
រីឯកាលបានដើរកាត់ក្រុងអាំភីប៉ូលី នឹងក្រុងអ័ប៉ុឡូនា នោះគេទៅដល់ក្រុងថែស្សាឡូនីច ជាកន្លែងដែលមានសាលាប្រជុំរបស់សាសន៍យូដា
១៧:១ លោកប៉ុល ស៊ីឡាស និងធីម៉ូថេបានដើរចំងាយ ១៦០ គីឡូម៉ែត្រ ពីក្រុងភីលីពទៅកាន់ទី ក្រុងថែស្សាឡូនីច ដែលជារាជធានីរបស់ស្រុកម៉ាសេដូន។ ជាទីក្រុងមួយដែលមានភាពរីកចំរើន ដែលមានចំនួនប្រជាជន ២០០,០០០នាក់ រួមទាំងពួកសាសន៍យូដាជាច្រើនផងដែរ។
ប៉ុលក៏ចូលទៅឯគេតាមទំលាប់គាត់ ហើយជជែកពន្យល់ដល់គេតាមគម្ពីរ ក្នុង៣ថ្ងៃឈប់សំរាក ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គាត់ក៏និយាយថា ព្រះយេស៊ូវនេះឯង ដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នា ទ្រង់ជាព្រះគ្រីស្ទនោះហើយ
១៧:២-៣ នៅក្នុងថ្ងៃឈប់សម្រាក លោកប៉ុលចូលទៅក្នុងសាលាប្រជុំដើម្បីបង្ហាញមនុស្សទាំងអស់ ពីបទគម្ពីរថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ ហើយត្រូវសុគត ក្រោយមកមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
មានពួកសាសន៍យូដាជាច្រើនបានគិតថាព្រះយេស៊ូវមិនអាចជាព្រះគ្រីស្ទបានទេដោយព្រោះតែព្រះអង្គបាន រងទុក្ខហើយបានសុគត (៣:១៨, ២៦:២៣; លូកា ២៤:២៦, ២៤:៤៦) ហើយពួកគេបានគិតថាព្រះគ្រីស្ទ នឹងត្រូវសោយរាជ្យជាស្តេចរបស់អ៊ីស្រាអែលនៅក្នុងក្រុងយេរូសាឡិម។ ប៉ុន្តែព្រះគម្ពីរសញ្ញាចាស់បាន ប្រកាសថា (១) ព្រះគ្រីស្ទនឹងត្រូវរងទុក្ខហើយសុគត និង (២) ថាព្រះអង្គនឹងគង់នៅអស់កល្បជានិច្ច ហើយសោយរាជ្យនៅក្នុងនគរដែលស្ថិតស្ថេរជាដរាប។ តើការនោះអាចកើតឡើងដោយរបៀបណា? ចម្លើយនោះគឺ ការរស់ពីសុគតឡើងវិញ។ ព្រះគ្រីស្ទបានរងទុក្ខហើយសុគតដើម្បីឲ្យបានសម្រេចតាម បទគម្ពីរ (រួមទាំង អេសាយ ជំពូក ៥២និង៥៣ និង ទំនុកដំកើង ២២) ហើយព្រះបានប្រោសព្រះអង្គ ឲ្យរស់ពីសុគតឡើងវិញដើម្បីឲ្យបានសោយរាជ្យអស់កល្បជានិច្ចដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ (រួមទាំង ទំនុកដំកើង ២, ១៦:១០-១១, ១១០, ១១៨)។
ដូច្នេះហើយ ការរងទុក្ខរបស់ព្រះយេស៊ូវមិនបានបញ្ជាក់ថាព្រះអង្គមិនមែនជាព្រះគ្រីស្ទនោះឡើយ។ តែជាការបញ្ជាក់ថាព្រះអង្គគឺជាព្រះគ្រីស្ទ ទៅវិញទេ។ ការពិតដែលថាព្រះយេស៊ូវជាវង្សហ្លួងដាវីឌ ដែលបានរងទុក្ខនិងបានសុគតហើយក្រោយមកត្រូវបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញបញ្ជាក់ថាព្រះអង្គគឺជាព្រះគ្រីស្ទ។ ការសុគត និងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ គឺពិតជាចាំបាច់ ដោយព្រោះតែ គឺជាបំណងព្រះហឫទ័យព្រះសម្រាប់សេចក្តីសង្រ្គោះដល់យើងទាំងអស់គ្នា (លូកា ៩:២២)។ ព្រះជាម្ចាស់ បានប្រកាសពីការនេះជាមុននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយត្រូវបានសម្រេចនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។
ពួកអ្នកនោះខ្លះក៏យល់ព្រម ហើយបានចូលខាងប៉ុល នឹងស៊ីឡាស ព្រមទាំងពួកសាសន៍ក្រេកសន្ធឹក ដែលតែងតែថ្វាយបង្គំព្រះ នឹងពួកស្រីអ្នកមុខជាក្រែលដែរ
១៧:៤ ព័ន្ធកិច្ចរបស់លោកប៉ុលមានប្រសិទ្ធភាព ហើយមានមនុស្សជាច្រើនបានទទួលជឿ។ គាត់បានចាប់ផ្តើម ពួកជំនុំមួយនៅក្នុងថែស្សាឡូនីចដែលរួមមានទាំងពួកសាសន៍យូដា សាសន៍ក្រិច ហើយនឹង “ពួកស្រ្តី អ្នកមុខអ្នកការ” មួយចំនួន គឺពួកស្រ្តីដែលមានកេរ្តិ៍ឈ្មោះ ហើយនឹងឥទ្ធិពលនៅក្នុង ក្រុងថែស្សាឡូនីច។
តែពួកសាសន៍យូដាដែលមិនព្រមជឿ គេមានចិត្តឈ្នានីស ក៏នាំយកមនុស្សពាលអនាថាខ្លះមក រួចប្រមូលបានមនុស្សយ៉ាងសន្ធឹក ទៅបង្កើតវឹកវរក្នុងទីក្រុង ហើយនាំគ្នាទៅចោមព័ទ្ធផ្ទះយ៉ាសុន រកចាប់ប៉ុល នឹងស៊ីឡាស នាំចេញមកឯបណ្តាជន
១៧:៥ ដូចជានៅក្នុងក្រុងអាន់យ៉ូកស្រុកពីស៊ីឌា (១៣:៤៥) ក្រុងអ៊ីកូនាម (១៤:២) និងក្រុងលីស្រ្តា (១៤:១៩) មានពួកសាសន៍យូដាមួយចំនួនដែលជំទាស់ជាមួយនឹងព័ន្ធកិច្ចរបស់លោកប៉ុល ដែលកើតឡើង។ ពួកអ្នកទាំងនោះជាអ្នកដែលស្មោះត្រង់ចំពោះសាសនាសាសន៍យូដា ហើយបានច្រណែន ជំពោះកិច្ចការរបស់លោកប៉ុលដែលបានធ្វើឲ្យពួកសាសន៍ដទៃ (ជាពិសេសសាសន៍ក្រិច ដែលមានឥទ្ធិពល ដែលគាំទ្រពួកគេ) បានចូលរួមជាមួយនឹងពួកជំនុំវិញ។ ពួកសាសន៍យូដាបាននាំហ្វូងមនុស្សពាល ហើយ បានវាយប្រហារផ្ទះរបស់យ៉ាសុនជាកន្លែងដែលពួកជំនុំប្រជុំគ្នា។
លុះរកមិនឃើញ ក៏ចាប់យ៉ាសុន នឹងពួកជំនុំខ្លះ កន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុង ដោយស្រែកថា ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ ឯយ៉ាសុននេះ ជាអ្នកបានទទួលគេ ពួកនោះប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញត្តរបស់សេសារ ដោយនិយាយថា មានស្តេច១ទៀត ឈ្មោះយេស៊ូវ
១៧:៦-៧ ហ្វូងមនុស្សពាលទាំងនោះមិនបានរកឃើញលោកប៉ុលនិងស៊ីឡាសនោះឡើយ ដូច្នេះហើយ គេក៏នាំយកយ៉ាសុនហើយនឹងពួកអ្នកជឿផ្សេងទៀតទៅមុខ “ពួកអ្នកត្រួតត្រាទីក្រុង” ដែលមានមនុស្សប្រាំមួយនាក់ទទួលខុសត្រូវក្នុងការរក្សាសណ្ដាប់ធ្នាប់នៅក្នុងទីក្រុង។ ម្តងទៀត ពួកសាសន៍យូដាបានចោទប្រកាន់ពួកបេសកជនថាជាអ្នកដែលបង្ករឲ្យមានភាពវឹកវរ ហើយមិនគោរពដល់ ចេស្តារបស់ស្តេចសេសារដោយការប្រកាសថាមានស្តេច១ទៀត (សូមមើលការបកស្រាយនៅក្នុង ១៦:២០ -២១)។ ពួកអ្នកត្រួតត្រាទីក្រុងត្រូវតែស៊ើបអង្កេតចំពោះការនេះ ដោយព្រោះតែពួកគេបានស្បថថា នឹងស្មោះត្រង់ចំពោះសេសារដោយការរាយការណ៏គ្រប់ទាំងការបះបោរគ្រប់យ៉ាងដែលទាស់នឹងទ្រង់។
មនុស្សទាំងនោះក៏នាំឲ្យអស់បណ្តាជន នឹងចៅហ្វាយនៃទីក្រុងកើតបារម្ភព្រួយ ដោយឮសេចក្ដីនោះ
១៧:៨ ការចោទប្រកាន់នោះបានធ្វើឲ្យទាំងពួកចៅហ្វាយក្រុងនិងប្រជាជនមានក្តីព្រួយបារម្ភ។ ពេលនេះគឺ នៅនិទាឃរដូវលំហើយក្នុងឆ្នាំ ៥០ គ,ស។ មួយឆ្នាំមុននោះ ក្នុងឆ្នាំ ៤៩ គ,ស អធិរាជរ៉ូម៉ាំង ក្លូឌាស បានបណ្តេញ សាសន៍យូដាចេញពីក្រុងរ៉ូមក្រោយពេលដែលមានការបះបោរជាការ ដែលទាស់ជាមួយនឹង ពួកគ្រីស្ទាន (១៨:២)។ ពួកចៅហ្វាយក្រុងចង់ការពារមិនឲ្យមានបញ្ហាដូចគ្នាកើតមានឡើងនៅក្នុងទីក្រុង ថែស្សាឡូនីចឡើយ។
រួចកាលបានយកប្រាក់ធានាពីយ៉ាសុន នឹងអ្នកឯទៀតហើយ នោះក៏លែងគេចេញទៅ។
១៧:៩ ពួកចៅហ្វាយក្រុងបានបង្ខំឲ្យយ៉ាសុន និងគ្រីស្ទានផ្សេងទៀតបង់ប្រាក់ធានាថាប្រាក់នោះ នឹងត្រូវបាត់បង់ប្រសិនបើមានបញ្ហាកើតឡើងម្តងទៀត។ ផ្លូវតែមួយដែលពួកគ្រីស្ទានអាចប្រាកដថា នឹងមិនមានបញ្ហាកើតមានឡើងទៀតដែលបង្ករឡើងដោយពួកសាសន៍យូដានោះគឺត្រូវបញ្ជូនលោកប៉ុល និងស៊ីឡាសឲ្យចេញពីទីក្រុងឲ្យបានឆាប់។
ពួកជំនុំក៏ឲ្យប៉ុល នឹងស៊ីឡាស ចេញទៅឯក្រុងបេរា ទាំងយប់ភ្លាម កាលទៅដល់ នោះគេចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា
១៧:១០ លោកប៉ុលចង់ស្នាក់នៅក្នុងទីក្រុថែស្សាឡូនីចឲ្យបានយូរបន្តិចដើម្បីនឹងចម្រើនកម្លាំង ដល់ពួកគ្រីស្ទានថ្មីដោសេចក្តីបង្រៀន (១ ថែស្សាឡូនីច ២:១៧-១៨)។ ប៉ុន្តែគាត់ដឹងថាប្រសិនបើគាត់នៅ ពួកសាសន៍យូដានឹងបង្ករឲ្យមានបញ្ហាបន្ថែមទៀតដែលអាចនឹងធ្វើឲ្យពួកគ្រីស្ទានខាតបង់ប្រាក់របស់ពួកគេ។ ហេតុនេះហើយគាត់បានយល់ព្រមទៅឯក្រុងបេរាដែលមានចំងាយ ៧២គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង ថែស្សាឡូនីច។
រីឯពួកអ្នកស្រុកនោះ មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្ដីទាំងនោះត្រូវឬមិនត្រូវ
១៧:១១ ពួកសាសន៍យូដានៅក្នុងទីក្រុងបេរាមានចិត្តគំនិតបើកទូលាយជាងពួកសាសន៍យូដានៅក្នុង ទីក្រុងថែស្សាឡូនីច។ ពួកគេជាគំរូដ៏ល្អសម្រាប់យើងទាំងអស់គ្នា ដោយព្រោះតែពួកគេពិចារណាមើល ព្រះគម្ពីរជារៀងរាល់ថ្ងៃ។ ពួកគេចង់ដឹងថាតើព្រះបន្ទូលព្រះពិតជាបានទាយអំពីការសុគត និងការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទពិតមែនដូចដែលប៉ុលបានប្រកាសដែរទេ (ខ៣)។
ដូច្នេះ មានពួកគេ នឹងពួកស្រីសាសន៍ក្រេក ជាអ្នកមុខអ្នកការជាច្រើនជឿ ក៏មានប្រុសៗក្រែលដែរ
១៧:១២ ដោយព្រោះតែពួកគេពិចារណមើលបទគម្ពីរដោយយកចិត្តទុកដាក់នោះ មានពួកគេជាច្រើន បានឃើញសេចក្តីពិតហើយបានទទួលជឿ។ សូមចំណាំពីការដូចគ្នានៅក្នុងក្រុងថែស្សាឡូនីច (១៧:៤) និងក្រុងភីលីព (១៦:១៣-១៥) មានស្រ្តីអ្នកមុខជាច្រើនដែលមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គមបានទទួល ជឿដំណឹងល្អ។
តែកាលពួកសាសន៍យូដានៅថែស្សាឡូនីចបានដឹងថា ប៉ុលបានផ្សាយព្រះបន្ទូលក្នុងក្រុងបេរាដែរ នោះគេក៏មកញុះញង់បណ្តាជននៅទីនោះទៀត
១៧:១៣ នៅពេលដែលពួកសាសន៍យូដានៅក្នុងទីក្រុងថែស្សាឡូនីចបានឮថាលោកប៉ុល និងស៊ីឡាស កំពុងតែបង្រៀននៅក្រុងបេរានោះពួកគេបានមកដើម្បីបង្ករបញ្ហាដូចដែលពួកគេបានធ្វើនៅក្នុងទីក្រុង ថែស្សាឡូនីចដែរ។
ដូច្នេះ ពួកជំនុំឲ្យប៉ុលចេញទៅភ្លាម ធ្វើដូចជានឹងទៅឯសមុទ្រ តែស៊ីឡាស នឹងធីម៉ូថេ នៅទីនោះតទៅ
១៧:១៤ លោកប៉ុលត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុងទាំងបីនៅក្នុងស្រុកម៉ាសេដូន (ក្រុងភីលីព ក្រុងថែស្សាឡូនីច និងក្រុងបេរា) ជាក្រុងដែលគាត់បានបង្រៀន។ ការនេះគួរតែជាការលំបាកសម្រាប់គាត់ ណាស់ហើយ ប៉ុន្តែគាត់បានតាំងឲ្យមានពួកជំនុំដែលរឹងមាំចំនួនបី ហើយលោកស៊ីឡាស និងធីម៉ូថេបាននៅ ដើម្បីនឹងជួយដល់ពួកជំនុំថ្មីនៅក្រុងបេរា។
ឯពួកអ្នកដែលជូនប៉ុលទៅ គេនាំទៅឯក្រុងអាថែនវិញ រួចកាលគេទទួលពាក្យ ដែលគាត់ផ្តាំទៅស៊ីឡាស នឹងធីម៉ូថេ ឲ្យគេមកជួបនឹងគាត់ជាប្រញាប់ នោះគេនាំគ្នាត្រឡប់វិលទៅវិញ។
១៧:១៥ លោកប៉ុលបានធ្វើដំណើរទៅទីក្រុងអាថែន ដែលមានចំងាយ ៣១០គីឡូម៉ែត្រភាគខាងត្រូវឈាង ខាងកើតនៃទីក្រុងបេរា។ នៅក្នុងពេលនេះ ទីក្រុងអាថែនជាទីក្រុងតូចមួយដែលមានប្រជាជនប្រមាណជា មួយម៉ឺនាក់តែប៉ុណ្ណោះ។ ប៉ុន្តែទីក្រុងនេះមានប្រវត្តិដ៏វិសេស ដោយព្រោះតែកាលពីប៉ុន្មានសតវត្សមុន ទីក្រុងនេះគឺជាទីក្រុងមួយដែលមានទ្រព្យសម្បត្តិនិងឥទ្ធិពលបំផុតនៅក្នុងពិភពលោកដែលភាពល្បីល្បាញចំពោះចំណេះដឹង ទស្សនវិជ្ជា វិទ្យាសាស្រ្ត សិល្បៈនិងស្ថាបត្យកម្ម។
កំពុងដែលប៉ុលចាំគេនៅក្រុងអាថែន នោះគាត់មានសេចក្ដីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ
១៧:១៦ លោកប៉ុលគាត់នៅក្រុងអាថែនតែម្នាក់ឯងប៉ុណ្ណោះ។ ពេលដែលគាត់ដើរជុំវិញទីក្រុង គាត់បានឃើញថាទីក្រុងនោះពេញដោយរូបសំណាក់ជាច្រើនព្រះវិហារនិងអាសនារបស់ព្រះសាសន៍ក្រិចជាច្រើន។ គាត់បានឃើញថា មនុស្ស (ដែលព្រះបានបង្កើតនៅក្នុងរូបអង្គនៃទ្រង់) ដែលគួរតែបានថ្វាយ ដល់ព្រះតែប៉ុណ្ណោះ (និក្ខមនំ ២០:២-៥; ចោទិយកថា ៥:៦-៩) ប៉ុន្តែពួកគេបានថ្វាយបង្គំរូបសំណាក់។ ប៉ុន្តែផ្ទុយពីការដែលមានចិត្តខឹងឬកើតទុក្ខព្រួយដោយការថ្វាយបង្គំរូបព្រះរបស់ពួកគេនោះ លោកប៉ុលមានអារម្មណ៍ជំរុញចិត្តនៅក្នុងការចែករំលែកដំណឹងល្អជាមួយនឹងប្រជាជននៅទីក្រុងអាថែនវិញ។
ដូច្នេះ គាត់ក៏ជជែកពន្យល់ដល់សាសន៍យូដា នឹងពួកអ្នកដែលថ្វាយបង្គំក្នុងសាលាប្រជុំគេ ហើយនៅទីផ្សារ ជាមួយនឹងអស់អ្នកដែលមកចួបនឹងគាត់រាល់តែថ្ងៃដែរ
១៧:១៧ នៅថ្ងៃសប្ប័ទ លោកប៉ុលបានទៅសាលាប្រជុំដើម្បីនឹងជជែកជាមួយនឹងពួកសាសន៍យូដា និង “ពួកអ្នកថ្វាយបង្គំព្រះ” (ដែលជា ពួកសាសន៍ដទៃដែលកោតខ្លាចដល់ព្រះ សូមមើលការបកស្រាយ នៅ ១០:២)។ នៅក្នុងអាទិត្យនោះ គាត់បានប្រកាសអំពីព្រះយេស៊ូវហើយនឹងការរស់ពីសុគតឡើងវិញ (ខ១៨) នៅតាមទីផ្សារជាកន្លែងដែលមានភាពមមារញឹកនៃទីក្រុងដែលមានមនុស្សជាច្រើនពេញមួយថ្ងៃ។
តែមានពួកអេពីគួរ នឹងពួកស្ទអ៊ីកខ្លះ ជាអ្នកប្រាជ្ញបរមត្ថ គេមកជួបនឹងគាត់ ខ្លះសួរថា តើអ្នកដែលនិយាយប៉ប៉ាច់នេះចង់ថាដូចម្តេច ខ្លះទៀតថា មើលទៅដូចជាគាត់សំដែងពីព្រះដទៃទេ ដ្បិតឮគាត់ប្រាប់គេពីព្រះយេស៊ូវ ហើយពីសេចក្ដីរស់ពីស្លាប់ឡើងវិញ
១៧:១៨ នៅទីផ្សារនោះ លោកប៉ុលបានជួបជាមួយនឹងពួកអ្នកទស្សនវិជ្ជាមួយចំនួន។ ពួកគេបានហៅគាត់ថា “អ្នកនិយាយប៉ប៉ាច់” (σπερμολόγος ដែលមានន័យថា “អ្នកប្រកាសពីគ្រាប់ពូជ” ដែលសំដៅទៅលើ សត្វស្លាបចឹកគ្រាប់ពូជ)។ ពាក្យនោះមានន័យថា អ្នកណាម្នាក់ដែលប្រមូលព័ត៌ មានតិចតួចពីប្រភពផ្សេងៗគ្នា (ជាជាងធ្វើការសិក្សាធ្ងន់ធ្ងរនៅសាលារៀន) ហើយក្រោយមកប្រកាសថា គេជាអ្នកដែលមានចំណេះដឹងដោយមិនបានយល់ច្បាស់ពីអ្វីដែលគេកំពុងតែនិយាយនោះឡើយ។ ហើយពួកគេក៏ហៅលោកប៉ុលថា “អ្នកសំដែងពីព្រះដទៃ” ផងដែរ។ ពួកគេបានដឹងថាគាត់កំពុងតែ ប្រាប់ពួកគេអំពីព្រះមួយដែលគេមិនស្គាល់។
គេក៏នាំយកគាត់ទៅឯភ្នំអើរីយ៉ូសសួរថា តើយើងអាចនឹងដឹងជាសេចក្ដីបង្រៀនថ្មី ដែលអ្នកអធិប្បាយនេះជាយ៉ាងណាបានឬទេ ដ្បិតយើងបានឮអ្នកអធិប្បាយយ៉ាងប្លែកណាស់ ដូច្នេះ យើងចង់ដឹងន័យសេចក្ដីទាំងនេះដែរ
១៧:១៩-២០ ពួកអ្នកទស្សនវិជ្ជាមិនបានយល់ពីលោកប៉ុលឬពីអ្វីដែលគាត់បង្រៀននោះឡើយ ប៉ុន្តែ ពួកគេចង់រៀនអ្វីដែលថ្មី ដូច្នេះហើយពួកគេបាននាំយកលោកប៉ុលទៅកាន់អើរីយ៉ូស។ អើរីយ៉ូសជា ភ្នំមួយដែលនៅក្បែរផ្សារជាកន្លែងដែលគេតែងជួបជុំគ្នាជាប្រចាំដើម្បីពិភាក្សាពីគំនិតថ្មីៗ។ ការនេះមិនមែនជាការសួរចម្លើយឬចោទសួរអ្វីនោះឡើយ ប៉ុន្តែគឺជាឳកាសសម្រាប់ការជួបជុំនៃ ពួកអ្នកទស្សនវិជ្ជាទាំងនេះឲ្យបានស្តាប់និងពិចារណាពីសេចក្តីបង្រៀនថ្មីនេះ។
រីឯពួកអ្នកនៅក្រុងអាថែន នឹងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន គេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេ គេគិតតែពីប្រាប់ ឬស្តាប់សេចក្ដីថ្មីប៉ុណ្ណោះ។
១៧:២១ រីឯពួកអ្នកនៅក្រុងអាថែន នឹងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន ចូលចិត្តស្តាប់ គំនិតថ្មីៗ។ ពួកគេមិនខ្វល់ថាការនោះជាការពិតឬអត់នោះទេ ប៉ុន្តែឲ្យតែជាអ្វីដែលថ្មី ហើយគួរឲ្យចាប់អារម្មណ៍វិញតែប៉ុណ្ណោះ។
ឯប៉ុល គាត់ឈរនៅកណ្តាលទីអើរីយ៉ូស សំដែងថា ឱពួកអ្នកនៅក្រុងអាថែនអើយ ក្នុងការទាំងអស់ ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់ ដ្បិតកំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់ប្រដា ដែលអ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះដ៏ពុំស្គាល់» ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង
១៧:២២ លោកប៉ុលឈរនៅចំពោះមនុស្សសាមសិបនាក់ដែលជាសមាជិករបស់អង្គជំនុំអើរីយ៉ូស ដែលអង្គុយជារង្វង់កោង (ពាក់កណ្តាល)។ គាត់បានចាប់ផ្តើមជាមួយនឹងសេចក្តីប្រកាសរបស់គាត់ ជាមួយនឹងការដែលគាត់បានកត់សំគាល់ពីមនុស្សនៅក្នុងស្រុក្រុងអាថែន ក្នុងពេលដែលគាត់ដើរចុះឡើង នៅពាសពេញទីក្រុង។ ឃើញថាពួកគេជាមនុស្សដែលខ្នះខ្នែងកាន់សាសនាជាខ្លាំង។
១៧:២៣ នៅក្នុងចំណោមអាសនាទាំងប៉ុន្មានដែលលោកប៉ុលបានឃើញនោះ មានអាសនាមួយ ដែលគាត់ចាប់អារម្មណ៏ជាងគេ។ មនុស្សនៅក្នុងស្រុកអាថែនបានសាងអាសនាមួយ “ថ្វាយដល់ព្រះ ដ៏ពុំស្គាល់” ដោយព្រោះតែគេមានការភ័យខ្លាចថាពួកគេអាចនឹងបំពានដល់ព្រះណាមួយ ដែលពួកគេមិនបានសាងអាសនាថ្វាយ។ ពេលនេះ លោកប៉ុលនឹងប្រកាសប្រាប់ពួកគេពីព្រះដ៏ពិត ហើយនឹងព្រះដ៏មានព្រះជន្មរស់នៅ ដែលពួកគេមិនស្គាល់។
ដ្បិតព្រះដែលបង្កើតលោកីយ នឹងរបស់សព្វសារពើ ព្រះអង្គនោះ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក
១៧:២៤ ព្រះគម្ពីរសញ្ញាចាស់បានចាប់ផ្តើមជាមួយនឹងការដែលព្រះបង្កើតផ្ទៃមេឃនឹងផែនដី (លោកុប្បត្តិ ១:១) ហើយនេះជារបៀបដែលលោកប៉ុលបានចាប់ផ្តើមសេចក្តីប្រកាសរបស់គាត់អំពីព្រះជាម្ចាស់ដូចគ្នា ដែរ។ លោកប៉ុលបានប្រកាសប្រាប់ដល់អង្គជំនុំរបស់អើរីយ៉ូសថា ព្រះ “បានបង្កើតលោកីយ និងរបស់ សព្វសារពើ”។ “លោកីយ” (κόσμος) គឺពិភពលោកទាំងមូល។ ដូច្នេះហើយ ព្រះដ៏ជាព្រះដែលបង្ករ បង្កើតរបស់គ្រប់យ៉ាងនៅក្នុងសកលលោកទាំងមូល។
ដោយព្រោះតែព្រះបានបង្កើតរបស់សព្វសារពើនៅស្ថានសួគ៌និងនៅលើផែនដីនោះ ព្រះអង្គគឺជា ព្រះអម្ចាស់នៃស្ថានសួគ៌និងផែនដី”។ ក្នុងនាមព្រះអម្ចាស់ ទ្រង់សោយរាជ្យលើសកល លោកទាំងមូល។ នេះជាសិទ្ធិរបស់ទ្រង់ ដោយព្រោះតែព្រះជាព្រះដ៏បង្ករបង្កើត។ ការពិតដែលថា មានព្រះតែមួយ ដែលបានបង្កើតរបស់សព្វសារពើដែលមាននោះ ហើយទ្រង់ជាព្រះដែលសោយរា ជ្យលើសកលលោកទាំងមូលនោះគឺជាអ្វីដែលថ្មីសម្រាប់ពួកអ្នកប្រាជ្ញាសាសន៍ក្រិច។ នេះពិតជា “ព្រះដ៏ពុំស្គាល់”។
ក្នុងនាមជាព្រះអម្ចាស់នៃស្ថានសួគ៌និងផែនដីដែលបានបង្កើតរបស់គ្រប់សព្វសារពើ ព្រះជាម្ចាស់ “មិនរស់នៅក្នុងព្រះវិហារដែលសង់ឡើងដោយដៃមនុស្សនោះឡើយ” ព្រះជាម្ចាស់បានបង្កើត សកលលោកទាំងមូលហើយទ្រង់បានបំពេញសកលោកដោយព្រះវត្តមានព្រះអង្គ (យេរេមា ២៣:២៤)។ ដូច្នេះហើយ សកលលោកទាំងមូលគឺជាព្រះវិហាររបស់ព្រះអង្គ! ដោយព្រោះការនេះ មនុស្សមិនគួរគិតថា គេអាចនឹងសង់សំណង់អាគារណាមួយដែលអាចនឹងដាក់ព្រះបានឡើយ។ មនុស្សដែលនៅក្រុងអាថែនបាន សង់ព្រះវិហារជាច្រើន ប៉ុន្តែព្រះទ្រង់មិនគង់នៅក្នុងព្រះវិហារនោះឡើយ។ ដូច្នេះហើយ ទោះបីជាមនុស្ស នៅក្នុងក្រុងអាថែនជាអ្នកដែលខ្នះខ្នែងកាន់សាសនាក៏ដោយ ពួកគេមិនបានស្គាល់ព្រះជាម្ចាស់នោះឡើយ ។
១៧:២៥ ក្នុងនាមជាព្រះអម្ចាស់នៃស្ថានសួគ៌និងផែនដីដែលបានបង្កើតរបស់សព្វសារពើ ព្រះជាម្ចាស់ “មិនត្រូវការបំរើដោយដៃរបស់មនុស្សនោះឡើយ”។ ព្រះមិនមានតម្រូវការដែលមនុស្សអាចផ្គត់ផ្គង់ បានទេ។ យើងទាំងអស់គ្នាមានអភ័យឯកសិទ្ធក្នុងការបំរើព្រះអង្គ ហើយការនោះជាការដែលត្រឹមត្រូវ សម្រាប់យើងទាំងអស់គ្នានៅក្នុងការបម្រើព្រះអង្គ ប៉ុន្តែព្រះទ្រង់មិនត្រូវការដង្វាយរបស់យើង ការបម្រើ ឬថ្វាយបង្គំនោះឡើយ។ ព្រះមិនត្រូវការឲ្យមនុស្សផ្តល់អ្វីដល់ទ្រង់សោះឡើយ។ តាមការពិតទៅ ព្រះគឺជាព្រះដែលផ្គត់ផ្គង់គ្រប់យ៉ាងទៅវិញទេ។ គ្រប់ទាំងអស់ដែលយើងមានគឺបានទទួលមកពីព្រះអង្គ។ “ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ច។ ” (រ៉ូម ១១:៣៦)។ ដូច្នេះហើយ តើយើងអាចនឹងថ្វាយអ្វីដល់ព្រះអង្គបាន ដែលគ្រប់ទាំងអស់គឺជារបស់ព្រះអង្គរួចទៅហើយនោះ?
សាសនាក្រិចបង្រៀនថាមនុស្សត្រូវតែនាំយកដង្វាយនិងអំណោយមកថ្វាយដល់ព្រះរបស់គេ។ យ៉ាងណាម៉ិញ ព្រះដ៏ពិតនោះគឺជាព្រះដែលប្រទានឲ្យគ្រប់យ៉ាងទៅវិញទេ ហើយគ្មានអ្វីដែលព្រះអង្គ ត្រូវការពីមនុស្សនោះឡើយ។ ប៉ុន្តែគឺមនុស្សទេដែលត្រូវការព្រះជាម្ចាស់វិញ។ ព្រះជាម្ចាស់ប្រទាន “ជីវិត” ដល់មនុស្សជាតិ ហើយព្រះអង្គផ្គត់ផ្គង់ជីវិតនេះដោយការប្រទានឲ្យយើងទាំងអស់គ្នានូវ “ខ្យល់ដង្ហើម” និង “គ្រប់យ៉ាង” ដែលយើងត្រូវការជាចាំបាច់នៅក្នុងការរស់នៅ។
សូមកត់សម្គាល់ថា លោកប៉ុលមិនបានដកស្រង់បទគម្ពីរចេញពីព្រះគម្ពីរសញ្ញាចាស់ចំពោះពួកសាសន៍ក្រិច ទាំងនេះទេ ដោយព្រោះតែពួកគេមិនស្គាល់ព្រះគម្ពីរ។ យ៉ាងណាម៉ិញ គ្រប់ទាំងសេចក្តីដែលលោកប៉ុល បានលើកឡើងនោះគឺជាសេចក្តីពិតដែលបានបើកសំដែងនៅក្នុងព្រះគម្ពីរសញ្ញាចាស់។
-
ការពិតដែលថាព្រះគឺជាព្រះដ៏បង្ករបង្កើតនៃរបស់សព្វសារពើគឺដកស្រង់ពី លោកុប្បត្តិ១ នេហេមា ៩:៦; ទំនុកដំកើង ៣៣:៦-៩ និង ១៤៨:២-៥។
-
ការពិតដែលថា ព្រះមិនគង់នៅក្នុងព្រះវិហារដែលធ្វើដោយដៃមនុស្សគឺដកស្រង់ចេញពី អេសាយ ៦៦:១-២ និង ១ ពង្សាវតាក្សត្រ ៨:២៧។
-
ការពិតដែលថាព្រះមិនត្រូវការដៃមនុស្សដើម្បីនឹងបម្រើទ្រង់ ដោយព្រោះតែព្រះអង្គមិនមានតម្រូវ ការនោះឡើយ ដកស្រង់ពី ទំនុកដំកើង ៥០:៩-១៣។
-
ការពិតដែលថាព្រះទ្រង់ប្រទានឲ្យមានជីវិតនិងខ្យល់ដង្ហើមហើយគ្រប់យ៉ាងដែលមនុស្សត្រូវការសម្រាប់រស់នៅនោះគឺដកស្រង់ចេញពី លោកុប្បត្តិ ២:៧; អេសាយ ៤២:៥; ទំនុកដំកើង ៥០:៧-១៥ និង ១០៤:១៤-១៥។
ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា
១៧:២៦ ក្រោយមក លោកប៉ុលពន្យល់ពីរបៀបដែលព្រះបានបង្កើតមនុស្សជាតិមក។ ព្រះបានបង្កើត បុរសម្នាក់ លោកអ័ដាម ហើយពីគាត់មកបានបង្កើតជាតិសាសន៍ទាំងអស់ដែលមាននៅលើផែនដី គឺជាពូជពង្សកើតមកពីគាត់។ គ្រាដែលពូជពង្សរបស់លោកអ័ដាមមានការរីកចំរើនកាន់តែច្រើនឡើងនោះ បានទៅពាសពេញពិភលោកហើយបានបង្កើតបានជាជាតិសាសន៍ជាច្រើន គឺព្រះជាម្ចាស់ដែលទ្រង់ បានកំណត់ពេលវេលានិងទីកន្លែងដែលមនុស្សត្រូវរស់នៅ។ ព្រះបានសម្រេចគ្រប់ជាតិសាសន៍ និងកុលសម្ព័ន្ធ ហើយព្រះអង្គសម្រេចពីជំនាន់នៅក្នុងប្រវត្តិសាស្រ្តហើយនឹងព្រំប្រទល់របស់ជាតិសាសន៍។ ការនេះបង្ហាញពីអធិបតេយ្យភាពរបស់ព្រះលើមនុស្សជាតិ។
ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ
១៧:២៧ បំណងព្រះទ័យព្រះនៅក្នុងការបង្កើតមនុស្សជាតិគឺដើម្បីឲ្យមនុស្សអាចស្វែងរក ហើយបានឃើញ ព្រះអង្គ(ទំនុកដំកើង ១៤៥:១៨-១៩; យេរេមា ២៩:១៣)។ ព្រះបានបង្ហាញព្រះអង្គទ្រង់ ដោយសារ កិច្ចការដែលព្រះអង្គបានបង្កើតមក (១៤:១៧)។ គ្រាដែលលោកប៉ុលកត់ត្រានៅក្នុង រ៉ូម ១:២០ “ដ្បិតអ្វីៗ របស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់ បានបង្កើតមក ”។
ហេតុផលដែលមនុស្សគ្រប់ទីកន្លែងអាចស្វែងរកព្រះបាននោះគឺដោយព្រោះតែ “ទ្រង់មិនគង់នៅឆ្ងាយពី យើងនិមួយៗ”។ ប្រសិនបើព្រះអង្គមិនគង់នៅឆ្ងាយ មានន័យថាព្រះអង្គគង់ជិតបង្កើយ! ព្រះគង់នៅជិត មនុស្សគ្រប់គ្នាដោយព្រោះតែព្រះអង្គគង់នៅគ្រប់ទីកន្លែង។ ដូច្នេះហើយ ការនោះមិនពិបាកទេនៅក្នុង ការស្វែងរកព្រះ។ ប្រសិនបើខ្ញុំស្វែងរកព្រះ ហើយទ្រង់មិនគង់នៅឆ្ងាយពីខ្ញុំ នោះខ្ញុំប្រាកដជាអាច ស្វែងរកទ្រង់។ ខ្ញុំមិនចាំបាច់ឡើងភ្នំខ្ពស់ ឬទៅមុជទឹកទៅជ្រៅបំផុតនៃមហាសមុទ្រទេ។ មិនថាខ្ញុំនៅ ទីណា ខ្ញុំអាចចូលឯព្រះអង្គ បាន។ ដូចមានចែងថាមកថា “បើឯងរកទ្រង់ នោះនឹងបានឃើញមែន” (១ របាក្សត្រ ២៨:៩) ហើយ “ ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាល ដែលទ្រង់គង់នៅជិតចុះ (អេសាយ ៥៥:៦)។
ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកអ្នកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថា «មនុស្សយើងជាពូជព្រះដែរ»
១៧:២៨ ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗនោះឡើយ។ តាមការពិតទៅ “គឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង”។ មនុស្សជាតិទាំងអស់គឺរស់នៅក្នុងព្រះវត្តមាននៃព្រះហើយពឹងអាងទាំងស្រុងលើព្រះជាម្ចាស់សម្រាប់ជីវិតដែលគេមាន មិនថាគេទទួលស្គាល់ឬមិនទទួលស្គាល់នោះឡើយ។
ហេតុផលដែលមនុស្សអាច "រស់ កំរើក ហើយមាននៅផង" គឺដោយព្រោះតែយើងទាំងអស់គ្នាគឺជាពូជរបស់ព្រះ។ មនុស្សទាំងអស់គឺជា “ពូជ” ព្រះអង្គដោយព្រះតែជីវិតរបស់យើងត្រូវបានប្រទាន មកដោយសារទ្រង់។ ព្រះទ្រង់ជាព្រះដ៏បង្ករបង្កើត និងទ្រទ្រង់ជីវិតគ្រប់ទាំងអស់ គឺទ្រង់សព្វព្រះទ័យ ឲ្យរបស់ ដែលទ្រង់បង្កើតបានស្គាល់ព្រះអង្គគ្រប់ៗគ្នា ហើយព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើងទាំងអស់គ្នា ដោយព្រោះជាពូជរបស់ព្រះអង្គ។
ដូច្នេះ បើយើងរាល់គ្នាជាពូជព្រះហើយ នោះមិនត្រូវឲ្យយើងស្មានថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះទេ
១៧:២៩ មនុស្សជាតិគឺជាពូជរបស់ព្រះដែលត្រូវបានបង្កើតឡើងនៅក្នុងរូបអង្គរបស់ព្រះ។ ដូច្នេះហើយ ពិតជាច្បាស់ខ្លាំងណាស់ដែលថាព្រះទ្រង់មិនមែនដូចជា មាស ឬប្រាក់ឬថ្មនោះឡើយ។ រូបឆ្លាក់និងរូប សំណាក់ ហើយនឹងរូបព្រះដែលមនុស្សបានបង្កើតឡើងនោះមិនអាចបញ្ជាក់ពីព្រះដ៏មានព្រះជន្មរស់ បានឡើយ។
យើងមិនអាចបង្កើតរូបនៃព្រះនោះឡើយ។ យើងគឺជារូបអង្គនៃព្រះ។ ព្រះអង្គបានបង្កើតយើងនៅក្នុងរូបអង្គ នៃទ្រង់ដើម្បីឲ្យបានឆ្លុះបញ្ចាំងពីលក្ខណៈរបស់ព្រះអង្គ។ ព្រះបានបង្កើតយើងមកឲ្យបានស្គាល់ព្រះអង្គ មិនមែនដើម្បីឲ្យយើងបង្កើតព្រះក្លែងក្លាយសម្រាប់ខ្លួនឯងនោះឡើយ។
ពីដើម ព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់មែន តែឥឡូវនេះ ទ្រង់ត្រាស់បង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្តិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានដំរូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ
១៧:៣០ ព្រះបានបង្កើតផ្ទៃមេឃនិងផែនដី ហើយបានប្រទានជីវិតដល់មនុស្ស។ ដូច្នេះហើយ មនុស្សគួរតែថ្វាយបង្គំព្រះ ប៉ុន្តែមនុស្សនៅគ្រប់ទីកន្លែងបានបង្កើតរូបព្រះ ហើយបង្គំរូបទាំងនោះ ជាជាង ថ្វាយបង្គំព្រះជាម្ចាស់វិញ។ នេះគឺជាការប្រព្រឹត្តិដោយសេចក្តីខ្លៅល្ងង់ (ἀγνοία)។
នៅពេលដែលព្រះរាជបុត្រានៃព្រះយាងមកក្នុងលោកីយ ព្រះអង្គបាននាំមកនូវការបើកសំដែងពី ព្រះជាម្ចាស់ដល់មនុស្សទាំងអស់ (អេភេសូ ២:១១-២២)។ ដូច្នេះហើយ មនុស្សគ្មានហេតុនឹងដោះសា រចំពោះសេចក្តីខ្លៅល្ងង់របស់គេទៀតនោះឡើយ។ មុនពេលដែលព្រះយេស៊ូវយាងមក ព្រះជាម្ចាស់បាន ទតរំលងសេចក្តីខ្លៅល្ងង់របស់មនុស្ស ប៉ុន្តែព្រះអង្គនឹងមិនទតរំលងទៀតនោះឡើយ។ ព្រះអង្គត្រាស់បង្គាប់ ដល់មនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យបានផ្លាស់ប្រែចិត្តពីថ្វាយបង្គំរូបព្រះរបស់គេវិញ។
១៧:៣១ ហេតុផលដែលថាហេតុអ្វីបានជាមនុស្សទាំងអស់ត្រូវការប្រែចិត្តនោះគឺដោយព្រោះតែ យើងទាំងអស់គ្នាបានធ្វើបាបហើយនឹងមានថ្ងៃដែលត្រូវជំនុំជំរះ។ ព្រះបានកំណត់ថ្ងៃមួយដែលព្រះអង្គនឹង “ជំនុំជំរះលោកីយដោយយុត្តិធម៌”។ ការនេះមានន័យថា មនុស្សទាំងអស់នឹងត្រូវជំនុំជំរះ ហើយសេចក្តីជំនុំជំរះនឹងត្រូវបានធ្វើឡើងដោយត្រឹមត្រូវហើយសុចរិតបំផុត។ ចៅក្រមដែល ព្រះបានតាំងឡើងនោះគឺព្រះយេស៊ូវ (យ៉ូហាន៥:២៧) ហើយព្រះទ្រង់បានបញ្ជាក់ ការនេះដោយបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ។
កាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញ នោះមានខ្លះចំអកឲ្យ ហើយខ្លះនិយាយថា យើងនឹងស្តាប់អ្នកពីដំណើរនេះម្តងទៀត ដូច្នេះ ប៉ុលក៏ចេញពីចំណោមគេទៅ តែមានមនុស្សខ្លះត្រូវចិត្តជាប់នឹងគាត់ ព្រមទាំងជឿផង ក្នុងពួកនោះមានឈ្មោះឌេវនីស ជាចៅក្រមនៅភ្នំអើរីយ៉ូស នឹង ស្ត្រីម្នាក់ឈ្មោះដាម៉ារីស ហើយនឹងអ្នកខ្លះទៀតដែរ។
១៧:៣២ សម្រាប់សាសន៍ក្រិច គំនិតនៃការរស់ពីស្លាប់ឡើងវិញខាងរូបកាយនោះគឺជារឿងដែលប្លែក ដោយព្រោះតែពួកគេបានគិតថារូបកាយគឺជាសេចក្តីអាក្រក់។ ពួកគេបានគិតថាព្រលឹងគឺជា អ្វីដែលមិនចេះស្លាប់ ប៉ុន្តែរូបកាយនឹងត្រូវស្លាប់ហើយនឹងកន្លងផុតទៅជារៀងរហូត។ ដូច្នេះហើយពួកគេបានឆ្លើយតបជាមួយនឹងសេចក្តីប្រកាសរបស់លោកប៉ុល បីរបៀបខុសៗគ្នា:អ្នកខ្លះ ចំអកដាក់គាត់ អ្នកខ្លះចាប់អារម្មណ៏ហើយចង់ស្តាប់បន្ថែមទៀត ហើយអ្នកខ្លះក៏ទទួលជឿ។
១៧:៣៣-៣៤ អ្នកដែលបានទទួលជឿរួមមានទាំងឌេវនីសដែលជាសមាជិកនៃអង្គជំនុំរបស់អើរីយ៉ូស។ ដាម៉ារីស និងអ្នកផ្សេងទៀតដែលនៅក្នុងហ្វូងមនុស្សដែលបានស្តាប់ហើយទទួលជឿ។




