
មេរៀនទី ២៖ ស្រឡាញ់អ្នកដទៃ
នៅក្នុងមេរៀនមុនរបស់យើង យើងបានឃើញថាព្រះយេស៊ូវបានបង្រៀន ដោយសិទ្ធិអំណាចពី ព្រះជាម្ចាស់ ហើយសេចក្ដីបង្រៀនរបស់ព្រះអង្គដែលថា ស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាង គឺជាបទបញ្ញត្តិដ៏សំខាន់បំផុត។ យ៉ាងណាមិញ ព្រះយេស៊ូវបានធ្វើច្រើនជាង គ្រាន់តែប្រាប់យើងឱ្យស្រឡាញ់អ្នកជិតខាង។ ព្រះអង្គបានបង្រៀនយើងអំពី របៀបស្រឡាញ់អ្នកជិតខាង ហើយព្រះអង្គបង្ហាញអំពី របៀបស្រឡាញ់អ្នកជិតខាង ដោយទង្វើរបស់ព្រះអង្គដែរ។ នៅក្នុងមេរៀននេះ យើងនឹងមើលបន្ថែមទៀតអំពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ ដើម្បីមើលអំពីការស្រឡាញ់អ្នកជិតខាងមានអ្វីខ្លះ។
(១) មិនខឹងគេ
បើយើងស្រឡាញ់អ្នកជិតខាងរបស់យើង យើងមិនអាចខឹង ឬប្រមាថអ្នកដទៃនោះឡើយ។ ព្រះយេស៊ូវសង្កត់ធ្ងន់ទៅលើ ធម្មជាតិនៃកំហឹង ដោយប្រៀបធៀបវាទៅនឹងការសម្លាប់គេ។
[ម៉ាថាយ 5:21-22] អ្នករាល់គ្នាបានឮសេចក្តីដែលសំដែងដល់មនុស្សពីបុរាណ ថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ» បើអ្នកណាសំឡាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ តែខ្ញុំប្រាប់អ្នករាល់ គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ ហើយអ្នកណា ដែលស្តីឲ្យបងប្អូនថា «អាចោលម្សៀត» នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា «អាឆ្កួត» នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក។
«កុំឲ្យសំឡាប់មនុស្សឲ្យសោះ» គឺជាបទបញ្ជាទី ៦ (និក្ខមនំ 20:13)។ យ៉ាងណាមិញ ព្រះយេស៊ូវបង្រៀនថា មិនមែនតែការសម្លាប់ទេ ដែលរំលងបទបញ្ជានេះ។ កំហឹងនៅក្នុងចិត្ត និងពាក្យប្រមាថ ក៏បំពានបទបញ្ជានេះដែរ។
ពាក្យជាភាសាក្រិចសម្រាប់ពាក្យ "ខឹង" (ὀργιζόμενος) មានន័យថា កំហឹងដែលតាំងនៅយ៉ាងយូរ ដោយមិនលើកលែងទោស។ បានន័យថា បន្តខឹងឥតឈប់។ ពាក្យ "អាចោលម្សៀត" (Ῥακά) មានន័យថា អត់ខួរ ជាពាក្យប្រមាថទៅកាន់ភាពវៃឆ្លាតរបស់អ្នកដទៃ។ ពាក្យ "អាឆ្កួត" (Μωρέ) បង្ហាញអំពី ការមើលងាយទៅកាន់ចរិតលក្ខណៈរបស់អ្នកណាម្នាក់។
ក្នុងបទគម្ពីរនេះ ព្រះយេស៊ូវមិនកំពុងបង្រៀនអំពីអ្វី ពាក្យដែលយើងមិនត្រូវហៅអ្នកដទៃនោះទេ តែអំពី ឥរិយាបថមិនត្រឹមត្រូវ ដែលដូចជាការសម្លាប់នៅក្នុងចិត្ត។ ឥរិយាបថក្នុងចិត្តដែលមិនត្រឹមត្រូវ គឺជាការសម្អប់ទៅកាន់នរណាម្នាក់ មិនថាវាជាត្រូវបានបង្ហាញដោយការប្រមាថ កំហឹង ឬការសម្លាប់នោះឡើយ។ ទង្វើទាំងនេះនីមួយៗ សុទ្ធតែជាការបរាជ័យ ក្នុងការស្រឡាញ់អ្នកដទៃ។
(២) កុំថ្កោលទោសគេ
ការស្រឡាញ់អ្នកដទៃមានន័យថា យើងមិនថ្កោលទោសគេនោះឡើយ។ ចូរស្ដាប់អំពី អ្វីដែលព្រះយេស៊ូវមានបន្ទូលនៅក្នុង ម៉ាថាយ 7:1-5
កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង ហេតុអ្វីបានជាអ្នកមើលឃើញកំទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ ឬធ្វើដូចម្តេចឲ្យអ្នកនិយាយនឹងបងប្អូនថា ចូរឲ្យអញយកកំទេចពីភ្នែកឯងចេញ តែមើល មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ អ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ។
ព្រះយេស៊ូវបានបង្រៀនថា យើងគួរជួយអ្នកដទៃដែលមានចំនុចខ្សោយ មិនមែនកាត់ទោសដែលពួកគេមានចំនុចខ្សោយនោះឡើយ។ បើពួកគេមានកំទេចនៅក្នុងភ្នែករបស់គេ យើងគួរជួយយកវាចេញ។ យើងមិនគួររិះគន់ពួកគេ ឬទៅប្រាប់អ្នកដទៃអំពីកំទេចនោះទេ។
ព្រះយេស៊ូវបានឱ្យហេតុផល ២ ដែលយើងមិនគួរកាត់ទោសអ្នកដទៃ៖
-
ព្រះជាម្ចាស់នឹងកាត់ទោសយើង ដូចយើងបានកាត់ទោសអ្នកដទៃដែរ។ ព្រះយេស៊ូវមានបន្ទូលថា "កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង"។ ព្រះយេស៊ូវបានប្រាប់យើងថា ប្រសិនបើយើងកាត់ទោសអ្នកដទៃ ព្រះអង្គនឹងកាត់ទោសយើងវិញយ៉ាងនោះដែរ។ ប៉ុន្តែ ប្រសិនបើយើងចង់ឱ្យព្រះអង្គ មើលមកយើងដោយចិត្តសុភាព នោះយើងគួរមើលទៅគេដោយចិត្តសុភាពដែរ។
-
យើងគ្រប់គ្នាមានចំនុចខ្សោយ។ ព្រះយេស៊ូវមានបន្ទូលថា "ហេតុអ្វីបានជាអ្នកមើលឃើញកំទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ" ព្រះយេស៊ូវបានប្រាប់យើងថា យើងអាចមើលឃើញចំនុចខ្សោយរបស់អ្នកដទៃយ៉ាងច្បាស់ សូម្បីតែវាតូច ១ ក៏ដោយ។ ប៉ុន្តែ យើងមិនបានដឹងអំពី ចំនុចខ្សោយរបស់ខ្លួនឯងទេ សូម្បីតែវាធំ និងច្បាស់ទៅកាន់អ្នកដទៃក៏ដោយ។ វាគឺជាការពុតល្បុតណាស់ ដែលយើងកាត់ទោសចំនុចខ្សោយអ្នកដទៃ តែមើលមិនឃើញចំនុចខ្សោយរបស់ខ្លួននោះ។
បទបញ្ញត្តិនេះ អំពីការមិនថ្កោលទោសអ្នកដទៃ សង្គ្រោះជីវិតរបស់ស្ត្រីម្នាក់។ ពួកអាចារ្យនាំស្ត្រីម្នាក់ដែលគេចាប់បានថា ប្រព្រឹត្តិអំពើសហាយស្មន់ មកកាន់ព្រះយេស៊ូវ។ ពួកគេចង់សម្លាប់នាង ហើយសួរព្រះយេស៊ូវអំពី អ្វីដែលគេគួរធ្វើទៅកាន់នាង។ ចូរអាន យ៉ូហាន 8:2-11 និងមើលអំពី អ្វីដែលព្រះយេស៊ូវបានធ្វើ។
ស្រ្តីម្នាក់នេះ បានប្រព្រឹត្តិអំពើបាប តែព្រះយេស៊ូវប្រាប់បណ្ដាជនឱ្យគិតអំពីប្រសិនបើខ្លួនគេមានបាប ផងដែរទេ។ ប្រសិនបើពួកគេមាន ពួកគេគ្មានសិទ្ធិថ្កោលទោសនាងនោះទេ។ ចុងក្រោយ បណ្ដាជនក៏ចាកចេញពីព្រោះពួកគេដឹងថា គ្មានមនុស្សបាបណាមានសិទិ្ធថ្កោលទោសមនុស្សបាប ផ្សេងទេ។
ពិភាក្សា៖ ប្រសិនបើនរណាម្នាក់ដែលអ្នកស្គាល់តែងតែថ្កោលទោសអ្នកដទៃ តើអ្នកគួរនិយាយ ទៅកាន់គាត់ ដូចម្ដេច?
(៣) ចូរមានចិត្តមេត្តាករុណា
ដើម្បីបង្ហាញសេចក្ដីមេត្ដាករុណាទៅមនុស្សដែលយើងជួប គឺជាផ្នែកមួយនៃការស្រឡាញ់អ្នកដទៃ។ វាក៏មានន័យថា ធ្វើអ្វីដែលយើងចង់ឱ្យអ្នកដទៃធ្វើមកកាន់យើងផងដែរ។ សេចក្ដីមេត្ដាករុណា ស្ដាប់ទៅសុភាព តែយើងត្រូវមានកម្លាំង ក្នុងការធ្វើជាមនុស្សមានចិត្តមេត្តាករុណា ពីព្រោះ ជាញឹកញាប់ការអនុវត្តជាក់ស្តែងពិបាក។
តើប្អូនៗចាំអំពី ប្រស្នាអំពីបុរសសាសន៍សាម៉ារីល្អដែរទេ? នៅខាងចុងប្រស្នា ព្រះយេស៊ូវបានសួរថា៖ "ដូច្នេះ ក្នុង៣នាក់នោះ តើអ្នកស្មានថា អ្នកណាជាអ្នកជិតខាងនឹងមនុស្ស ដែលធ្លាក់ទៅ ក្នុងកណ្តាប់ ដៃពួកចោរនោះ អ្នកនោះឆ្លើយថា គឺអ្នក១ដែលមានចិត្តអាណិតដល់គាត់នោះឯង ដូច្នេះ ព្រះយេស៊ូវ មានព្រះបន្ទូលថា ទៅចុះ ចូរអ្នកប្រព្រឹត្តបែបយ៉ាងដូច្នោះដែរ។" (លូកា 10:36-37)
បុរសសាសន៍សាម៉ារីបានលះបង់ ពេលវេលា និងលុយកាក់ ដើម្បីបង្ហាញសេចក្ដីមេត្តាករុណា តាដល់បុរសដែលគាត់បានសង្គ្រោះ។ ជាញឹកញាប់ សេចក្ដីមេត្តាករុណា និងចិត្តអាណិត ទាមទារការលះបង់អាចជា ពេលវេលា លុយកាក់ និងភាពមិនស្រណុកស្រួល។ ដូច្នេះ ហេតុអ្វីទើបយើងគួរបង្ហាញសេចក្ដីមេត្តាករុណា និងចិត្តអាណិតទៅកាន់អ្នកដទៃ? ព្រះយេស៊ូវមានបន្ទូលថា៖
[ម៉ាថាយ 5:7] មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបាន សេចក្តីមេត្តា ករុណាវិញ។
ចម្លើយព្រោះយើងគ្រប់គ្នា ត្រូវការសេចក្ដីមេត្តាករុណាពីព្រះ។ ដោយសារតែសេចក្ដីមេត្តាករុណា របស់ព្រះតែមួយប៉ុណ្ណោះ ដែលយើងអាចទទួលការអត់ទោស និងទទួលការសង្គ្រោះ។ ម្ដងទៀតយើងឃើញសេចក្ដីពិតអំពីរបៀប ដែលយើងប្រព្រឹត្តិទៅកាន់អ្នកដទៃនឹងជះឥទ្ធិពលមកកាន់ របៀបដែលព្រះជាម្ចាស់ធ្វើមកកាន់យើងដែរ។ បើយើងចង់ទទួលសេចក្ដីមេត្តាករុណា យើងគួរតែមានមេត្តាទៅកាន់អ្នកដទៃ។ ព្រះយេស៊ូវបានប្រាប់យើងអំពី ប្រស្នាមួយអំពី អ្នកបម្រើគ្មានសេចក្ដីមេត្តាករុណា។ សម្ដែង ឬអាន ម៉ាថាយ 18:23-35
អ្នកបម្រើជំពាក់បំណុលស្ដេចយ៉ាងច្រើន។ ប្រាក់៥ពាន់ គឺប្រហែលនឹងប្រាក់ខែ ១ ឆ្នាំ ហើយបុរសនេះ ហើយបុរសនេះជំពាក់ប្រាក់២កោដិ! បំណុលនេះ ធំធេងណាស់។ នេះគឺដូចជាបំណុល ដែលយើងម្នាក់ៗជំពាក់ព្រះជាម្ចាស់អ៊ីចឹង។ វាធំធេងណាស់ រហូតដល់គ្មាននរណាម្នាក់អាចសងបាន។ យ៉ាងណាមិញ សេ្ដចលើកលែងបំណុលនេះដោយសេចក្ដីមេត្តាករុណា។ នេះបង្ហាញអំពី អ្វីដែលព្រះជាម្ចាស់ធ្វើ មកកាន់អស់អ្នកដែលចូលកាន់ទ្រង់ ដោយការប្រែចិត្ត។
ប៉ុន្តែ បន្ទាប់អ្នកបម្រើនេះបដិសេធមិនលើកលែង បំណុលរបស់អ្នកបម្រើម្នាក់ទៀតដែលជំពាក់គាត់ ២០ រៀល (ប្រហែលប្រាក់ខែ ៣ ខែ)។ នេះប្រៀបដូចជាបំណុលដែលយើងជំពាក់គ្នាទៅវិញទៅមក។ វាតិចជាងបំណុលដែលយើងជំពាក់ ព្រះជាម្ចាស់ឆ្ងាយណាស់។ ស្ដេចឮដំណឹងអំពីអ្នកបម្រើគ្មាន ក្សេចក្ដីមេត្តាករុណារ ហើយស្ដេចបញ្ជាឱ្យគាត់សងប្រាក់ទ្រង់ទាំងអស់វិញ។ មេរៀនគឺ បើយើងចង់ ទទួលសេចក្ដីមេត្តាករុណារពីព្រះ យើងត្រូវតែបង្ហាញសេចក្ដីមេត្តាករុណារទៅកាន់ អ្នកដទៃដែរ។
បើអ្នកណាមានឧទាហរណ៍អំពី ពេលវេលាដែលមានអ្នកណាម្នាក់ បង្ហាញសេចក្ដីមេត្តាករុណារដ៏អស្ចារ្យ សូមចែកចាយ។
តើបងប្អូន ចាំបានស្ត្រីម្នាក់ ដែលគេចាប់បានថាប្រព្រឹត្តិសាហាយស្មន់ដែរទេ? ព្រះយេស៊ូវប្រាប់ បណ្ដាជនថា ពួកគេអាចថ្កោលទោសនាងបាន បើពួកគេគ្មានបាប តែគ្មាននរណាម្នាក់គ្មានបាបនោះទេ។ ប៉ុន្តែ មានមនុស្សម្នាក់ដែលអាចថ្កោលទោសនាងបាន។ ព្រះយេស៊ូវ។ ព្រះអង្គគ្មានបាបនោះទេ។ ប៉ុន្តែ ព្រះអង្គប្រាប់ នាងថា៖ "ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ"។ ព្រះយេស៊ូវគឺជាមនុស្ស តែម្នាក់ ដែលអាចកាត់ទោសនាងបាន តែព្រះអង្គមិនបានកាត់ទោសនាងទេ។ ផ្ទុយទៅវិញ ព្រះអង្គទទួលការ ដាក់ទោស ជំនួសបាបនាង (និងជំនួសបាបយើង) នៅលើឈើឆ្កាងទៀតផង។ នេះគឺជាសេចក្ដីមេត្តាករុណារ ដែលព្រះយេស៊ូវបានបង្ហាញមកកាន់ស្ត្រីម្នាក់ នេះ ហើយមកកាន់អស់អ្នកដែលជឿលើព្រះអង្គ។
(៤) ការអត់ទោស
ការអត់ទោសឱ្យអ្នកដទៃគឺជាផ្នែកមួយ នៃការស្រឡាញ់អ្នកជិតខាងឱ្យដូចស្រឡាញ់ខ្លួនឯង។ ពេល មនុស្សធ្វើបាបទាស់នឹងយើង យើងជាធម្មតាទទួលការឈឺចាប់ និងប្រហែលជាខឹងជាមួយគេ។ ប៉ុន្តែ ពេលយើងធ្វើការនេះ យើងមិនបានស្រឡាញ់ពួកគេទេ។ ការមិនអត់ទោស នាំឱ្យយើងមានចិត្តរឹង។ បើយើងបន្តប្រកាន់យកការមិនអត់ទោសក្នុងរយៈពេលយូរ វានឹងធ្វើទុក្ខយើង ទាំងខាងរាងកាយ និងព្រ លឹងវិញ្ញាណ។ ព្រះយេស៊ូវបង្រៀនឱ្យយើងចេះអត់ទោសដល់អ្នកដទៃ។
[លូកា 17:3-4] ចូរប្រយ័ត្នខ្លួន បើបងប្អូនធ្វើបាបនឹងអ្នក ត្រូវឲ្យអ្នកបន្ទោសដល់គាត់ បើគាត់ប្រែចិត្តមក វិញ នោះចូរអត់ទោសដល់គាត់ចុះ។ បើគាត់ធ្វើបាបនឹងអ្នក៧ដងក្នុង១ថ្ងៃ ហើយត្រឡប់មកនិយាយ នឹងអ្នក៧ដងថា ខ្ញុំប្រែចិត្តហើយ នោះត្រូវឲ្យអ្នកអត់ទោសដល់គាត់ជាកុំខាន។
[ម៉ាថាយ 18:21-22] ខណៈនោះ ពេត្រុសក៏មកឯទ្រង់ទូលថា ព្រះអម្ចាស់អើយ បើបងឬប្អូនធ្វើបាបនឹងខ្ញុំ នោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដង តើដល់៧ដងឬអី។ ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត។
ព្រះយេស៊ូវមិនបានកំណត់ចំនួនដែលយើងគួរអត់ទោសដល់អ្នកដទៃនោះទេ។ ព្រះអង្គមានន័យថា យើង ត្រូវតែអត់ទោសអ្នកដទៃគ្រប់ពេលដែលគេសុំការអត់ទោសពីយើង។ សម្រាប់សាសន៍យូដា លេខ ៧ តំណាងឱ្យភាពឥតខ្ចោះ និងពេញលេញ។ ដូច្នេះ ការអត់ទោសអ្នកណាម្នាក់ ៧៧ ដង មានន័យថា អត់ទោសឱ្យគេដោយភាពឥតខ្ចោះ និងពេញលេញ ដូចគ្នាទៅ នឹងព្រះយេស៊ូវបានអត់ទោសមកកាន់ យើងដែរ។ ហេតុអ្វីទើបយើងធ្វើការនេះ?
[ម៉ាថាយ 6:14-15] ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ។ តែបើអ្នករាល់គ្នា មិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំ លងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ។
ម្ដងទៀត បើយើងចង់ឱ្យព្រះជាម្ចាស់អត់ទោសយើង រាល់ពេលដែលយើងទូលសុំ យើងត្រូវតែអត់ ទោសអ្នកដទៃគ្រប់ពេលដែលគេសុំការអត់ទោសពីយើងដូចគ្នា។
បើនេះស្ដាប់ទៅពិបាកពេក យើងគួរចងចាំថា ព្រះយេស៊ូវបានធ្វើគ្រប់យ៉ាង ដែលទ្រង់បានបង្រៀនមកកាន់យើង។
[លូកា 23:33-34] កាលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៏ក្បាលហើយ គេឆ្កាងទ្រង់នៅទីនោះ ព្រមទាំងចោរកំណាចផង ម្នាក់ខាងស្តាំ ម្នាក់ខាងឆ្វេងទ្រង់ ៣៤ ឯព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ គេក៏នាំគ្នាធ្វើឆ្នោត ចាប់ព្រះពស្ត្រទ្រង់ចែកគ្នា។
សូម្បីតែពេលព្រះយេស៊ូវត្រូវគេយកទៅឆ្កាង ក៏ព្រះអង្គអធិស្ឋានឱ្យព្រះជាម្ចាស់ អត់ទោសដល់អ្នកដែល សម្លាប់ព្រះអង្គដែរ។ នេះបង្ហាញពីសារៈសំខាន់ដែលព្រះយេស៊ូវគិតទៅលើការអត់ទោស។
[1 ពេត្រុស 2:21-23] ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់។ ទ្រង់មិនបានធ្វើបាប អ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ។ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់ មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ។
គ្មានអ្នកណាដែលគេប្រព្រឹត្តមិនគប្បីដាក់ជាងព្រះយេស៊ូវទៀតនោះទេ។ ព្រះអង្គមិនបានធ្វើបាប ហើយមិនសាកសមទទួលការដាក់ទោសអ្វីទាំងអស់ តែព្រះអង្គត្រូវគេវាយដំ ស្ដោះទឹកមាត់ និងចំអកដាក់ ហើយឆ្កាង។ បើមានអ្នកដែលមានសិទ្ធិខឹង និងសងសឹកនោះ វាគួរតែជាព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូវ មិនបានជេរប្រមាថ ឬគម្រាមកំហែងដល់អ្នកដែលធ្វើខុសមកកាន់ព្រះអង្គទេ។ ផ្ទុយទៅវិញ ព្រះអង្គបានអត់ទោសគេ និងបន្តទុកចិត្តទៅកាន់ព្រះវរបិតា ដែលជំនុំជំរះមនុស្សគ្រប់ៗគ្នាដោយសុចរិតវិញ។
ពិភាក្សា៖ តើការអត់ទោសដល់អ្នកដទៃមានន័យដូចម្ដេច? តើយើងធ្វើវាដោយរបៀបណា?
(៥) ស្វែងរកការផ្សះផ្សារ
វាមានសារៈសំខាន់ណាស់ដែលយើងដឹងថា ការអត់ទោសមិនមែនមានន័យថា យើងធ្វើពុតដូចជាវាមិន មានបញ្ហា ពេលអ្នកណាម្នាក់ធ្វើបាបទាស់នឹងយើងនោះឡើយ។ ផ្ទុយទៅវិញ យើងកត់ចំនាំបញ្ហា ហើយ ស្វែងរកដំណោះស្រាយជាមួយមនុស្សដែលធ្វើបាបមកកាន់យើង។ យើងស្វែងរកយុត្តិធម៌ (មិនមែន ការដាក់ទោស) និងការផ្សះផ្សារ (មិនមែនការសងសឹក) ទេ។ ព្រះយេស៊ូវបានណែនាំយើងអំពីអ្វីដែល យើងគួរ ធ្វើនៅពេលមានគេធ្វើបាបទាស់នឹងយើង នៅក្នុង ម៉ាថាយ 18:15-17 "បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយ និងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបង ឬប្អូននោះមកវិញ តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹង បញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់ បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវ តែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ"។
សូមកត់ចំណាំអំពី គោលដៅគឺការផ្សះផ្សារ មិនមែនការដាក់ទោសទេ។ យ៉ាងណាមិញ បើវាមិនអាចទៅរួច នោះការដកអ្នកនោះចេញពីក្រុមរបស់យើង គឺជាជម្រើសដ៏ប្រសើរបំផុត។
ចុះចំណែកពេលយើងធ្វើបាបទាស់នឹងអ្នកដទៃវិញ? ម្ដងទៀត ព្រះយេស៊ូវបង្រៀនយើងថាត្រូវស្វែងរក ការផ្សះផ្សារ។
[ម៉ាថាយ 5:23] ដូច្នេះ បើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក។
អាសនាតែមួយ ដែលពួកយូដាថ្វាយដង្វាយ គឺនៅព្រះវិហារ ក្រុងយេរ៉ូសាឡឹម។ ព្រះយេស៊ូវមាន បន្ទូលទៅកាន់ពួកសិស្សនៅកាលីឡេ ចម្ងាយប្រហែល ១៣០ គីឡូម៉ែតពីនោះ។ ដូច្នេះ នៅពេលព្រះអង្គប្រាប់ពួកគេឱ្យទុកដង្វាយ ហើយទៅរកការផ្សះផ្សារជាមុនសិន រួចសឹមមកថ្វាយដង្វាយវិញ។ នេះប្រ ហែល ជាត្រូវលះបង់ពេលវេលា និងការព្យាយាមច្រើន។ ព្រះយេស៊ូវបង្រៀនយើងអំពី សារៈសំខាន់នៃ ទំនាក់ទំនងហើយថា ការផ្សះផ្សារគួររកយ៉ាងសកម្ម និងរហ័សបំផុត ទោះបីជាវាលំបាកយ៉ាងណាក៏ ដោយ។ ព្រះជាម្ចាស់ទទួលដង្វាយយើង ចំពោះតែពេលយើងស្វែងរកការផ្សះផ្សារពីអ្នកដទៃហើយ ប៉ុណ្ណោះទេ។
(៦) ធ្វើជាមនុស្សនាំសន្តិភាព
ព្រះយេស៊ូវរំពឹងទុកថា អ្នកដើរតាមព្រះអង្គគួរតែជា មនុស្សនាំសន្តិភាព។ រាល់ពេលដែលពួកសិស្សចង់ ឆ្លើយតបទៅនឹង ស្ថានភាពណាមួយដោយហិង្សា ព្រះអង្គតែងតែស្ដីបន្ទោសពួកគេ។ អាន លូកា 9:51-56 និងម៉ាថាយ 26:47-52
ដំណោះស្រាយទៅនឹងជម្លោះ គឺមិនការប្រឆាំងដោយហិង្សា ឬការសងសឹកនោះទេ។ ក៏មិនមែនជាអកម្មដែរ។ ព្រះយេស៊ូវបង្រៀនយើងថា ការឆ្លើយតបយ៉ាងសកម្មទៅនឹងការអាក្រក់ គឺចាំបាច់ណាស់។ព្រះអង្គបង្រៀនយើងថា ឱ្យស្រឡាញ់ខ្មាំងសត្រូវរបស់យើង ហើយអធិស្ឋាន ឱ្យអស់ អ្នកដែលបៀតបៀនយើង ហើយបង្កើតសន្តិភាព។ ព្រះយេស៊ូវមានបន្ទូលថា៖ "មានពរហើយ អស់អ្នក ដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅជាកូនរបស់ព្រះ។" (ម៉ាថាយ 5:9)
ធ្វើជាមនុស្សនាំសន្តិភាព គឺយើងនាំការផ្សះផ្សារទៅកាន់មនុស្សដែលទាស់ទែងគ្នា។ ព្រះយេស៊ូវគឺជា "ព្រះបុត្រានៃសន្ដិភាព" ដែលប្រទានជីវិតរបស់ទ្រង់ ដើម្បីនាំសន្តិភាពមករវាងមនុស្ស និងព្រះជាម្ចាស់ ដោយផ្សះផ្សារយើងជាមួយនឹងព្រះជាម្ចាស់។ ឥឡូវនេះ ព្រះអង្គហៅយើងឱ្យ ធ្វើជាមនុស្សដែលនាំការ ផ្សះផ្សារទៅកាន់អ្នកដទៃ។
សង្ខេប
ស្រឡាញ់អ្នកដទៃមានន័យថា៖
-
យើងមិនខឹងគែ ឬប្រមាថគេ
-
យើងមិនថ្កោលទោសគេ សម្រាប់ចំនុចខ្សោយរបស់ពួកគេ
-
យើងមានចិត្តមេត្តាករុណាដល់អ្នកដទៃ
-
យើងអត់ទោសគេ ដែលគេបានធ្វើបាបមកកាន់យើង
-
យើងស្វែងរកការផ្សះផ្សារ ពេលអំពើបាបបានបំផ្លាញទំនាក់ទំនងយើង
-
យើងព្យាយាមនាំការផ្សះផ្សារមករវាងមនុស្ស។
ពិភាក្សា៖ យើងអ្នករៀនបានអ្វីអំពីព្រះយេស៊ូវ ក្នុងមេរៀននេះ?
អធិស្ឋានបញ្ចប់




