top of page

សំបុត្រ​ពេត្រុស ជា​សាវក​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ខ្ញុំ​ផ្ញើ​មក​ពួក​អ្នក​ខ្ចាត់​ខ្ចាយ ដែល​សំណាក់​នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡាទី ស្រុក​កាប៉ា‌ដូគា ស្រុក​អាស៊ី នឹង​ស្រុក​ប៊ីធូនា

១:១ វាគឺជាទំនៀបទំលាប់នៅក្នុងសម័យនោះ ក្នុងការចាប់ផ្តើមផ្នែកដំបូងនៃសំបុត្រ ដោយសរសេរឈ្មោះ របស់អ្នកសរសេរសំបុត ហើយឈ្មោះរបស់អ្នកទទួល បន្ទាប់មកការសួរសុខទុក្ខ។ 

 

អ្នកននិពន្ធគឺលោកពេត្រុស ដែលយើងស្គាល់តាមរយៈដំណឹងល្អទាំងបួន។ លោកពេត្រុសត្រូវបាន ព្រះយេស៊ូវត្រាសហៅ ឱ្យក្លាយជាសាវ័កទ្រង់ (ម៉ាកុស ១:១៦-១៨)។ ព្រះយេស៊ូវបានជ្រើស រើសពួកសិស្ស របស់ទ្រង់ បន្ទាប់មកទ្រង់បានបញ្ជូន អ្នកទាំង ១២ នាក់នោះទៅ ដោយហៅពួកគេ ថាជា «​​ពួកសាវ័ក» (លូកា ៦:១៣-១៦ ម៉ាកុស ៣:១៤-១៩, ៦:៣០)។ ពាក្យថា​​ “សាវ័ក” មានន័យថា​ ម្នាក់ដែលត្រូវបានចាត់ឲ្យទៅ។  ពួកគេគឺជាអ្នកតំណាងរបស់ទ្រង់ ហើយទ្រង់បានជ្រើសរើសពួកគេ ដោយផ្ទាល់ ហើយទ្រង់បាន បញ្ជូនពួកគេចេញឲ្យនាំ ព្រះរាជសាររបស់ទ្រង់ចេញទៅ ដោយអំណាចចេស្តា និងសិទ្ធិអំណាចមកពីទ្រង់។ 

 

អ្នកទទួលសំបុត្រគឺជាគ្រីស្ទបរិស័ទដែលរស់នៅខេត្ត​រ៉ូម៉ាំង​ភាគ​ ខាងត្បូងសមុទ្រខ្មៅ សព្វថ្ងៃនេះគឺជាប្រទេសទួរគី។ លោកពេត្រុសពណ៌នាពួកគេថាជា “បងប្អូន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស​” (គខប) (ἐκλεκτοῖς παρεπιδήμοις)។ នៅក្នុងសញ្ញាថ្មី ពាក្យ “ជ្រើស​រើស” (ἐκλεκτοῖς) តែងតែមានន័យថាជាមនុស្សដែលព្រះជ្រើសរើសមកធ្វើជា ប្រជារាស្ត្ររបស់ទ្រង់។ ដោយសារព្រះជាម្ចាស់បានជ្រើសរើសយើងឱ្យក្លាយជាប្រជារាស្ត្ររបស់ទ្រង់ គ្រីស្ទបរិស័ទទាំងអស់ជា “​អ្នក​ស្នាក់នៅ​បណ្ដោះអាសន្ន​” (១ ពេត្រុស ២:១១ KCB παρεπιδήμοις) នៅក្នុងលោកនេះ។ យើងរស់នៅលើផែនដី ប៉ុន្តែស្រុកកំណើត និងសញ្ជាតិរបស់យើងគឺនៅស្ថានសួគ៌ (ភីលីព ៣:២០)។

 

ការពិតដែលគ្រីស្ទបរិស័ទ “អ្នក​ស្នាក់នៅ​បណ្ដោះអាសន្ន” គឺជាគំនិតគន្លឹះនៅក្នុងលិខិតនេះ។ លោកពេត្រុសបង្រៀនថា មនុស្សរបស់ព្រះមិនមែនជារបស់លោកិយនេះទេ (ដូចជាអ្វីដែល ព្រះយេស៊ូវបានប្រាប់គាត់នៅក្នុង យ៉ូហាន ១៥:១៦-១៩) ហេតុនោះនឹងរងទុក្ខនៅកន្លែងនេះ។ លោកពេត្រុសបានលើកឡើងពីការរងទុក្ខចំនួន ដប់ប្រាំដងនៅក្នុងលិខិតនេះដោយប្រើប្រាស់ពាក្យជា ភាសាក្រិកចំនួនប្រាំបីផ្សេងៗគ្នាទាក់ទងនឹងការរងទុក្ខដើម្បីបង្ហាញប្រាប់ថាគ្រីស្ទបរិស័ទនឹងទទួលនូវបទពិសោធន៍នៃការរងទុក្ខផ្សេងៗនៅក្នុងពិភពលោកនេះ។ 

 

ជា​ពួក​អ្នក​រើស​តាំង តាម​បព្វ‌ញាណ​នៃ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដោយ​ព្រះ‌វិញ្ញាណ​ទ្រង់​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់ ព្រម​ទាំង​បាន​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ប្រោះ​លើ​ខ្លួន 

 

១:២ អ្នកអានរបស់លោកពេត្រុសគឺជា បងប្អូន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស  ហើយ​អ្នក​ស្នាក់នៅ​ បណ្ដោះអាសន្ន​ “តាម​បព្វញាណ​នៃ​ព្រះ​ដ៏​ជា​ព្រះវរបិតា”។ ព្រះជាម្ចាស់មានចំណេះដឹងគ្រប់សព្វទាំងអស់ ហើយទ្រង់បានជ្រាបទាំងអស់ពីពួកគេ (និងកាលៈទេសៈនៃជីវិតរបស់ពួកគេ) មុនលោកិយកើតមកម្លេះ។ យ៉ាងណាមិញ “បព្វញាណ​នៃ​ព្រះ​” មានន័យថា លើសពីការដែលព្រះជាម្ចាស់ដឹងពីវាមុនទៅទៀត។ មានន័យថាទ្រង់បានរៀបចំផែនការ ហើយធានាថានោះជាអ្វីដែលទ្រង់រៀបផែនការឱ្យវាកើតឡើង។ 

 

ដោយអស់កល្បជានិច្ច ព្រះជាម្ចាស់បានជ្រើសរើសធ្វើឱ្យពួកគេក្លាយជាប្រជារាស្ត្ររបស់ទ្រង់។ បន្ទាប់មក ក្នុងពេល ទ្រង់នាំពួកគេមកឱ្យមានទំនាក់ទំនងជាមួយទ្រង់។ តើទ្រង់ធ្វើការនេះបានយ៉ាងដូចម្តេច? ចម្លើយគឺតាមរយៈបុត្រាទ្រង់ និងព្រះវិញ្ញាទ្រង់។ ព្រះជាម្ចាស់បានបញ្ជូនព្រះបុត្រាទ្រង់មកប្រោសលោះ ពួកគេតាមរយៈការខ្ចាយព្រះលោហិតទ្រង់សម្រាប់អំពើបាបរបស់ពួកគេ។ បន្ទាប់មក ព្រះវិញ្ញាដ៏បរិសុទ្ធ យាងកគង់ក្នុងជីវិតរបស់ពួកគេ ហើយបាន​ញែក​ពួកគេ នៅពេលការផ្លាស់ប្រែរបស់ពួកគេ ដើម្បី​ឲ្យ​បាន​ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។

មូលហេតុដែលព្រះជាម្ចាស់បានញែកពួកគេជាបរិសុទ្ធដោយសារព្រះវិញ្ញាណដ៏បរិសុទ្ធគឺដើម្បីឱ្យពួកគេគោរពស្តាប់បង្គាប់តាមព្រះយេស៊ូវគ្រីស្ទ។ លោហិតរបស់ព្រះយេស៊ូវលោះពួកគេចេញពី (“​កិរិយា​ឥត​ប្រយោជន៍” (ខ១៨) ដើម្បីឱ្យពួកគេអាចរស់នៅដោយស្តាប់បង្គាប់តាមបង្គាប់ទ្រង់។ នៅពេលព្រះយេស៊ូវក្លាយជា ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ពួកគេក្លាយជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ 

គ្រីស្ទបរិស័ទគឺជា “អ្នក​ស្នាក់នៅ​បណ្ដោះអាសន្ន” ដែលនឹងរងទុក្ខនៅក្នុងពិភពលោកនេះ ប៉ុន្តែ លោកពេត្រុសផ្តល់ឱ្យយើងនូវហេតុផលចំនួនបីដើម្បីឱ្យយើងមានអារម្មណ៍ទទួលបានការលើកទឹកចិត្ត។ ព្រះវរបិតាជាអ្នកជ្រើសរើសយើង ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ញែក​យើង​ឱ្យក្លាយជាប្រជារាស្ត្ររបស់ទ្រង់ ហើយព្រះយេស៊ូវខ្ចាយព្រះលោហិតទ្រង់ ដើម្បីធ្វើឱ្យយើងអាចរស់នៅដោយស្តាប់បង្គាប់ទ្រង់បាន។ នេះគឺជារបៀបដែលព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាបរិសុទ្ធធ្វើការជាមួយគ្នាដើម្បីសម្រេចបាន នូវការសង្គ្រោះសម្រាប់ “បងប្អូន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស” រួមទាំងអ្នកជឿសព្វថ្ងៃនេះ!

 

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត កាន់​តែ​ច្រើន​ឡើង។

 

អ្នកអានរបស់លោកពេត្រុសទទួលបានបទពិសោធន៍ពីព្រះគុណរបស់ព្រះសម្រាប់ការសង្គ្រោះរួចហើយនៅពេលពួកគេក្លាយជាគ្រីស្ទបរិស័ទ ហើយពួកគេមានបទពិសោធន៍ជាមួយនឹងលទ្ធផលនេះដែលជាការមាន សន្តិភាពជាមួយនឹងព្រះជាម្ចាស់។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃពួកគេនឹងត្រូវការព្រះគុណ និងសន្តិភាព ដើម្បីរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទក្នុងគ្រាលំបាក។ 

 

សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ឲ្យ​យើង​បាន​មរដក ដែល​មិន​ចេះ​ពុក‌រលួយ ក៏​ឥត​សៅ‌ហ្មង ហើយ​មិន​ដែល​ស្រពោន​ឡើយ ជា​មរដក ដែល​បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌ 

១:៣ លោកពេត្រុសចាប់ផ្តើមសំបុត្ររបស់គាត់ដោយការសរសើរទៅកាន់ព្រះដ៏ជាព្រះវរបិតា។ បន្ទាប់មក គាត់ប្រាប់យើងពីមូលហេតុដែលគាត់សរសើរព្រះអង្គ។ 

ព្រះដ៏ជាព្រះវរបិតាបានបណ្តាលឱ្យយើងកើតជាថ្មី។ វាគឺជាជីវិតថ្មីដែលជាវិញ្ញាណ និងភាពអស់កល្បជានិច្ចដែលព្រះជាម្ចាស់បានប្រទានដល់ប្រជារាស្ត្រទ្រង់តាមរយៈព្រះបន្ទូលរបស់ទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធ (ខ២៣-២៥; យ៉ូហាន ១:១២-១៣, ៣:៣-៨)។ ដោយសារ “តាម​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់” ដែលទ្រង់បានប្រទាន ជីវិតថ្មីនេះដល់យើង។ ការនេះបង្ហាញថាវាគឺជាលក្ខណៈរបស់ព្រះជាម្ចាស់ មិនមែនដោយសារគុណ សម្បត្តិរបស់យើងទេដែលបណ្តាលឱ្យយើងមានជីវិតថ្មីនេះ។ 

យើងបានកើតជាថ្មីម្តងទៀតដើម្បីសេចក្តីសង្ឃឹមដ៏រស់។ សេចក្តីសង្ឃឹមរបស់យើងគឺជាការរំពឹងទុកដ៏មាន ទំនុកចិត្តពីការរស់ពីស្លាប់ឡើងវិញ។ យើងជឿថាយើងនឹងឈ្នះលើសេចក្តីស្លាប់ ហើយមានជីវិត អស់កល្បជានិច្ចជាមួយព្រះជាម្ចាស់។ មូលហេតុដែលវាជា “សេចក្តីសង្ឃឹមដ៏រស់” គឺដោយសារ ព្រះវរបិតាបានប្រោសព្រះយេស៊ូវឱ្យរស់វិញ។ ការរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវសម្រេចបាននូវ ជីវិតខាងវិញ្ញាណសម្រាប់ប្រជារាស្ត្រទ្រង់នៅពេលនេះ និងការរស់ពីស្លាប់ខាងរូបរាងកាយ នៅពេលទ្រង់ យាងត្រឡប់មកវិញជាលើកទីពីរ។ នៅថ្ងៃនោះ អស់អ្នកដែលស្លាប់នៅក្នុងព្រះគ្រីស្ទ នឹងត្រូវបានប្រោសពី ស្លាប់ឱ្យមានជីវិតជារៀងរហូត។ នេះគឺជាសេចក្តីសង្ឃឹមដ៏រស់របស់យើង។ 

 

១:៤ យើងបានកើតជាថ្មីដើម្បីទទួលមរតក។ មរតករបស់យើងគឺជាចំណែកនៅឯនគរស្ថានសួគ៌ ទីក្រុងដ៏អស់កល្បរបស់ព្រះជាម្ចាស់។ លោកពេត្រុសប្រាប់យើងពីការពិតបួនយ៉ាងអំពីមរតករបស់យើង។  

  • មរតករបស់យើងគឺ “មិន​ចេះ​ពុក‌រលួយ”។ វាមិនស្លាប់ ឬខូចឡើយ ហើយក៏មិនសាបសូន្យ តាមពេលវេលាដែរ។ វាស្ថិតស្ថេរជារៀងរហូត។

  • មរតករបស់យើងគឺ “ឥតសៅហ្មង”។ វាស្ថិតនៅក្នុងស្ថានភាពល្អឥតខ្ចោះដោយគ្មានភាពមិនបរិសុទ្ធ ឬមិនបរិសុទ្ធខាងសីលធម៌ឡើយ។ វាមិនប្រឡាក់ដោយសារអំពើបាបឡើយ។

  • មរតករបស់យើងគឺ “មិន​ដែល​ស្រពោន​ឡើយ”។ ពេលវេលាកន្លងផុតទៅតែតម្លៃ សិរីល្អ ឬភាពស្រស់ស្អាតរបស់វាមិនប្រែប្រួលឡើយ។ មិនដូចជាទ្រព្យសម្បត្តិលោកិយនេះទេ វានឹងមិនក្រៀមស្វិត រលួយ ឬប្រែជាប្រអាប់ឡើយ។ ​

 

  • មរតករបស់យើងត្រូវបាន “បំរុង​ទុក​ឲ្យ​យើង​រាល់​គ្នា​នៅ​ស្ថាន‌សួគ៌”។ ព្រះជាម្ចាស់ថែរក្សា និងការពារមរតករបស់យើងទុកឱ្យយើង។ គ្មាននរណាម្នាក់អាចលួចមរតករបស់យើងបានទេ ហើយក៏មាននរណាម្នាក់អាចទប់ស្កាត់យើងមិនឱ្យទទួលយកវាបានដែរ។ ដោយសារមរតករបស់យើងត្រូវបានរក្សាទុកនៅស្ថានសួគ៌ វានឹងមិនប៉ះពាល់ដោយសារតែបញ្ហា នៅលើពិភពលោកនេះឡើយ។ 

 

គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ

 

១:៥ ខគម្ពីរនេះមានការសន្យាប្រកបដោយសិរីរុងរឿង។ ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាថែរក្សាអ្នកជឿ ដើម្បីធានាថាយើងនឹងទទួលបានការសង្គ្រោះដែលព្រះយេស៊ូវសម្រេចបានសម្រាប់យើង។ ព្រះជាម្ចាស់បានជ្រើសរើសយើងតាំងពីមុនការបង្កើតផែនដីនេះមកម្លេះ សង្គ្រោះយើងឥឡូវនេះ ហើយថែរក្សាយើងសម្រាប់ភាពអស់កល្បជានិច្ច។ ហេតុដូច្នេះប្រជារាស្ត្ររបស់ព្រះជាម្ចាស់មានសុវត្ថិភាព អស់កល្បជានិច្ច។ 

 

ពាក្យជាភាសាក្រិកបកប្រែ “​ថែ​រក្សា” មានន័យថា ‘ថែរក្សាសុវត្ថិភាព និងមើលដោយប្រុងប្រយ័ត្ន’។ តើព្រះថែរក្សាយើងដោយរបៀបណា? ចម្លើយគឺ “ដោយសារ​សេចក្តី​ជំនឿ”។ ជំនឿគឺជាអំណោយពីព្រះ ហើយអំណាចរបស់ទ្រង់បន្តទ្រទ្រង់ជំនឿរបស់អ្នកជឿម្នាក់ៗដើម្បីឱ្យយើងតស៊ូរហូតទាល់តែយើងទទួលបានមរតករបស់យើង។ តើមានអ្វីអាចទប់ស្កាត់យើងមិនឱ្យតស៊ូដល់ពីបញ្ចប់ ហើយបរាជ័យមិនអាចទទួលបាន មរតករបស់យើង? ចម្លើយគឺការមិនជឿ។ ហេតុដូច្នេះ អំណាចរបស់ព្រះជាម្ចាស់ថែរក្សាយើងពីការគ្មាន ជំនឿតាមរយៈការទ្រទ្រង់ជំនឿរបស់យើង។  

អ្នកជឿត្រូវបានថែរក្សាដោយអំណាចរបស់ព្រះជាម្ចាស់ “សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ”។ ការនេះគឺសំដៅលើ សេចក្តី​សង្គ្រោះ  នៅ​ការយាងមកវិញ ជាលើកទីពីររបស់ព្រះយេស៊ូវនៅពេលយើងទទួលបានសិរីរុងរឿង ហើយមានសេរីភាព ចេញពីអំពើបាប ការរងទុក្ខ និងសេចក្តីស្លាប់ជារៀងរហូត។ ការសង្គ្រោះនេះគឺ “​ប្រុង​ប្រៀប​” ជាស្រេច ដោយសារការសុគត ការរស់ឡើងវិញ និងការឡើងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ បានសម្រេចការសង្គ្រោះ ទាំងស្រុងហើយ។

 

អ្នក​រាល់​គ្នា​ក៏​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ក្នុង​សេចក្ដី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ​ក៏​ដោយ

 

១:៦ អ្នកអានរបស់លោកពេត្រុសប្រឈមនឹងការល្បងលដ៏លំបាក ប៉ុន្តែពួកគេនៅតែអាចរីករាយ។ ហេតុអ្វី? ដោយសារពួកគេដឹងថាពួកគេ និងមរតករបស់ពួកគេត្រូវបានព្រះជាម្ចាស់ថែរក្សាហើយ។ គ្មានអ្វីអាចបញ្ឃប់ ពួកគេមិនឱ្យទទួលបានការសង្គ្រោះដែលព្រះជាម្ចាស់មានសម្រាប់ពួកគេនោះទេ។ ពួកគេក៏អាចរីករាយ ដោយ ដឹងថាការលំបាកគឺមានតែមួយរយៈខ្លីតែប៉ុណ្ណោះ ប៉ុន្តែសិរីរុងរឿងរបស់ពួកគេវិញនឹងមានជារៀង រហូត (២ កូរិនថូស ៤:១៧)។

 

ដើម្បី​ឲ្យ​ការ​សាកល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា ដ៏​វិសេស​ជាង​មាស​ដែល​តែង‌តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ នោះ​បាន​ឃើញ​សំរាប់​ជា​សេចក្ដី​សរសើរ កេរ្តិ៍‌ឈ្មោះ នឹង​សិរី‌ល្អ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក

១:៧ ព្រះជាម្ចាស់មានគោលបំណងសម្រាប់ការលំបាកដែលប្រជារាស្ត្ររបស់ទ្រង់ប្រឈម។ គោលបំណងគឺ "ដើម្បី​ឲ្យ​ការ​សាកល​សេចក្ដី​ជំនឿ​នៃ​អ្នក​រាល់​គ្នា"។ ព្រះជាម្ចាស់ដឹងរួចហើយថា តើមនុស្សម្នាក់មានជំនឿពិតប្រាកដឬយ៉ាងណា ប៉ុន្តែយើងមិនដឹងនោះទេ។ ហេតុដូច្នេះ អត្ថប្រយោជន៍នៃ ការ​សាកលគឺសម្រាប់គ្រីស្ទបរិស័ទ។ នៅពេលអ្នកជឿម្នាក់ឆ្លងកាត់ការសាកល្បង ហើយនៅតែទុកចិត្ត លើព្រះជាម្ចាស់ គាត់ត្រូវបានធានាថាជំនឿរបស់គាត់មានភាពពិតប្រាកដ ហេតុដូច្នេះហើយ ការសង្គ្រោះ របស់គាត់គឺពិតប្រាកដដែលនោះជាមូលហេតុនៃសេចក្តីអំណរ។ 

 

សេចក្តីជំនឿពិតប្រាកដមានតម្លៃជាងមាសទៅទៀតដោយសារមាសមិនស្ថិតស្ថេរនោះទេ ប៉ុន្តែជំនឿដ៏ពិត មិនអាចបំផ្លាញបាននោះទេ។ សេចក្តីជំនឿដ៏ពិតរបស់យើងនឹងនាំការសរសើរ និងសិរីរុងរឿង និងកិត្តិយស មកឱ្យយើងនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ។ “ក្នុង​កាល​ដែល​ព្រះយេស៊ូវគ្រីស្ទទ្រង់ ​លេច​មក​ផង” សំដៅទៅលើការជំនុំជម្រះនៅថ្ងៃចុងក្រោយនៅពេលទ្រង់ប្រទានរង្វាន់ដល់ប្រជារាស្ត្ររបស់ទ្រង់ (ខ១៣; ៤:១៣; ១ កូរិនថូស ១:៧)។ នៅថ្ងៃនោះព្រះយេស៊ូវនឹងប្រទានកិត្តិយសដ៏ពិសេស ដល់អស់អ្នក ដែលទុកចិត្តទ្រង់តាមរយៈការល្បង (៥:៤)។

 

ដែល​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទ្រង់​ទេ តែ​បាន​ស្រឡាញ់​ទ្រង់ ហើយ​ទោះ​បើ​នៅ​ជាន់​ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ឃើញ​ទ្រង់​ទៀត គង់​តែ​មាន​ចិត្ត​ជឿ​ដែរ ហើយ​ក៏​ត្រេក‌អរ​សាទរ​ក្នុង​ទ្រង់ ដោយ​សេចក្ដី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន ដោយ​បាន​ទទួល​ចុង​បំផុត​នៃ​សេចក្ដី​ជំនឿ​ របស់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង 

១:៨ ក្នុងនាមជាសាវ័កម្នាក់ លោកពេត្រុសបានឃើញព្រះយេស៊ូវនោះ។ ប៉ុន្តែគាត់បានដឹងថា គ្រីស្ទបរិស័ទជាច្រើននាក់មិនបានមើលឃើញនោះទេ។ យ៉ាងណាមិញពួកគេនៅតែស្រឡាញ់ និងជឿ លើទ្រង់។ ហេតុដូច្នេះ ពួកគេទទួលបានព្រះពរដូចជាព្រះយេស៊ូវមានបន្ទូលនៅក្នុង យ៉ូហាន ២០:២៩ «មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ»។ 

នៅក្នុង ខ៣-៦ ពេត្រុសបានសរសេរពីអំណរនៅក្នុងសេចក្តីសង្ឃឹមនាពេលអនាគតរបស់យើង។ ឥឡូវនេះគាត់សរសេរថាការប្រកបគ្នាផ្ទាល់ខ្លួន ប្រចាំថ្ងៃជាមួយព្រះយេស៊ូវគឺជាមូលហេតុដើម្បីឱ្យមាន សេចក្តីអំណរកាន់តែខ្លាំងឡើង។ “សេចក្ដី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន” ពណ៌នាពីសេចក្តីអំណរ ដ៏ជ្រៀលជ្រៅដែលហួសពីពាក្យដែលអាចថ្លែងបាន។ នេះគឺ “អំណរ​ដ៏​រុងរឿង​” (KCB δεδοξασμένῃ)។ វាគឺជាអំណរដែលបានមកពីការនៅក្នុងវត្តមានរបស់ព្រះជាម្ចាស់។ វាគឺជាអំណរនៃស្ថានសួគ៌ ដែលយើង មានឥឡូវនេះតាមរយៈការប្រកបគ្នាប្រចាំថ្ងៃរបស់យើងជាមួយព្រះយេស៊ូវ។ 

 

១:៩ អ្នកជឿពេញដោយសេចក្តីស្រឡាញ់ និងអំណរសម្រាប់ព្រះយេស៊ូវដោយសារយើងដឹងថា ទ្រង់បានសម្រេចការសង្គ្រោះសម្រាប់យើងហើយ។ នៅពេលយើងជឿ និងមានអំណរនៅក្នុងទ្រង់ យើងទទួលបានតាមគោលដៅ ឬ “​បាន​ទទួល​ចុង​បំផុត” នៃសេចក្តីជំនឿរបស់យើង គឺជាការសង្គ្រោះ។

 

ឯ​ពួក​ហោរា ជា​អ្នក​បាន​ទាយ​ពី​ព្រះ‌គុណ ដែល​ផ្តល់​មក​អ្នក​រាល់​គ្នា គេ​បាន​ស៊ើប​សួរ ហើយ​ខំ​រក​ឲ្យ​ដឹង​ពី​សេចក្ដី​សង្គ្រោះ​នោះ ទាំង​ស្វែង​រក​ឲ្យ​ដឹង​ពេល​វេលា​ណា ឬ​គ្រា​យ៉ាង​ណា ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គ្រីស្ទ​ដ៏​សណ្ឋិត​ក្នុង​គេ ទ្រង់​ចង្អុល​បង្ហាញ ក្នុង​កាល​ដែល​ទ្រង់​ធ្វើ​បន្ទាល់​ជា​មុន អំពី​ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ពី​សិរី‌ល្អ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​មក​តាម​ក្រោយ 

 

១:១០-១១ ព្រះជាម្ចាស់បានសង្គ្រោះយើង ប៉ុន្តែតើយើងស្គាល់ការសង្គ្រោះរបស់យើងបានដោយ របៀបណា? វាគឺជាកិច្ចការរបស់ព្រះវិញ្ញាណដ៏បរិសុទ្ធ។ ដំបូងបង្អស់ព្រះវិញ្ញាណបរិសុទ្ធ (“​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​”) បាននាំពួកហោរាឱ្យថ្លែងទំនាយពីព្រះគុណដែលត្រូវមកដល់សម្រាប់យើង។

ជាច្រើនសតវត្សមុនពេលព្រះមេស្ស៊ីយាងមក នៅក្នុងសញ្ញាចាស់បានបើកសម្តែងពីទំនាយ៖

  • ការរងទុក្ខរបស់ព្រះមេស្ស៊ី (ឧទាហរណ៍ លោកុប្បត្តិ ៣:១៥; ទំនុកតម្កើង ២២, ៣៤:១៩–២០, ៦៩:២១; អេសាយ ៥០:៦, ៥២:១៤–១៥, ៥៣:១–១២; សាការី ១២:១០, ១៣:៧)។

 ​

  • សិរីរុងរឿងរបស់ព្រះមេស្ស៊ីក្រោយពីការរងទុក្ខ រួមទាំងការរស់ពីស្លាប់ឡើងវិញ ការឡើង ទៅស្ថានសួគ៌ សិរីរុងរឿង និងការយាងត្រឡប់មកវិញលើកទីពីរ (ទំនុកដំកើង ២, ១៦:១០, ២២:២២; ៤៥:៧, ១១០:១-៤; អេសាយ ៩:៦, ៤០:៣–៥, ៩–១១, ៤២:១–៤, ៦១:១–៣; យេរេមា ៣៣:១៤–១៥; អេសេគាល ៣៤:២៣; ដានីយ៉ែល ៧:១៣–១៤; ៣:១–៣)។​

 

  • សិរីរុងរឿងនៃប្រជារាស្ត្ររបស់ព្រះមេស្ស៊ី (អេសាយ ៥១:១១, ៦០:១–២២, ៦២:២–៥; យេរេមា ៣១:៣១–៣៤; ដានីយ៉ែល ៧:១៨, ៧:២៧; យ៉ូអែល ២:២៨–៣២; អេម៉ុស ៩:១៣–១៥; សេផានា ៣:១៤–២០; សាការី ១៤)

 

តែ​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ដឹង​ថា សេចក្ដី​ទាំង​នោះ​មិន​មែន​សំរាប់​គេ​ទេ គឺ​សំរាប់​យើង​រាល់​គ្នា​វិញ គឺ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឥឡូវ​នេះ ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ។

 

១:១២ ពួកហោរាបានស្វែងរកបទគម្ពីរ (រួមទាំងការថ្លែងទំនាយផ្ទាល់ខ្លួនរបស់ពួកគេ) ដើម្បីស្វែងយល់ពី ការសង្គ្រោះ និងព្រះគុណដែលព្រះវិញ្ញាណដ៏បរិសុទ្ធបានបើកសម្តែងដល់ពួកគេ។ ពួកគេប្រាថ្នាចង់ឃើញ ការសម្រេចបាននូវសេចក្តីទំនាយដែលពួកគេបានថ្លែង។ ប៉ុន្តែព្រះជាម្ចាស់បានបើកសម្តែងដល់ពួកគេថា សេចក្តីទំនាយរបស់ពួកគេនឹងមិនកើតឡើងនៅក្នុងពេលវេលានៃការរស់នៅរបស់ពួកគេឡើយ ប៉ុន្តែជាមួយ ជំនាន់នាក្រោយៗវិញ។ 

បន្ទាប់មក ក្រោយពីការសុគត និងការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ ព្រះវិញ្ញាណដ៏បរិសុទ្ធត្រូវបាន បញ្ជូនមកពីស្ថានសួគ៌ដើម្បីដឹកនាំពួកសាវ័ក និងគ្រូអធិប្បាយដំណឹងល្អឱ្យប្រកាសថាសេចក្តីទំនាយនៅក្នុង សញ្ញាចាស់បានសម្រេចហើយនៅក្នុងព្រះគ្រីស្ទយេស៊ូវ (កិច្ចការ ២:១៤-៤១; ១ កូរិនថូស ១៥:១-៥)។

 

តាមរយៈការទទួលដំណឹងល្អដែលពួកសាវ័កបានប្រកាស យើងស្គាល់ពីព្រះគុណ និងការសង្គ្រោះ ដែលពួកហោរ៉ាបានស្វែងរកដើម្បីឱ្យយល់ពីវា។ យើងមានឯកសិទ្ធិរស់នៅក្នុងសម័យកាលនៃការសង្គ្រោះ ដែលព្រះជាម្ចាស់បានសន្យាត្រូវបានសម្រេច។ ពួកហោរានៅក្នុងសញ្ញាចាស់បានឃើញពីព្រឹត្តិការណ៍ ទាំងអស់នេះពីចម្ងាយ ប៉ុន្តែយើងមានបទពិសោធន៍ជាមួយវានាពេលឥឡូវនេះ! ដូចជាព្រះយេស៊ូវមានបន្ទូល នៅក្នុង លូកា ១០:២៣–២៤ «មាន​ពរ​ហើយ ភ្នែក​ណា​ដែល​ឃើញ​អស់​ទាំង ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ហោរា នឹង​ស្តេច​ជា​ច្រើន បាន​ប្រាថ្នា​ចង់​ឃើញ​ ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ ​ដែរ តែ​មិន​បាន​ឃើញ​ទេ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​បាន​ឮ​សោះ»។ 

 

ព្រះគុណ និងការសង្គ្រោះដែលយើងកំពុងតែទទួលបទពិសោធន៍ក៏ជាអ្វីដែល “ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ ពិនិត្យ​មើល​សេចក្តី​ទាំង​នោះ​ដែរ”។ ពួកទេវតាភ្ញាក់ផ្អើលនៅពែលពួកគេឃើញពីអ្វីដែលព្រះជាម្ចាស់បានធ្វើ សម្រាប់យើងនៅក្នុងព្រះគ្រីស្ទ។ បទគម្ពីរបើកសម្តែងថាពួកទេវតាមានការចាប់អារម្មណ៍ពីការសង្គ្រោះរបស់ មនុស្សជាខ្លាំង។ ពួកទេវតាប្រកាសពីកំណើរបស់ព្រះយេស៊ូវដល់ពួកអ្នកគង្វាល (លូកា ២:៨-១៤) ពួកគេរីករាយនៅពេលអ្នកមានបាបកែប្រែចិត្ត (លូកា ១៥:១០) ហើយពួកគេមានអំណរ ដោយច្រៀង បទចម្រៀងសរសើរនៅពេលការប្រោសលោះចំពោះការបង្កើតបានចប់សព្វគ្រប់ (វិវរណៈ ៥:១១-១៤)។

ចំណុចរបស់លោកពេត្រុសប្រាប់អ្នកអានរបស់គាត់ថា សូម្បីតែមនុស្សក៏អាចនិយាយមួលបង្កាច់ និងបង្ខូច គ្រីស្ទបរិស័ទដែរ (៣:១៤-១៦; ៤:៤) ប៉ុន្ដេពួកទេវតាដឹងថាពួកគេពួកគេពិតជាអ្នកទទួលព្រះពរដ៏អស្ចារ្យ បំផុតរបស់ព្រះជាម្ចាស់។ ក្នុងនាមជាអ្នកជឿយើងក៏គួរតែគិតពីជីវិតរបស់យើងថាមានព្រះពរ មានឯកសិទ្ធិ និងជាទីចាប់អារម្មណ៍ចំពោះពួកទេវតាដែរ។ 

សរុបមកលោកពេត្រុសបានផ្តល់ឱ្យយើងនូវហេតុផលដប់យ៉ាងដើម្បីសរសើរព្រះជាម្ចាស់៖

១. ព្រះជាម្ចាស់បានប្រទានកំណើតថ្មីដល់យើង (ខ៣)

២. មូលហេតុសម្រាប់រឿងនេះគឺដោយសារសេចក្តីមេត្តាករុណាដ៏អស្ចារ្យរបស់ទ្រង់ (ខ៣)

៣. លទ្ធផលគឺជាសេចក្តីសង្ឃឹមដ៏រស់ (ខ៣)

៤. សេចក្តីសង្ឃឹមនេះគឺដោយសារការរស់ពីសុគតឡើងវិញរបស់ព្រះយេស៊ូវ (ខ៣)

៥. សេចក្តីសង្ឃឹមគឺដើម្បីទទួលបានមរតក (ខ៤)

៦. មរតកនេះមិនអាចបំផ្លាញ ធ្វើឱ្យខូច ឬរសាត់បាត់ទៅឡើយ (ខ៤)

៧. មរតកនេះត្រូវបានរក្សាទុកនៅស្ថានសួគ៌សម្រាប់យើង (ខ៤)

៨. យើងត្រូវបានថែរក្សាដោយអំណាចរបស់ព្រះជាម្ចាស់ (ខ៥)

៩. របៀបដែលយើងទទួលបានការថែរក្សាគឺតាមរយៈសេចក្តីជំនឿ (ខ៥)

១០. លទ្ធផលចុងក្រោយគឺការសង្គ្រោះដែលព្រះជាម្ចាស់នឹងបើកសម្តែងតាមរយៈការយាងមកវិញជា លើកទីពីរបស់ព្រះយេស៊ូវ (ខ៥, ៧)។

សូមចំណាយពេលខ្លះឥឡូវនេះដើម្បីសរសើរ និងអរគុណព្រះជាម្ចាស់សម្រាប់ព្រះពរទាំងនេះ។

 

ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ‌គុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង

 

១:១៣ នៅក្នុង ខ១-១២ ពេត្រុសបានសរសេរពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់អ្នកជឿ។ ឥឡូវនេះ ទ្រង់ត្រាស់ហៅយើងឱ្យរស់នៅក្នុងជីវិតដែលបរិសុទ្ធដោយសារការនេះ។ នៅក្នុងសេចក្តីសំបុត្រ នៅសេស សល់នេះ ពេត្រុសផ្តល់ការណែនាំពីរបៀបរស់នៅក្នុងជីវិតជាគ្រីស្ទបរិស័ទ។ ពេលគាត់ធ្វើដូច្នេះ គាត់រំលឹក ប្រាប់ដល់អ្នកអានរបស់គាត់អំពីដំណឹងល្អដែលជាហេតុផលនៃឥរិយាបថរបស់យើង។

 

ព្រះគុណរបស់ព្រះតែងតែមកមុនសេចក្តីបង្គាប់របស់ព្រះជាម្ចាស់។ ប្រសិនបើយើងដឹងថា ព្រះជាម្ចាស់ បានប្រទានព្រះគុណ និងការសង្គ្រោះមកឱ្យយើង តើយើងគួរតែធ្វើអ្វីខ្លះ? ពេត្រុសប្រាប់យើងថាយើងគួរតែ “មាន​សេចក្តី​សង្ឃឹម​គ្រប់​ជំពូកដល់​ព្រះគុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នាក្នុង​កាល​ដែល​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​លេច​មក​ផង”។

 

ដើម្បីឱ្យមានសេចក្តីសង្ឃឹមគ្រប់ជំពូកដល់ព្រះគុណរបស់ព្រះយើងត្រូវតែ “ក្រវាត់​គំនិត​អ្នក​រាល់​គ្នាឲ្យ ​មាំមួន​ចុះ” (និក្ខមនំ ១២:១១) ហើយ “ចូរ​ឲ្យ​ដឹង​ខ្លួន”។ ពេត្រុសកំពុងតែនិយាយប្រាប់ថាយើងត្រូវតែរៀបចំ គំនិតរបស់យើង ដើម្បីគិតឱ្យបានច្បាស់ពីព្រះគុណ និងការសង្គ្រោះដែលព្រះយេស៊ូវបានប្រទានមកដល់ យើងដើម្បីឱ្យ វាមានឥទ្ធិពលទៅលើរបៀបរស់នៅរបស់យើង។ 

 

ឲ្យ​ដូច​ជា​ពួក​កូន​ដែល​ស្តាប់​បង្គាប់ ឥត​បណ្តោយ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា ដែល​អ្នក​រាល់​គ្នា​មាន ពី​កាល​នៅ​ល្ងង់​ពី​ដើម​នោះ​ឡើយ 

 

១:១៤ ពេត្រុសប្រើពាក្យ “សេចក្តី​ប៉ងប្រាថ្នា” សំដៅលើសេចក្តីប៉ងប្រាថ្នានៃអំពើបាបដែលបណ្តាលឱ្យ មនុស្សមិនស្តាប់បង្គាប់ព្រះ (២:១១; ៤:២​-​៣; ២ ពេត្រុស ១:៤, ២:១០, ២:១៨, ៣:៣)។ ពីមុន ជីវិតរបស់អ្នកអានរបស់គាត់ត្រូវបានគ្រប់គ្រងដោយសេចក្តីប៉ងប្រាថ្នា ដោយសារតែពួកគេមិនស្គាល់ព្រះ និងផ្លូវរបស់ទ្រង់ (កិច្ចការ ១៧:៣០; អេភេសូរ ៤:១៨)។ ប៉ុន្តែឥឡូវនេះព្រះជាម្ចាស់បានធ្វើឱ្យពួកគេ ក្លាយជា កូនៗរបស់ទ្រង់វិញ។ ហេតុដូច្នេះ ពួកគេគួរតែស្តាប់បង្គាប់តាមព្រះបិតារបស់ពួកគេដែរ។ 

 

តែ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់ ដូច​ជា​ព្រះ​ដែល​ហៅ​អ្នក​រាល់​គ្នា​ទ្រង់​បរិសុទ្ធ​ដែរ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​អញ​ជា​បរិសុទ្ធ»

១:១៥-១៦ ជាចាធម្ផតា កុមារចង់ធ្វើត្រាប់តាមឪពុកម្តាយរបស់ពួកគេ។ គ្រីស្ទបរិស័ទគួរតែចង់ធ្វើត្រាប់តាម ព្រះជាម្ចាស់ដោយសារទ្រង់ជាព្រះបិតារបស់យើង និងដោយសារទ្រង់ឥតសៅហ្មង (លេវីវិន័យ ១៩:២; ម៉ាថាយ ៥:៤៨; អេភេសូរ ៥:១)។ ហេតុដូច្នេះ របៀបដែលល្អបំផុតត្រូវធ្វើឱ្យបានដូចទ្រង់។ “បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់” មានន័យថារបៀបរស់នៅក្នុងភាពបរិសុទ្ធរួមទាំងទាំងគំនិត និងសកម្មភាពទាំងអស់របស់យើងផង។ វាទាមទារនូវការញែកចេញពីអំពើអាក្រក់ ហើយរស់នៅ តាមរបៀបដែលគាប់ព្រះហឫទ័យដល់ព្រះ (រ៉ូម ៦:១៩; ២ កូរិនថូស ៧:១; ហេព្រើរ ១២:១០)។ លោកពេត្រុស​​ដក​ស្រង់​បទ‌បញ្ជា​ដែល​ព្រះ​បាន​ប្រទាន​ដល់​រាស្ដ្រ​ទ្រង់​នៅ​ក្នុង លេវីវិន័យ ១១:៤៤។

 

ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ទុក​ដូច​ជា​ព្រះវរ‌បិតា​ដែល​ទ្រង់​ជំនុំ​ជំរះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​កោត‌ខ្លាច ក្នុង​កាល​ដែល​នៅ​សំណាក់​ក្នុង​ជីវិត​នេះ​នៅ​ឡើយ​ចុះ

១:១៧ ព្រះបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ក៏ជំនុំជំរះដែរ។ ដោយយើងដឹងថាទ្រង់អប់រំកូនៗ របស់ ទ្រង់ពេលនេះ ហើយនឹងជំនុំជំរះកិច្ចការរបស់យើងនៅថ្ងៃជំនុំជំរះដែរ​ យើងត្រូវតែមានឥរិយាបថ ដែល ចេះកោតខ្លាចដ៏បរិសុទ្ធ (២ កូរិនថូស ៧:១)។ ការកោតខ្លាចដ៏បរិសុទ្ធគឺមិនមែនជាការកោតខ្លាច នឹង ការដាក់ទ័ណ្ឌកម្មទេ (១ យ៉ូហាន ៤:១៨) ប៉ុន្តែជាការខ្លាចធ្វើបាបប្រឆាំង ឬធ្វើឱ្យព្រះបិតាខកព្រះទ័យវិញ។ 

 

ដោយ​ដឹង​ថា ទ្រង់​បាន​លោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កិរិយា​ឥត​ប្រយោជន៍ ដែល​បាន​ត​ពី​ពួក​ឰយុកោ​មក នោះ​មិន​មែន​ដោយ​របស់​ពុក‌រលួយ ដូច​ជា​ប្រាក់​ឬ​មាស​នោះ​ទេ គឺ​បាន​លោះ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏ ​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម 

១:១៨ ការកោតខ្លាចដ៏បរិសុទ្ធរបស់យើងក៏ដោយសារតែអំណរគុណរបស់យើងសម្រាប់អ្វីដែលទ្រង់ បានធ្វើសម្រាប់យើងដែរ។ ពេត្រុសរំលឹកអ្នកអានរបស់គាត់ពីតម្លៃនៃការប្រោសលោះរបស់ពួកគេ។ មូលហេតុដែលយើងប្រព្រឹត្តិខ្លួនយើងដោយការកោតខ្លាច (ខ១៧) គឺដោយសារយើងដឹងថាព្រះជាម្ចាស់ បានលោះយើងពីផ្លូវនៃអំពើបាបដោយបង់ថ្លៃខ្ពស់បំផុត (ខ១៨-១៩)។ 

 

ដើម្បី “លោះ” គឺត្រូវទិញសេរីភាពរបស់នរណាម្នាក់។ ពាក្យនេះត្រូវបានប្រើដើម្បីសំដៅលើការទិញយក សេរីភាពពីទាសភាព អ្នកទោសសង្គ្រាម ឬចំណាប់ខ្មាំង។ អ្វីដែលអ្នកជឿត្រូវបានលោះចេញមកគឺជា កិរិយាឥតប្រយោជន៍ដែលទទួលបានមកពីបុព្វបុរសរបស់យើង។ ទាំងនេះរួមមានទាំងជំនឿមិនពិត និងប្រពៃណីដែល “ឥតប្រយោជន៍” ដោយសារវាមិនទទួលបានសេចក្តីសង្គ្រោះ ដែលនាំឱ្យ មានជីវិតអស់កល្ប ឬការ​អត់​ទោស​ពី​អំពើ​រំលង ឬជួយមនុស្សឱ្យស្គាល់ព្រះឡើយ (អេភេសូរ ៤:១៧; រ៉ូម ១:២១; ៨:២០; យ៉ាកុប ១:២៦)។ ប៉ុន្តែ គ្រីស្ទបរិស័ទទទួលបាននូវការលោះពីការនេះ ការដោះលែងរបស់យើងត្រូវបានបង់ ថ្លៃរួចហើយ (ទំនុកដំកើង ៤៩:៦​-​៩)។ តម្លៃដែលបានបង់មិនមែន ជាមាស ឬជាប្រាក់នោះទេ។ ផ្ទុយទៅវិញតម្លៃដែលបានបង់ថ្លៃ នោះជាអ្វីដែលមានតម្លៃជាង។

១:១៩ លោហិតរបស់ព្រះគ្រីស្ទគឺជាតម្លៃនៃការប្រោសលោះរបស់យើង។ “ព្រះលោហិត​ដ៏​វិសេស​របស់​ ព្រះគ្រីស្ទ​” មានន័យថាការសុគតរបស់ទ្រង់។ លោហិតរបស់ព្រះគ្រីស្ទគឺមានតម្លៃជាងមាស ឬប្រាក់ទៅ ទៀត។ ដោយសារព្រះយេស៊ូវគ្មានបាបសោះ ព្រះអង្គពិសេស ហើយព្រះជន្មរបស់ទ្រង់គឺមាន តម្លៃគ្មាន ដែនកំណត់។ ទ្រង់គឺជាដង្វាយដ៏ល្អឥតខ្ចោះ ដោយសារព្រះជន្មដ៏ឥតសៅហ្មងរបស់ទ្រង់។ មានតែលោហិតរបស់ ទ្រង់តែប៉ុណ្ណោះដែលអាចសងថ្លៃនៃការប្រោសលោះរបស់យើងបាន។ ទ្រង់បង្ហូរព្រះលោហិត ដើម្បីលោះយើងពីទាសករនៃអំពើបាប ហើយរំដោះយើងឱ្យមានសេរីភាព ជារៀងរហូត។ ពេលយើងសញ្ជឹងគិតពី ការលះបង់របស់ព្រះគ្រីស្ទសម្រាប់យើង យើងគួរតែចង់ស្តាប់បង្គាប់ព្រះ ហើយរស់នៅក្នុងជីវិតដ៏បរិសុទ្ធ សម្រាប់សិរីល្អរបស់ទ្រង់។ 

 

ដែល​បាន​ស្គាល់​តាំង​ពី​មុន​កំណើត​លោកីយ​មក តែ​ទើប​នឹង​លេច​មក​នៅ​ជាន់​ក្រោយ​បង្អស់​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដែល​ដោយ‌សារ​ទ្រង់ នោះ​អ្នក​រាល់​គ្នា​ក៏​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សិរី‌ល្អ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ ហើយ​នឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​បាន​ជាប់​នៅ​នឹង​ព្រះ។

១:២០-២១ តាំងពីមុនកំណើតលោកិយមក ព្រះជាម្ចាស់បានជ្រើសរើសអ្នកដែលបានជ្រើសតាំង (ខ ១-២; រ៉ូម ៨:២៩-៣០; អេភេសូរ ១:៣-៤) ហើយទ្រង់ក៏បានជ្រើសរើសព្រះគ្រីស្ទឱ្យក្លាយជា អ្នកប្រោសលោះអ្នកជ្រើសតាំងដែរ។ បន្ទាប់មក នៅវេលាកំណត់ព្រះគ្រីស្ទបានយាងមកដែនដី ប្រោសលោះយើងដោយព្រះលោហិតទ្រង់នៅលើឈើឆ្កាង ព្រះជាម្ចាស់បានប្រោសទ្រង់ពីសេចក្តីស្លាប់ ហើយប្រទានសិរីរុងរឿងដល់ទ្រង់នៅស្ថានសួគ៌។ នេះគឺជាហេតុផលនៃ “សេចក្តីសង្ឃឹមដ៏រស់” របស់យើង ដែលយើងនឹងទទួលបានការសង្គ្រោះ។

 

តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវ ព្រះជាម្ចាស់បានបង្ហាញថាទ្រង់អាចប្រោសមនុស្សស្លាប់ ឱ្យរស់វិញ (រ៉ូម ៤:១៨ -២៤)។ តាមរយៈការលើកព្រះយេស៊ូវឡើងទៅស្ថានសួគ៌វិញ ព្រះជាម្ចាស់បាននាំ ព្រះយេស៊ូវឱ្យមានសិរីល្អឡើងវិញដែលទ្រង់មានតាំងពីមុនកំណើតលោកិយមកម្លេះ (យ៉ូហាន ១៧:៤-៥; កិច្ចការ ១:៩–១១; ភីលីព ២:៩–១១; ហេព្រើរ ១:១–៣)។ ហេតុនេះ បើទោះបីជាយើងអាចរងទុក្ខ ដោយសារតែការបៀតបៀនឥឡូវនេះក៏ដោយ ក៏ព្រះជាម្ចាស់អាចប្រោសគ្រីស្ទបរិស័ទឱ្យរស់ឡើងវិញ ក្រោយពេលយើងស្លាប់ទៅបានដែរ ដោយលើកយើងឡើងទៅស្ថានសួគ៌ ហើយប្រទាននូវសិរីល្អ ដ៏អស់កល្បជានិច្ចដល់យើងផង។ 

 

អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្ដី​ពិត សំរាប់​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​ដ៏​ស្អាត​ចុះ 

 

១:២២ ក្នុងនាមជាគ្រីស្ទបរិស័ទយើងបានទទួលសេចក្តីពិតនៃសំណឹងល្អ ហើយវាបានសម្អាតព្រលឹង របស់យើងឱ្យបានស្អាត។ ឥឡូវនេះយើងត្រូវរស់នៅក្នុងជីវិតដែលបរិសុទ្ធ។ “ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​យ៉ាង​ខ្លាំងដោយ​ចិត្ត​ដ៏​ស្អាត​ចុះ” គឺជាការអនុវត្តបទបញ្ញតិដំបូងរបស់ពេត្រុសដើម្បីឱ្យបានបរិសុទ្ធនៅក្នុង ខ១៣-២១។ វាបង្ហាញប្រាប់សញ្ញាដំបូងមួយនៃការរីកចម្រើននៅក្នុងភាពបរិសុទ្ធគឺត្រូវមានសេចក្តីស្រឡាញ់ ចំពោះបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រីស្ទ។ 

 

ដ្បិត​ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង‌តែ​ពុក‌រលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុក‌រលួយ​វិញ គឺ​ជា​ព្រះ‌បន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់‌លាប់

 

១:២៣ មូលហេតុដែលយើងស្រឡាញ់គឹដោយសារយើងបានកើតជាថ្មី ហើយឥឡូវនេះ មានព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង ហើយសេចក្តីស្រឡាញ់គឺជាផលផ្លែខាងព្រះវិញ្ញាណ។ 

 

“ពូជ” ដែលផ្តល់កំណើតថ្មីគឺជាព្រះបន្ទូលរបស់ព្រះ ជាពិសេសដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ (ខ២៥)។ ពេលមនុស្សម្នាក់ទទួលដំណឹងល្អដោយជំនឿ ព្រះជាម្ចាស់បណ្តាលឱ្យមានការផ្លាស់ប្តូរប្រកប ដោយអំណាចនៅក្នុងគាត់ ហើយគាត់នឹងកើតជាថ្មី។ ហេតុដូច្នេះ វាគឺជាដំណឹងល្អនៃជីវិតដ៏ឥតសៅហ្មង​ សេចក្តីស្លាប់ និងការរស់ឡើងវិញរបស់ព្រះយេស៊ូវដែលបណ្តាលឱ្យកើតជាថ្មីវិញ។ 

កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ជីវិតឡើងដោយសារព្រះបន្ទូលទ្រង់ (លោកុប្បត្តិ ១)។ ឥឡូវនេះ ទ្រង់ក៏ប្រទានជីវិតថ្មីតាមរយៈព្រះបន្ទូលរបស់ទ្រង់ដែរ (យ៉ាកុប ១:១៨)។ ព្រះបន្ទូលទ្រង់ “រស់” ដោយសារអំណាចរបស់នៃការបង្កើតជីវិតរបស់វា (អេសាយ ៥៥:១០–១១; យ៉ូហាន ៦:៦៣, ៥:២៤; ហេព្រើរ ៤:១២) និង “នៅជាប់លាប់” (ម៉ាកុស ១៣:៣១) ដោយសារវានឹងមិនចេះកន្លងផុត ទៅឡើយ។ 

ព្រះបន្ទូលព្រះដែលបានចាប់ផ្តើមជីវិតថ្មីនៅក្នុងយើងនេះគឺពូជដែល “មិនចេះពុក‌រលួយ” វិញ។ ទោះស្ថានសួគ៌ និងផែនដីកន្លងផុតទៅ វានឹងមិនកន្លងផុតទៅឡើយ។ ហើយជីវិតថ្មីដែលវា បង្កើតឡើងក៏មានជាអចិន្ត្រៃយ៍ ដែរ។ ព្រះបន្ទូល​រស់ នៅជាប់លាប់ និងមិនចេះពុក‌រលួយឡើយ ហើយនៅពេលយើងទទួលយកវា យើងក្លាយជា​រស់ នៅជាប់លាប់ ហើយក៏មិនចេះពុក‌រលួយដែរ។ 

 

ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី‌ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ រីឯ​ធម្មតា​ស្មៅ នោះ​តែង‌តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ តែ​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ នោះ​នៅ​ជាប់​អស់​‌កល្ប​ជានិច្ច​វិញ គឺ​ជា​ព្រះ‌បន្ទូល​នេះ ដែល​បាន​ផ្សាយ​មក​អ្នក​រាល់​គ្នា​ហើយ។

 

១:២៤-២៥ ពេត្រុសដកស្រង់គម្ពីរ អេសាយ ៤០:៦-៨ ដើម្បីបញ្ជាក់ពីភាពខុសគ្នានៃការបាត់បង់ ភាពរុងរឿងនៃសមិទ្ធផលរបស់មនុស្សទៅនឹងភាពអចិន្ត្រៃយ៍នៃព្រះបន្ទូលរបស់ព្រះ។ “គ្រប់​ទាំង​មនុស្ស” មានន័យថាមនុស្សម្នាក់ៗ “​សិរី‌ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​” សំដៅទៅលើសម្រស់ ភាពរុងរឿង ឬកិត្តិនាមទាំងឡាយ របស់មនុស្ស។ ដូចជាស្មៅ និងផ្កាដែលក្រៀមស្វិត ហើយករុះរោយអស់ទៅ សិរីល្អរបស់មនុស្សក៏បាត់ អស់យ៉ាងឆាប់រហ័សទៅដែរ។ 

 

តើមានអ្វីអាចផ្តល់នូវសេចក្តីសង្ឃឹមនៃការអចិន្ត្រៃយ៍ដល់យើង? ចម្លើយគឺ “ព្រះបន្ទូល​ដ៏​រស់ហើយ​នៅ​ជាប់ លាប់” ហើយព្រះបន្ទុលគឺជាដំណឹងល្អដែលយើងស្តាប់ឮ និងជឿ ហើយទុកចិត្ត។ ការនេះបានបង្កើត ជាជីវិតថ្មីដែលអស់កល្បនៅក្នុងយើង (១ យ៉ូហាន ២:១៧)។ កម្លាំង អំណាច ទ្រព្យសម្បត្តិ សម្រស់ កិត្តិយស “សិរីល្អ” ទាំងប៉ុន្មានរបស់មនុស្សក៏នឹងរោយអស់ឆាប់ៗដែរ។ ប៉ុន្តែយើងបានកើតជាថ្មី ហើយនឹងរស់នៅជារៀងរហូត!

bottom of page