
មេរៀនទី ៥៖ ព្រះជាម្ចាស់ទ្រង់ជាព្រះគុណ
សង្ខេប៖ សួរ៖ តើមានអ្វីមួយដែលអ្នកនៅចាំបានកាលពីមេរៀនមុន?
កាលពីមេរៀនមុនយើងបានឃើញពីការមេត្តាករុណារបស់ព្រះជាម្ចាស់ដែលមានន័យថាយើងមិនចាំបាច់ទទួលការកាត់ទោស និងការដាក់ទ័ណ្ឌកម្មដែលយើងសមនឹងទទួលឡើយ។ នេះពិតជាអស្ចារ្យណាស់! យ៉ាងណាមិញ ព្រះគុណរបស់ព្រះពិតជាអស្ចារ្យខ្លាំងជាងនោះទៅទៀត។ ព្រះគុណមានន័យថាយើងទទួលបានព្រះពរដែលយើងមិនសមនឹងទទួល។ នៅពេលដែលព្រះជាម្ចាស់មិនកាត់ទោស និងដាក់ទ័ណ្ឌកម្មដល់យើង នេះគឺជាការមេត្តាករុណា។ នៅពេលព្រះជាម្ចាស់ប្រទានឲ្យយើងនូវការសង្គ្រោះ និងជីវិតអស់កល្បជានិច្ច - នេះគឺជាព្រះគុណ!
(១) ព្រះជាម្ចាស់ទ្រង់ជាព្រះគុណ
ពាក្យជាភាសាហេប្រឺសម្រាប់ពាក្យ “ព្រះគុណ” חָנַן (អានថា “ហា-នូន”) សំដៅទៅលើការងាកទៅរក ឬឈោងទៅរកមនុស្សដើម្បីផ្តល់ឲ្យនូវព្រះពរ និងអំណោយ។ ដោយសារព្រះជាម្ចាស់ទ្រង់ប្រកបដោយ ព្រះគុណ ហេតុដូច្នេះហើយបានជាទ្រង់ប្រទានពរចំពោះមនុស្ស។
ជនគណនា ៦:២៤-២៦
សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបានសេចក្ដីសុខ
ទំនុកដំកើង ៦៧:១-២
សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ
ហើយប្រទានពរផង
សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់យើងខ្ញុំ។ –បង្អង់
ដើម្បីឲ្យមនុស្សលោកបានស្គាល់ផ្លូវរបស់ទ្រង់
ហើយឲ្យអស់ទាំងសាសន៍ដទៃបានស្គាល់សេចក្ដី
សង្គ្រោះរបស់ទ្រង់ដែរ
សូមចាំថាព្រះភ័ក្ររបស់ព្រះជាម្ចាស់តំណាងឲ្យព្រះវត្តមាន និងការសព្វព្រះហឫទ័យរបស់ទ្រង់។ នៅពេលដែលព្រះភ័ក្រទ្រង់ “ចែងចាំងមកលើយើង” នេះមានន័យថាទ្រង់ពោរពេញដោយព្រះគុណ សម្រាប់យើង ហើយប្រទានពរដល់យើង។ ព្រះគុណគឺជាអ្វីដែលព្រះជាម្ចាស់ទ្រង់ធ្វើចំពោះមនុស្ស មិនមែនទៅតាមអ្វីដែលគេរកបាន ឬសមនឹងទទួលឡើយ បុន្តែស្របតាមព្រះទ័យសប្បុរស និងសទ្ធាជ្រះថ្លារបស់ទ្រង់វិញ។
ព្រះគុណគឺជាអ្វីដែលព្រះជាម្ចាស់ប្រព្រឹត្តិចំពោះមនុស្ស
ស្របតាមព្រះទ័យសប្បុរស និងសទ្ធាជ្រះថ្លារបស់ទ្រង់វិញ។
ព្រះជាម្ចាស់ទ្រង់ជាព្រះគុណ។ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថាព្រះពររបស់ព្រះជាម្ចាស់ទាំងអស់សម្រាប់ យើងគឺដោយព្រះគុណ។ ព្រះពររបស់ទ្រង់គឺដោយសារទ្រង់ជានរណា មិនមែនដោយសារតែអ្វីដែលយើងធ្វើ នោះទេ។ អំណោយទាននៃព្រះគុណរបស់ទ្រង់រួមទាំងការសង្គ្រោះរបស់យើង ព្រះពរខាងវិញ្ញាណទាំងអស់ ដែលមកជាមួយនឹងការសង្គ្រោះ និងព្រះចេស្តារដែលធ្វើឲ្យយើងអាចរស់នៅក្នុងជីវិតជាគ្រីស្ទាន។
(២) ព្រះគុណរបស់ព្រះជាម្ចាស់នៅក្នុងការសង្គ្រោះ
ការសង្គ្រោះគឺពីព្រះជាម្ចាស់ដោយសារព្រះគុណទាំងស្រុង។ រាល់ទិដ្ឋភាពទាំងឡាយនៃការសង្គ្រោះគឺជា កិច្ចការបស់ព្រះជាម្ចាស់ដោយសារព្រះគុណ ហើយមិនមែនដោយសារការខិតខំផ្ទាល់ខ្លួនរបស់យើងឡើយ។
២ ធីម៉ូថេ ១:៩-១០
ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះ នឹងព្រះគុណនៃទ្រង់វិញ ដែលបានផ្តល់មកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនអស់ទាំងកល្ប តែឥឡូវនេះ ទើបនឹងសំដែងមក ដោយដំណើរព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ទ្រង់លេចមក ដែលទ្រង់បានបំផ្លាញសេចក្ដីស្លាប់ ហើយបានយកជីវិត នឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ។
ព្រះជាម្ចាស់បានសង្គ្រោះយើងដោយសារតែព្រះគុណរបស់ទ្រង់។ វាមិនមែនដោយសារតែការខិតខំរបស់ យើងទេ ឬអ្វីៗដែលយើងធ្វើនោះទេ។ ព្រះគុណបានប្រទានមកតាមរយៈអង្គព្រះគ្រីស្ទយេស៊ូវ “មុនអស់ទាំង កល្ប” នោះគឺមុនកំណើតលោកីយ៍នេះផង។ ក្នុងចំណោមពួកយើងគ្មាននរណាម្នាក់បាននៅកន្លែងនោះទេ តាំងពីមុនមកដើម្បីធ្វើអ្វីឲ្យមានឥទ្ធិពលលើការសម្រេចចិត្តរបស់ព្រះជាម្ចាស់ទេ។ ជំនួសមកវិញ ការសង្គ្រោះរបស់យើងគឺ “ដោយដំរិះ និងព្រះគុណនៃទ្រង់”។
អេភេសូរ ២:៨-៩
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើត ពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ 9ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន
រ៉ូម ១១:៦
ហើយបើសិនជាដោយសារព្រះគុណពិត នោះមិនមែនដោយអាងការប្រព្រឹត្តទៀតទេ ពុំនោះ ព្រះគុណមិនមែនជា ព្រះគុណទៀត តែបើដោយអាងការប្រព្រឹត្តមែន នោះមិនមែនដោយព្រះគុណទៀត ពុំនោះ ការប្រព្រឹត្តមិនមែនការប្រព្រឹត្តទៀតទេ។
យើងទទួលបានការសង្គ្រោះដោយសារព្រះគុណរបស់ព្រះ មិនមែនដោយការប្រព្រឹត្តិរបស់យើងទេ។ ព្រះគុណ ជំនឿ និងការសង្គ្រោះដែលយើងមានមិនមេនមកពីខ្លួនយើងនោះទេ ទាំងអស់គឺមកពីអំណោយ ទានរបស់ព្រះជាម្ចាស់វិញ។ នេះគឺជាដំណឹងល្អ។ ដំណឹងល្អគឺជា “ព្រះបន្ទូលនៃព្រះគុណទ្រង់” (កិច្ចការ ១៤:៣, ២០:៣២)។ វាគឺជា “ដំណឹងល្អនៃព្រះគុណព្រះ” (កិច្ចការ ២០:២៤) ហើយដើម្បីទទួលដំណឹងល្អ គឺត្រូវស្គាល់ “ព្រះគុណនៃព្រះជាប្រាកដ” (កូល៉ុស ១:៦)។
កូល៉ុស ១:៥-៦
គឺអរព្រះគុណដោយព្រោះសេចក្ដីសង្ឃឹម ដែលបំរុងទុកឲ្យអ្នករាល់គ្នា នៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹម ដែលអ្នករាល់គ្នាបានឮនិយាយ ក្នុងព្រះបន្ទូលដ៏ពិតនៃដំណឹងល្អ ដែលបានផ្សាយមកដល់អ្នករាល់គ្នាហើយ ដូចជាដល់លោកីយទាំងមូលដែរ ក៏កំពុងតែបង្កើតផល ហើយចំរើនឡើង ដូចក្នុងពួកអ្នករាល់គ្នា ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណនៃព្រះជាប្រាកដ។
ការសិក្សាព្រះគម្ពីរ៖ អេភេសូ ២:៤-១០
អាន៖ អេភេសូ ២:៤-១០ និងសរសេរពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់យើង៖
ខ ៥ ទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ
ខ ៦ ទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ
ខ ៨ ដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ
តើយើងបានធ្វើអ្វីខ្លះដើម្បីទទួលបានចំណុចទាំងនេះ? សូមមើល ខ៨។
គ្មានទេ។ ទាំងអស់គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់។
តើហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើដូច្នេះសម្រាប់យើង? សូមមើល ខ ៤ និង ខ ៧។
ព្រះដែលទ្រង់មានសេចក្ដីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្ដីស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា (ខ៤),
ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ (ខ៧).
យើងឃើញថាការសង្គ្រោះរបស់យើងគឺដោយសារសេចក្តីស្រឡាញ់ ការមេត្តាករុណា និងព្រះគុណរបស់ព្រះ ហើយមិនមែនដោយសារការប្រព្រឹត្តិរបស់យើងទេ។ តើគ្រីស្ទានធ្វើកិច្ចការល្អដែរទេ? ពិតជាធ្វើ! “យើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អដែលព្រះបានរៀបចំជាមុនឲ្យយើងរាល់គ្នាប្រព្រឹត្តតាម” (ខ១០)។ ប៉ុន្តែការល្អទាំងនេះមិនមែនជាហេតុផលដែលយើងទទួលបាន ការសង្គ្រោះនោះទេ។ យើងទទួលបានការសង្គ្រោះដោយសារព្រះគុណ។ ការល្អដែលយើងធ្វើបានមកបន្ទាប់ពីយើងបានសង្គ្រោះ។ ហេតុដូច្នេះ ការល្អគឺជាលទ្ធផល (មិនមែនជាមូលហេតុ) នៃការសង្គ្រោះរបស់យើងទេ។
ពិភាក្សា៖ តើអ្វីជាសារៈសំខាន់នៃការពិតដែលថាការសង្គ្រោះគឺបានមកពីព្រះគុណរបស់ព្រះទាំងស្រុង? តើហេតុអ្វីបានជាមនុស្សជាច្រើនពិបាកទទួលយកចំណុចនេះ?
អំណួតមនុស្សធ្វើឲ្យមនុស្សគិតថាពួកគេអាចសម្រេច បង្ករហេតុ ឬចូលរួមនៅក្នុងការសង្គ្រោះរបស់ពួកគេ។ បន្ទាប់មកពួកគេអាចអួតអំពីការសង្គ្រោះរបស់ពួកគេ។ ប៉ុន្តែប្រសិនបើយើងគិតដូច្នេះ យើងបរាជ័យក្នុង ការថ្វាយសិរីរុងរឿងទាំងអស់ដល់ព្រះ ដែលទ្រង់សមនឹងទទួលបានសម្រាប់ការសម្រេចបាននូវការសង្គ្រោះ របស់យើង។ នៅពេលដែលយើងយល់ដឹងអំពីដំណឹងល្អនៃព្រះគុណ យើងនឹងរស់នៅដោយអំណរ ដឹងគុណ ស្រឡាញ់ និងស្តាប់បង្គាប់ចំពោះព្រះជាម្ចាស់ដែលបានសង្គ្រោះយើង។ ការធ្វើដូច្នេះគឺយើងថ្វាយសិរីល្អដល់ទ្រង់។
គួរឲ្យកត់សម្គាល់ផងដែរ សេចក្តីសង្គ្រោះគឺគ្រាន់តែជាចំណុចចាប់ផ្តើមនៃផែនការរបស់ព្រះជាម្ចាស់ សម្រាប់យើងតែប៉ុណ្ណោះ។ ព្រះទ្រង់សង្គ្រោះយើង “ដើម្បីឲ្យទ្រង់បានសំដែង ឲ្យអស់ទាំងកល្បខាងមុខ បានឃើញព្រះគុណ ដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ” (ខ៧)! ព្រះជាម្ចាស់តែងតែប្រព្រឹត្តិចំពោះយើងដោយព្រះគុណរបស់ទ្រង់ ហើយនឹងបន្តបង្ហាញយើងពីភាពសម្បូរ បែប ពីវាដ៏នៅអស់កល្បជានិច្ច។
(៣) ព្រះគុណរបស់ព្រះដើម្បីឲ្យរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ
យើងមិនគ្រាន់តែទទួលបានការសង្គ្រោះដោយព្រះគុណប៉ុណ្ណោះទេ ប៉ុន្តែការដើរក្នុងជីវិតជាគ្រីស្ទានទាំងស្រុងរបស់យើងក៏ដោយព្រះគុណដែរ។ អ្វីៗដែលយើងត្រូវការសម្រាប់រស់នៅជីវិតជាគ្រីស្ទបរិស័ទត្រូវបានប្រទានមកឲ្យយើងដោយសារព្រះគុណរបស់ព្រះជាម្ចាស់។
ព្រះពរខាងវិញ្ញាណគ្រប់យ៉ាងគឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់
អេភេសូរ ១:៣-៨
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្ដីស្រឡាញ់ ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់ ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់ ដែលបានផ្តល់មកយើងជាបរិបូរ ដោយនូវប្រាជ្ញា នឹងដំរិះសព្វគ្រប់ តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្ដីស្រឡាញ់
ប្រសិនបើអ្នកនៅក្នុងព្រះគ្រីស្ទ អ្នកត្រូវបានជ្រើសរើស យកជាកូនចិញ្ចឹម ប្រោសលោះ និងអត់ឱនទោស ហើយទាំងអស់នេះគឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានជ្រើសរើសអ្នកតាំងពីមុន កំណើតលោកីយ៍មកម្លេះដោយភាពបរិសុទ្ធ និងឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់។ ទ្រង់ធ្វើដូច្នេះ ដោយសារទ្រង់ បានសម្រេចចិត្តយកអ្នកធ្វើជាកូនចិញ្ចឹមនៅក្នុងគ្រួសាររបស់ទ្រង់។ ពេលអ្នកធ្លាក់ចូលទៅ ក្នុងអំពើបាប ដូចដែលព្រះទ្រង់ជ្រាបស្រាប់ ទ្រង់បានប្រោសលោះអ្នក - (នោះគឺ ទ្រង់បានទិញអ្នកចេញ ពីភាពជាទាសករនៃអំពើបាប) ដោយបង់ថ្លៃតាមរយៈព្រះលោហិតនៃព្រះរាជបុត្រារបស់ទ្រង់ផ្ទាល់។ ឥឡូវនេះ អ្នកទទួលការអត់ទោសពីអំពើបាប។ ទាំងអស់នេះគឺដោយសារតែ ព្រះគុណរបស់ទ្រង់។ ការជ្រើសរើស និងការទទួលយកធ្វើជាកូនចិញ្ចឹមរបស់ព្រះគឺ “ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តម របស់ទ្រង់”។ ការប្រោសលោះ និងការអត់ឱនទោសរបស់យើងគឺ “តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”។ ហាលេលូយ៉ា!
-
ការប្រែចិត្ត និងជំនឿគឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់
កិច្ចការ ១១:២១-២៣
ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានសេចក្ដីជំនឿ រឿងនោះបានឮដល់ត្រចៀកពួកជំនុំនៅក្រុងយេរូសាឡិម រួចគេចាត់បាណាបាស ឲ្យទៅត្រឹមអាន់ទីយ៉ូក កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្ដីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់
លោកបាណាបាស “បានឃើញព្រះគុណនៃព្រះ”។ តើគាត់មើលឃើញអ្វី? គាត់បានឃើញចំនួនមនុស្សដ៏ ច្រើនដែលបានជឿ និងបែរមករកព្រះជាម្ចាស់។ លោកបាណាបាសបានដឹងថាការនេះកើតឡើងបាន ដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ យើងមើលឃើញព្រះគុណរបស់ព្រះដោយសារតែ ឥទ្ធិពល ដែលកើតមានឡើងនៅក្នុងជីវិតរបស់មនុស្សម្នាក់។ ការបែរមករកព្រះជាម្ចាស់ (ដែលជាការប្រែចិត្ត) និងជឿ ព្រមទាំងជំនឿលើព្រះជាម្ចាស់គឺជាលទ្ធផលនៃ ព្រះគុណរបស់ព្រះដែលធ្វើការនៅក្នុងជីវិតរបស់ មនុស្សម្នាក់ ។
-
ការត្រាស់ហៅ និងព័ន្ធកិច្ចរបស់យើងគឺដោយសារព្រះគុណរបស់ព្រះ
បន្ទាប់ពីយើងទទួលបានការសង្គ្រោះដោយសារព្រះគុណ យើងបានរកឃើញការត្រាស់ហៅ និងព័ន្ធកិច្ច របស់យើងដែលវាក៏ដោយសារព្រះគុណផងដែរ។ វាគឺដោយសារព្រះគុណដែលយើងជាអ្វីដែលយើងជា ហើយអាចធ្វើអ្វីដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យ យើងធ្វើបាន។
អេភេសូរ ២:១០
ដ្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។
ការងារល្អដែលយើងធ្វើត្រូវបានរៀបចំជាមុនដោយព្រះជាម្ចាស់។ លើសពីនេះ ការងារល្អដែលសម្រេចបានដោយសារព្រះគុណរបស់ព្រះជាម្ចាស់ដែលធ្វើការនៅក្នុងយើង។
១ កូរិនថូស ១៥:១០
ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ។
ព្រះគុណធ្វើការ! ព្រះជាម្ចាស់បានសង្គ្រោះលោកប៉ូលដោយព្រះគុណ ហើយបន្ទាប់មក ព្រះជាម្ចាស់ បានប្រទានកម្លាំងដល់គាត់ដោយព្រះគុណដើម្បីធ្វើការងាររបស់ទ្រង់។ ព្រះគុណគឺជាអំណាចរបស់ ព្រះជាម្ចាស់ ដែលធ្វើការនៅក្នុងអ្នកជឿ។ ទ្រង់ប្រទានព្រះគុណមកដើម្បីធ្វើឲ្យយើងអាចធ្វើតាម ព្រះហឫទ័យទ្រ ង់ដោយជោគជ័យ។ ហេតុដូច្នេះ វាគឺដោយសារព្រះគុណដែលទ្រង់បានសម្រេច តាមបំណងព្រះហឫទ័យដ៏ ល្អរបស់ទ្រង់នៅក្នុងជីវិតរបស់យើង។
២ កូរិនថូស ៩:៨
ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណ បានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើង ខាងឯការល្អគ្រប់ជំពូក។
នៅពេលដែលព្រះគុណបានចំរើនដល់យើង យើងចំរើនឡើងខាងឯការល្អគ្រប់ជំពូក! សូមសម្គាល់ថាព្រះជាម្ចាស់ប្រទានឲ្យយើងនូវ “គ្រប់ទាំងព្រះគុណ” ដើម្បីឲ្យយើងមានគ្រប់គ្រាន់នៅក្នុ ងគ្រប់ការទាំងអស់គ្រប់ពេលវេលា។ នេះមានន័យថាយើងមានព្រះគុណគ្រប់គ្រាន់ដើម្បីជួយយើង រាល់កាលៈទេសៈទាំងអស់នៅក្នុងជីវិត។
១ ពេត្រុស ៤:១០
គឺដោយខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ នៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ។
ទំនុកដំកើង ៨៦:១៦ក
ឱសូមវិលមកឯទូលបង្គំវិញ
ហើយអាណិតមេត្តាដល់ទូលបង្គំផង
សូមប្រទានកំឡាំងរបស់ទ្រង់ មកទូលបង្គំជាអ្នកបំរើទ្រង់
អំណោយទានខាងវិញ្ញាណរបស់យើងគឺដោយសារព្រះគុណរបស់ព្រះ ហើយកម្លាំងរបស់យើងក្នុងការបម្រើគឺដោយសារព្រះគុណរបស់ព្រះ។
កិច្ចការ ៤:៣២-៣៣
ឯមនុស្សទាំងហ្វូងដែលបានជឿ គេក៏មានចិត្តមានគំនិតតែ១ គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ផងខ្លួននោះទេ គឺគ្រប់របស់ទាំងប៉ុន្មាន ជារបស់សំរាប់ប្រើជាមួយគ្នាទាំងអស់ 33ពួកសាវកក៏ធ្វើបន្ទាល់ ដោយព្រះចេស្តាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណជាធំ សណ្ឋិតលើគេទាំងអស់គ្នាដែរ
ការរួបរួមគ្នាក្នុងចំណោមអ្នកជឿ និងព្រះចេស្តារដ៏អស្ចារ្យសម្រាប់ការផ្សាយដំណឹងល្អទាំងអស់គឺ ដោយសារព្រះគុណរបស់ព្រះ។
-
សមត្ថភាពក្នុងការរស់នៅក្នុងជីវិតដែលបរិសុទ្ធ (ជាមួយជ័យជំនះលើអំពើបាប) គឺដោយសារព្រះគុណរបស់ព្រះ។
មនុស្សមួយចំនួនមានការព្រួយបារម្ភអំពីការសង្កត់ធ្ងន់លើព្រះគុណនៅក្នុងព្រះគម្ពីរ។ ពួកគេគិតថាប្រសិនបើ អ្នកប្រាប់មនុស្សថាការសង្គ្រោះកើតឡើងដោយសារព្រះគុណតែមួយមុខ មិនមែនដោយការប្រព្រឹត្ដទេ នោះពួកគេនឹងឈប់ព្យាយាមរស់នៅក្នុងជីវិតដែលមានសីលធម៌ល្អ។ ទោះជាយ៉ាងណា ព្រះគុណរបស់ព្រះ ដែលសង្គ្រោះមនុស្សម្នាក់ចេញពីអំពើបាបរបស់គាត់ ក៏បង្ហាត់បង្រៀនគាត់ឲ្យមានជ័យជំនះលើអំពើបាបដែរ។
ទីតុស ២:១១-១៤
ព្រះគុណនៃព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្ដីទមិលល្មើស នឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ នឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ
ព្រះគុណរបស់ព្រះ “ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្ដីទមិលល្មើស នឹងសេចក្ដីប៉ងប្រាថ្នា ក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរព ប្រតិបត្តិដល់ព្រះវិញ”។ ឥទ្ធិពលនៃការទទួលបានព្រះគុណរបស់ព្រះនៅក្នុងជីវិតរបស់ អ្នកគឺថាអ្នកចាប់ផ្តើមយកឈ្នះទៅលើអំពើបាប ហើយត្រូវបានបន្សុត និងខ្នះខ្នែងសម្រាប់ការល្អ។ ហេតុដូច្នេះ លទ្ធផលនៃការទទួលបានព្រះគុណគឺជាជីវភាពដែលបរិសុទ្ធ។
២ កូរិនថូស ១:១២
ដ្បិតសេចក្ដីអំនួតរបស់យើងខ្ញុំ នោះគឺជាសេចក្ដីបន្ទាល់របស់បញ្ញាចិត្តយើងខ្ញុំ ដែលសំដែងថា យើងខ្ញុំបានប្រព្រឹត្តក្នុងលោកីយនេះ ហើយដល់អ្នករាល់គ្នាលើសទៅទៀត ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណនៃព្រះវិញ។
រ៉ូម ៥:១៧
ដ្បិតបើសិនជាសេចក្ដីស្លាប់បានសោយរាជ្យ ដោយសារមនុស្សតែម្នាក់ ដោយព្រោះម្នាក់នោះឯងបានប្រព្រឹត្តសេចក្ដីរំលង ដូច្នេះ ប្រាកដជាពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ នឹងអំណោយទានជាសេចក្ដីសុចរិត នោះនឹងបានសោយរាជ្យក្នុងជីវិតលើសទៅទៀត ដោយសារតែម្នាក់ដែរ គឺជាព្រះយេស៊ូវគ្រីស្ទ។
ព្រះគុណរបស់ព្រះធ្វើឲ្យយើងអាចប្រព្រឹត្តិប្រកប "ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីស្មោះត្រង់របស់ព្រះ" ហើយនឹងសោយរាជ្យនៅក្នុងជីវិត ជាជាងការរស់នៅធ្វើជាទាសករនៃអំពើបាប។
សង្ខេប
ពាក្យថា “ព្រះគុណ” ពិពណ៌នាអំពីសកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ទៅកាន់អ្នកជឿ។ រាល់ជំហាន នីមួយៗ នៃផែនការរបស់ព្រះជាម្ចាស់សម្រាប់ការសង្គ្រោះរបស់អ្នកគឺសម្រេចបានដោយសារព្រះគុណ របស់ទ្រង់។ ដោយព្រះគុណ ព្រះជាម្ចាស់បានជ្រើសរើសអ្នកនៅក្នុងព្រះគ្រីស្ទតាំងពីមុនកំណើតលោកីយ៍ និងទទួលអ្នកធ្វើជាកូនចិញ្ចឹម (អេភេសូរ ១:៤-៦)។ ដោយព្រះគុណទ្រង់បានត្រាស់ហៅអ្នកដោយសារ ដំណឹងល្អនៃព្រះគុណ (២ ធីម៉ូថេ ១:៩)។ ដោយព្រះគុណទ្រង់បានប្រទានឲ្យអ្នកនូវការប្រែចិត្ត និងជំនឿ (កិច្ចការ ១៨:២៧)។ ដោយព្រះគុណទ្រង់បានធ្វើឲ្យអ្នកមានជីវិតនៅក្នុងព្រះគ្រីស្ទ (អេភេសូរ ២:៥)។ ដោយព្រះគុណទ្រង់បានសង្គ្រោះអ្នក (អេភេសូរ ២:៨)។ ដោយព្រះគុណទ្រង់បានប្រោសលោះអ្នក និងអត់ឱនទោសអំពើបាបរបស់អ្នក (អេភេសូរ ១:៧)។ ដោយព្រះគុណទ្រង់ទ្រង់បានរាប់អ្នកជាសុចរិត (ទីតុស ៣:៧) ដោយព្រះគុណទ្រង់កំពុងញែកអ្នកជាបរិសុទ្ធ និងជួយអ្នកឲ្យមានជ័យជំនះលើអំពើបាប (១ ថែស្សាឡូនីច ៥:២៣) និងដោយព្រះគុណទ្រង់នឹងលើកតម្កើងអ្នកឡើង (រ៉ូម ៥:២, ៨:៣០)។ នៅពេលអ្នកឈរ នៅចំពោះ ព្រះជាម្ចាស់នៅឯនគរស្ថានសួគ៌ក្នុងនាមជាបុត្រដ៏វិសុទ្ធ និងឥតបន្ទោសបានដែលមានជីវិតអស់ កល្បជានិច្ច នៅក្នុងនគររបស់ទ្រង់ អ្នកនឹងដឹងថាទាំងអស់គឺដោយសារព្រះគុណរបស់ព្រះ និងសរសើរ តម្កើងទ្រង់ពី ព្រះគុណដ៏អស្ចារ្យរបស់ទ្រង់!
សូមចំណាយពេលខ្លះឥឡូវនេះដើម្បីអរព្រះគុណព្រះសម្រាប់ព្រះគុណទ្រង់នៅក្នុងជីវិតរបស់អ្នក។ *
អធិស្ឋានសុំពរបញ្ចប់
សូមឲ្យព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងព្រះដ៏ជាព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង ព្រមទាំងប្រទានឲ្យមានសេចក្ដីកំសាន្តអស់កល្បជានិច្ច នឹងសេចក្ដីសង្ឃឹមយ៉ាងល្អ ដោយព្រះគុណទ្រង់ បានកំសាន្តចិត្តអ្នករាល់គ្នាដែរ ហើយតាំងឲ្យអ្នករាល់គ្នាបានមាំមួនឡើង ក្នុងគ្រប់ទាំងការ នឹងពាក្យសំដីដ៏ល្អផង។ (២ ថែស្សាឡូនីច ២:១៦-១៧)
ចំណុចគន្លឹះ
(១) ព្រះជាម្ចាស់ទ្រង់ជាព្រះគុណ។ ព្រះគុណគឺជាព្រះហឫទ័យចេតនារបស់ព្រះជាម្ចាស់ ក្នុងការប្រព្រឹត្តិចំពោះមនុស្ស មិនមែនដោយសារតែអ្វីដែលពួកគេរកបាន ឬសមនឹងទទួលឡើយ បុន្តែស្របតាមព្រះទ័យសប្បុរស និងសទ្ធាជ្រះថ្លារបស់ទ្រង់វិញ។
(២) រាល់ព្រះពរនីមួយៗរបស់ព្រះជាម្ចាស់គឺដោយសារព្រះគុណទ្រង់។ ព្រះជាម្ចាស់សង្គ្រោះមនុស្សដោយសារព្រះគុណតាមរយៈសេចក្តីជំនឿនៅក្នុងព្រះគ្រីស្ទ និងមិនមេនដោយសារកិច្ចការដែលគេធ្វើឡើយ។ បន្ទាប់មក គឺដោយសារព្រះគុណដេលទ្រង់ ធ្វើឲ្យយើងអាចរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទដោយជោគជ័យ។
* កំណត់សម្គាល់របគ្រូ #១ ចាក់បទចម្រៀង “ព្រះគុណអស្ចារ្យ”។




