top of page

មេរៀន ទី៥: ការបញ្ជោរ និងភាពអួតអាង

សេចក្ដីពិតដ៏សំខាន់មួយ : ការបញ្ជោរ ឬអួតអាង ជាការកុហកអ្នកដទៃ។

​

យើងកំពុងផ្ដោតអារម្មណ៍ទៅលើប្រធានបទ សារៈសំខាន់នៃពាក្យសម្ដីរបស់យើង។ ថ្ងៃនេះយើងនឹង មើលការនិយាយមិនល្អ ២ ប្រភេទផ្សេងទៀត គឺការបញ្ជោរ និងការអួតអាង។តើនរណាអាចប្រាប់បាន ថា ២ នេះខុសគ្នាយ៉ាងម៉េច? ការបញ្ជោរ គឺជាការពន្លើសអំពី អ្នកដទៃ ហើយការអួតអាង គឺជាការពន្លើស អំពីខ្លួនឯង។ ឥឡូវនេះ យើងនឹងលេងហ្គេមមួយ។

​

សកម្មភាព : សម្ដែង ១ នាទី

​

សម្ភារៈ : កាត ៣ សន្លឹក មួយមានពាក្យ <សេចក្ដីពិត> មួយទៀតមានពាក្យ <បញ្ជោរ> និងមួយចុង ក្រោយមានពាក្យ <អួតអាង>។

​

របៀបលេង :

១. ឱ្យសិស្សចែកជាក្រុម មានគ្នា ៣ នាក់។ ហៅក្រុមទី ១ ឡើងមកមុន រួចថា៖ "ខ្ញុំនឹងឱ្យកាតប្អូនៗ ម្នាក់ ១។ កាតមានពាក្យ <សេចក្ដីពិត> កាតមួយទៀតមានពាក្យ <បញ្ជោរ> កាតមួយទៀតមាន ពាក្យ <អួតអាង>។ 

​

២. ក្រុមរបស់ប្អូន នឹងមានពេល ១ នាទី ដើម្បីសម្ដែង។ ប្អូនៗត្រូវនិយាយអ្វីតាមកាតរបស់ខ្លួន។
.បើប្អូនមានកាតពាក្យ <ការបញ្ជោរ> ប្អូនត្រូវនិយាយអ្វីបញ្ជោរ។
.បើមានកាតពាក្យ <ការអួតអាង> ប្អូនត្រូវនិយាយអ្វីអួតអាង​​។
.បើប្អូនមានកាតពាក្យ <សេចក្ដីពិត> ប្អូនត្រូវនិយាយអ្វី ដោយស្មោះត្រង់​។

​

៣. អ្នកមើល (នៅក្រុមផ្សេងទៀត) នឹងឱ្យស្ថានភាព។ ឧទាហរណ៍៖ អ្នកនៅហាងធ្វើសក់ ឬអ្នកនៅអង្គុយចាំប្រលង ឬនៅថ្ងៃរៀបការ...

​

៤. បន្ទាប់មក ចាប់ផ្ដើមលេងហ្គេម។ ក្រុមទាំងអស់ ត្រូវដាក់វេនគ្នាលេង។

​

ក្រោយបញ្ចប់ហ្គេម: 

សួរ៖ តើវាពិបាក ឬស្រួលក្នុងការនិយាយបញ្ជោរ អួតអាង ឬសេចក្ដីពិត?

តើវាកំប្លែងទេ ពេលគេនិយាយបញ្ជោរ ឬអួតអាង? តើអ្នកជឿគេទេ? តើអ្នកគិតអំពី ពួកគេថាម៉េច?

 

នៅក្នុងជីវិតពិត ក៏អ៊ីចឹងដែរ។ ពាក្យបញ្ជោរ និងពាក្យអួតអាង ភាគច្រើនស្ដាប់ទៅគួរឱ្យអស់សំណើច ទៅវិញទេ។ ដូច្នេះ ចូរធ្វើជាមនុស្សម្នាក់ ដែលតែងតែព្យាយាមនិយាយតែសេចក្ដីពិតបានហើយ។

​

ការរៀនព្រះគម្ពីរ

ចូរយើងមើលព្រះគម្ពីអំពីការនេះ។ យើងនឹងចាប់ផ្ដើមដោយព្រះគម្ពីរសុភាសិតទាក់ទងនឹង ពាក្យបញ្ជោរ ។

​

[សុភាសិត 26:28] ឯ​អណ្តាត​ភូតភរ នោះ​រមែង​ស្អប់​ដល់​ពួក​អ្នក​ដែល​វា​បាន​ធ្វើ​ទុក្ខ​នោះ ហើយ​មាត់​ បញ្ចើច​តែង​តែ​បណ្តាល​ឲ្យ​វិនាស។

​

[សុភាសិត 29:5]  អ្នក​ណា​ដែល​បញ្ចើច​ដល់​អ្នក​ជិត​ខាង នោះ​ឈ្មោះ​ថា ដាក់​លប់​សំរាប់​ចាប់​ជើង​គេ​ទេ។

​

តើពាក្យបញ្ជោរ (បញ្ចើច) ផ្ដល់ផលអ្វី បើយោងតាមព្រះគម្ពីរសុភាសិតនេះ?
តែង​តែ​បណ្តាល​ឲ្យ​វិនាស និងដាក់លបសម្រាប់ចាប់ជើងគេ!

​

ដូច្នេះ តើពាក្យបញ្ជោរ (បញ្ចើច) នេះបង្កគ្រោះថ្នាក់ ឬផ្ដល់ផលចំនេញដល់អ្នកទទួល?
បង្កគ្រោះថ្នាក់

​

ពាក្យបញ្ជោរមិនល្អសោះ ទៅកាន់អ្នកស្ដាប់វា។ តែហេតុអ្វីទៅ? ការនិយាយបញ្ជោរមិនមែនជាការនិយាយដាក់អ្នកដទៃល្អៗទេអី? មិនមែនទេ! ការនិយាយបញ្ជោរ គឺជាការកុហកទៅកាន់អ្នកដទៃ អំពីពួកគេខ្លួនឯង។ ជាធម្មតា យើងបញ្ជោរនរណាម្នាក់ នៅពេលយើង ចង់បានអ្វីពីពួកគេ។ ដូច្នេះ ការនិយាយបញ្ចោរមានភាពអត្មានិយមណាស់។

​

ការផ្ដល់ភាពវិជ្ជមាន និងលើកទឹកចិត្តអ្នកដទៃ គឺជាការល្អ តែយើងគួរតែមានភាពស្មោះត្រង់ដែរ។ អ៊ីចឹង តើអ្វីដែលយើងគួរនិយាយ ជាជាងការបញ្ជោរ?
ទុកឱ្យសិស្សបញ្ចេញយោបល់

​

យើងគួរនិយាយពាក្យសរសើរពិត ជាងនិយាយបញ្ជោរ។ យើងអាចធ្វើជាមនុស្សវិជ្ជមាន តែក៏ត្រូវ ធ្វើជាមនុស្សស្មោះត្រង់ដែរ។ ពាក្យសរសើរ មានអំណាចខ្លាំងជាង នៅពេលវាជាការពិត ប្រសើរជាង ពាក្យបញ្ជោរ។ ដូច្នេះ ចូរស្វែងរកអ្វីដែលល្អអំពីនរណាម្នាក់ ហើយនិយាយទៅកាន់គេ។

​

ឧទាហរណ៍៖ សាកគិតថាយើងមានមិត្តភក្ដិម្នាក់ដែលចង់ធ្វើជាតារាចម្រៀង តែគាត់មិនចេះច្រៀងទេ។ តែគាត់ពូកែនិយាយជាមួយក្មេងមែនទែន។ តើអ្នកគួរប្រាប់គាត់ដូចម្ដេច?
ទុកឱ្យសិស្សបញ្ចេញយោបល់។ ប្រហែលជាយើងគួរនិយាយបែបនេះ "ខ្ញុំដូចជាមិនគិតថា ការច្រៀងជាអំណោយទានរបស់អ្នកទេ។ អ្នកពូកែនិយាយជាមួយក្មេងៗជាង។ ប្រហែលជា អ្នកធ្វើជាគ្រូកុមារល្អជាង" 

​

សេចក្ដីពិត នឹងជួយឱ្យមនុស្សដឹងថា ខ្លួនឯងជានរណា។ វាជួយឱ្យពួកគេស្គាល់អំណោយទានរបស់ខ្លួន និងចំនុចណាដែលខ្លួនគួរតែរីកចម្រើន។ ពាក្យបញ្ចោរ និងការកុហកមិនបានជួយពួកគេទេ តែការដឹង សេចក្ដីពិត នឹងជួយពួកគេ។ ឥឡូវ យើងមើលពីការអួតអាងវិញម្ដង។

​

[សុភាសិត 27:2] ទុក​ឲ្យ​មនុស្ស​ឯ​ទៀត​សរសើរ​ឯង​ចុះ កុំ​ឲ្យ​មាត់​ឯង​សរសើរ​ខ្លួន​ឡើយ គឺ​ជា​អ្នក​ដទៃ មិន​មែន​ជា​បបូរ​មាត់​របស់​ឯង​ឡើយ។

​

ការនិយាយអួតអាង គឺជានិយាយរៀបរាប់ថា ខ្លួនឯងអស្ចារ្យប៉ុណ្ណោ។ វាប្រហែលអាចជាការពិត... អ្នកជាមនុស្សអស្ចារ្យ តែដូចនៅក្នុងហ្គេមដែលយើងបានលេងអម្បាញ់មិញចឹង ការអួតអាងខ្លួងឯងស្ដាប់ទៅគួរឱ្យ អស់សំណើចណស់។ តើយើងគួរធ្វើដូចម្ដេចជំនួសការនិយាយអួតអាង បើយោងតាម ព្រះគម្ពីរសុភាសិត?
ទុកឱ្យអ្នកដទៃសរសើរយើងវិញ

​

អ៊ីចឹង ជាងការនិយាយអួតអាងសរសើរពីខ្លួនឯង (ដែលជារឿងអត្មានិយម) យើងគួរសរសើរអ្នកដទៃ វិញ។ យើងគួរប្រាប់អ្នកដទៃថា មិត្តភក្តិល្អប៉ុណ្ណា ជាងនិយាយប្រាប់ពួកគេថា ខ្លួនឯងល្អប៉ុណ្ណាវិញ។ 
 

ហើយប្រសើរជាងនោះទៀត គឺយើងត្រូវប្រាប់អ្នកដទៃថា ព្រះរបស់យើងល្អប៉ុណ្ណាវិញ! ហេតុអ្វី? ព្រោះព្រះបង្កើតយើង! យើងស្ដាប់អ្វីដែលលោកយ៉ាកុបបានសរសេរទុកម្ដង។

​

[យ៉ាកុប 1:17] គ្រប់​ទាំង​របស់​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​
សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។

​

គ្រប់ទាំងអំណោយទាន និងទេពកោសល្បរបស់យើង គឺបានមកពីព្រះ។ គ្រប់ការល្អដែលយើងមាន គឺ មកពីទ្រង់។ ដូច្នេះ បើអ្នកពូកែធ្វើអ្វីមួយ គឺដោយសារព្រះបានសមត្ថភាពនោះមកអ្នកប៉ុណ្ណោះ។ អ៊ីចឹងយើងគួរ សរសើរតម្កើង និងថ្វាយសិរីល្អទៅកាន់ព្រះ ជាងនិយាយអួតអាងសរសើរពីខ្លួនឯង។

 

ការអួតអាងមួយប្រភេទ ទៀត គឺនៅក្នុងទង្វើរបស់យើង។

​

​

[សុភាសិត 27:1] កុំ​ឲ្យ​អួត​ខ្លួន​ពី​ថ្ងៃ​ស្អែក ដ្បិត​ឯង​មិន​ដឹង​ជា​ថ្ងៃ​ណា​នឹង​កើត​មាន​ការ​អ្វី​ទេ។

​

អូខេ ខរនេះនិយាយអំពី ថ្ងៃស្អែក។ តើថ្ងៃស្អែកមកដល់ឬនៅ? នៅ
តើយើងអាចអួតអំពី អ្វីដែលយើងមិនទាន់បានធ្វើទេ? អត់ទេ

​

យើងមិនអាចអួតអាងអំពី អ្វីដែលយើងនឹងធ្វើនៅពេលអនាគតទេ ព្រោះយើងមិនដឹងថាមានរឿងអី ដែលនឹងកើតឡើងនៅថ្ងៃស្អែកផង។ តើយើងគួរធ្វើអ្វីវិញ? ចូរស្ដាប់ព្រះគម្ពីរ យ៉ាកុប

​

[យ៉ាកុប 4:13-16] ឥឡូវ​នេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​ នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ។ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន ​យ៉ាង​ណា ដល់​ថ្ងៃ​ស្អែក​ទេ ដ្បិត​ជីវិត​អ្នក​រាល់​គ្នា​ជា​អ្វី គឺ​ជា​ចំហាយ​ទឹក​ទេ​តើ ដែល​ឃើញ​តែ​១​ភ្លែត រួច​បាត់​ទៅ គួរ​តែ​ បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ ការ​នេះ ឬ​ការ​នោះ។ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួត​អាង​របស់​ខ្លួន​ដូច្នោះហើយ ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាង​នោះ សុទ្ធ​តែ​អាក្រក់​ទាំង​អស់។

​

តើយើងគួរធ្វើអ្វី ជំនួសឱ្យការអួតអាងពីគម្រោងការបស់យើង?
គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ។

​

អ្វីដែលយ៉ាកុបចង់សម្ដៅលើគឹ យើងគួរតែមានឥរិយាបថបន្ទាបខ្លួន ដោយដឹងខ្លួនថា យើងមិនអាច គ្រប់គ្រងអនាគតបានទេ។ ហើយយើងត្រូវជឿទុកចិត្តព្រះអំពី អនាគតរបស់យើង។ បើវាជាបំណងព្រះហឬទ័យរបស់ព្រះ ឱ្យយើងធ្វើការអ្វីមួយ នោះយើងនឹងមានជំនឿ ថាទ្រង់នឹងឱ្យយើងមានភាព ជោគជ័យ។ ដូច្នេះ ចូរមានទំនុកចិត្តលើព្រះ ជាងអួតអាងអំពីខ្លួនឯង។

​

សរុបឱ្យខ្លី យើងត្រូវនិយាយពាក្យសរសើរដោយស្មោះ ជាងនិយាយបញ្ជោរ ហើយគួរសរសើរតម្កើងព្រះ ជាងអួតសរសើរអំពីខ្លួនឯង។

​

ពេលវេលាក្រុមតូច

ចូលទៅតាមក្រុមតូច រួចពិភាក្សាគ្នា:

  • តើអ្នកគិតថា ហេតុអ្វីមនុស្សបញ្ជោរអ្នកដទៃ? ហើយហេតុអ្វីមនុស្សអួតអាងពីខ្លួនឯង?

  • តើអ្នកធ្វើនិយាយបញ្ជោរ ឬអួតអាងដែរទេ ពេលខ្លះ? ហេតុអ្វី?

  • បើអ្នកចង់មិនធ្វើនិយាយបញ្ជោរ ឬអួតអាងដែរទេ  អ្នកអាចអធិស្ឋានសម្រាប់គ្នា និងសុំជំនួយពីព្រះ។

​

អធិស្ឋានបញ្ចប់

bottom of page