
មេរៀនទី ៧: ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់
ព្រះគម្ពីរប្រាប់ និងបង្ហាញយើងថាព្រះជាម្ចាស់ទ្រង់ស្មោះត្រង់។
១ កូរិនថូស ១:៩
ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះទ្រង់ស្មោះត្រង់។
ទំនុកដំកើង ៣៣:៤
ដ្បិតព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ
ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ
ទំនុកដំកើង ១១៧:១-២ (គកស១៦)
ជាតិសាសន៍ទាំងឡាយអើយ
ចូរសរសីរតម្កើងព្រះយេហូវ៉ា!
ប្រជាជនទាំងប៉ុន្មានអើយ
ចូរលើកតម្កើងព្រះអង្គ!
ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ចំពោះយើង ធំធេងណាស់
ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះយេហូវ៉ា
ស្ថិតស្ថេរអស់កល្បជានិច្ច។
ហាលេលូយ៉ា !
ទំនុកដំកើង ១១៩:៩០
សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅ
គ្រប់ទាំងដំណមនុស្សតទៅ
ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់
ទំនុកដំកើង ៣៦:៥
ឱព្រះយេហូវ៉ាអើយ សេចក្ដីសប្បុរសនៃទ្រង់ខ្ពស់
ដល់ផ្ទៃមេឃ
សេចក្ដីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង
ទំនុកដំកើង ៨៩:៨
ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ
តើមានអ្នកណាខ្លាំងពូកែដូចជាទ្រង់
ឱព្រះយេហូវ៉ាអើយ សេចក្ដីស្មោះត្រង់របស់ទ្រង់
ក៏នៅព័ទ្ធជុំវិញទ្រង់
សូមបំពេញប្រយោគខាងក្រោម។
-
បណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់
-
សេចក្ដីស្មោះត្រង់នៃទ្រង់ក៏ខ្ពស់ដល់ពពក
-
សេចក្ដីស្មោះត្រង់របស់ទ្រង់ក៏នៅព័ទ្ធជុំវិញទ្រង់
-
សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅ គ្រប់ទាំងដំណមនុស្សតទៅ
-
ព្រះហឫទ័យស្មោះត្រង់របស់ព្រះ ស្ថិតស្ថេរអស់កល្បជានិច្ច។
រឿងនេះប្រាប់យើងថានៅគ្រប់ការទាំងអស់ គ្រប់ទីកន្លែងទាំងអស់ និងគ្រប់ពេលវេលាទាំងអស់ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់។ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់ចំពោះរាល់កិច្ចការទាំងអស់ដែលទ្រង់ធ្វើ។
តើ “ការស្មោះត្រង់” មានន័យដូចម្តេច?
ពាក្យជាភាសាហេប្រឺបកប្រែ “ស្មោះត្រង់” គឺ אֶמֶת (អានថា អេមេត)។ វាមានន័យថា គួរឲ្យទុកចិត្តបាន មានស្ថេរភាព និងស្ម័គ្រស្មោះ។ សេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់គឺជាភាពស្មោះត្រង់ មិនប្រែប្រួលដ៏ ល្អឥតខ្ចោះ និងជាភាពជាប់លាប់របស់ទ្រង់ចំពោះរាល់កិច្ចការទាំងអស់ដែលទ្រង់ធ្វើ។ ព្រះជាម្ចាស់តែងតែ ស្មោះត្រង់នឹងព្រះបន្ទូលរបស់ទ្រង់ ផែនការរបស់ទ្រង់ និងប្រជារាស្ត្ររបស់ទ្រង់។
(២) ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់នឹងព្រះបន្ទូលរបស់ទ្រង់
ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់។ ដោយសារតែមូលហេតុនេះ ទ្រង់ធ្វើអ្វីៗគ្រប់យ៉ាងដែលទ្រង់មានព្រះបន្ទូលថា ទ្រង់នឹងធ្វើ។ ហេតុដូច្នេះ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថាទ្រង់នឹងធ្វើអ្វីម្យ៉ាង អ្នកអាចប្រកដថាទ្រង់ ច្បាស់ជានឹងធ្វើវាជាក់ជាមិនខាន។
ទំនុកដំកើង ១៤៥:១៣
រាជ្យទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច
ហើយអំណាចទ្រង់ក៏នៅ ដរាបដល់អស់ទាំងដំណតទៅ
ព្រះជាម្ចាស់រក្សាពាក្យសន្យារបស់ទ្រង់ ហើយមិនបំពានការតាំងសញ្ញារបស់ទ្រង់ទេ។
១ ពង្សាវតារក្សត្រ ៨:៥៦
សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលទ្រង់បានប្រទានសេចក្ដីសំរាក ដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ តាមគ្រប់ទាំងសេចក្ដី ដែលទ្រង់បានសន្យា ឥតមានខ្វះព្រះបន្ទូលណាមួយ ក្នុងគ្រប់សេចក្ដីល្អ ដែលទ្រង់បានសន្យា ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់នោះឡើយ
ចោទិយកថា ៧:៩
ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្ដីសញ្ញា ហើយនឹងសេចក្ដីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ហើយកាន់តាមបញ្ញត្តរបស់ទ្រង់
នៅក្នុងគម្ពីរសញ្ញាចាស់ យើងអានអំពីជីវិតរបស់លោកយ៉ូស្វេរ។ លោកយ៉ូស្វេរបានទទួលបទពិសោធន៍ នៃការលំបាកធ្វើជាទាសករនៅក្នុងប្រទេសអេសីព្ទ ហើយការរត់គេចដោយសារការអស្ចារ្យឆ្លងកាត់សមុទ្រ ក្រហម។ គាត់ស្ថិតនៅលើភ្នំនៅពេលដែលលោកម៉ូសេទទួលបានបញ្ញត្តិទាំងដប់ប្រការ។ គាត់គឺជាម្នាក់ នៅក្នុងចំណោមអ្នកស៊ើបការណ៍ទាំង ១២នាក់ដែលបានចូលទៅកាន់ទឹកដីសន្យា។ គាត់បានដើរនៅក្នុង ទីរហោស្ថានអស់រយៈពេល ៤០ឆ្នាំ ទទួលទាននំម៉ាណាដែលធ្លាក់មកពីស្ថានសួគ៌ ជារៀងរាល់ថ្ងៃ។ គាត់បានឃើញទឹកទន្លេយ័រដាន់ឈប់ហូរ ជញ្ជាំងទីក្រុងយេរីខូដួលរលំ ហើយព្រះអាទិត្យ នៅទ្រឹង ទាំងអស់គឺដោយសារការបង្គាប់របស់ព្រះជាម្ចាស់។ គាត់បាននាំជនជាតិអ៊ីស្រាអែលធ្វើសង្គ្រាម ហើយបានដឹកនាំពួកគេអស់រយៈកាលជាច្រើនឆ្នាំក្រោយមកក្នុងគ្រាសន្តិភាព។ មុនពេលគាត់ស្លាប់បន្តិច គាត់បានធ្វើទីបន្ទាល់ របស់គាត់ទៅកាន់ប្រជាជនអ៊ីស្រាអែល៖
យ៉ូស្វេ ២៣:១៤
មើល នៅថ្ងៃនេះ អញនឹងទៅតាមផ្លូវរបស់មនុស្សលោកទាំងអស់ ឯនៅក្នុងចិត្ត ហើយក្នុងវិញ្ញាណរបស់ឯង នោះក៏ដឹងទាំងអស់គ្នាថា ឯអស់ទាំងសេចក្ដីល្អដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានមានបន្ទូលសន្យាហើយ នោះគ្មានខ្វះណាមួយសោះ ទាំងអស់បានសំរេចគ្រប់ជំពូក ឥតមានខ្វះណាមួយឡើយ
ប្រសិនបើព្រះជាម្ចាស់បានសន្យាអ្វីម្យ៉ាងហើយ ទ្រង់នឹងធ្វើឲ្យវាកើតឡើង។ បើទោះបីជាមើលទៅហាក់បី ដូចជាមិនអាចទៅរួចក៏ដោយ ទ្រង់ធ្វើវាឲ្យកើតឡើង។ នៅគ្រានៃការបង្កើតព្រះជាម្ចាស់ទ្រង់មានបន្ទូល ហើយក៏កើតមានយ៉ាងដូច្នោះ។ រឿងរ៉ាវនេះនៅតែកើតមានសព្វថ្ងៃនេះ។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ មានព្រះបន្ទូលគឺច្បាស់ជាកើតឡើងដូចជាអ្វីដែលទ្រង់មានព្រះបន្ទូល។
ជនគណនា ២៣:១៩
ព្រះទ្រង់មិនមែនជាមនុស្ស ទ្រង់មិនចេះកុហកឡើយ ក៏មិនមែនជាកូនមនុស្សដែរ ទ្រង់មិនត្រូវការនឹងប្រែគំនិតទេ សេចក្ដីដែលទ្រង់មានវាចាហើយ តើទ្រង់មិនធ្វើតាមឬអី ឬសេចក្ដីដែលទ្រង់មានបន្ទូល តើមិនសំរេចតាមទេឬអី។
នាយប់មួយ ព្រះជាម្ចាស់បានប្រាប់ទៅលោកអាប់រ៉ាមឲ្យមើលទៅកាន់ហ្វូងផ្កាយ ហើយព្យាយាមរាប់វាចុះ។ បន្ទាប់មក ព្រះជាម្ចាស់បានសន្យានឹងគាត់ថា គាត់នឹងមានពូជពង្សច្រើនជាងគាត់អាចរាប់បាន។ នៅពេលនោះ លោកអាប់រ៉ាមមានអាយុ ៧៥ឆ្នាំ ហើយគ្មានកូននោះទេ។ វាហាក់ដូចជាមិនអាចទៅរួចទេ។ ប៉ុន្តែ គាត់ជឿលើ ព្រះ។ ថ្ងៃនេះ មាន ‘កូនៗរបស់អាប្រាហាំ’ រាប់លាននាក់ដែលជឿលើព្រះ ដូចជាគាត់ដែរ។ ព្រះជាម្ចាស់ទ្រង់ ស្មោះត្រង់នឹងពាក្យសន្យារបស់ទ្រង់ បើទោះបីជាមើលទៅហាក់បី ដូចជាមិនអាចសម្រាប់យើង ក៏ដោយ។
ពិចារណា៖
-
តើមានអ្វីដែលព្រះជាម្ចាស់សន្យាអ្នកថាអ្នកពិបាកជឿលើអ្វីដែលទ្រង់នឹងធ្វើ?
-
តើអ្វីដែលអ្នកជ្រើសរើសផ្តោត៖ ការលំបាកនៃពាក្យសន្យាដែលនឹងកើតឡើង ឬសេចក្តីស្មោះត្រង់ របស់ព្រះជាម្ចាស់?
ហេតុការណ៍ពិតដែលថាព្រះជាម្ចាស់ទ្រង់ស្មោះត្រង់នឹងព្រះបន្ទូលរបស់ទ្រង់គួរតែលើកទឹកចិត្តដល់អ្នកជឿឲ្យខំស្វែងរកការសន្យាទាំងអស់របស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទ្រង់។ ទាំងនេះរួមមានការសន្យាសម្រាប់ ការការពារ ការផ្គត់ផ្គង់ ការណែនាំ ប្រាជ្ញា កម្លាំង ការអត់ឱនទោស និងជីវិតអស់កល្បជានិច្ច។
ពិភាក្សា៖ តើការទុកចិត្តទៅលើការសន្យារបស់ព្រះជាម្ចាស់លើកទឹកចិត្តអ្នកយ៉ាងដូចម្តេចខ្លះនៅក្នុងជីវិត រស់នៅប្រចាំថ្ងៃរបស់អ្នក?
(២) ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់នឹងផែនការរបស់ទ្រង់
ព្រះជាម្ចាស់មានផែនការតាំងពីមុនកំណើតលោកីយ៍មកម្លេះ។ ឥឡូវនេះ ទ្រង់ធ្វើតាមផែនការទាំងនេះតាម ពេលវេលា។ ទ្រង់ស្មោះត្រង់ក្នុងការបញ្ចប់អ្វីៗគ្រប់យ៉ាងដែលទ្រង់បានចាប់ផ្តើម។
អេសាយ ២៥:១
ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងលើកដំកើងទ្រង់ឡើង ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ គឺជាការដែលបានគិតសំរេចនឹងធ្វើតាំងពីបុរាណមក ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ
ភីលីព ១:៦
ខ្ញុំជឿសេចក្ដីនេះជាយ៉ាងជាក់ថា ព្រះអង្គ ដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ
នៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមធ្វើការល្អ ទ្រង់ស្មោះត្រង់នឹងបញ្ចប់វា។ ហេតុដូច្នេះ យើងត្រូវដឹងអ្វីដែល ព្រះជាម្ចាស់ទ្រង់ប្តេជ្ញាក្នុងការធ្វើនៅក្នុងជីវិតរបស់យើង។ ខណៈពេលដែលអ្នកអានខគម្ពីរ ដូចខាងក្រោម យល់ស្របតាមអ្វីដព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបន្ទូល ហើយប្រកាសពីសេចក្តីពិត តាមចំណុចខាងក្រោមឲ្យបានឮៗ។
២ ថែស្សាឡូនីច ៣:៣
តែព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាឲ្យរួចពីសេចក្ដីអាក្រក់ផង
-
ព្រះអង្គអើយ ទ្រង់ស្មោះត្រង់។ ទ្រង់នឹងតាំងកូនឲ្យមាំមួនឡើង ហើយការពារកូនឲ្យរួចពីសេចក្ដីអាក្រក់
១ កូរិនថូស ១០:១៣
ដ្បិតគ្មានសេចក្ដីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្ដីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។
-
ព្រះអង្គអើយ ទ្រង់ស្មោះត្រង់។ ទ្រង់នឹងមិនឲ្យកូនកើតមានសេចក្តីល្បួង ហួសកំឡាំងកូនឡើយ។ ទ្រង់នឹងរៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យកូនអាចនឹងទ្រាំបាន។ * កំណត់សម្គាល់គ្រូ #១
១ យ៉ូហាន ១:៩
បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនឹងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង
-
ព្រះអង្គអើយ ទ្រង់ស្មោះត្រង់។ ទ្រង់អត់ឱនទោសបាបឲ្យកូន ហើយនឹងសំអាតកូន ពីគ្រប់អំពើទុច្ចរិត ទាំងអស់។ *កំណត់សម្គាល់គ្រូ #២
១ ថែស្សាឡូនីច ៥:២៣-២៤
សូមឲ្យព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាចេញជាបរិសុទ្ធសព្វគ្រប់ ហើយឲ្យទាំងព្រលឹងនឹងវិញ្ញាណ ហើយរូបកាយទាំងមូលបានបំរុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ។
-
ព្រះអង្គអើយ ទ្រង់ស្មោះត្រង់។ ទ្រង់នឹងញឹកកូនជាបរិសុទ្ធសព្វគ្រប់ ហើយឲ្យទាំងព្រលឹងនឹងវិញ្ញាណ ហើយរូបកាយទាំងមូលបានបំរុងទុកឥតសៅហ្មង ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់យាងមក។ * កំណត់សម្គាល់គ្រូ #៣
១ កូរិនថូស ១:៨-៩
ដែលទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ដរាបដល់ចុងបំផុត ឲ្យបានឥតកន្លែងបន្ទោសបាន ក្នុងថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះទ្រង់ស្មោះត្រង់។
-
ព្រះអង្គអើយ ទ្រង់ស្មោះត្រង់។ ទ្រង់នឹងតាំងកូនឲ្យខ្ជាប់ខ្ជួន ដរាបដល់ចុងបំផុត ឲ្យបានឥតកន្លែងបន្ទោសបាន ក្នុងថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
តើអ្វីគឺជាហេតុផលនៃទំនុកចិត្តរបស់យើងដែលថាព្រះជាម្ចាស់នឹងធ្វើគ្រប់កិច្ចការនេះ? ពីព្រោះនោះជាអ្វីដែល ទ្រង់មានព្រះបន្ទូលថាទ្រង់នឹងធ្វើវាតាមព្រះបន្ទូលទ្រង់! ព្រះជាម្ចាស់ប្រាប់យើងតាមរយៈព្រះបន្ទូល របស់ទ្រង់ថាទ្រង់នឹងធ្វើ។ ទំនុកចិត្តរបស់យើងគឺស្ថិតនៅក្នុងលក្ខណៈរបស់ព្រះជាម្ចាស់! រាល់ការសន្យាទាំង នេះត្រូវបានភ្ជាប់ទៅកាន់រឿងពិតដែលថាព្រះជាម្ចាស់ទ្រង់ស្មោះត្រង់។ ហេតុដូច្នេះ សេចក្តីសង្ឃឹមនៃជ័យជម្នះ របស់យើងលើអំពើបាប និងព្រះពរដ៏អស់កល្បជានិច្ចគឺស្ថិតនៅលើភាពស្មោះត្រង់របស់ព្រះជាម្ចាស់។
ហេព្រើរ ១០:២៣
ត្រូវឲ្យយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីបន្ទាល់របស់សេចក្ដីសង្ឃឹមនោះ ឥតរវើរវាយ ដ្បិតព្រះដែលបានសន្យានោះ ទ្រង់ស្មោះត្រង់
ពិភាក្សា៖ យើងដឹងថា ព្រះជាម្ចាស់នឹងសម្រេចបានតាមផែនការទាំងអស់របស់ទ្រង់។ តើការដឹងអំពីរឿងនេះជួយអ្នកឲ្យមានសេចក្ដីសុខសាន្ត ទោះជាមានបញ្ហាទាំងអស់ងនៅលើពិភពលោកនេះ យ៉ាងដូចម្ដេច?
(៣) ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់នឹងប្រជារាស្ត្ររបស់ទ្រង់
ពេលខ្លះ គ្រីស្ទានព្រួយបារម្ភអំពីថា អំពើបាបរបស់ពួកគេនឹងផ្លាស់ប្តូរសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ មកកាន់ពួកគេ។ យ៉ាងណាមិញ ព្រះគម្ពីរប្រាប់យើងថា ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់ បើទោះបីជា យើងមិនស្មោះត្រង់ក៏ដោយ។ ភាពមិនស្មោះត្រង់របស់យើងមិនបាន ធ្វើឲ្យព្រះជាម្ចាស់ក្លាយទៅជា មិនស្មោះត្រង់នោះឡើយ។
២ ធីម៉ូថេ ២:១៣
បើទុកជាយើងមិនស្មោះត្រង់ក៏ដោយ គង់តែទ្រង់នៅស្មោះត្រង់ដដែល ទ្រង់ធ្វើជាមិនស្គាល់ព្រះអង្គទ្រង់មិនបានទេ។
បរិទេវ ៣៖២២-២៣
គឺនឹកពីសេចក្ដីនេះថា កុំតែមានសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្ដីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់
ទំនុកដំកើង ១០០:៥
ពីព្រោះព្រះយេហូវ៉ាទ្រង់ល្អ
សេចក្ដីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច
ហើយសេចក្ដីស្មោះត្រង់របស់ទ្រង់
ក៏នៅអស់ទាំងដំណមនុស្សតទៅ។
តើហេតុអ្វីបានជាព្រះជាម្ចាស់ទ្រង់ស្មោះត្រង់នឹងយើងម្លេះ?
-
១ យ៉ូហាន ៣:១ យើងគឺជាកូនរបស់ព្រះជាម្ចាស់។
-
វិវរណៈ ១៩:៦-៩ យើងគឺជាកូនក្រមុំរបស់ព្រះគ្រីស្ទ។
-
១ កូរិនថូស ៦:១៩ យើងគឺជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏បរិសុទ្ធ។
* កំណត់សម្គាល់គ្រូ #៤
វាគឺដោយសារតែភាពស្មោះត្រង់របស់ព្រះជាម្ចាស់ទើបយើងអាចរីករាយនឹងទំនាក់ទំនងជាមួយទ្រង់ជារៀងរហូត។ ប្រសិនបើទំនាក់ទំនងនេះពឹងផ្អែកលើយើងវិញ យើងច្បាស់ជាបំផ្លាញវាដោយសារតែអំពើបាប និងចំណុច ខ្សោយរបស់យើងជាក់ជាមិនខាន។ ប៉ុន្តែយើងត្រូវបានថែរក្សា និងទ្រដោយព្រះជាម្ចាស់។ គ្មានអ្នកណាអាចនឹង ឆក់យកយើង ចេញពីព្រះហស្តរបស់ព្រះវរបិតាបានឡើយ ហើយក៏គ្មានអ្វីអាចនឹងពង្រាត់យើងចេញពី សេចក្ដីស្រឡាញ់របស់ព្រះបានដែរ។ សូមស្តាប់អំពីអ្វីដែលព្រះយេស៊ូវមានព្រះបន្ទូល៖
យ៉ូហាន ១០:២៧-២៩
ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់យកវាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ
* កំណត់សម្គាល់គ្រូ #៥
សាវ័កប៉ូលសរសេរថា៖
រ៉ូម ៨:៣៨-៣៩
ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី 39ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្តី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ។
សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើងគឺស្ថិតនៅក្នុងព្រះគ្រីស្ទយេស៊ូវដែលជាព្រះអម្ចាស់នៃយើង។ នៅពេលដែលយើងស្ថិតនៅក្នុងព្រះគ្រីស្ទ យើងតែងតែជាប់នៅក្នុងសេចក្តីស្រឡាញ់ជានិច្ច។ គ្មានអ្វីដែលអាច បំបែកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពីអស់អ្នកដែលស្ថិតនៅក្នុងព្រះគ្រីស្ទឡើយ។ ព្រះជាម្ចាស់បាន ជ្រើសរើសយើង និងស្រឡាញ់យើងចាប់តាំងពីមុនកំណើតផែនដីនេះទៅទៀត។ សេចក្តីស្រឡាញ់ដ៏អស់កល្ប ជានិច្ចនេះមានចំណុចចាប់ផ្តើម និងគ្មានទីបញ្ចប់ឡើយ។
ពិភាក្សា៖
-
តើមានន័យអ្វីខ្លះចំពោះយើងដែលព្រះមិនបោះបង់ចោលយើង?
-
តើមានន័យអ្វីខ្លះសម្រាប់យើងដែលគ្មានអ្វីអាចបំបែកចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងអង្គព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង? * កំណត់សម្គាល់គ្រូ #៦
ចំណុចគន្លឹះ
សេចក្តីសង្ខេបពីចំណុចគន្លឹះដែលព្រះគម្ពីរបង្រៀនយើងអំពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់គឺ៖
(១) ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់។ នេះមានន័យថាទ្រង់គួរឲ្យទុកចិត្តបាន មានស្ថេរភាព និងស្ម័គ្រស្មោះ។
(២) សេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់គឺជាភាពស្មោះត្រង់ដ៏ល្អឥតខ្ចោះ និងភាពជាប់លាប់របស់ទ្រង់ប្រកបដោយលក្ខណៈពិតប្រាកដតាមព្រះបន្ទូលរបស់ទ្រង់ ផែនការរបស់ទ្រង់ និងប្រជារាស្ត្ររបស់ទ្រង់។
(៣) ព្រះជាម្ចាស់ស្មោះត្រង់នឹងព្រះបន្ទូលរបស់ទ្រង់ ហើយនឹងធ្វើតាមអ្វីៗដែលទ្រង់មានព្រះបន្ទូល។
(៤) ព្រះជាម្ចាស់ស្មោះត្រង់នឹងផែនការណ៍របស់ទ្រង់ ហើយនឹងសម្រេចវាប្រកបដោយភាពជាក់លាក់ពិតប្រកដ។
(៤) ព្រះជាម្ចាស់ស្មោះត្រង់នឹងប្រជារាស្ត្ររបស់ទ្រង់ ហើយនឹងសម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេ។ ដោយសារតែភាពស្មោះត្រង់របស់ទ្រង់ យើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ជាព្រះវរបិតារបស់យើងដ៏អស់កល្បជានិច្ច។
តើអ្វីដែលមានតម្លៃបំផុតអ្នកររៀនបានអំពីព្រះជាម្ចាស់នៅក្នុងមេរៀនទាំងនេះ?
* កំណត់សម្គាល់គ្រូ #១
និយាយ៖ តើនេះមានន័យថាគ្រីស្ទាននឹងមិនដេលមានបរាជ័យក្នុងការតតាំងជាមួយនឹងសេចក្តីល្បួងមែនទេ? ទេ។ ប៉ុន្តែវាមានន័យថាព្រះជាម្ចាស់នឹងមិនអនុញ្ញាតិឲ្យយើងជួបនឹងសេចក្តីល្បួងដែលយើងមិនអាចនឹង តតាំងបានឡើយ។ ទ្រង់រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន ប្រសិនបើយើងជ្រើសរើសយក។ ប្រសិនបើយើងជ្រើសរើសយកផ្លូវនេះ យើងនឹងជោគជ័យទាស់នឹងការល្បួង។ ប្រសិនបើយើងមិនជ្រើសរើសយកផ្លូវនេះទេ យើងនឹងជំពប់ជាមួយនឹងអំពើបាប។ ប៉ុន្តែសូម្បីតែពេលនោះ ព្រះជាម្ចាស់នៅតែស្មោះត្រង់ជាមួយយើងជានិច្ច។
* កំណត់សម្គាល់គ្រូ #២
និយាយ៖ បើទោះបីជាយើងបរាជ័យក៏ដោយ ព្រះជាម្ចាស់បន្តស្មោះត្រង់នឹងយើង។ យើងមិនត្រូវបោះបង់ខ្លួនឯងទេ ពីព្រោះព្រះជាម្ចាស់មិនដែលបោះបង់ចោលយើងឡើយ។ អំពើបាប និងចំណុចខ្សោយរបស់យើងគួរតែធ្វើឲ្យយើងរត់ទៅរកទ្រង់ មិនមែនធ្វើឲ្យយើងរត់ចេញពីទ្រង់ទេ។ នៅពេល យើងជោគជ័យ យើងចូលមករកទ្រង់ដោយការអរព្រះគុណ។ នៅពេលយើងបរាជ័យ យើងចូលមករក ទ្រង់ដើម្បីសុំការអត់ឱនទោស។
* កំណត់សម្គាល់គ្រូ #៣
និយាយ៖ ជំនឿគឺជាការទុកចិត្តទៅលើសមត្ថភាពរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្តេជ្ញាញែកប្រជារាស្ត្ររបស់ទ្រង់ជាបរិសុទ្ធ។ ទ្រង់នឹងធ្វើវាដោយអំណាចនៃព្រះវិញ្ញាណដ៏បរិសុទ្ធនៅក្នុងយើងម្នាក់ៗ។
* កំណត់សម្គាល់គ្រូ #៤
និយាយ៖ អ្នកគឺជាកូនរបស់ព្រះជាម្ចាសជាព្រះវរបិតា ជាកូនក្រមុំរបស់ព្រះគ្រីស្ទ ជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏បរិសុទ្ធ។ ជាការពិតណាស់ព្រះគឺជាអ្នកស្មោះត្រង់ 100% ដល់អ្នក! អ្នកគឺជារបស់ទ្រង់!
* កំណត់សម្គាល់គ្រូ #៥
និយាយ៖ សូមស្រម័យថាឪពុកបីកូនតូចរបស់គាត់នៅក្នុងដៃរបស់គាត់ ហើយកូនតូចនោះចាប់តោង ឪពុករបស់គាត់ជាមួយម្រាមដៃតូចៗរបស់គាត់។ កូនតូចមានសុវត្ថិភាព មិនមែនដោយសារតែក្ដាប់កាន់ ខ្សោយតោងនឹងឪពុករបស់គាត់ទេ តែដោយសារតែឪពុករបស់គាត់បីគាត់បានយ៉ាងល្អ។ បើទោះបីជាកូនតូចនោះព្រលែងដៃមិនចាប់តោងឪពុករបស់គាត់ក៏ដោយ គាត់នៅតែស្ថិតនៅជាប់ យ៉ាងល្អនៅក្នុងរង្វង់ដៃរបស់ឪពុកគាត់។ ដូចគ្នានេះដែរ យើងត្រូវតែខំចាប់តោងព្រះជាម្ចាស់ ប៉ុន្តែយើងក៏ដឹងដែរថាបើទោះបីជាក្ដាប់កាន់របស់យើងខ្សោយក៏ដោយ ព្រះបិតានៃយើងមិនឲ្យយើងរបូត ចេញពីទ្រង់ឡើយ។
* កំណត់សម្គាល់គ្រូ #៦
និយាយ៖ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់។ ប្រសិនបើយើងជឿលើចំណុចនេះ ការឆ្លើយតបរបស់ យើងគឺត្រូវតែជឿលើទ្រង់ទាំងស្រុង។ ទុកចិត្តលើអ្វីៗទាំងអស់ថាព្រះជាម្ចាស់ជា គ្រប់ទាំងអស់ដែលព្រះទ្រង់ បានធ្វើ និងអ្វីៗទាំងអស់ដែលព្រះទ្រង់មានព្រះបន្ទូលថាទ្រង់នឹងធ្វើ។ អានព្រះបន្ទូលទ្រង់ ជារៀងរាល់ថ្ងៃ ហើយជឿតាមអ្វីដែលទ្រង់មានព្រះបន្ទូល។




