
មេរៀន ទី២: ព្រះវរបិតា
សេចក្តីពិតដ៏សំខាន់មួយ : ទំនាក់ទំនងរវវាងយើង និងព្រះ គឺជាទំនាក់ទំនងបែបឪពុក និងកូន
សកម្មភាព : គ្រួសាររីករាយ
របៀបលេង :
១) អង្គុយជាក្រុម រួចចែកក្រដាសឱ្យសិស្សម្នាក់ ១ សន្លឹក និងឱ្យពួកគេសរសេរអ្វីដែលពួកគេចូលចិត្តធ្វើ
ដោយមិនចាំបាច់សរសេរឈ្មោះទេ។
២) ប្រមូលក្រដាសមកវិញ។ អាន <អ្វីដែលចូលចិត្តធ្វើ> ឮៗ ដើម្បីឱ្យគ្រប់គ្នាដឹង។
៣) និយាយ ៖ "គោលបំណងរបស់ហ្គេមនេះ គឺដើម្បីមានគ្រួសារធំជាងគេ។ អ្នកបន្ថែមសមាជិកគ្រួសារ ខ្លួនឯង ដោយការទាយ <អ្វីដែលចូលចិត្តធ្វើ> ឱ្យត្រូវនឹងមនុស្សដែលបានសរសេរវា។ បើអ្នកទាយត្រូវ ថាអ្នកណា គេនឹងក្លាយជាកូនរបស់អ្នក។"
៤) ជ្រើសរើសអ្នកណាម្នាក់ឱ្យធ្វើជា <អ្នកទាយ> ដំបូង។ <អ្នកទាយ> នឹងចាប់ផ្ដើមទាយ ជាឧទាហរណ៍ ៖ "ខ្ញុំគិតថា អ្វីដែល(សុភាព)ចូលចិត្តគឺជិះកង់"។
៥) បើ <អ្នកទាយ> ទាយត្រូវ (សុភាព)នឹងចូលក្នុងគ្រួសាររបស់ <អ្នកទាយ> ធ្វើជាកូនរបស់គាត់។ <អ្នកទាយ> ពេលនេះ ក្លាយជា មេគ្រួសារ ហើយគាត់អាចទាយម្ដងទៀត ជាមួយកូនរបស់គាត់។
៦)បើពួកគាត់ទាយត្រូវ ពួកគាត់ទទួលបានសមាជិកគ្រួសារបន្ថែម។ តែបើពួកគាត់ទាយខុស អ្នកដែល គាត់បានទាយ នឹងក្លាយជា <អ្នកទាយ> ម្ដង។
៧) អ្នកដែលត្រូវគេទាយត្រូវហើយ មិនអាចឱ្យ <អ្នកទាយ>ផ្សេងទាយម្ដងទៀតទេ។ (ឧទាហរណ៍ ៖ យើងមិនអាចលួចកូនរបស់អ្នកដទៃបានទេ។) ប៉ុន្តែ បើមានអ្នកណាទាយ មេគ្រួសារ ត្រូវ គេនឹងយកបាន សមាជិកទាំងគ្រួសារ។
៨) ហ្គេមនេះចប់ នៅពេលគ្រប់គ្នាចូលក្នុងគ្រួសារណាមួយ។ គ្រួសារណាមានសមាជិកច្រើនជាងគេ ជា អ្នកឈ្នះ។
រៀនព្រះគម្ពីរ
បរិបទ : ថ្ងៃនេះយើងនឹងរៀនបន្តអំពីប្រធានបទ <ទំនាក់ទំនងជាមួយព្រះ>។ នៅក្នុងមេរៀនដំបូង យើងបានដឹងហើយថា ព្រះគឺជាអង្គបុគ្គល ហើយទ្រង់ហៅយើងឱ្យមានទំនាក់ទំនង ជាមួយ ទ្រង់។ ថ្ងៃនេះ យើងនឹងរៀនអំពី ប្រភេទទំនាក់ទំនង ដែលយើងអាចមានជាមួយព្រះអង្គ។ តើមនុស្ស អាចមានទំនាក់ទំនងបែបណាជាមួយព្រះ? ចម្លើយដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ គឺពិតជា អស្ចារ្យណាស់! (។)
[យ៉ូហាន 1:12] ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បាន ប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។
[2 កូរិនថូស 6:18] អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុស កូនស្រីដល់ អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត។
តើយើងអាចមានទំនាក់ទំនងបែបណាជាមួយព្រះ? ទុកឱ្យសិស្សឆ្លើយ
ទំនាក់ទំនងដែលព្រះជាម្ចាស់បានជ្រើសរើសមានជាមួយយើង គឺជាទំនាក់ទំនងឪពុក និងកូន។ នៅពេលយើងទទួល និងជឿព្រះយេស៊ូវគ្រីស្ត ទ្រង់នឹងប្រទានសិទ្ធិឱ្យយើងក្លាយជាកូនរបស់ព្រះ។ ចូរគិតថា តើវាគួរឱ្យអស្ចារ្យប៉ុណ្ណា ដែលព្រះដ៏មានគ្រប់ទាំងព្រះចេស្ដា គង់នៅអស់កល្ប ជាព្រះអាទិករ និងជាព្រះគ្រប់គ្រង លើសកលលោកនេះ បានជ្រើសរើសរាប់យើងជាកូនរបស់ទ្រង់ ហើយទ្រង់ជាឪពុករបស់យើង!
តើដែលថា ព្រះជាម្ចាស់ ជាឪពុករបស់យើងនោះ មានអត្ថន័យដូចម្ដេច?
ទី១ វាមានន័យថា ព្រះអង្គខ្វល់ខ្វាយពីយើង។
[1ពេត្រុស 5:7]
ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយក ព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។
[2កូរិនថូស 1:3-4]
សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើង រាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្ត អ្នកឯទៀត ក្នុងអស់ទាំង សេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេច ហើយ។
ព្រះជាម្ចាស់ ជាឪពុកដ៏ល្អ ដែលខ្វល់ខ្វាយពីកូនរបស់ព្រះអង្គ។ ពេលយើងមានការថប់បារម្ភ ព្រះអង្គ នឹងជួយយើង។ "ក្នុងគ្រប់ទាំងសេចក្តីវេទនា" ព្រះអង្គកំសាន្តចិត្តយើង។ ការដែលមានព្រះជាឪពុករបស់ យើង បានន័យថា យើងនឹងមិនឆ្លងកាត់ការលំបាកតែម្នាក់ឯងនោះទេ។ ព្រះអង្គតែងតែគង់នៅជាមួយ យើង ហើយទ្រង់ជាព្រះសម្រាប់យើងដែរ។ នៅក្នុងព្រះគម្ពីរបានប្រាប់យើងថា ព្រះទ្រង់ជាទីពឹង ជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន (ទំនុកតម្កើង 46:1)។ ព្រះអង្គ គឺជា "អ្នកគង្វាល" (មានន័យថា ព្រះអង្គការពារ និងដឹកនាំយើង (ទំនុកតម្កើង 23) ហើយជា "អ្នកលើកក្បាល យើងឡើង" (មានន័យថា ព្រះអង្គលើកទឹកចិត្តយើង នៅពេលយើងមានអារម្មណ៍បាក់ទឹកចិត្ត (ទំនុកតម្កើង3:3)
ទី២ វាមានន័យថា ព្រះអង្គផ្គត់ផ្គង់យើង។ ចូរស្ដាប់អ្វីដែលព្រះយេស៊ូវមានព្រះបន្ទូល៖
[ម៉ាថាយ 7:9-11]
ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ ល្អដល់កូនខ្លួនដូច្នេះ នោះចំណង បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូមតើជាង អម្បាលម៉ានទៅទៀត។
តើអ្នកគិតដូចម្ដេច បើសិនមាននរណាម្នាក់សុំនំបុ័ងពីឪពុកគាត់ តែឪពុកគាត់បែរជាឱ្យដុំថ្មទៅវិញនោះ? ទុកឱ្យសិស្សឆ្លើយ
ចុះបើអ្នកនោះសុំត្រី តែឪពុកឱ្យពស់វិញនោះ? ទុកឱ្យសិស្សឆ្លើយ
ឪពុកនៅលើផែនដី ស្ទើរតែទាំងអស់មិនដែលធ្វើបែបនោះទេ! ព្រះយេស៊ូវមានព្រះបន្ទូលថា សូម្បីតែ ឪពុកជាមនុស្ស នៅដឹងអំពីរបៀបឱ្យកាដូដ៏ល្អទៅកាន់ខ្លួនឯង ចុះទម្រាំព្រះជាម្ចាស់ ជាព្រះដ៏ឥតខ្ចោះ ទៀតនោះ ទ្រង់ប្រាកដជាឱ្យអ្វីល្អ ដែលយើងត្រូវការមិនខាន។
[យ៉ាកុប 1:17]
គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃ សេចក្តីផ្លាស់ប្រែក៏គ្មានដែរ។
ព្រះអង្គជាឪពុកដ៏សប្បុរស។ ទ្រង់ប្រទានឱ្យយើងនូវអ្វីដែលល្អ។ គ្រប់អំណោយទានដ៏ល្អ និងឥតខ្ចោះ ទាំងអស់ សុទ្ធតែមកពីទ្រង់។ ព្រះអង្គស្មោះត្រង់ និងមិនប្រែប្រួលនោះឡើយ។ ព្រះអង្គបានប្រទានពរ យើង និងបន្តប្រទានពរយើងរហូតតទៅ។
ទី៣ វាមានន័យថា ព្រះអង្គប្រៀនប្រដៅយើង។
[សុភាសិត 3:11-12]
កូនអើយ កុំឲ្យមើលងាយសេចក្តីប្រៀនរបស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្ត នឹងសេចក្តីបន្ទោសរបស់ទ្រង់ដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ា ទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅ ផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីសំគាល់ចិត្តដល់ខ្លួនដែរ។
តើអ្នកគិតថា ការប្រៀនប្រដៅជាការល្អ ឬអាក្រក់? ទុកឱ្យសិស្សឆ្លើយ
ហេតុអ្វីបានជាឪពុកម្ដាយប្រៀនប្រដៅកូន? ទុកឱ្យសិស្សឆ្លើយ
ព្រះអង្គចង់ឱ្យកូនរបស់ទ្រង់មានចរិតលក្ខណៈល្អ ដូចឪពុកល្អគ្រប់រូបចង់ដែរ។ ដូច្នេះ ព្រះអង្គប្រៀន ប្រដៅយើង។ សេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គ មិនដែលធ្ងន់ធ្ងរ ឬសាហាវពេកនោះទេ គឺវាតែងតែ ដើម្បីការល្អសម្រាប់យើង។ នេះហើយជា សញ្ញាបញ្ជាក់អំពី សេចក្ដីស្រឡាញ់របស់ទ្រង់ សម្រាប់យើង។
ទី៤ វាមានន័យថា ព្រះអង្គស្រឡាញ់យើង។
[1យ៉ូហាន 3:1]
មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើង បានហៅថាជាកូនរបស់ព្រះដូច្នេះ។
ព្រះអង្គស្រឡាញ់កូនរបស់ទ្រង់។ យើងមិនចាំបាច់ព្យាយាមប្រឹងប្រែងធ្វើអ្វីមួយ ដើម្បីទទួលបានក្ដី ស្រឡាញ់របស់ទ្រង់នោះទេ ព្រោះព្រះអង្គបានប្រគល់វាមកកាន់យើងរួចមកហើយ។ ទ្រង់ជ្រើសរើស ស្រឡាញ់យើង នាំយើងចូលទៅក្នុងគ្រួសាររបស់ទ្រង់ហើយ។ ឥឡូវនេះ គ្មានអ្វីដែលអាចបំបែក យើងពីសេចក្ដីស្រឡាញ់របស់ទ្រង់នោះឡើយ (រ៉ូម 8:38-39)។ គ្មាននរណាម្នាក់ស្រឡាញ់យើង ដូចព្រះអង្គនោះទេ។ប្រហែលជាមានអ្នកណាស្រឡាញ់ យើង (វាល្អ) តែសេចក្ដីស្រឡាញ់របស់ព្រះ គឺអស្ចារ្យជាងច្រើនណាស់។ ព្រះគម្ពីរប្រាប់យើងថា សេច ក្ដីស្រឡាញ់របស់ព្រះអង្គស្មោះត្រង់ នៅស្ថិតស្ថេរអស់កល្ប អស្ចារ្យ ឥតខ្ចោះ និងខ្ជាប់ខ្ជួន។ ព្រះជាម្ចាស់ ស្រឡាញ់កូនព្រះអង្គ ហើយនឹងបន្តស្រឡាញ់រហូតតទៅ។
ទី៥ វាមានន័យថា ព្រះអង្គមានផ្ទះមួយសម្រាប់យើង។ ឪពុកយើងមានផ្ទះមួយសម្រាប់យើង នៅស្ថានសួគ៌។ ចួរស្ដាប់អ្វីដែលព្រះយេស៊ូវមានព្រះបន្ទូល ៖
[យ៉ូហាន 14:2-3]
នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់ គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា។ បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។
[លូកា 12:32]
កុំឲ្យខ្លាច ហ្វូងតូចអើយ ព្រោះព្រះវរបិតានៃអ្នករាល់គ្នា ទ្រង់សព្វព្រះហឫទ័យ នឹងប្រទាននគរមកអ្នករាល់គ្នាពិត។
ឪពុករបស់យើងមានផ្ទះដ៏ធំមួយសម្រាប់យើង ហើយនគរ(ជាអាណាចក្រ)ដែរ។ យើងនឹងរស់នៅជាមួយ ព្រះអង្គជារៀងរហូត។
សរុបសេចក្ដីមក ព្រះជាម្ចាស់គឺជា ឪពុកដ៏ល្អ។ ព្រះអង្គខ្វល់ខ្វាយពីកូនទ្រង់ ផ្គត់ផ្គង់ដល់យើងជាកូន ប្រៀនប្រដៅយើង ស្រឡាញ់យើង និងផ្ដល់ផ្ទះដ៏ល្អសម្រាប់យើង ជារៀងរហូត។
ពេលវលាក្រុមតូច
ពិភាក្សាគ្នា នៅក្នុងក្រុមតូច:
-
តើអ្នករៀនបានអ្វីអំពីព្រះ ពីមេរៀនថ្ងៃនេះ?
-
តើចំនុចណាដែលអស្ចារ្យបំផុត ក្នុងការដែលមានព្រះជាឪពុក?
អធិស្ឋានបញ្ចប់