
មេរៀន ទី៣: កូនព្រះ
សេចក្តីពិតដ៏សំខាន់មួយ : ពេលព្រះក្លាយជាឪពុករបស់យើង យើងចាប់ផ្ដើមរស់ជាកូនរបស់ព្រះអង្គ
សកម្មភាព : ធ្វើជាខ្លួនឯង
សម្ភារៈ : ស្ទីកក័រសម្រាប់សរសេរឈ្មោះ និងប៊ិច
របៀបលេង :
១) និយាយ : យើងនឹងលេងហ្គេមមួយ មានឈ្មោះថា "ធ្វើជាខ្លួនឯង"។ គ្រូនឹងចែកស្ទ័កក័រទុកឱ្យប្អូនៗ សរសេរឈ្មោះហើយប្អូនៗត្រូវសរសេរឈ្មោះមនុស្សល្បីណាម្នាក់។
២) បន្ទាប់មក បិទស្ទីកក័រនោះ លើខ្នងរបស់អ្នកណាម្នាក់។ កុំឱ្យពួកគេមើលឃើញឈ្មោះ ដែលអ្នកបាន សរសេរ។ មនុស្សម្នាក់ៗត្រូវមានស្ទ័កក័រឈ្មោះ តែមួយប៉ុណ្ណោះនៅលើខ្នង។
៣) ក្រោកឈរ រួចនិយាយជាមួយមនុស្សនៅជុំវិញខ្លួន។ មើលឈ្មោះនៅលើខ្នង រួចធ្វើដូចជាអ្នកជួបជា មួយអ្នកនោះពិតមែន តែកុំនិយាយឈ្មោះរបស់គាត់។
៤) អ្នកត្រូវព្យាយាមទាយថាជា អ្នកណា។ ហ្គេមនេះ លេងសប្បាយជាងពេលអ្នក និយាយជាមួយមនុស្ស ច្រើន។ ដូច្នេះ អ្នកត្រូវដើរនិយាយជាមួយគេទៅវិញទៅមក។
៥) ពេលអ្នកទាយត្រូវថា ខ្លួនឯងជាអ្នកណាហើយ អ្នកត្រូវយកស្ទីកក័រឈ្មោះនោះមកបិទនៅខាងមុខវិញ រួចធ្វើជាអ្នកនោះរហូតដល់ចប់ហ្គេម!
ក្រោយបញ្ចប់ហ្គេម:
សួរ៖ "នៅក្នុងហ្គេមនេះ តើវាពិបាក ឬស្រួលក្នុងស្គាល់ថា អ្នកខ្លួនឯងជានរណា?" ទុកឱ្យសិស្សឆ្លើយ
ពេលអ្នកដឹងថា ខ្លួនឯងជានរណាហើយ តើវាស្រួល ឬក៏ពិបាកក្នុងការធ្វើជាខ្លួនឯង? ទុកឱ្យសិស្សឆ្លើយ
នៅក្នុងជីវិតពិត ព្រះបានប្រាប់យើងរួចហើយថា យើងជានរណា (មិនមែនដោយស្ទីកក័រនៅលើខ្នង របស់យើងនោះទេ) តែដោយព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរ។ នៅក្នុងមេរៀនមុន យើងបានរៀនអ្វីខ្លះៗទាក់ទងនឹង អត្តសញ្ញាណរបស់យើង។ តើយើងជានរណា? យើងគឺជាកូន របស់ព្រះ!
យើងបានឃើញហើយថា ព្រះគឺជាឪពុកដ៏ល្អ។ តើនរណាចាំបានថា វាមានន័យដូចម្ដេច?
ទ្រង់ខ្វល់ ខ្វាយពីយើង ផ្គត់ផ្គង់យើង ប្រទានអំណោយទានដល់យើង ប្រៀនប្រដៅយើង ស្រឡាញ់យើង និងឱ្យ យើងមានផ្ទះដ៏ល្អ ដែលនៅអស់កល្ប។
នេះហើយជាភាពជាឪពុក ដែលព្រះជាម្ចាស់មាន។ ដូច្នេះ តើយើងគួរធ្វើជាកូនបែបណាទៅកាន់ព្រះអង្គ វិញ? តើកូនល្អគួរប្រព្រឹត្តបែបណាទៅកាន់ឪពុកដ៏ល្អ? ទុកឱ្យពួកគេបញ្ចេញយោបល់។
កូនៗគួរតែគោរពឪពុកម្ដាយ បង្ហាញការផ្ដល់កត្តិយស និងមានភក្ដីភាពជាមួយពួកគាត់ ត្រូវអត់? ដូចគ្នាដែរ កូនរបស់ព្រះត្រូវតែគោរពផ្ដល់កត្តិយស និងមានភក្ត្រីភាពចំពោះព្រះដ៏ជាឪពុករបស់ពួកគេ។ ការធ្វើជាកូនរបស់ព្រះទាមទារឱ្យមានទំនួលខុសត្រូវ និងអភ័យឯកសិទ្ធិ។ នៅក្នុងមេរៀននេះ យើងនឹង រៀនថាតើ វាមានន័យដូចម្ដេចចំពោះទំនាក់ទំនងយើងជាមួយព្រះ ដែលយើងជាកូនព្រះអង្គ?
ទី១ វាមានន័យថា យើងជឿទុកចិត្តទ្រង់។ កូនរបស់ព្រះត្រូវតែជឿទុកចិត្តឪពុក។
[ទំនុកតម្កើង 28:7] ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំ ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយ បានសេចក្តីជំនួយ ហេតុនោះចិត្តខ្ញុំមានសេចក្តីរីករាយជាខ្លាំង ខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀង របស់ខ្ញុំ។
[សុភាសិត 3:5-6] ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។
កូនៗមិនដឹងអ្វីច្រើននោះទេ តែពួកគេដឹងថា ឪពុករបស់គេមានប្រាជ្ញាជាងខ្លួន។ ដូច្នេះហើយទើប ពួកគេជឿទុកចិត្តឪពុករបស់ខ្លួន។ ដូចគ្នាជាមួយការនេះដែរ យើងជឿទុកចិត្តព្រះ។ នេះហើយជាអ្វីដែលព្រះគម្ពីរ ហៅថា "សេចក្ដីជំនឿ"។ សេចក្ដីជំនៀ គឺជាការជឿទុកចិត្តព្រះ និងបន្តមានភក្ដីភាពទៅកាន់ទ្រង់ ពេញមួយជីវិតរបស់យើង។
ជំនឿទៅកាន់ព្រះមានន័យថា កូនរបស់ព្រះអង្គអាចរស់នៅដោយមានសេរីភាពពីការថប់បារម្ភ។ ចូរស្ដាប់អ្វីដែលព្រះយេស៊ូមានបន្ទូល៖
[ម៉ាថាយ 6:25-26] ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតដែល នឹង បរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី។ ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី។
ពេលយើងជឿទុកចិត្តព្រះ យើងមានសេរីភាពពីភាពថប់បារម្ភអំពី ជីវិត។ ហេតុអ្វី? ទុកឱ្យសិស្សបញ្ចេញគំនិត
ព្រោះយើងដឹងថា ឪពុករបស់យើងខ្វល់ខ្វាយពីយើង ឱ្យតម្លៃយើង និងផ្គត់ផ្គង់សម្រាប់យើង។ ពេល យើងមានការថប់បារម្ភអំពីជីវិត ហើយគ្រប់យ៉ាងហាកដូចជាពិបាកណាស់នោះ កូនរបស់ព្រះដឹងថា គេអាចចូលមកអធិស្ឋានទៅកាន់ឪពុករបស់គេ និងទទួលជំនួយពីទ្រង់។
ទី២ កូនរបស់ព្រះ ស្រឡាញ់ឪពុករបស់ខ្លួន។ ព្រះជាម្ចាស់អាចបង្កើតយើងជាអ្នកបម្រើ ឬជាទាសករ ឬជាបុគ្គលិកក៏បាន។ ប៉ុន្តែ ព្រះអង្គជ្រើសរើសនាំយើងទៅកាន់គ្រួសាររបស់ទ្រង់ ក្នុងនាមជាកូនជាទី ស្រឡាញ់របស់ព្រះអង្គវិញ។ ព្រះអង្គគឺជាឪពុកដ៏ល្អមកកាន់យើង។ ពេលយើងយល់ការ នេះជាក់ច្បាស់ ហើយ ការឆ្លើយតបរបស់យើង គឺស្រឡាញ់ព្រះអង្គដោយខ្លួនឯងតែម្ដង។
[1យ៉ូហាន 4:19] ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។
[អេភេសូរ 5:1] ដូច្នេះ ចូរត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា។
គ្រប់ក្រុមគ្រួសារទាំងអស់ តែងតែមានចរិតលក្ខណៈ។ ចរិតលក្ខណៈចម្បងបំផុតនៃគ្រួសារព្រះ គឺ សេចក្ដីស្រឡាញ់។ ព្រះស្រឡាញ់កូនទ្រង់ យើងស្រឡាញ់ព្រះអង្គ ហើយយើងស្រឡាញ់គ្នាទៅវិញ ទៅមក។ កូនរបស់ព្រះទទួលសេចក្ដីស្រឡាញ់ពីព្រះ ហើយចេះស្រឡាញ់អ្នកដទៃដែរ។ ពេលយើង ស្រឡាញ់អ្នកដទៃ យើងកំពុងយកគម្រូតាមព្រះ ដែលស្រឡាញ់យើងហើយ!
តើយើងអាចបង្ហាញក្ដីស្រឡាញ់របស់យើងទៅកាន់ព្រះដូចម្ដេច? ទុកឱ្យសិស្សបញ្ចេញគំនិត
យើងអាចសរសើរតម្កើងព្រះ បម្រើទ្រង់ រៀនអំពីព្រះអង្គ ហើយការនេះនីមួយៗសុទ្ធតែល្អទាំងអស់។ ប៉ុន្តែ ការទាំងអស់នេះ មិនមែនជារបៀបចម្បងបង្អស់ក្នុងការបង្ហាញក្ដីស្រឡាញ់ទៅកាន់ព្រះនោះទេ។ ចូរស្ដាប់ព្រះបន្ទូលព្រះយេស៊ូ ដើម្បីស្វែងរកចម្លើយ៖
[យ៉ូហាន 14:15] បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ។
ចម្លើយគឺ ការស្ដាប់បង្គាប់តាមទ្រង់។ យើងស្រឡាញ់ព្រះ តាមរយៈការស្ដាប់បង្គាប់ព្រះអង្គ។
ដូច្នេះ ទី៣ កូនរបស់ព្រះស្ដាប់បង្គាប់តាមព្រះអង្គ។ ពេលយើងស្រឡាញ់ និងជឿព្រះយើងនឹងចង់ស្ដាប់បង្គាប់ តាមព្រះអង្គ។ ព្រះអង្គបានដាក់បង្គាប់ឱ្យយើង នៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ (ព្រះគម្ពីរ) ហើយទ្រង់ក៏ បានប្រទានព្រះវិញ្ញាណបរិសុទ្ធមកជួយយើង ក្នុងការស្ដាប់បង្គាប់តាមទ្រង់ដែរ។ ក្នុងនាមជាកូនព្រះ យើងទទួលសិទ្ធិអំណាចរបស់ទ្រង់ និងអនុញ្ញាតឱ្យព្រះអង្គដឹកនាំយើង ដោយព្រះបន្ទូលរបស់ទ្រង់។
[1យ៉ូហាន 5:2-3] កាលណាយើងស្រឡាញ់ដល់ព្រះ ហើយកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ នោះ យើងដឹងថា យើងស្រឡាញ់ដល់ពួកកូនរបស់ព្រះដែរ។ ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ។
[រ៉ូម 8:14] ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ។
តើនរណាអាចឱ្យឧទាហរណ៍អំពី ការបង្គាប់របស់ឪពុកម្ដាយខ្លួនមកកាន់ខ្លួនឯង បានទេ? តើអ្នកគិតថា ពួកគាត់ធ្វើបែបនេះធ្វើអ្វី? ទុកឱ្យពួកគេបញ្ចេញយោបល់
តើនរណាអាចឱ្យឧទាហរណ៍អំពី ការបង្គាប់របស់ព្រះមកកាន់យើងដែរទេ? តើអ្នកគិតថា ទ្រង់ធ្វើ បែបនេះធ្វើអ្វី? ទុកឱ្យពួកគេបញ្ចេញគំនិត
យើងដឹងហើយថា ការបង្គាប់របស់ព្រះអង្គគឺ ដើម្បីឱ្យយើងល្អ ហើយដោយសារព្រះអង្គស្រឡាញ់យើង និងចង់បានអ្វីដែលល្អបំផុតសម្រាប់យើង។ យើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងទៅកាន់ព្រះតាមរយៈ ការ ជ្រើសរើសស្ដាប់បង្គាប់ទ្រង់។ នេះគឺជាអ្វីដែលព្រះយេស៊ូបានធ្វើយ៉ាងល្អឥតខ្ចោះ និងជាអ្វីដែលយើងគួរ ព្យាយាមធ្វើដែរ។ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ៖
[យ៉ូហាន 14:31a] គឺខ្ញុំធ្វើបង្គាប់ព្រះវរបិតាវិញ ដើម្បីឲ្យលោកីយ៍បានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់...
ព្រះយេស៊ូតែងតែធ្វើតាមបង្គាប់របស់ព្រះវរបិតា។ ហេតុអ្វី?
<ដើម្បីឱ្យលោកីយ៏បានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់>។
កូនរបស់ព្រះមានការជំរុញចិត្តដូចគ្នា។ យើងចង់ស្ដាប់បង្គាប់ព្រះ ដើម្បីឱ្យលោកីយ៏ដឹងថា យើងស្រឡាញ់ឪពុករបស់យើង!
សរុបឱ្យខ្លី ក្នុងនាមជាកូនរបស់ព្រះ យើងត្រូវតែគោរព ផ្ដល់កត្តិយស និងមានភក្តីភាព ទៅកាន់ឪពុក របស់យើង។ យើងធ្វើបែបនេះបាន តាមរយៈការស្រឡាញ់ ជឿទុកចិត្ត និងស្ដាប់បង្គាប់ទ្រង់។
ពេលវេលាក្រុមតូច:
ពិភាក្សាគ្នា នៅក្នុងក្រុមតូច:
-
តើអ្នករៀនបានអ្វីអំពី ទំនាក់ទំនងរបស់អ្នកជាមួយព្រះ ពីមេរៀនថ្ងៃនេះ?
-
តើអ្នកមានការលំបាកអ្វីក្នុងការរស់នៅ ក្នុងនាមជាកូនរបស់ព្រះ?
-
តើអ្វីទៅជាការល្អបំផុត ក្នុងការធ្វើជាកូនរបស់ព្រះ?
អធិស្ឋានបញ្ចប់




