
ឯពួកចាស់ទុំក្នុងពួកអ្នករាល់គ្នា នោះខ្ញុំ ដែលជាអ្នកចាស់ទុំដែរ ហើយជាស្មរបន្ទាល់ពីការរងទុក្ខរបស់ ព្រះគ្រីស្ទ ជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមទូន្មានថា
៥:១ លោកពេត្រុសបង្ហាញពីការបន្ទាបខ្លួនដែលគួរតែជាបុគ្គលិកលក្ខណៈនៃភាពជាអ្នកដឹកនាំរបស់ គ្រិស្តបរិស័ទទាំងអស់។ ក្នុងនាមជាសាវកម្នាក់គាត់អាចនឹងបញ្ជាឱ្យ “ពួកចាស់ទុំ” (Πρεσβυτέρους ដែលជាអ្នកដឹកនាំរបស់ក្រុមជំនុំ) ប៉ុន្តែផ្ទុយទៅវិញ គាត់លើកទឹកចិត្តពួកគេ ក្នុងនាមជាអ្នកចាស់ទុំដូចគ្នា ដែលមើលថែចៀមផងដែរ (យ៉ូហាន ២១:១៥-១៩)។
ដោយកត់សម្គាល់ឃើញថាលោកពេត្រុសផ្សាភ្ជាប់ការរងទុក្ខ និងសិរីរុងរឿងជាថ្មីម្តងទៀត។ ដោយសារលោកពេត្រុសបានឃើញព្រះគ្រីស្ទរងទុក្ខ ហើយបន្ទាប់មកត្រូវបានប្រោសឱ្យមានព្រះជន្មវិញ នៅក្នុងសិរីរុងរឿង ហើយលើកឡើងទៅស្ថានសួគ៌វិញ គាត់ជឿថាការរងទុក្ខរបស់គាត់ មានគោលបំណង ច្បាស់លាស់ ហើយថានៅថ្ងៃមួយគាត់នឹងរួមចំណែកនៅក្នុងសិរីរុងរឿងជាមួយនឹង ព្រះគ្រីស្ទដែរ។ គាត់ដឹងថាក្នុងនាមជាអ្នកជឿគាត់បានទទួលនូវគ្រប់ទាំងផលប្រយោជន៍ទាំង អស់សម្រាប់ការប្រោសលោះ ដែលព្រះយេស៊ូវសម្រេចបាន ដោយការរងទុក្ខ រួមទាំងចំណែកនៃសិរីរុងរឿងដែលនឹងត្រូវ បង្ហាញនៅពេល ព្រះយេស៊ូវត្រឡប់មកវិញ។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រង ដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកំរៃដែរ គឺដោយគាប់ចិត្តវិញ មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ
៥:២-៣ លោកពេត្រុសដាស់តឿនពួកចាស់ទុំឱ្យឃ្វាលហ្វូងចៀមរបស់ព្រះជាម្ចាស់។ ដើម្បីក្លាយ ជា «អ្នកគង្វាល» មានន័យថាត្រូវចេះដឹកនាំ ការពារ និងចិញ្ចឹម «ហ្វូងចៀម» (ដែលជាប្រជារាស្រ្តរបស់ ព្រះជាម្ចាស់)។ បន្ទាប់មកលោកបញ្ជាក់ពីអាកប្បកិរិយា និងការជម្រុញទឹកចិត្តដែលសមស្របស ម្រាប់ការធ្វើកិច្ចការនេះ។
ដំបូង អ្នកគង្វាលគួរតែធ្វើកិច្ចការរបស់ពួកគេដោយ “ស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ”។ ពួកគេមិនត្រូវបាន បង្ខំឲ្យធ្វើកិច្ចការ ដែលពួកគេមិនចង់ធ្វើនោះទេ។ ផ្ទុយទៅវិញ ពួកគេគួរតែបម្រើចេញពីដួងចិត្ត ដែលស្រឡាញ់ប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ និងចង់បម្រើដល់ពួកគេ។ ពួកគេធ្វើ កិច្ចការនេះដោយសារ ពួកគេដឹងថាពួកគេទទួលបានការត្រាស់ហៅ និងបំពាក់សមត្ថភាពឱ្យធ្វើ កិច្ចការនោះមកពីព្រះជាម្ចាស់។
ទីពីរ ការជម្រុញទឹកចិត្តដើម្បីឱ្យក្លាយជាអ្នកដឹកនាំក្រុមជំនុំត្រូវតែមិនមែនដោយសារលុយទេ (“មិនមែន ដោយចង់បានកម្រៃដែរ”) ប៉ុន្តែជាការខ្នះខ្នែងសម្រាប់ព្រះជាម្ចាស់វិញ។ យើងមិនត្រូវធ្វើឱ្យ ព័ន្ធកិច្ចក្លាយទៅ ជាអាជីវកម្មនោះទេ ហើយការជម្រុញចិត្តរបស់យើងត្រូវតែជាថា ព្រះជាម្ចាស់ទទួលការលើកតម្កើង សិរីរុងរឿង។
ទីបី អ្នកដឹកនាំក្រុមជំនុំមិនមែន "បែបដូចជាមានអំណាចលើ" ទេ ប៉ុន្តែត្រូវដឹកនាំតាមរយៈការធ្វើ ជាគំរូវិញ។ ព្រះយេស៊ូវបានបង្រៀនពួកសិស្សរបស់ទ្រង់ឲ្យធ្វើជាអ្នកបម្រើវិញ មិនមែនជាចៅ ហ្វាយទេ ((ម៉ាកុស ១០ :៤២)។ ភាពជាដឹកនាំរបស់គ្រីស្ទបរិស័ទគឺធ្វើជាគំរូ មិនមែនដោយការបញ្ជាឡើយ។ អ្នកដឹកនាំគួរតែ ដើរនៅពីមុខហ្វូងចៀម មិនមែនរុញពីក្រោយពួកគេនោះទេ។
រួចកាលណាមេពួកអ្នកគង្វាលបានលេចមក នោះអ្នករាល់គ្នានឹងទទួលភួងជ័យ ដែលមិនចេះស្រពោនឡើយ។
៥:៤ «មេពួកអ្នកគង្វាល» គឺជាព្រះយេស៊ូវ។ ការជម្រុញទឹកចិត្តដល់ពួកចាស់ទុំឲ្យបម្រើដល់ក្រុមជំនុំគឺ ដោយសារព្រះយេស៊ូវនឹងប្រទានរង្វាន់ដល់ពួកគេនៅពេលព្រះអង្គយាងត្រឡប់មកវិញនៅលើកទីពីរ។ រង្វាន់នៃភាពស្មោះត្រង់សម្រាប់ការឃ្វាលហ្វូងចៀមរបស់ព្រះជាម្ចាស់នោះគឺជាម្កុដនៃសិរីរុងរឿង ដែលមិនចេះរលាយបាត់ឡើយ ហើយវាពិតជាអ្វីម្យ៉ាងដែលមានតម្លៃសម្រាប់ការខិតខំធ្វើ និងរងទុក្ខនា ពេលឥឡូវនេះ។
ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ
៥:៥ ប្រសិនបើពួកចាស់ទុំឃ្វាលក្រុមជំនុំតាមរបៀបដែលលោកពេត្រុសបានពិពណ៌នានៅក្នុង ខ២-៣ សមាជិកវ័យក្មេងនៅក្នុងក្រុមជំនុំគួរតែចុះចូលនឹងភាពជាអ្នកដឹកនាំរបស់ពួកគាត់។ លើសពីនេះទៀត សមាជិកក្រុមជំនុំម្នាក់ៗត្រូវតែចេះបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក។ ឯកសណ្ឋានរបស់ក្រុមជំនុំគឺជា ការបន្ទាបខ្លួន។ ដូចជាពួកទាសករនាសម័យនោះគេពាក់អាវចម្អិនអាហារមុន ពេលបម្រើ ដូចគ្នាដែរក្នុង នាមយើងជាគ្រីស្ទបរិស័ទយើងត្រូវតែស្លៀកពាក់ខ្លួនយើងដោយការ បន្ទាបខ្លួន (យ៉ូហាន ១៣:៤-១៧) ហើយបន្ទាប់មកត្រូវចេះបម្រើគ្នាទៅវិញទៅមក។
ហេតុផលនៃការបន្ទាបខ្លួនត្រូវបានពន្យល់នៅក្នុង សុភាសិត ៣:៣៤។ ព្រះទ្រង់តែងមើលងាយដល់ពួកអ្នក ដែលមើលងាយ តែទ្រង់ផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។ ហេតុអ្វី? ព្រោះមនុស្សឆ្មើងឆ្មៃបដិសេធ ព្រះជាម្ចាស់ ហើយទុកចិត្តលើខ្លួនឯង ប៉ុន្តែមនុស្សរាបសាដឹងថាពួកគេត្រូវការព្រះជាម្ចាស់ ហើយពឹងផ្អែក លើទ្រង់។ ខណពេលដេលពួកគេសម្លឹងទៅកាន់ទ្រង់ ទ្រង់ប្រទានព្រះគុណដែលពួកគេត្រូវការ។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។
៥:៦ ដោយសារតែព្រះជាម្ចាស់ទាស់នឹងមនុស្សមានអំនួត ហើយផ្តល់ព្រះគុណដល់អ្នកដែលបន្ទាបខ្លួន អ្នកជឿគួរតែចេះបន្ទាបខ្លួន។ ការបន្ទាបខ្លួនធ្វើឱ្យពួកគេនឹងទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ដោយ សារព្រះប្រទានព្រះគុណទ្រង់ដល់អស់អ្នកដែលទទួលស្គាល់ពីសេចក្តីត្រូវការរបស់ពួកគេទៅកាន់ទ្រង់។
«ព្រះហស្តដ៏ពូកែរបស់ព្រះ» សំដៅទៅលើព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលធ្វើការដើម្បីសម្រេច គោលបំណងរបស់ទ្រង់ (និក្ខមនំ ៣:១៩-២០; យ៉ូប ៣០:២០-២១; អេសេគាល ២០:៣៣, ២០:៣៧; មីកា ៦:៨)។ ព្រះជាម្ចាស់ទ្រង់ធ្វើការទៅតាម ពេលវេលាដ៏ល្អឥតខ្ចោះរបស់ទ្រង់ ហេតុដូច្នេះហើយបានជា អ្នកជឿត្រូវចេះបន្ទាបខ្លួន ហើយ រងចាំទ្រង់ ជាជាងមានអំណួរ ហើយមិនចេះអត់ធ្មត់នៅពេលព្រះជាម្ចាស់ មិនបានឆ្លើយតបតាមពេលវេលា ដែលយើងគិតថាទ្រង់គួរតែធ្វើ។ អស់អ្នកដែលបន្ទាបខ្លួន ហើយចុះចូល នឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ នឹងឃើញថាទ្រង់នឹងលើកតម្កើង ហើយប្រទានរង្វាន់ដល់ពួកគេតាម ពេលវេលាសមរម្យ។
៥:៧ អ្នកជឿបន្ទាបខ្លួនតាមរយៈការផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ព្រះជាម្ចាស់។ អំណួតធ្វើឱ្យ យើងគិតថាយើងអាចដោះស្រាយបញ្ហាទាំងអស់របស់យើង ហើយទទួលបន្ទុកទាំងអស់របស់ យើង ដោយខ្លួនឯង ប៉ុន្តែការបន្ទាបខ្លួនទទួលស្គាល់ថាយើងត្រូវការជំនួយមកពីព្រះជាម្ចាស់វិញ។
ព្រះជាម្ចាស់តែងយកព្រះទ័យទុកដាក់នឹងអ្នក ហើយអ្នកនឹងទទួលលបានបទពោសោធន៍ពីការយកចិត្ត ទុកដាក់របស់ទ្រង់នៅពេលអ្នកអនុញ្ញាតិឱ្យទ្រង់ទទួលយកបន្ទុករបស់អ្នក។ ព្រះជាម្ចាស់បាន សន្យាថានឹងមើលថែរក្សាយើង (ម៉ាថាយ ៦:២៥-៣៤)។ ហេតុដូច្នេះហើយបានជានៅពេលមាន ការប្រឈមមុខចំពោះការឆ្លើយតបដ៏ត្រឹមត្រូវនោះមិនមែនជាការភ័យបារម្ភទេ ពីព្រោះវាបង្ហាញ ពីការខ្វះជំនឿលើព្រះជាម្ចាស់។ ផ្ទុយទៅវិញការឆ្លើយតបដែលត្រឹមត្រូវគឺត្រូវដាក់សេចក្ដីទុក្ខព្រួយ របស់យើងទៅព្រះជាម្ចាស់ ហើយដឹងថាទ្រង់ថែរក្សាយើង ហើយមានព្រះចេស្តាដើម្បីធ្វើអ្វីៗដែល ល្អបំផុតសម្រាប់កូនៗរបស់ទ្រង់ (ភីលីព ៤:៦-៧)។ ការនេះមានន័យថការអធិស្ឋាន និងជំនឿ (មិនមែនការភ័យបារម្ភ) គឺជាការឆ្លើយតបពីកូនរបស់ព្រះទៅនឹងបញ្ហាជីវិត។ នៅពេលយើងឆ្លើយ តបតាមរបៀបនេះ បង្ហាញថាយើងជឿជាក់ទៅលើព្រះហស្តដ៏មានអំណាចរបស់ព្រះជាម្ចាស់ ហើយទទួលស្គាល់ថាទ្រង់គឺជាព្រះអម្ចាស់ និងមានសិទ្ធអធិភាពលើគ្រប់ទាំងជីវិតទាំងអស់។
លោកពេត្រុសកំពុងបង្រៀនឱ្យចេះចុះចូល បន្ទាបខ្លួន ហើយទុកចិត្តលើព្រះជាម្ចាស់គឺជា អាកប្បកិរិយាដែលយើងត្រូវតែមានដើម្បីអាចរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទដែលមានជ័យជំនះបាន។
ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្ស ដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន
៥:៨ យើងមានសត្រូវមួយគឺជាអារក្សដែលវាកំពុងស្វែងរកឱកាសដើម្បីលេបត្របាក់យើង។ ដូច្នេះ យើងត្រូវតែ “ដឹងខ្លួន” (សូមមើលកំណត់ចំណាំនៅលើ ១:១៣; ៤:៧) និង “ចាំយាម” (γρηγορέω មានន័យត្រង់ថានៅតែភ្ញាក់ខ្លួន) ដែលជាការប្រុងប្រយ័ត្នខាងវិញ្ញាណ (ម៉ាកុស ១៣:៣២-៣៧)។
ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកីយនេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ
៥:៩ គ្រីស្ទបរិសុទ្ធមិនត្រូវខ្លាចអារក្សឡើយ ប៉ុន្តែ "ចូរតស៊ូនឹងវាដោយមានចិត្តជឿមាំមួន"។ យើង តស៊ូនឹងវាតាមរយៈការអធិស្ឋាន និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ដូចដែលព្រះយេស៊ូវបានធ្វើនៅ ក្នុងម៉ាថាយ ៤)។ យើងក្មានកម្លាំងក្នុងខ្លួនយើងដើម្បីតស៊ូនឹងវានោះទេ ប៉ុន្តែបើយើងមានចិត្តជឿ មាំមួនលើព្រះ អម្ចាស់របស់យើង នោះយើងអាចតស៊ូនឹងវាបាន។ គ្រប់ពេលដែលវាល្បួង ឬទាស់ប្រឆាំង នឹងអ្នក អ្នករាល់គ្នាត្រូវតែអធិស្ឋាន។ មិនយូរទេវានឹងបោះបង់នៅពេលដែលវាឃើញថា ការវាយប្រហារ របស់វាធ្វើឱ្យអ្នកកាន់តែខិតចូលទៅជិតព្រះជាម្ចាស់។
រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណក្រោយដែលបានរងទុក្ខបន្តិច
៥:១០ លោកពេត្រុសបានសរសេរសំបុត្រនេះដើម្បីលើកទឹកចិត្តដល់គ្រីស្ទបរិស័ទដែលកំពុងតែរងទុក្ខ ពីការបុកម្នេញដោយសារតែជំនឿរបស់ពួកគេ។ ក្នុងខគម្ពីរនេះគាត់បានលើកឡើងពីហេតុផលចំនួន ៤ យ៉ាងដែលធ្វើឲ្យគ្រីស្ទបរិស័ទទទួលបានការលើកទឹកចិត្តនៅពេលពួកគេឆ្លងកាត់ការរងទុក្ខ។
ទីមួយ ព្រះជាម្ចាស់គឺជា “ព្រះដ៏មានព្រះគុណសព្វគ្រប់”។ ការប្រព្រឹត្តរបស់ទ្រង់ចំពោះយើងគឺមិន មែនដោយសារអ្វីដែលយើងសមទទួលបានឡើយ ប៉ុន្តែដោយសារតែការល្អរបស់ទ្រង់វិញ។ យើងដឹងថា ទ្រង់មានព្រះហឫទ័យល្អ និងសប្បុរសចំពោះប្រជារាស្ត្ររបស់ទ្រង់ ហើយទ្រង់នឹងប្រទានឲ្យយើងមាន ព្រះគុណដ៏បរិបូរ ដែលយើងត្រូវការដើម្បីតស៊ូឆ្លងកាត់នូវការរងទុក្ខជានិច្ច ឆ្ពោះទៅកាន់ភាពជ័យជំនះ។
ទីពីរ នៅក្នុងព្រះគ្រីស្ទ ព្រះជាម្ចាស់បានត្រាស់ហៅយើងឲ្យមានសិរីរុងរឿងដ៏អស់កល្បជានិច្ចពីទ្រង់ហើយ។ ចូរឈប់សិន ហើយពិចារណាពីវាចុះ។ យើងត្រូវបានត្រាស់ហៅដោយព្រះជាម្ចាស់ មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច! ទាំងការត្រាស់ហៅ និងសិរីរុងរឿងស្ថិតនៅក្នុងព្រះ គ្រីស្ទ។ ហេតុដូច្នេះយើងត្រូវតែមើលឃើញឱ្យលើសពីការឈឺចាប់នៅក្នុងជីវិតនេះ ហើយគិតអំពី ពេលដែលយើងនឹងទៅនៅជាមួយព្រះយេស៊ូវ ហើយយើងនឹងបានដូចជាទ្រង់អស់កល្បជានិច្ច។
ប្រធានបទនៃការឈឺចាប់មានពេញនៅក្នុងលិខិតនេះ ប៉ុន្តែប្រធានបទនៃសិរីរុងរឿងក៏មានដែរ (១:៧-៨, ១:១១, ១:២១, ៤:១១–១៦, ៥:១, ៥:៤, ៥:១០-១១)។ ការលើកទឹកចិត្តមួយដែលសំបុត្រនេះ ផ្តល់ឱ្យដល់គ្រីស្ទបរិស័ទដែលកំពុងតែរងទុក្ខវេទនាគឺការធានាថា ការរងទុក្ខវេទនារបស់ពួកគេ នឹងត្រូវផ្លាស់ប្តូរទៅជាសិរីរុងរឿងនៅថ្ងៃមួយវិញ (១:៦-៧, ៤:១៣-១៤, ៥: ១០)។ ហេតុអ្វី? ដោយសារព្រះយេស៊ូវបានរងទុក្ខជំនួសយើង ហើយដើម្បីយើង (១:១១, ៣:១៨, ៤:១, ៤:១៣, ៥:១) ហើយបន្ទាប់មក បានចូលទៅកាន់សិរីល្អរបស់ទ្រង់ (១:១១, ៥:១) ហើយទ្រង់សន្យាថាទ្រង់នឹងនាំយើង ទៅនៅជាមួយទ្រង់។
ការលើកទឹកចិត្តទីបីគឺថាការរងទុក្ខគឺសម្រាប់តែ "បន្តិច"។ ការរងទុក្ខរបស់យើងបណ្តោះអាសន្ន សិរីរុងរឿងរបស់យើងអស់កល្បជានិច្ច។ ទោះបីជាការល្បងលមានពេលពេញមួយជីវិតរបស់យើង នោះគឺគ្រាន់តែជារយៈពេលខ្លីប៉ុណ្ណោះបើប្រៀបធៀបទៅនឹងសិរីរុងរឿងដ៏អស់កល្បជានិច្ចនោះ។
ការលើកទឹកចិត្តទីបួនគឺថាព្រះនឹង “ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង”។ នេះជាការសន្យាមកពីព្រះជាម្ចាស់សម្រាប់អំពីជំនួយ របស់ទ្រង់នៅពេលយើងឆ្លងកាត់ការរងទុក្ខ។ ជំនួយរបស់ទ្រង់គឺលើសពីគ្រប់គ្រាន់ដើម្បីជួយយើង យកឈ្នះការរងទុក្ខវេទនាណាមួយនៅក្នុងជីវិតនេះ។ ព្រះជាម្ចាស់គង់នៅជាមួយយើងក្នុងការរងទុក្ខ របស់យើង កាន់ខាងយើង ហើយមានគោលបំណងល្អដោយអនុញ្ញាតឲ្យយើងរងទុក្ខ។ ព្រះជាម្ចាស់ ធ្វើការតាមរយៈការរងទុក្ខរបស់គ្រីស្ទបរិស័ទដើម្បីបង្កើតជាកម្លាំងនៃបុគ្គលិកលក្ខណៈ ដូច្នេះ ពេលយើងរងទុក្ខគឺព្រះជាម្ចាស់កំពុងតែធ្វើឱ្យយើងកាន់តែឥតខ្ចោះឡើង (១:៦; ២ កូរិនថូស ១:៣-៧)។
សូមឲ្យទ្រង់បានសិរីល្អ នឹងព្រះចេស្តានៅអស់កល្បជានិច្ច ជារៀងរាបតទៅ អាម៉ែន។
៥:១១ ព្រះជាម្ចាស់បានត្រាស់ហៅអ្នកជឿឱ្យចូលទៅកាន់សិរីរុងរឿងដ៏អស់កល្បជានិច្ចដោយព្រះគុណ ទ្រង់ ហើយទ្រង់នឹងពង្រឹងយើងដើម្បីធ្វើឱ្យយើងអាចស៊ូទ្រាំរហូតដល់ទីបញ្ចប់បាន។ ហេតុនេះហើយបានជា លោកពេត្រុសបញ្ចប់សំបុត្ររបស់គាត់ដោយការសរសើរ។
ខ្ញុំបានសរសេរយ៉ាងខ្លី ផ្ញើមកអ្នករាល់គ្នា ដោយសារអ្នកស៊ីលវ៉ាន ដែលខ្ញុំរាប់ទុកជាបងប្អូនស្មោះត្រង់ពិត ដើម្បីនឹងទូន្មាន ហើយធ្វើបន្ទាល់ថា ព្រះគុណនៃព្រះដែលអ្នករាល់គ្នាកាន់ខ្ជាប់តាម នោះជាព្រះគុណពិតប្រាកដហើយ
៥:១២ លោកពេត្រុសបានឌិកតេសំបុត្រនេះទៅលោកស៊ីលវ៉ាន (ដែលលោកលូកាហៅថា "ស៊ីឡាស" នៅក្នុង កិច្ចការ ១៥:២២–១៨:៥)។ គោលដៅរបស់លោកពេត្រុសនៅក្នុងសំបុត្រនេះគឺដើម្បីដាស់តឿន ដល់អ្នកអានរបស់គាត់ (មានការដាស់តឿនចំនួន ៣៥ ចំណុចនៅក្នុងសំបុត្រនេះ) ទៅតាមអ្វីដែលគាត់ បានឃើញ និងធ្វើជាទីបន្ទាល់ទៅកាន់ នោះគឺព្រះចេស្តានៃព្រះគុណរបស់ព្រះជាម្ចាស់។
ជីវិតទាំងស្រុងរបស់គ្រីស្ទបរិស័ទគឺជាជីវិតនៃព្រះគុណ។ ព្រះគុណរបស់ព្រះជាម្ចាស់គឺជា ការដេលព្រះប្រទានឱ្យ កម្លាំង ជំនួយ ការលើកលែងទោស ពរ និងការរួមប្រកបជាមួយទ្រង់ (ទាំងអស់ដែលយើងត្រូវការ ហើយមិនមែនជាអ្វីដែលយើងសមនឹងទទួលបាននោះទេ)។ គ្រីស្ទបរិស័ទគួរតែ "ឈរឱ្យមាំ" នៅក្នុង ព្រះគុណរបស់ទ្រង់។ ការឈរឱ្យមាំនៅក្នុងព្រះគុណគឺជាការទុកចិត្តទៅលើព្រះគុណ របស់ព្រះ ជាម្ចាស់ជារៀងរាល់ថ្ងៃ ដោយសម្លឹងមើលទៅកាន់ទ្រង់ដើម្បីទទួលបានអំណាច និងប្រាជ្ញា ហើយទទួលបានអំណាចរបស់ទ្រង់ ដើម្បីស្តាប់បង្គាប់ និងរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ។
ពួកជំនុំនៅក្រុងបាប៊ីឡូន ដែលទ្រង់បានរើសតាំងជាមួយនឹងអ្នករាល់គ្នាដែរ ព្រមទាំងអ្នកម៉ាកុស ជាកូនខ្ញុំផង គេជំរាបសួរមកអ្នករាល់គ្នា
៥:១៣ «បាប៊ីឡូន» សំដៅទៅលើទីក្រុងរ៉ូម (វិវរណៈ ១៦:១៩, ១៧:៥, ១៨:២) ជាកន្លែង ដែលលោកពេត្រុសបានបម្រើជាមួយលោកម៉ាកុស (កិច្ចការ ១២:១២, ១២:២៥, ១៥:៣៧-៣៩)។
សូមជំរាបសួរគ្នាទៅវិញទៅមក ដោយថើបដ៏កើតអំពីចិត្តស្រឡាញ់ សូមឲ្យអ្នករាល់គ្នា ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រកបដោយសេចក្ដីសុខសាន្តចុះ។ អាម៉ែន។:៚
៥:១៤ សន្តិភាពសម្រាប់គំនិត និងដួងចិត្តរបស់យើងគឺជាអ្វីដែលអ្នកជឿត្រូវការនៅពេលមានការរងទុក្ខ។ ព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដដល់អស់អ្នកដែលនៅក្នុងព្រះគ្រីស្ទ ហើយនៅថ្ងៃមួយទ្រង់នឹងប្រទាន ឱ្យយើងបានសម្រាកពីការរងទុក្ខរបស់យើងជារៀងរហូត។


