ វាគឺជាការពិតនៅក្រោយ រាប់ពាន់ឆ្នាំ នៃការសិក្សាស្រាវជ្រាវ មនុស្សនៅគ្រាន់តែ ស្ថិតដើមដំបូងនៃការស្រាវជ្រាវរកឃើញ “កិច្ចការអស្ចារ្យរបស់ ព្រះដ៏មាន ដំរិះសព្វគ្រប់”។
ព្រះអង្គគឺជាព្រះសព្វញ្ញុតញាណមានន័យថា:
-
ព្រះអង្គមានចំនេះដឹងយ៉ាងឥតខ្ចោះ (ទ្រង់ជ្រាបដឹងគ្រប់ការទាំងអស់)
-
ឯប្រាជ្ញាញាណរបស់ទ្រង់ក៏យល់គ្រប់ទាំងអស់ (ចំនេះដឹងព្រះដំរិះរបស់ទ្រង់គ្មានដែនកំណត់)
(២) ព្រះអង្គមានចំនេះដឹងយ៉ាងឥតខ្ចោះអំពីយើង
ព្រះអង្គជ្រាបដឹងទាំងអស់ ទៅលើអ្វីៗដែលទ្រង់បានបង្កើត នោះមានន័យថាទ្រង់មានការជ្រាបដឹងទាំងស្រុងយ៉ាង
ឥតខ្ចោះ អំពីយើងម្នាក់ៗ។ ព្រះអង្គជ្រាបដឹងអំពី:
-
យ៉ូប ៣៤:២១ - គ្រប់ជំហានរបស់យើង
-
ទំនុកតម្កើង ៣៣:១៣-១៥ - គ្រប់ការដែលយើងធ្វើ
-
ទំនុកតម្កើង ១៣៩:១-៣ - គ្រប់ទាំងផ្លូវរបស់យើង
-
ម៉ាថាយ ៦:៨ - អ្វីដែលយើងត្រូវការ
-
ម៉ាថាយ ១០:២៩-៣០ - ចំនួនសក់ដែលនៅលើក្បាលយើង !
ព្រះអង្គស្គាល់យើងម្នាក់ៗ ខ្លាំងជាងយើងស្គាល់ពីខ្លួនឯងទៅទៀត! ពិភាក្សា: តើលោកអ្នកមានអារម្មណ៍យ៉ាង ចំពោះសេចក្តីពិត ដែលនិយាយថាព្រះអង្គស្គាល់ដឹងគ្រប់យ៉ាងអំពីលោកអ្នក?
ព្រះអង្គជ្រាបដឹងពីគ្រប់កន្លែង ដែលលោកអ្នកទៅ និង គ្រប់យ៉ាង ដែលលោកអ្នកធ្វើ។ ប៉ុន្តែ ព្រះដំរិះរបស់ទ្រង់មាន
ភាពអស្ចារ្យលើសពីនេះទៅទៀត។ ព្រះអង្គទ្រង់ក៏ជ្រាបដឹងពី :
-
ទំនុកតម្កើង ១៣៩:៤ - អ្វីដែលនឹងយើងនិយាយ មុនពេលដែលយើងនិយាយ
-
១ ពង្សាវតា ៨:៣៨-៣៩; កិច្ចការ ១:២៤ - ចិត្តរបស់មនុស្សទាំងអស់
-
១ របាក្សត្រ ២៨:៩ - ចិត្ត ផែនការ និង គំនិតរបស់យើង
ព្រះអង្គមិនមែនជ្រាបដឹងតែ ពីអ្វីដែលបានកើតឡើង ឬ ការពិតជាក់ស្តែង ដែលអាចសង្កេតនោះទេ។ ចំនេះ ដឹងព្រះដំរិះរបស់ទ្រង់មានភាពជ្រាលជ្រៅជាងនេះទៅទៀត។ ទ្រង់ជ្រាបដឹងពី ចិត្ត ផែនការ គំនិត របស់ មនុស្សគ្រប់គ្នា។ ទ្រង់ជ្រាបដឹងពីអ្វីដែលលោកអ្នកនឹង និយាយ និង ធ្វើ មុនពេល ដែលលោកអ្នកដឹងពីការ ទាំងនោះទៅទៀត!
ការពិភាក្សា
-
ព្រះអង្គជ្រាបដឹងគ្រប់យ៉ាងអំពីលោកអ្នក។ តើការដឹងពីសេចក្តីពិតនេះ ការជៈឥទ្ធិពលយ៉ាងណា មក កាន់របៀប ដែលលោកអ្នករស់នៅ?
-
តើការនេះដឹងពីសេចក្តីពិតនេះ នឹងមានការជៈឥទ្ធិពលយ៉ាងណា មកកាន់ទំនាក់ទំនងរបស់ លោកអ្នក ជាមួយនឹងព្រះអង្គ?
(៣) ព្រះអង្គមានព្រះដំរិះជ្រាបដឹង ទាំងស្រុងទៅកាន់ បច្ចុប្បន្ន អតីតកាល និង អនាគត
ព្រះអង្គជ្រាបដឹងពីអ្វីៗគ្រប់យ៉ាង ដែលកំពុងតែកើតឡើងនៅពេលនេះ។ ព្រះអង្គជ្រាបពីគ្រប់ការទាំងអស់ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោកនាពេលឥឡូវនេះ។ ទ្រង់ទតឃើញ ការប្រកួតបាល់ទាត់នៅលើ ឆ្នេរសមុទ្រនៃប្រទេសប្រេស៊ីល សិស្សនិស្សិតកំពុងធ្វើការប្រលងនៅទ្វីបហ្វ្រិច អ្នកម្តាយកំពុងតែចំអិនអាហារ នៅប្រទេសកម្ពុជា ទ្រង់ឃើញការទាំងអស់នេះក្នុងពេលតែមួយ។ គ្មានអ្វី ដែលអាចលាក់កំបាំងទៅកាន់ទ្រង់ ឬ គ្មានអ្វីជាអាថ៌កំបាំងចំ៉ពោះទ្រង់ឡើយ។
សុភាសិត ៥:២១
ពីព្រោះអស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ
យ៉ូប ២៨:២៤
ដ្បិតទ្រង់ទតមើលទៅដល់ចុងផែនដីបំផុត ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ
នាងហាការ មានផ្ទៃពោះ។ នាងបានរត់ចេញពីផ្ទះ ហើយនៅតែម្នាក់ឯងនៅឯវាលរហោស្ថាន។ គ្មានមនុស្សណាដឹងថានាងនៅកន្លែងណាឡើយ។ ប៉ុន្តែព្រះអង្គជ្រាបដឹង ហើយទ្រង់បានបញ្ជូនទេវតាឲ្យមកជួបនាង។ អានអំពីអ្វី ដែលបានកើតឡើងនៅក្នុង លោកុប្បត្តិ ១៦:៧-១៣។
សូមឲ្យយើងមើលឲ្យល្អិតល្អន់ទៅកាន់អ្វី ដែលហាការបាននិយាយនៅ ខ១៣ :
នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានព្រះបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ» ដ្បិតនាងគិតថា នៅទីនេះអញបានឃើញព្រះដែលទ្រង់ទតឃើញអញទេតើ
ហាការបានហៅព្រះអង្គថា אֵ֣לרֳאִ֑י (អានថា អែល រូអី) ដែលមានន័យថា “ព្រះដែលទតឃើញ”។ នៅពេល ដែលកូននាងកើតមក នាងដាក់ឲ្យកូននោះថា អ៊ីសម៉ាអែល មានន័យថា ‘ព្រះដែលស្តាប់ឮ’។ នៅពេល ដែលមនុស្សគ្រប់គ្នាបោះបង់ចោល ហាការ នាងមានការកំសាន្តនៅក្នុងចិត្ត តាមរយៈសេចក្តីពិត ដែលថា ព្រះអង្គគឺជាព្រះដែលទតឃើញ ហើយស្តាប់ឮគ្រប់ការទាំងអស់។
ព្រះអង្គមិនគ្រាន់តែជ្រាបដឹងពីអ្វីដែលកំពុងកើតឡើងនាពេលនេះទេ ប៉ុន្តែទ្រង់ក៏ជ្រាបដឹងពីគ្រប់ការទាំងអស់ ដែលបានកើតឡើងដែរ។ គ្មានចំនុចច្រលោះប្រហោងណាមួយ នៅក្នុងចំនេះដឹងព្រះឡើយ។ ទ្រង់ជ្រាបដឹង ប្រវត្តសាស្ត្ររបស់ចក្រវាឡទាំងមូល។
ព្រះអង្គមានព្រះដំរិះជ្រាបដឹងទាំងស្រុង ទៅលើអ្វីគ្រប់យ៉ាង ដែលបានកើតឡើងនៅក្នុងអតីតកាល។ យើង បានឃើញការនេះយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ នៅពេលដែលនរណាម្នាក់ បានធ្វើអ្វីមួយនៅក្នុងទីអាថ៌កំបាំង បន្ទាប់មកធ្វើការលាក់បាំងទៅកាន់ការនោះ។ គ្មាននរណាម្នាក់ដឹងថា ការនេះបានកើតឡើង ក្រោយមក បុគ្គលនោះ គិតថាខ្លួនមានភាពជោគជ័យក្នុងការលាក់លៀមការនេះ។ ប៉ុន្តែព្រះអង្គជ្រាបដឹងពីការនេះ។
មានឧទាហរណ៍មួយអំពីបុរសម្នាក់ ដែលមានឈ្មោះថា អេកាន បានលួចអាវមួយ ប្រាក់ មាស ហើយបានយក ទៅកប់នៅកន្លែងសំងាត់។ ក្រោយមកព្រះអង្គបានបើកសំដែងទៅ រាស្ត្រអ៊ីស្រាអែលឲ្យដឹងពីការ ដែលអេកាន បានធ្វើ (យ៉ូស្វេ ៧)។ ដូច្នេះយើងអាចនិយាយបានថា ព្រះអង្គបានទតឃើញពីអ្វី ដែលបានកើតឡើង ហើយទ្រង់ចងចាំការទាំងនោះ។
យ៉ាងណាមិញ នេះគ្រាន់របៀបសាមញ្ញក្នុងការគិតពី ព្រះដំរិះរបស់ព្រះតែប៉ុណ្ណោះ។ ការយល់ដឹងយា៉ងជ្រាល ជ្រៅជាងនេះទៅទៀត គឺថាព្រះអង្គមិនមែនដឹងពីការទាំងអស់ តាមរយៈការសង្កេតមើលនោះទេ។ ព្រះអង្គ មិនមែនតែសិក្សាស្រាវជ្រាវអ្វីថ្មី ជារៀងរាល់ថ្ងៃ តាមរយៈការទតមើលមកកាន់អ្វីដែលយើងធ្វើជារៀងរាល់ថ្ងៃ នោះទេ។ ព្រះអង្គជ្រាបនឹងរួចទៅហើយ។ សូមចងចាំថា ព្រះអង្គជ្រាបដឹងពីគ្រប់យ៉ាង ដែលមនុស្សគ្រប់គ្នា នឹងគិតនឹកឃើញ និយាយ ធ្វើ មុនពេល ដែលការទាំងនោះបានកើតឡើង។ ទ្រង់មិនត្រូវការទតឃើញ ដើម្បី ឲ្យទ្រង់អាចជ្រាបដឹងនោះទេ។
របៀប ដែលទ្រង់មានការជ្រាបដឹងមានលក្ខណៈខុសពីយើង។ ចំនេះដឹងរបស់យើង គឺមានមូលដ្ឋានគ្រឹះពឹងផ្អែកទៅលើ ការសង្កេតទៅលើពេលបច្ចុប្បន្ន ការចងចាំពីអតីតកាល និង ការប៉ាន់ស្មាននៃអនាគត។ ប៉ុន្តែ ចំនេះដឹងព្រះដំរិះរបស់ព្រះ មិនមានលក្ខណៈដូច្នេះទេ។ ទ្រង់ជ្រាបដឹងពីគ្រប់ការទាំងអស់យ៉ាងឥតខ្ចោះ ហើយទ្រង់ជ្រាបតាំងតែពីដំបូង។
ព្រះអង្គជ្រាបដឹងពីគ្រប់ការទាំងអស់ ដែលនឹងកើតឡើងនៅថ្ងៃអនាគត។ ព្រះអង្គមិនត្រូវការរង់ចាំមើល អ្វី ដែលនឹងកើតឡើងឡើយ។ ទ្រង់ជ្រាបដឹងពីការទាំងអស់រួចទៅឡើយ។ ព្រះអង្គជ្រាបដឹងពីចុងបំផុត តាំងតែ ពីដើមដំបូងមកម្ល៉េះ។
អេសាយ ៤៦:៩-១០
នចូរនឹកចាំពីការដែលកន្លងទៅហើយ តាំងពីបុរាណ ដ្បិតអញនេះហើយជាព្រះ ឥតមានណាទៀតឡើយ អញជាព្រះ ហើយគ្មានអ្នកណាដូចជាអញសោះ តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ
អេសាយ ៤២:៩
មើលការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយគឺជាការថ្មី ដែលអញថ្លែងប្រាប់នេះ អញប្រាប់ពីការ ទាំងនោះ ដល់ឯងរាល់គ្នា មុនដែលកើតមកផង
ព្រះអង្គធ្វើការប្រកាសពីការ ដែលនឹងកើតឡើង មុនពេល ដែលការនោះកើតឡើង។ នៅពេលដែលព្រះអង្គ បើកសំដែងព្រឹត្តិការណ៍ ដែលនឹងកើតឡើងនៅថ្ងៃអនាគត ទៅកាន់មនុស្ស យើងហៅការនោះថា “ទំនាយ”។ សូមបំពេញចន្លោះខាងក្រោម ដោយប្រើប្រាស់ការប៉ាន់ស្មាន របស់លោកអ្នក ហើយប្រៀបធៀបជាមួយនឹងដៃគូ។
-
២៧% នៃព្រះគម្ពីរគឺជាពាក្យទំនាយ។
-
មានពាក្យទំនាយចំនួន ១៨១៧ ទំនាយ។ (ចំនួនប៉ុន្មាន)
-
ជាង ៨០% នៃពាក្យទំនាយទាំងនេះបានកើតឡើងដូចតាមការទាយទុក។ ហើយទំនាយ ដែលនៅ សេសសល់គឺអំពីព្រឹត្តិការណ៍ ដែលនឹងកើតឡើងនៅចុងបំផុតនៃពិភពលោក។
ព្រះអង្គបានធ្វើការបង្ហាញពីព្រះដំរិះជ្រាបដឹងពីអនាគត តាមរយៈការសម្រេចពាក្យទំនាយ ជាង១ ពាន់ពាក្យ ទំនាយ។ ឧទាហរណ៍ ព្រះអង្គបានមានបន្ទូលទៅកាន់ពួកយូដាថា ពួកបាប៊ីឡូន ហើយចាប់យកពួកគេ នេរទេសធ្វើជាឈ្លើយសឹក រយៈពេល ៧០ឆ្នាំ ហើយក្រោយមក បាប៊ីឡូន នឹងត្រូវដួលរលំ (យេរេមា ២៥:៨0 -១៣)។ ហើយនឹងមានស្តេចមួយអង្គ ឈ្មោះថា ស៊ីរូស (អ្នកជាម្នាក់ ដែលមិនទាន់ចាប់កំណើតផង នៅពេល ព្រះអង្គបានមានបន្ទូលពីការនេះនៅ អេសាយ ៤៤:២៤-៤៥:១) នឹងធ្វើការប្រកាសទៅកាន់ពួកគេ ពួកគេនឹងអាចត្រលប់ទៅស្រុកកំណើតខ្លួនវិញ ហើយសាងសង់ក្រុងយេរូសាឡិមឡើងវិញ (យេរេមា ២៩:១០-១៤)។ អ្វីៗគ្រប់យ៉ាង ដែលព្រះអង្គប្រកាសថានឹងកើតឡើង បានកើតឡើងត្រឹមត្រូវដូចតាម ការ ដែលព្រះអង្គមានបន្ទូលថានឹងកើតឡើង (២ របាក្សត្រ ៣៦:១៥-២៣)។
សូមឲ្យយើងធ្វើបញ្ចប់ការនេះជាមួយនឹងលទ្ធផលទាក់ទង ដែលយើងទទួលបានពី ព្រះដំរិះរបស់ព្រះ ដែលទ្រង់ជ្រាបដឹងពីគ្រប់ការទាំងអស់ ដើម្បីជួយឲ្យយើងមានការយល់ដឹងអំពីទ្រង់កាន់តែច្រើនឡើង។
ដំបូង យើងត្រូវដឹងថា ព្រះអង្គមិនដែលមានការភ្ញាក់ផ្អើល ដោយសារអ្វីឡើយ។ ព្រះអង្គជ្រាបដឹងពីចុងបញ្ចប់ តាំងតែពីដំបូងមកម្ល៉េះ។ ផលប៉ះពាល់នៃការនេះគឺថា ផែនការរបស់ព្រះ ១០០% ពិតជាកើតឡើងជាមិន ខាន។ ជាធម្មតាយើងធ្វើការផ្លាស់ប្តូរផែនការ របស់យើងនៅពេលដែលយើងទទួលបានពត៌មានថ្មី។ ប៉ុន្តែ ព្រះអង្គ មិនទទួលចំនេះដឹងថ្មី ដែលទ្រង់មិនបានដឹងពីមុននោះទេ។ ដូច្នេះមានន័យថា ទ្រង់មិនដែលមានការ ផ្លាស់ផ្តូរផែនការរបស់ទ្រង់ឡើយ។ គ្រប់យ៉ាង ដែលទ្រង់បានចាប់ផ្តើមឡើង ទ្រង់នឹងធ្វើការនោះឲ្យសម្រេច។ ទ្រង់បានរៀបចំផែនការរបស់ទ្រង់ ដោយចំនេះដឹងដ៏ល្អឥតខ្ចោះ នៃគ្រប់យ៉ាង ដែលមនុស្សគ្រប់គ្នាអាចគិត និយាយ និង ធ្វើ។ ដូច្នេះ ប្រសិនបើព្រះអង្គនិយាយអ្វីម្យ៉ាង ការនោះដឹងកើតឡើង ហើយយើងអាចប្រាកដ ក្នុងចិត្តថាវានឹងកើតឡើងជាមិនខាន។ ព្រះបន្ទូលទ្រង់ និង សេចក្តីសន្យាទ្រង់ ច្បាស់ជានឹងកើតឡើងជាមិន ខាន។
ចំនុចទីពីរ ព្រះអង្គមានការយល់ដឹង យ៉ាងល្អបំផុត ខ្ពង់ខ្ពស់បំផុត និង ពិតបំផុតនៃអ្វីៗទាំងអស់។ ព្រះដំរិះ ចំនេះដឹងរបស់ទ្រង់គ្មាន ដែនកំណត់ដូចមនុស្សឡើយ។
អេសាយ ៥៥:៨-៩
“ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវ របស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ”
គ្រប់ទាំងគំនិតរបស់ទ្រង់ គឺកើតចេញចំនេះដឹងព្រះដំរិះដ៏ឥតខ្ចោះរបស់ទ្រង់ ប្រាជ្ញាដ៏ឥតខ្ចោះរបស់ទ្រង់ និង ទស្សនៈដ៏អស់កល្បរបស់ទ្រង់។ តែគំនិតរបស់មនុស្សមានលក្ខណៈដូច្នេះនោះទេ។ គំនិតរបស់យើងគឺមាន មូលដ្ឋានគ្រឹះចេញពីចំនេះដឹង មិនល្អឥតខ្ចោះរបស់យើង។ តែព្រះអង្គមានចំនេះដឹងព្រះដំរិះយ៉ាងល្អឥតខ្ចោះ ហើយយល់ដឹងអំពីគ្រប់ការទាំងអស់។ ដូច្នេះ អ្វីដែលព្រះអង្គមានបន្ទូលថាជាការពិត គឺជាការពិត។ សេចក្តី ពិតគឺជា ភាពពិតជាក់ស្តែង ដែលកើតមកពីព្រះដំរិះ និង ទស្សនៈគ្មានព្រំដែនរបស់ព្រះ។ ប្រសិនបើយើងគ្រាន់តែពឹងទៅលើគំនិតរបស់យើង ដើម្បីធ្វើការកំណត់ទៅកាន់អ្វីមួយថាជាការពិត នោះយើងពិតជាមានគំនិតខុសឆ្គង ទៅកាន់ចំនុចណាមួយជាមិនខាន។ នៅពេលដែលលោកអ្នកប្រលងសាលា តើលោក អ្នកបានពិន្ទុ ១០០% គ្រប់ពេល ដែលលោកអ្នក ប្រលងដែរឬទេ? អត់ទេ គ្មាននរណាម្នាក់បានពិន្ទុះ ១០០ រហូតនោះទេ។ ការយល់ដឹងរបស់យើង មានដែន កំណត់។ ចំនេះដឹងរបស់យើងមិនល្អឥតខ្ចោះនោះទេ។ ប៉ុន្តែព្រះអង្គជ្រាប គ្រប់ការទាំងអស់។ ដូច្នេះ ធ្វើយ៉ាង ដើម្បីឲ្យយើងអាចស្គាល់សេចក្តីពិតបាន? ចម្លើយគឺតាមរយៈការបើកសំដែងមកពីព្រះ។
យ៉ូហាន ១៧:១៧
សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្តីពិតរបស់ទ្រង់ ឯសេចក្តីពិត គឺជាព្រះបន្ទូលរបស់ទ្រង់
ទំនុកតម្កើង ២៥:៥
នសូមនាំ ហើយបង្រៀនទូលបង្គំ
ក្នុងសេចក្តីពិតរបស់ទ្រង់ផង
ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ
ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ
យ៉ូហាន ១៦:១៣
កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុង គ្រប់ទាំងសេចក្តីពិត ដ្បិតទ្រង់នឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូល ចំពោះតែសេចក្តីណាដែលទ្រង់ឮ ហើយនិងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក
យ៉ូហាន ៨:៣២
អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច
ទីពីរ ព្រះអង្គគឺជាមគ្គុទេសក៍ដ៏ល្អបំផុតសម្រាប់ជីវិត។ សូមស្រមៃថា លោកអ្នកទៅទស្សនាប្រាសាទ អង្គរវត្ត។ លោកអ្នកដឹងពីពិតខ្លះៗអំពី ប្រាសាទអង្គរវត្ត ប៉ុន្តែលោកអ្នកអាចនឹងរៀនបានពីការពិតច្រើនលើសពីនេះ ប្រសិនបើលោកអ្នកមានមគ្គុទេសក៍។ ឥឡូវចូរស្រមៃថាលោកអ្នកមានអ្នកមគ្គុទេសក៍ ដែលគាត់គឺជា ស្ថាបត្យករ បានរចនាម៉ូតរបស់ប្រាសាទអង្គរវត្ត ហើយគឺជាអ្នកមើលការខុសត្រូវទៅលើការសាងសង់ រយៈ ពេលរាប់រយសតវត្សមុន។ គាត់អាចប្រាប់លោកអ្នកអំពីហេតុការណ៍ការពិត ដែលគ្មាននរណាដឹង ក្រៅពី គាត់។ ការនេះអាចជាឯកសិទ្ធិយ៉ាងធំធេង។
ព្រះអង្គគឺជាស្ថាបត្យករនៃចក្រវាឡ។ យើងមានឯកសិទ្ធិ ដែលមានទ្រង់ជាព្រះអាទិករ ធ្វើជាមគ្គុទេសក៍ មក កាន់ជីវិតរបស់យើង! នេះគឺជាអំណោយយ៉ាងធំធេងប៉ុណ្ណា ដែលយើងមានព្រះបន្ទូលរបស់ព្រះ! តើវាគឺជា ឯកសិទ្ធិប៉ុណ្ណាក្នុងការស្គាល់គំនិតរបស់ទ្រង់។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះ យើងអាចស្គាល់ពី ទស្សនៈវិស័យរបស់ព្រះអំពីជីវិត។
យេរេមា ៣៣:២-៣
“ព្រះយេហូវ៉ាដែលធ្វើការទាំងនេះ គឺព្រះយេហូវ៉ាដែលជបសូនបង្កើត ដើម្បីនឹងតាំងឡើង ដែលមានព្រះនាម ជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញ ឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង”
ទំនុកតម្កើង ១៣៩:១៧-១៨ក
ឱព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេស ដល់ទូលបង្គំណាស់ហ្ន៎ ក៏មានចំនួនច្រើនណាស់ផង បើសិនជាទូលបង្គំនឹងខំរាប់ចំនួន នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត
ឃ្លាដកស្រង់យ៉ាងល្បីល្បាញ : “ខ្ញុំចង់ស្គាល់គំនិតរបស់ព្រះ ហើយអ្វីៗផ្សេងៗទៀតគ្រាន់តែជាចំនុចលំអិត” - ដោយលោក អាល់បើត អាញស្តាញ
ការពិភាក្សា
សូមមានដៃគូម្នាក់ហើយធ្វើការពិភាក្សា :
-
តើលោកអ្នករៀនបានអ្វីអំពីព្រះ តាមរយៈមេរៀននៅថ្ងៃនេះ?
-
តើទិដ្ឋភាពណាមួយ នៃព្រះដំរិះរបស់ព្រះ គឺជាចំនុចប្រពៃលេចធ្លោមកកាន់លោកអ្នក ខ្លាំងជាងគេ?
-
តើទិដ្ឋភាពមួយនេះ នៃព្រះដំរិះរបស់ព្រះ មានលទ្ធផលប៉ះពាល់យ៉ាងណាមកកាន់ជីវិតរបស់ លោកអ្នក?
ចំនុចគន្លិះ
ដើម្បីធ្វើការសង្ខេប ចំនុចគន្លិះចំបង ដែលព្រះគម្ពីរបានបង្រៀនយើងអំពីព្រះដំរិះរបស់ព្រះគឺ :
(១) ព្រះអង្គមានព្រះដំរិះយ៉ាងឥតខ្ចោះ ហើយការយល់ដឹងរបស់ទ្រង់គ្មានដែនកំណត់ឡើយ។
(២) ព្រះអង្គជ្រាបស្គាល់គ្រប់យ៉ាងអំពីចក្រវាឡ ដែលទ្រង់បានបង្កើត។
(៣) ព្រះអង្គជ្រាបដឹងពីចិត្ត គំនិត ផែនការ ពាក្យសំដី ហើយសកម្មភាពរបស់មនុស្សគ្រប់គ្នា។
(៤) ព្រះអង្គមានចំនេះជ្រាបដឹងយ៉ាងឥតខ្ចោះអំពីគ្រប់អ្វីៗទាំងអស់ - អតីតកាល បច្ចុប្បន្ន និង អនាគត។
បញ្ចប់ដោយការអធិស្ឋាន
---------------------------------------------------------------------------------------------------------
កំណត់ត្រារបស់គ្រូទី ៨ : ចូរសួរថា តើលោកអ្នកមានលក្ខណៈយ៉ាងណា ក្នុងការដឹងពីអ្វីៗទាំងអស់? តើនេះ គឺជាសមាសភាពមួយ ដែលលោកអ្នកចង់មានដែរ ឬទេ? ហេតុអ្វីចង់មាន ឬ ហេតុអ្វីអត់ចង់មាន?




