top of page

ព្រះ‌យេស៊ូ​វឈ្នះ​ការ​ល្បួង

គ្រា​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូវ ទៅ​ឯ​ទី​រហោ‌ស្ថាន ដើម្បី​ឲ្យ​ត្រូវ​អារក្ស​ល្បួង កាល​ទ្រង់​បាន​តម​៤០​ថ្ងៃ​៤០​យប់​ហើយ ក្រោយ​មក​ទ្រង់​ឃ្លាន

 

៤:១ ដំបូងបំផុត សូមចំណាំថា ព្រះយេស៊ូវត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ។ ព្រះវិញ្ញាណបរិសុទ្ធបានយាង មកសណ្ឋិតលើព្រះអង្គនៅពេលដែលព្រះអង្គទទួលបុណ្យជ្រមុជទឹក (៣:១៣-១៧) ហើយពេលនេះ ព្រះវិញ្ញាណ បរិសុទ្ធដឹកនាំព្រះអង្គ។ ​ទីពីរ សូមចំណាំពីទីកន្លែង។ ​ព្រះយេស៊ូវនឹងចាប់ផ្តើម ព័ន្ធកិច្ចរបស់ព្រះអង្គនៅក្នុងពេលវេលានៃការញែកចេញដាច់ដោយឡែកនៅក្នុងទីរហោស្ថាន ដូចដែលពួកអ៊ីស្រាអែលបានធ្វើមុនពេលដែលបានចូលទៅក្នុងទឹកដីសន្យា។ ​ 

ហេតុផលដែលព្រះវិញ្ញាណដឹកនាំព្រះយេស៊ូវចូលទៅក្នុងទីរហោស្ថានគឺដើម្បីនឹងត្រូវបានប្រឈមមុខជាមួយនឹងសេចក្តីល្បួងរបស់អារក្ស។ ​ពាក្យនៅក្នុងភាសាក្រិចដែលបកប្រែមកថា​ “អារក្ស” (διαβόλου) ​មានន័យថា “ពួកអ្នកបង្កាច់បង្ខូច” ​ឬ “ពួកអ្នកចោទប្រកាន់”។ ​នៅក្នុងបទគម្ពីរនេះវាត្រូវបានហៅថា “អារក្ស” (ខ១)  “មេល្បួង”(ខ៣) ហើយនឹង “សាតាំង”(ខ១០); សាតាំងគឺជាពាក្យនៅក្នុងភាសាហេប្រឺ សម្រាប់ហៅ “សត្រូវ”)។ ​នៅក្នុង ១២:២៤ ​វាត្រូវបានហៅថា “បេលសេប៊ូល  ជា​មេ​អារក្ស” ហើយនៅក្នុង ១៣:១៩ “អា​កំណាច​”។ ​​ព្រះគម្ពីរបង្រៀនថាសាតាំងគឺជាវិញ្ណាណដែលត្រូវបានបង្កើតមក គឺជាមេលើ ពួកទេវតា ហើយជាអ្នកដឹកនាំរបស់ពួកទេវតាបះបោរដែលប្រឆាំងជាមួយនឹងព្រះ ហើយត្រូវបានបំបាក់ក៏ នឹងត្រូវបំផ្លាញ (យ៉ូប ១-២ សាការី ៣:១-២; ១ របាក្សត្រ ២១:១; លូកា ១០:១៨; វិវរណៈ ២០)។ 

 

៤:២ ព្រះយេស៊ូវបានតមអត់ អស់រយៈពេលសែសិបយប់ និងសែសិបថ្ងៃដូចដែលលោកម៉ូសេបានធ្វើ នៅលើភ្នំស៊ីណាយ (និក្ខមនំ ៣៤:២៨; ចោទិយកថា​ ​៩:៩)។ 

រួច​មេ​ល្បួង​ក៏​មក​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំង​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ

៤:៣ ​អារក្សបានរង់ចាំឲ្យព្រះយេស៊ូវល្វើយដោយភាពស្រេកឃ្លានហើយបានល្បួងព្រះអង្គឲ្យបានប្រើ ព្រះចេស្តាព្រះអង្គក្នុងនាមជាព្រះរាជបុត្រានៃព្រះសម្រាប់ធ្វើការអស្ចារ្យដើម្បីធ្វើឲ្យមានអាហារសម្រាប់ព្រះអង្គសោយ។ ​សាតាំងដឹងថាព្រះយេស៊ូវមានព្រះចេស្តានៅក្នុងការធ្វើកិច្ចការនេះ ហើយបានព្យាយាមល្បួងព្រះយេស៊ូវឲ្យបានប្រើប្រាស់ព្រះចេស្តានោះខុសផ្លូវដើម្បីបញ្ចៀសភាពស្រេកឃ្លានជាជាងទទួលថា ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំព្រះអង្គទៅក្នុងទីរហោស្ថានដោយគ្មានអាហារនោះវិញ។ ​

តែ​ទ្រង់​មាន​បន្ទូល​តប​ថា មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ «មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ព្រះ​មក​ដែរ»។ 

 

៤:៤ ​ព្រះយេស៊ូវឆ្លើយតបជាមួយនឹងសាតាំងដោយការដកស្រង់ចេញពី ចោទិយកថា​ ៨:៣។ បទគម្ពីរដែល មានចែងនៅក្នុងចោទិយកថា ​លោកម៉ូសេរម្លឹកដល់ជនជាតិអ៊ីស្រាអែលពីការ ដែលព្រះបានដឹកនាំ ពួកគេអស់រយៈពេលសែសិបឆ្នាំនៅក្នុងទីរហោស្ថាន។ ​គោលបំណងនៃពេលវេលានៅក្នុងទីរហោស្ថានគឺ ដើម្បីបង្រៀនពួកគេថា “មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌ បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ព្រះ​មក​ដែរ“។ ​ ប៉ុន្តែផ្ទុយពីការរៀនឲ្យបានទុកចិត្តព្រះ ពួកគេបានត្អូញត្អែរ ហើយទាមទារអោយមាននំប៉័ងនៅក្នុងទីរហោស្ថានទៅវិញ។ ​ព្រះបានប្រទាននំម៉ាណាដល់គេ ប៉ុន្តែមនុស្សជំនាន់នោះបានស្លាប់នៅក្នុងទីរហោស្ថានដោយព្រោះតែពួកគេខ្វះសេចក្តីជំនឿលើព្រះ។ 

 

ជនជាតិអ៊ីស្រាអែលគួរតែបានទុកចិត្តលើព្រះហើយជឿលើព្រះបន្ទូលព្រះអង្គដែលថាព្រះអង្គនឹងថែរក្សាពួកគេនៅក្នុងទីរហោស្ថាន។ ដូចគ្នានេះដែរ នេះជាបំណងព្រះហឫទ័យរបស់ព្រះវរបិតាចំពោះព្រះយេស៊ូវ អោយបានទៅនៅក្នុងទីរហោស្ថាន ព្រះអង្គជ្រាបថាព្រះអង្គត្រូវ​តែទុកចិត្តព្រះវរបិតានៅក្នុងស្ថានភាពបែប នេះ។ ​ព្រះយេស៊ូវអាចនឹងប្រើព្រះចេស្តារបស់ព្រះអង្គនៅក្នុងការចំអែតព្រះអង្គទ្រង់ ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គមិនបានធ្វើឲ្យមាននំប៉័ងសម្រាប់ព្រះអង្គនោះឡើយ ព្រះអង្គបានរស់នៅដោយការស្តាប់បង្គាប់ ចំពោះព្រះបន្ទូលនៃព្រះវិញ (យ៉ូហាន ៤:៣៤)។ យើងទាំងអស់គ្នាត្រូវការព្រះបន្ទូលរបស់ព្រះដើម្បីរស់នៅ។ គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឳស្ឋព្រះមកនោះ ចម្រើនកម្លាំងដូចជាអាហារយ៉ាងនោះដែរ ដោយព្រោះតែព្រះបន្ទូលចំអែតដល់សេចក្តីត្រូវការរបស់ ព្រលឹងវិញ្ញាណវិញ។ ​

 

នោះ​អារក្ស​ក៏​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បរិសុទ្ធ ដាក់​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ទៅ​ក្រោម​ចុះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​នៃ​ទ្រង់​ពី​ដំណើរ​អ្នក ទេវតា​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​លោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»

 

៤:៥-៦ ​ការល្បួងទីពីរបានកើតឡើងនៅក្នុងទីក្រុងបរិសុទ្ធ ក្រុងយេរូសាឡិម។ ​ទីកន្លែងដែលខ្ពស់បំផុតនៃ ព្រះវិហារនោះគឺជាប៉ែកខាងត្បូងឆៀងខាងកើតនៃព្រះវិហារ ដែលមានកម្ពស់ប្រមាណជាង​ ១៣៥ ម៉ែត្រនៅលើជ្រលងភ្នំគីដ្រុន។ អារក្សបានប្រាប់ឲ្យព្រះយេស៊ូវទម្លាក់ខ្លួនពីទីខ្ពស់ដើម្បីឲ្យព្រះវរបិតា ព្រះអង្គបានចាត់ទេវតាឲ្យមកសង្រ្គោះព្រះអង្គ។ ​សាតាំងបានដកស្រង់ចេញពីបទគម្ពីរ ប៉ុន្តែបានប្រើ បទគម្ពីរទំនុកដំកើង ៩១:១១-១២ ផ្ទុយពីអត្ថន័យដើមរបស់បទគម្ពីរនោះ។ ទំនុកដំកើងនេះគឺចែង អំពីការការពាររបស់ព្រះចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ប៉ុន្តែសាតាំងបានយក បទគម្ពីរពីការទុកចិត្ត ព្រះ ហើយបានបង្វែរអោយការទៅជាការល្បងលព្រះជាម្ចាស់វិញ។ ​

 

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​វា​ថា មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ទៀត «កុំ​ឲ្យ​ឯង​ល្បួង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ»។ 

 

៤:៧ ​ម្តងទៀត  ព្រះយេស៊ូវបានឆ្លើយតបដោយការដកស្រង់ចេញពីបទគម្ពីរ។ ចោទិយកថា ៦:១៦ សំដៅទៅលើការល្បងលរបស់អ៊ីស្រាអែលចំពោះព្រះត្រង់ម៉ាសានៅក្នុងទីរហោស្ថាន(និក្ខមនំ ១៧:១-៧)។ ពួកអ៊ីស្រាអែលមិនបានទុកចិត្តព្រះថានឹងព្រះអង្គនឹងផ្គត់ផ្គង់ដល់គេនោះឡើយ ដូច្នេះហើយ គេបានល្បងលព្រះដោយការទាមទារឲ្យលោកម៉ូសេធ្វើអោយមានទឹកនៅទីកន្លែងដែលគ្មានទឹកនោះ។ ​ការដែលទាមទារអោយមានការអស្ចារ្យដើម្បីបញ្ជាក់ពីព្រះទ័យយកចិត្តទុកដាក់របស់ព្រះនោះជាការមិនត្រឹមត្រូវនោះឡើយ។ ​ឥរិយាបទដ៏ត្រឹមត្រូវគឺជាការទុកចិត្ត ហើយនឹងស្តាប់បង្គាប់វិញ (ចោទិយកថា ៦:១៧) ដូចដែលព្រះយេស៊ូវបានបង្ហាញនៅត្រង់នេះ។ ជាថ្មីម្តងទៀត ព្រះយេស៊ូវបានយកជ័យជំនះនៅក្នុង ​ស្ថានភាព​ដែល​អ៊ីស្រាអែល​ធ្លាក់ចុះ (ទំនុកដំកើង ៩៥:៩; ជនគណនា ១៤:២០-២៣)។ ​

 

ព្រះយេស៊ូវមិនត្រូវការឲ្យព្រះវរបិតាបញ្ជាក់ថាព្រះអង្គយកព្រះទ័យទុកដាក់ចំពោះទ្រង់នោះឡើយ។ ​ព្រះវរបិតាបានប្រកាសរួចហើយថា ព្រះយេស៊ូវជា​ “កូន​ស្ងួន‌ភ្ងា​របស់​អញ” នៅក្នុងពិធីបុណ្យជ្រមុជទឹក របស់ព្រះអង្គ ហើយព្រះរាជបុត្រាបានទុកចិត្តលើព្រះបន្ទូលរបស់ព្រះវរបិតាព្រះអង្គទាំងស្រុង។ ​នេះជាចំនុចសំខាន់នៃសេចក្តីជំនឿដ៏ពិតប្រាកដ:ត្រូវជឿលើព្រះបន្ទូលនៃព្រះ ហើយស្តាប់តាមដោយ មិនទាមទារទីសំគាល់ដើម្បីបញ្ជាក់នោះឡើយ។ ​សូមឲ្យយើងទាំងអស់គ្នាមានសេចក្តីជំនឿដូចគ្នានេះដែរ។ ​

 

មួយ​ទៀត អារក្ស​បាន​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ ក៏​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ នឹង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត 9រួច​ទូល​ថា បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំង​នេះ​ដល់​អ្នក

 

៤:៨-៩ សាតាំងបាននាំព្រះយេស៊ូវទៅលើកំពូលភ្នំយ៉ាងខ្ពស់ ហើយបានស្នើផ្តល់​​ឱ្យ​ព្រះអង្គអស់ទាំងនគរ នៅក្នុងលោកីយ។ ​នៅក្នុងព្រះគម្ពីរសញ្ញាថ្មី សាតាំងត្រូវបានហៅថា “ចៅហ្វាយ​របស់​លោកីយ​នេះ” ​(យ៉ូហាន ១២:៣១, ១៤:៣០,  ១៦:១១)  “ជា​ពួក​អ្នក ដែល​ព្រះ​របស់​លោកីយ​នេះ” (២ កូរិនថូស ៤:៤)  “ដែល​បាន​នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ” (វិវរណៈ១២:៩)។ ​ “លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង ​ឱវាទ​នៃ​មេ​កំណាច​វិញ” (១ យ៉ូហាន ៥:១៩) ហើយវាមាន “​រាជ្យ​” របស់ខ្លួនវា (ម៉ាថាយ​ ១២:២៦)។  ​ដូច្នេះហើយ សាតាំងពិតជាមាន អំណាចមួយចំនួន នៅលើផែនដីនេះមែន ទោះបីជាគ្រប់យ៉ាងស្ថិតនៅក្រោមព្រះចេស្តាដ៏ខ្ពស់បំផុត របស់ព្រះក៏ដោយ។ ​ការនេះមានន័យថា​វាអាចនឹងស្នើផ្តល់នូវអំណាច ហើយនឹងសិរីល្អបណ្តោះអាសន្ននៅ ក្នុងលោកីយនាពេលបច្ចុប្បន្នពិតមែន ប៉ុន្តែវាមិនអាចផ្តល់នូវជ័យជំនះដ៏អស់កល្បនោះឡើយ។  

 

ដោយព្រោះតែអស់ទាំងនគរទាំងនេះហើយដែលព្រះយេស៊ូវបានលះចោលសិរីល្អរបស់ព្រះអង្គហើយបានយាងមកក្នុងផែនដីនេះ។ ​ព្រះហឫទ័យដ៏វិសេសរបស់ព្រះអង្គគឺជាការប្រមូលប្រជាជាតិទាំងអស់ អោយ បានចូលទៅក្នុងរាជនគរនៃព្រះ(២៥:៣១-៣៤)។ ប៉ុន្តែមុនពេលដែលព្រះអង្គគង់នៅលើបល្ល័ង្កនោះ ព្រះអង្គត្រូវតែជាប់ឆ្កាងជាមុនសិន។ ដូច្នេះហើយអារក្សបានផ្តល់នូវមធ្យោបាយដែលស្រួលជាងនេះ។ ​ព្រះយេស៊ូវអាចនឹងទទួលយកនូវការផ្តល់ឲ្យរបស់អារក្សហើយចៀសចេញពីការរងទុក្ខនៅលើឈើឆ្កាងនោះ ប៉ុន្តែលុះត្រាតែព្រះអង្គថ្វាយបង្គំអារក្សនោះវិញ។ ​ប្រសិនបើព្រះយេស៊ូវបានទទួលយកនូវការផ្តល់ឲ្យរបស់ អារក្សនោះ សេចក្តីសង្រ្គោះរបស់យើងមិនអាចនឹងកើតមានឡើងបានឡើយ។ ​ហេតុអ្វី? ដំបូងបំផុត ការថ្វាយបង្គំអារក្សគឺជាអំពើបាប។ ដូច្នេះហើយ ព្រះយេស៊ូវមិនអាចនឹងប្រគល់ព្រះអង្គទ្រង់ ទុកជាយញ្ញបូជា ដែលគ្មានបាបសម្រាប់អំពើបាបយើងបានឡើយ ប្រសិនបើទ្រង់ថ្វាយបង្គំអារក្ស។  ​ទីពីរ  ​បទគម្ពីរបង្រៀនថា ព្រះមែស្ស៊ីត្រូវតែ រងទុក្ខ ហើយក្រោយមកបានចូលទៅក្នុងសិរីល្អរបស់ព្រះអង្គ (២៤:២៦)។ 

 

នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា នែ សាតាំង ចូរ​ឯង​ថយ​ចេញ​ពី​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឯង​ត្រូវ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ»

 

៤:១០ ព្រះយេស៊ូវបានដកស្រង់ចេញពី ចោទិយកថា ​៦:១៣ ហើយបន្ថែមពាក្យថា “តែមួយ”។ ​ពាក្យ​ “តែមួយមានសារៈសំខាន់ហើយត្រូវការឲ្យយើងបានចងចាំជានិច្ច (ម៉ាថាយ ​៦:២៤)។ ​

 

ដោយការស្តាប់តាមបំណងព្រះហឫទ័យនៃព្រះវរបិតាព្រះអង្គ ព្រះយេស៊ូវត្រូវបានប្រទានគ្រប់​ទាំង​ សិទ្ធិអំណាច មិនមែនត្រឹមតែនៅលើផែនដីតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងស្ថានសួគ៌ផងដែរ ​(ម៉ាថាយ​២៨:១៨)។ អស់ទាំងនគរនៅក្នុង លោកីយនេះនឹងប្រែក្លាយជារាជនគររបស់ព្រះយេស៊ូវពេលដែល ព្រះអង្គយាងត្រឡប់មកវិញជាលើកទីពីរក្នុងនាមជាស្តេចលើអស់ទាំងស្តេច (វិវរណៈ ១១:១៥, ១៩:១៦)។ ​

 

ដូច្នេះ អារក្ស​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ រួច​មាន​ពួក​ទេវតា​មក​បំរើ​ទ្រង់។ 

 

៤:១១ ​សាតាំងបានល្បងលព្រះយេស៊ូវហើយក៏បានបរាជ័យ។  “ដូច្នេះ អារក្ស​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ” ​មានន័យថា​ព្រះយេស៊ូវទទួលបានជ័យជំនះ។ ​ព្រះអង្គទទួលបានជ័យជំនះដោយព្រោះតែព្រះអង្គជ្រាប ពីរបៀបវាយប្រហាររបស់សាតាំង គឺសេចក្តីកុហកនិងបោកបញ្ឆោត។ ព្រះយេស៊ូវបានបង្ហាញយើងថា ការឆ្លើយតបដ៏​មាន​ប្រសិទ្ធភាព​តែ​មួយ​គត់ចំពោះការបោកបញ្ឆោតរបស់សាតាំងនោះគឺជាសេចក្តីពិតរបស់ ព្រះ។ ​ដំបូង យើងត្រូវតែមើលអោយបានយល់ថាតើសេចក្តីល្បួងនោះគឺជាអ្វី គឺការកុហក។ ​បន្ទាប់មក យើងត្រូវតយុទ្ធ ចំពោះសេចក្តីល្បួងជាមួយនឹងព្រះបន្ទូលនៃព្រះ។ ​រាល់ទាំងការឆ្លើយតបរបស់ព្រះយេស៊ូវ ចំពោះសេចក្តីល្បួង របស់សាតាំងត្រូវបានដកស្រង់ចេញពីបទគម្ពីរចោទិយកថា​។ 

 

ព្រះយេស៊ូវអាចនឹងតទល់ជាមួយនឹងសាតាំងដោយអំណាចដ៏អស្ចារ្យ ប៉ុន្តែការដែលពឹងផ្អែកលើព្រះចេស្តា ហើយនឹងសេចក្តីពិតនៃព្រះបន្ទូលព្រះជាម្ចាស់នោះ ព្រះយេស៊ូវបានតទល់ជាមួយនឹងសាតាំងក្នុងរបៀប ដែលយើងទាំងអស់គ្នាក៏អាចធ្វើបានដូចគ្នាដែរ។ ​យើងទាំងអស់គ្នាអាចតទល់សេចក្តីល្បួងនៃការកុហក របស់សាតាំងដោយការជះពន្លឺនៃសេចក្តីពិតនៃព្រះលើពួកវា។ យើងត្រូវតែជ្រើសរើសជឿលើសេចក្តីពិត របស់ព្រះ ជាជាងការកុហករបស់សាតាំង។  ​ព្រះបន្ទូលនៃព្រះគឺជា “ដាវរបស់ ព្រះវិញ្ញាណ” ​​(អេភេសូ ៦:១៧)។ ប្រសិនបើយើងស្គាល់ព្រះបន្ទូលព្រះ យើងទាំងអស់គ្នាបានបំពាក់គ្រឿង សឹកនៅក្នុងចម្បាំង ទាស់នឹងសេចក្តីល្បួងជាស្រេចហើយ។ ​នៅពេលដែលយើងតទល់ជាមួយនឹងអារក្ស ដោយការឈររឹងមាំនៅ ក្នុងសេចក្តីពិតនៃព្រះបន្ទូលនៃព្រះនោះ វានឹងរត់ចេញជាមិនខាន (យ៉ាកុប ៤:៧; ១ ពេត្រុស​ ៥:៩)។ 

ចេញពីព្រឹត្តិការណ៏នេះ យើងបានរៀនពីរបៀបដែលយើងអាចយកឈ្នះសេចក្តីល្បួង ប៉ុន្តែអ្វីដែលសំខាន់ ជាងនេះយើងអាចឃើញថា ព្រះយេស៊ូវ បានយកឈ្នះសេចក្តីល្បួងជួសយើងទាំងអស់គ្នា។ ​ព្រះយេស៊ូវត្រូវបានល្បួងដូចជាយើងទាំងអស់គ្នាដែរ ប៉ុន្តែព្រះអង្គឥតបានធ្វើបាបសោះឡើយ (ហេព្រើរ ៤:១៥; ១ យ៉ូហាន ២:១៦)។ ​​សាតាំងបានល្បួងព្រះយេស៊ូវជាមួយនឹង “​សេចក្ដី​ប៉ង‌ប្រាថ្នារបស់ ​សាច់​ឈាម ” (ខ២-៣); “សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ភ្នែក” ​(ខ៨-៩); ហើយនឹង “សេចក្ដី​អំនួត​របស់​ជីវិត” (ខ៥-៦) (១ យ៉ូហាន ២:១៦); ប៉ុន្តែព្រះយេស៊ូវបានយកឈ្នះត្រង់ចំនុចដែលលោកអ័ដាម អ៊ីស្រាអែល ហើយអ្នកផ្សេងទៀត បានធ្លាក់ចុះ។ ​ 

 

ទេវតាបានមកបំរើព្រះយេស៊ូវ​; ដូចដែលទេវតាបានមកឯលោកអេលីយ៉ានៅក្នុងទីរហោស្ថាន (១ ពង្សាវតាក្សត្រ ១៩:៧-៨) ​ហើយបានការពារអ៊ីស្រាអែល (និក្ខមនំ ២៣:២០) នៅក្នុងទីរហោស្ថាន។ ​ព្រះយេស៊ូវបានបដិសេធ មិនទម្លាក់ព្រះអង្គទ្រង់ពីកំពូលព្រះវិហារដើម្បីឲ្យទេវតាមកជួយ  ពេលនេះទេវតាបានមកជួយព្រះអង្គ។ ​ទំនុកដំកើង ៩១:១១ (បទគម្ពីរដែលសាតាំងបានបង្វែរ) ត្រូវបានសម្រេចតាមផ្លូវរបស់ព្រះ ហើយក្នុងពេលវេលាដែលព្រះបានកំណត់។ ​មេរៀនសម្រាប់យើង ទាំងអស់គ្នាថានៅពេលដែលយើងតទល់ជាមួយនឹងសេចក្តីល្បួងដើម្បីបំពេញចិត្តយើងតាមផ្លូវដែលខុសនោះ ព្រះនឹងបំពេញបំណងយើងតាមផ្លូវដែលត្រឹមត្រូវដោយការប្រទាននូវអ្វីដែលយើងត្រូវការពិតប្រាកដ។ ​

សេចក្តីប្រកាសរបស់ព្រះយេស៊ូវ 

កាល​ព្រះ‌យេស៊ូវ​ឮ​ថា គេ​បាន​បញ្ជូន​យ៉ូហាន​ទៅ​ហើយ នោះ​ទ្រង់​យាង​ថយ​ទៅ គង់​នៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ 13រួច​ទ្រង់​ចេញ​ពី​ណាសា‌រ៉ែត ទៅ​គង់​នៅ​ឯ​ក្រុង​កាពើ‌ណិម​វិញ ជា​ក្រុង​នៅ​មាត់​សមុទ្រ ត្រង់​ព្រំ​ប្រទល់​ដែន​ ខេត្ត​សាប់‌យូល៉ូន នឹង​ណែប‌ថាលី ដើម្បី​ឲ្យ​បាន​សំរេច​ទំនាយ ដែល​ហោរា​អេសាយ​បាន​ទាយ​ថា «ស្រុក​សាប់‌យូល៉ូន នឹង​ណែប‌ថាលី តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ជា​ស្រុក​កាលី‌ឡេ​របស់​សាសន៍​ដទៃ 16ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្ដី​ស្លាប់» 

 

៤:១៣ ​​ក្រុងកាពើណិម​ស្ថិតនៅប៉ែកខាងជើងនៃឆ្នេរសមុទ្រកាលីឡេ។ ​ជាកន្លែងដែល ពេត្រុស អនទ្រេ យ៉ាកុប យ៉ូហាន ហើយនឹងម៉ាថាយរស់នៅ(ម៉ាថាយ ៨:១៤,​ ៩:១-៩; ម៉ាកុស ១:២៩, ២:១)។ 

៤:១៤-១៦ ជាថ្មីម្តងទៀត  ​លោកម៉ាថាយបង្ហាញយើងថាព្រះជន្មរបស់ព្រះយេស៊ូវបានសម្រេច សេចក្តីទំនាយ (ហើយដូច្នេះហើយបញ្ជាក់ថាព្រះជន្មរបស់ព្រះអង្គគឺស្របតាមគម្រោងការរបស់ព្រះ)។ ​មនុស្សមួយចំនួនរំពឹងថាព្រះមែស្ស៊ីត្រូវធ្វើការនៅក្នុងស្រុកយូដា និងក្រុងយេរូសាឡិម (យ៉ូហាន ៧:៤១- ៤៣) ប៉ុន្តែសេចក្តីទំនាយនៅក្នុងអេសាយ ៩:១-២ បានបង្ហាញយ៉ាងច្បាស់ថា ព្រះអង្គនឹងនៅក្នុងទឹកដី របស់សាប់‌យូល៉ូន នឹង​ណែប‌ថាលី។ ណាសារ៉ែតគឺស្ថិតនៅក្នុងខេត្ត សាប់យូល៉ូន; កាពើណិមនៅក្នុង ខេត្ត ណែបថាលី។ ​ដែនដីទាំងមូលត្រូវបានហៅថា​កាលីឡេ។ ​ដូច្នេះហើយ លោកម៉ាថាយបង្ហាញថា ព្រះយេស៊ូវ ដោយការធ្វើ​ព័ន្ធកិច្ចព្រះអង្គចាប់ពីក្រុងកាពើណិមនៅក្នុងកាលីឡេ បានសម្រេច សេចក្តីទំនាយហោរា អេសាយ​។ ​

 

ប្រជាជនដែលរស់នៅក្នុងស្រុកកាលីឡេគឺជា “អ្នកដែលនៅក្នុងភាពងងឹត” ដោយព្រោះតែចំងាយ ដែលពួកនៅឆ្ងាយពីទីកន្លែងនៃជីវិតសាសនារបស់សាសន៍យូដាដែលនៅក្នុងក្រុងយេរូសាឡិម ហើយដោយព្រោះតែពួកគេរស់នៅក្នុងចំណោមសាសន៍ដទៃ។ សាប់យូល៉ូន និងណែបថាលីគឺជាអំបូរ ប៉ែកខាងជើងរបស់អ៊ីស្រាអែល ដែលរស់នៅ “នៅក្នុងដំបន់ហើយជាស្រមោលនៃសេចក្តីស្លាប់” (ជារបៀបដែលនៃការនិយាយថាពួកគេរស់នៅក្នុងកន្លែងដែលមានគ្រោះថ្នាក់; យ៉ាកុប ៣៨:១៧; ទំនុកដំកើង ២៣:៤; យេរេមា ២:៦)។ ​ពួកគេជាអ្នកដែលធ្លាក់ទៅក្នុងការកាន់កាប់របស់ពួកអ្នកឈ្លានពាន អាស៊ើរីមុនគេបង្អស់ ហើយ​ដូច្នេះ​ទី​ក្រុង​របស់​ពួក​គេ​ជា​កន្លែង​ដំបូង​​ក្នុង​អ៊ីស្រាអែល ដែល​ពួកសាសន៍ដទៃ បានរស់​នៅ ​(ច្នេះហើយ “ស្រុកកាលីឡេរបស់សាសន៍ដទៃ” - នៅក្នុងសតវត្សទីមួយ ​មានប្រជាជនច្រើន ជាងពាក់ កណ្តាលនៃប្រជាជនដែលរស់នៅក្នុងស្រុកកាលីឡេជាសាសន៍ដទៃ)។ ​ពេលនេះ ដោយសារ ការយាងមក របស់ព្រះយេស៊ូវនោះ ប្រជាជនដែលរស់នៅក្នុងស្រុកកាលីឡេជាអ្នកទីមួយ ដែលបានស្តាប់ ឮដំណឹងល្អ នៃរាជនគរស្ថានសួគ៌ហើយបានស្គាល់ពីព្រះវត្តមាននិងព្រះចេស្តារបស់ព្រះមហាក្សត្រ។ ​ដូច្នេះហើយ កន្លែងណាដែលមានសេចក្តីងងឹតគ្របបាំងខ្លាំងបំផុត កន្លែងនោះហើយដែលមានពន្លឺបាន រះឡើង។ ​

 

តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូវ​ក៏​ចាប់​តាំង​ប្រកាស ដោយ​បន្ទូល​ថា ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថាន‌សួគ៌​ជិត​ដល់​ហើយ។ 

 

៤:១៧ ​​ការរៀបចំសម្រាប់ព័ន្ធកិច្ចរបស់ព្រះយេស៊ូវត្រូវបានសម្រេច។ ​ព្រះអង្គត្រូវបានចាក់ប្រេងតាំង សម្រាប់ព័ន្ធកិច្ចដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបានចាប់តាំង សិទ្ធិអំណាចចេស្តារបស់ព្រះអង្គលើ សាតាំង។ ​ពេលនេះ ព្រះអង្គចាប់ផ្តើមប្រកាសហើយ។ 

 

​ពាក្យនៅក្នុងភាសាក្រិចសម្រាប់ “ប្រកាស” (κηρύσσειν) គឺជាការប្រកាសរាជសារពី ស្តេចមួយអង្គ។ ​នៅក្នុងខនេះ ព្រះយេស៊ូវជាអ្នកប្រកាសរាជសារ និងជាស្តេច ដែលព្រះអង្គប្រកាស ពីរាជនគររបស់ព្រះអង្គជិតមកដល់ហើយ។ ​រាជសារដែលប្រកាសនោះដូចគ្នាជាមួយនឹងអ្វីដែល លោកយ៉ូហាន បាទីស្ទ (សូមមើលចំនុច ៣:២)។ ព្រះយេស៊ូវនឹងពន្យល់ថារាជនគរនៃស្ថានសួគ៌ជាអ្វីនៅ ក្នុងសេចក្តីបង្រៀនរបស់ព្រះអង្គ ជាពិសេសនៅក្នុងសេចក្តីបង្រៀននៅលើភ្នំ ហើយនិងការប្រៀបប្រដូច របស់ព្រះអង្គ។ ​ 

ព្រះយេស៊ូវត្រាស់ហៅសិស្សដំបូងរបស់ព្រះអង្គ 

កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ នោះ​ក៏​ទត​ឃើញ​បង​ប្អូន​២​នាក់ ជា​អ្នក​នេសាទ​ត្រី គឺ​ស៊ីម៉ូន ដែល​ហៅ​ថា ពេត្រុស នឹង​អនទ្រេ ជា​ប្អូន កំពុង​តែ​បង់​សំណាញ់​ក្នុង​សមុទ្រ រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​មក​តាម​ខ្ញុំៗ​នឹង​តាំង​អ្នក ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ

 

៤:១៨-១៩ របៀបដែលព្រះយេស៊ូវតាំងរាជនគរនៃព្រះនៅលើផែនដីគឺតាមរយៈការត្រាស់ហៅពួកសិស្ស។ ​

 

គេ​ក៏​ទុក​សំណាញ់​ចោល ទៅ​តាម​ទ្រង់​ភ្លាម

 

៤:២០ លក្ខណៈសម្បត្តិដ៏សំខាន់បំផុតសម្រាប់ពួកសិស្សនោះគឺជាការស្តាប់បង្គាប់ ដែលថា ​ស្ម័គ្រចិត្តនៅក្នុងការដើរតាមព្រះយេស៊ូវគ្រប់ទីកន្លែងដែលព្រះអង្គដឹកនាំឲ្យបានបម្រើព្រះអង្គ។ ​

 

លុះ​យាង​ហួស​ពី​នោះ​បន្តិច​ទៅ ទ្រង់​ទត​ឃើញ​បង​ប្អូន​២​នាក់​ទៀត គឺ​យ៉ាកុប ជា​កូន​សេបេដេ នឹង​យ៉ូហាន ជា​ប្អូន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​សេបេដេ ជា​ឪពុក គេ​កំពុង​តែ​ជួស‌ជុល​សំណាញ់ ហើយ​ទ្រង់​មាន​បន្ទូល​ហៅ​អ្នក​ទាំង​២​នោះ​មក គេ​ក៏​លះ‌បង់​ទូក នឹង​ឪពុក ដើរ​តាម​ទ្រង់​ជា​មួយ​រំពេច​ទៅ។ 

 

៤:២១-២២​ ការឆ្លើយតបភ្លាមៗរបស់ពួកគេចំពោះការត្រាស់ហៅរបស់ព្រះយេស៊ូវបានផ្តល់នូវគំរូដល់យើង ទាំងអស់គ្នា សម្រាប់ការស្តាប់បង្គាប់ព្រះយេស៊ូវ។ អ្នកនេសាទបួននាក់ពីក្រុងតូចមួយអាចនឹងមើលទៅ មិនដូចជា ក្រុមអ្នកផ្លាស់ប្តូរពិភពលោកនោះឡើយ ប៉ុន្តែដូចជាការប្រៀបប្រដូចអំពីគ្រាប់ពូជយ៉ាងនោះដែរ (១៣:៣១-៣២) នឹងបង្ហាញថា ចាប់ពីការចាប់ផ្តើមតូច មួយរាជនគរដ៏ធំអស្ចារ្យបានចាប់ផ្តើម​។ 

 

ព្រះ‌យេស៊ូវ ទ្រង់​យាង​គ្រប់​សព្វ​ក្នុង​ស្រុក​កាលី‌ឡេ ទ្រង់​បង្រៀន​ក្នុង​អស់​ទាំង​សាលា​ប្រជុំ ក៏​ប្រកាស​ដំណឹង​ល្អ​ពី​នគរ ព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ នឹង​អស់​ទាំង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​ជា​ផង

 

៤:២៣ ​នេះគឺជាការធ្វើដំណើរប្រកាសដំបូងបំផុតនៅក្នុងស្រុកកាលីឡេដោយព្រះយេស៊ូវ។ ​នៅក្នុងពេលនេះ ព្រះអង្គបាននាំយកអ្នកនេសាទបួននាក់ដែលព្រះអង្គទើបតែបានហៅអោយមក។ ពេល​ទីពីរ ព្រះអង្គបាននាំយកសិស្សទាំង ដប់ពីរនាក់(ម៉ាថាយ ៨-៩)។ ពេល​ទីបី ព្រះអង្គចាត់សិស្ស ទាំងដប់ពីរអោយចេញទៅមុនជាគូរហើយ ទៅតាមក្រោយពួកគេ(ម៉ាថាយ ១០)។ ​លោកចូសេហ្វឹស ជាអ្នកប្រវត្តិវិទូរនៅក្នុងជំនាន់នោះ បានកត់ត្រាថាស្រុកកាលីឡេមានក្រុងនិងភូមិចំនួន២០៤។ ​មានមនុស្សជាច្រើនដែលត្រូវការជួបជាមួយនឹងព្រះយេស៊ូវ។  ​

 

យើងបានឃើញថា ផ្នែក​ទាំង​បីនៃព័ន្ធកិច្ចរបស់ព្រះយេស៊ូវគឺជាការបង្រៀន ការប្រកាសដំណឹងល្អ ហើយនឹងព្រម​ទាំង​ប្រោស​ជំងឺ​គ្រប់​មុខ​ឲ្យ​ជា​ផង។ 

 

​សារដែលព្រះយេស៊ូវប្រកាសគឺ “ដំណឹងល្អពី​នគរ”។ ​ដំណឹងល្អត្រូវបានបង្រៀន និងរប្រកាស ប៉ុន្តែក៏បង្ហាញ តាមរយៈអំណាចរបស់ព្រះយេស៊ូវ លើគ្រប់ទាំងជំងឺ ហើយនឹងបញ្ហាដែលមាននៅក្នុងចំណោមមនុស្សផងដែរ ។ ​ការប្រោស​ជំងឺដ៏អស្ចារ្យគឺជាសញ្ញាពីការមកដល់រាជនគរស្ថានសួគ៌ (១១:២-៦; អេសាយ ៣៥:៥-៦)  និងជាការបង្ហាញថាព្រះយេស៊ូវ មានសិទ្ធិអំណាចលើទាំងពិភពខាងវិញ្ញាណ និងពិភពខាងសាច់ឈាម។ ​

 

ដំណឹង​ពី​ទ្រង់​បាន​ឮ​សុស‌សាយ​ទួទៅ ពេញ​ក្នុង​ស្រុក​ស៊ីរី គេ​ក៏​នាំ​អស់​ទាំង​មនុស្ស​ដែល​មាន​ជំងឺ​រោគា​គ្រាំ​គ្រា​ផ្សេងៗ ទាំង​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា មាន​មនុស្ស​កក‌កុញ​ជាប់​តាម​ទ្រង់ គឺ​ជា​មនុស្ស​ដែល​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​យូដា ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់។ 

 

៤:២៤-២៥ ហ្វូងមនុស្សយ៉ាងធំបានមកឯព្រះយេស៊ូវពីគ្រប់ទីកន្លែង។ ពួកគេបានធ្វើដំណើរមកពីក្រុងយេរូសាឡិម និងស្រុកយូដា នៅភាគខាងត្បូង ហើយពីស្រុករបស់សាសន៍ដទៃដែលនៅស្រុកដេកាប៉ូលដែលនៅខាងកើតនៃទន្លេយ័រដាន់។ ​ 

bottom of page